អានតួអត្ថបទ
វៀតណាម

ជំនួប​កំពូល​អាស៊ាន​លើក​ទី ១៧​ចាប់ផ្តើម​ជាមួយ​នឹង​អវត្តមាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ រហូត​ដល់​ថ្ងៃ​សៅរ៍ ទី៣០ តុលា សមាជិក​​ទំាង ១០ ប្រទេស​​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន នឹង​ចាប់​ផ្តើម​បើក​ជំនួប​កំពូល​លើក​ទី ១៧ របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ក្រៅ​ពី​ជំនួប​រវាង​ប្រទេស​​អាស៊ាន​ទំាង ១០ ក៏​មាន​ជំនួប​កំពូល​អាស៊ាន​ជាមួយ​ប្រទេស​ដៃ​គូ​ផ្សេង​ទៀត។ តើ​កម្មវីធី​ទំាង​ ៣​ថ្ងៃ​នៃ​ជំនួប​កំពូល​អាស៊ាន​លើក​ទី ១៧ និង​អាស៊ាន​ជា​មួយ​ប្រទេស​ដៃគូ​មាន​អ្វី​ខ្លះ ?

ប៉ូលិស​វៀតណាម​ឈរ​យាម​នៅ​មុខ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ
ប៉ូលិស​វៀតណាម​ឈរ​យាម​នៅ​មុខ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ © Reuters
ផ្សាយពាណិជ្ជកម្ម
03:14

សេចក្តី​រាយការណ៍​របស់ គួច គន្ធារ៉ា ពីទីក្រុង​ហាណូយ

ជំនួប​កំពូល​អាស៊ាន​លើក​ទី ១៧ និង​ជំនួប​កំពូល​អាស៊ាន​ជាមួយ​ប្រទេស​ដៃ​គូ​ផ្សេង​ទៀត ត្រូវ​រៀប​ចំ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទជាតិ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​មួយ​ឈ្មោះ ម៉ីដីញ។ ស្រុក​ម៉ីដីញ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ១០​គីឡូម៉ែត្រ ពី​ទី​ក្រុង​ហាណូយ។ តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក​សម្រាប់​រយៈ​៣​ថ្ងៃ ​រួម​មាន ៖

ទីមួយ គឺ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ១៧ ដែល​ចូល​រួម​ដោយ​​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទំាង ១០ប្រទេស​ជា​សមាជិក។

ទីពីរ គឺ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-ជប៉ុន ប្រទេស​ជប៉ុន​ដែល​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ពេញ​សិទ្ធិ​របស់​អាស៊ាន នៅ​ឆ្នំា ១៩៧៧ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ដែល​បាន​រួម​ចំណែក​ជាង ១២% នៃ​ពាណិជ្ជកម្ម​សរុប​របស់​អាស៊ាន។

ទីបី គឺ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-កូរ៉េខាងត្បូង។ កូរ៉េខាងត្បូង​ដែល​បាន​ក្លាយ​​ជា​ដៃគូ​សន្ទនា​ពេញ​សិទ្ធិ​​របស់​អាស៊ាន នៅ​ឆ្នំា ១៩៩១។

ទីបួន គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ចិន​​លើក​ទី ១៣។ ចិន​ដែល​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ពេញ​សិទ្ធិ​របស់​អាស៊ាន នៅឆ្នំា ១៩៩៦។

ទីប្រាំ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក ៣។ ៣​ប្រទេស​មាន​ចិន កូរ៉េខាងត្បូង និង​ជប៉ុន។ កិច្ចសហប្រតិបត្តិការ​អាស៊ាន​បូក ៣ ដែល​បាន​ចាប់​ផ្តើម​ក្រៅ​ផ្លូវការ​នៅ​ឆ្នំា ១៩៩៧ និង​ជា​ផ្លូវការ​នៅ​ឆ្នំា ១៩៩៩។

ទីប្រាំមួយ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ឥណ្ឌា​​លើក​ទី ៨។ ឥណ្ឌា​ដែល​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ​របស់​អាស៊ាន នៅ​ឆ្នំា ១៩៩៥។

ទីប្រាំពីរ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី ៥។

ទីប្រាំបី គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អូស្រ្តាលី។ ប្រទេស​អូស្រ្តាលី​ដែល​ជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ​ដំបូង​គេ​​របស់​អាស៊ាន នៅ​ឆ្នំា ១៩៧៤។

ទីប្រាំបួន គឺ​កិច្ចប្រជុំ​កំពូល​រម្លឹក​ខួប​អនុស្សាវរីយ៍​​អាស៊ាន​-នូវែលហ្សេឡង់។ ប្រទេស​នូវែលហ្សេឡង់​ដែល​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ពេញ​សិទ្ធិ​របស់​អាស៊ាន នៅ​ឆ្នំា ១៩៧៥។

ទីដប់ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-រុស្ស៊ី​លើក​ទី ២។ ប្រទេស​រុស្ស៊ី​ដែល​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ​របស់​អាស៊ាន នៅ​ឆ្នំា ១៩៩៦។

ចុង​ក្រោយ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អង្គការ​សហប្រជាជាតិ​លើក​ទី ៣។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អង្គការ​សហប្រជាជាតិ​លើក​ទី ១ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ឆ្នំា ២០០០ និង​លើក​ទី ២ ក្នុង​ឆ្នំា ២០០៥ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ។

ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បាន​ផ្តើម​មក​ដល់ ជា​បណ្តើរៗ​ហើយ តំាង​តែ​ពី​ដើម​សប្តាហ៍​នេះ​មក។ សម្រាប់​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នឹង​អញ្ជើញ​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ តុលា​​ស្អែក។

ទាក់ទង​នឹង​ប្រទេស​ឥណ្ឌូនេស៊ី​វិញ ​លោក​ប្រធានាធិបតី Susilo Bambang Yudhoyono ដែល​ទើប​​អញ្ជើញ​មក​ដល់​នៅ​ថ្ងៃ​អង្គារ ទី២៦ តុលា​ម្សិលមិញ បាន​ចាក​ចេញ​ជា​បន្ទាន់​ទៅ​ប្រទេស​វិញ។ ការ​ចាកចេញ​ ដោយសារ​តែ​ឥណ្ឌូនេស៊ី​ទើប​ទទួល​រងគ្រោះ​ធម្មជាតិ​ចំនួន​ពីរ គឺ​ការ​ផ្ទុះ​ភ្នំភ្លើង Merapi កាល​ពី​យប់​មិញ និង​គ្រោះរញ្ជួយ​ដី​ បង្ក​ជា​រលកយក្ស​ស៊ូណាមី នៅ​កោះ​ស៊ូម៉ាត្រា។

ព័ត៌មាន​ចុង​ក្រោយ​ដែល​យើង​ទទួល​បាន​នៅ​ទីនេះ លោក Yudhoyono អាច​នឹង​ត្រឡប់​មក​ចូល​រួម​ជំនួប​កំពូល​អាស៊ាន​ នៅ​ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃ សៅរ៍ ទី៣០ តុលា។ សូម​ជម្រាបជូន​ថា ប្រទេស​ឥណ្ឌូនេស៊ី​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀប​ចំ​ជំនួប​​កំពូល​អាស៊ានលើកទី ១៨ និង​១៩ នៅ​ឆ្នំាក្រោយ ២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ