អានតួអត្ថបទ
កម្ពុជា

កិច្ចប្រជុំអន្តរជាតិ​ចំនួន១០​ក្នុងក្របខណ្ឌ​អាស៊ាន​នៅហាណូយ​

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក​ហ៊ុន សែន​បាន​ចេញ​ដំណើរទៅ​ទីក្រុង​ហាណូយ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​២៨​តុលា​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៧ និង​កិច្ចប្រជុំ​អន្តរជាតិ​ជាច្រើន​ទៀត​ក្នុង​ក្របខណ្ឌ​អាស៊ាន។ ​ដោយឡែក​នៅ​កម្ពុជា​វិញ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី​​ហ៊ីលឡារី គ្លីនតុន​នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​៣០​តុលា​ដល់​ថ្ងៃ​ទី​១​វិច្ឆិកា។ 

ប្រជុំកំពូល​អាស៊ានលើកទី១៧​នៅក្នុងទីក្រុង​ហាណូយ​
ប្រជុំកំពូល​អាស៊ានលើកទី១៧​នៅក្នុងទីក្រុង​ហាណូយ​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

02:03

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា ទៅ​កាន់​តុ​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៧​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។ ​រដ្ឋមន្ត្រី​ការបរទេស ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​រដ្ឋមន្ត្រី​អមប្រតិភូ​នាយក​រដ្ឋមន្ត្រី​បាន​អមដំណើរ​លោក​ហ៊ុន សែន​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៨​តុលា​នេះ។

 
នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ កិច្ចប្រជុំ​ទ្វេភាគី និង​ពហុភាគី​រវាង​អាស៊ាន និង​ដៃគូ​ជាច្រើន​នឹង​ត្រូវ​រៀបចំ​ធ្វើ​ជា​បន្ត​បន្ទាប់គ្នា។ ​កិច្ចប្រជុំ​ដែល​ត្រូវ​ផ្តើម​ប្រព្រឹត្ត​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃទី​៣០​តុលា។ កិច្ចប្រជុំ​ទាំងនោះ​រួមមានៈ កិច្ចប្រជុំ​អាស៊ាន​បូក​៣ អាស៊ាន​បូក​ចិន អាស៊ាន​បូក​ជប៉ុន អាស៊ាន​បូក​សាធារណរដ្ឋ​កូរ៉េ អាស៊ាន-អង្គការសហប្រជាជាតិ អាស៊ាន​បូក​រុស្ស៊ី ឥណ្ឌា អូស្ត្រាលី និង​កិច្ចប្រជុំ​រំលឹក​ខួប​អាស៊ាន នូវែលហ្សេឡង់។

នៅមុន​ពេល​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា លោក​ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​អមប្រតិភូ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា កិច្ច​ប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ទាំងនេះ ​នឹង​ផ្តោត​ទៅលើ​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥ ដែល​ក្នុង​នោះ​រួមមាន​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ក្នុង​តំបន់។ បើយោង​តាម​មន្ត្រី​ជាន់ខ្ពស់​រូបនេះ​ដដែល កិច្ចប្រជុំ​កំពូល​នានា​ក្នុង​ក្របខណ្ឌ​អាស៊ាន ក៏​នឹង​ផ្តោត​ផងដែរ​ទៅលើ​បញ្ហា​សន្តិសុខ​ស្បៀង និង​ការ​ប្រែប្រួល​អាកាសធាតុ។

ដោយឡែក ព័ត៌មាន​មួយ​ផ្សេង​ទៀត​ទាក់ទងនឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោកស្រី​ហ៊ីលឡារី គ្លីនតុន ក្រសួង​ការបរទេស​កម្ពុជា​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ ថា​លោកស្រី​ប្រមុខ​ការទូត​អាមេរិក​នឹង​មក​ដល់​ក្រុង​សៀមរាប​នៅថ្ងៃ​ទី​៣០​តុលា ដើម្បី​ទស្សនា​ប្រាសាទ​អង្គរវត្ត​រហូត​ដល់​ថ្ងៃ​ទី​៣១​តុលា។ នៅ​ថ្ងៃ​ទី​១​វិច្ឆិកា លោកស្រី​ហ៊ីលឡារី គ្លីនតុន​នឹង​ចូលក្រាប​បង្គំ​ព្រះមហាក្សត្រ​ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ជួប​សម្តែង​ការគួរសម​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ ណាំហុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ