អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់​ប្រកាស​បន្ត​ទិញ​អាវុធ​ពី​បរទេស

ដើម្បី​ធានា​សន្តិសុខ​ជាតិ តៃវ៉ាន់​នឹង​បន្ត​ទិញ​អាវុធ​ពី​បរទេស។ លោក Ma Ying Joeu ប្រធានាធិបតី​តៃវ៉ាន់ បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ព្រឹក​ ថ្ងៃ​ អាទិត្យ។ សម្រាប់​លោក Ma Ying Joeu កោះតៃវ៉ាន់​ត្រូវ​ពង្រឹង​ផ្នែកការពារ​របស់​ខ្លួន បើ​ទោះបី​ជា តៃវ៉ាន់​ និង​ចិន កំពុង​ចាប់មាន​ទំនាក់ទំនង​ល្អនឹង​គ្នា​ហើយក្តី។

តៃវ៉ាន់​ប្រារព្ធ​ខួប​លើក​ទី ៩៩​នៃ​កំណើត​ទឹកដី​របស់​ខ្លួន បន្តាប់​ពី​ផ្តាច់​ចេញ​ពី​ចិន ឆ្នាំ ១៩៤៩
តៃវ៉ាន់​ប្រារព្ធ​ខួប​លើក​ទី ៩៩​នៃ​កំណើត​ទឹកដី​របស់​ខ្លួន បន្តាប់​ពី​ផ្តាច់​ចេញ​ពី​ចិន ឆ្នាំ ១៩៤៩ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:53

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ ២០១០ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​តៃវ៉ាន់​ប្រារព្ធខួប​លើក​ទី ៩៩​នៃ​ការកកើត​តៃវ៉ាន់ ក្រោយ​ពី​បាន​ផ្តាច់ខ្លួន​ចេញ​ពី​ចិន​ដីគោក ក្នុង​ឆ្នាំ ១៩៤៩។ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ គេ​ឃើញ​មាន​ដំណើរ​ព្យុហយាត្រា​របស់​កងទ័ព និង​ក្បួន​រថយន្ត​ដែល​ដឹក​សុទ្ធ​តែ​អាវុធ និង​ឧទ្ធម្ភាគចក្រ​ទំនើប។


 
ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ ប្រធានាធិបតី​តៃវ៉ាន់ លោក Ma Ying Joeu បាន​ ថ្លែង​ទៅ​កាន់​ប្រជាជន​របស់​ខ្លួន​ថា តៃវ៉ាន់​នឹង​នៅ​តែ​បន្ត​ទិញ​អាវុធ​ដ៏​ចាំបាច់​ពី​បរទេស ពីព្រោះ​បច្ចុប្បន្ន​នេះ តៃវ៉ាន់​មិន​ទាន់​អាច​ផលិត​អាវុធ​បាន​ដោយ​ខ្លួនឯង។ ក្នុង​ន័យ​នេះ ប្រធានាធិបតី​តៃវ៉ាន់​ចង់​បញ្ជាក់​ថា ដើម្បី​សន្តិសុខ​ជាតិ តៃវ៉ាន់​មិន​អាច​ពឹងផ្អែក តែ​ទៅ​លើ​ការរីក​ចម្រើន​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​បានទេ។
 
ដោយពិត​ទៅ នៅ​ក្នុង​អាណត្តិ​របស់​លោក​Ma ដែល​ចូល​កាន់​តំណែង​តាំង​ពី​ឆ្នាំ ២០០៨ ​ចិន និង​តៃវ៉ាន់​បាន​ចាប់​ផ្តើម​ខិតជិត​ចូលគ្នា​វិញ។ ជាជាង​ការប្រឈមមុខ​ខ្លាំង ប្រធានាធិបតី​តៃវ៉ាន់​បច្ចុប្បន្ន​មាន​ជំហរ​ទន់ភ្លន់ និង​បែរ​ទៅ​រក​សហការ​ជាមួយ​ចិន ក្នុង​វិស័យ​​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​វប្បធម៌។ វា​ជា​ទំនាក់​ទំនង​ល្អ​ដែល​មិន​ធ្លាប់​មាន​ទេ​ចាប់តាំង ពី​ឆ្នាំ ១៩៤៩​មក។ ធ្វើពាណិជ្ជកម្ម​ជាមួយ​គ្នា​បាន តែ​ក្នុង​រឿង​សន្តិសុខជាតិ​វិញ កោះតៃវ៉ាន់​នៅ​តែ​មិន​ទាន់ទុកចិត្ត​មហាអំណាច​ចិន។ ចិន​ដែល​ប្រាថ្នា​ចង់​បញ្ចូល​កោះតៃវ៉ាន់​មក​ក្នុង​ទឹកដី​របស់​ខ្លួន ឡើង​វិញ បើ​ទោះបី​ត្រូវ​ប្រើ​កំលាំងបាយ។
 
គួររំលឹក​ថា កន្លង​មក តៃវ៉ាន់​ឧស្សាហ៍​ទិញ​អាវុធ​ពី​បរទេស ជា​ពិសេស​ពី​ប្រទេសអាមេរិក។ កាល​ពី​ដើមឆ្នាំ ២០១០​នេះ ព្រឹទ្ធិសភា​អាមេរិក​បាន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​តម្លៃ ៦ ពាន់​៤​រយ​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់។ តៃវ៉ាន់​សម្រេច​បំពាក់​អាវុធ​ការពារ​ប្រទេស​កាន់តែខ្លាំង នៅ​ក្រោយ​ពេល​មាន​ព័ត៌មាន​ថា ចិន​បាន​តាំងទី គ្រាប់​មីស្ស៊ីល ជាង​១ពាន់​គ្រាប់​សំដៅ​កោះតៃវ៉ាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ