រដ្ឋមន្រ្តីការបរទេសដែលមានទំនោរទៅរកចិន ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីកោះសាឡូម៉ុង
នៅប្រទេសកូនកោះដ៏តូច កោះសាឡូម៉ុង នៅមហាសមុទ្រប៉ាស៊ីហ្វិក រដ្ឋមន្រ្តីការបរទេសដែលមាននិន្នាការទៅខាងប្រទេសចិន បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថ្មី។ ដោយទទួលបានសំឡេងគាំទ្រពីអ្នកតំណាងរាស្រ្តចំនួន ៣១រូប ក្នុងចំណោមអ្នកតំណាងរាស្រ្តសរុប ៥០រូបនៅសភា លោកJeremiah Manele បានការគាំទ្រច្រើនជាងគូប្រជែងមកពីគណបក្សប្រឆាំងដែលមានជំហរមិនស្វាគមវត្តមានចិន នៅលើដីកោះសាឡូម៉ុង។ ជ័យជំនះឆ្នោតរបស់អ្នកនយោបាយស្និទ្ធនឹងទីក្រុងប៉េកាំង ស្ថិតក្រោមក្រសែភ្នែកតាមដានរបស់អាមេរិក និងអូស្ត្រាលីដែលធ្លាប់ជាសម្ព័ន្ធចាស់ឆ្នាំរបស់កោះសាឡូម៉ុង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១៩
ពីរសប្តាហ៍ក្រោយការបោះឆ្នោតជាតិ នៅថ្ងៃទី ១៧មេសា កោះសាឡូម៉ុងមានឈ្មោះនាយករដ្ឋមន្រ្តីម្នាក់ដែលគេវាយតម្លៃថា មានទំនោរទៅរកប្រទេសចិន។ បើតាមការប្រកាសរបស់អគ្គទេសាភិបាលកោះសាឡូម៉ុង លោករដ្ឋមន្រ្តីការបរទេស Jeremiah Maneleបានទទួលសំឡេងគាំទ្រចំនួន ៣១ ក្នុងចំណោមសំឡេងសរុប៥០នៅសភា ពោលគឺច្រើនជាង គូប្រជែងរបស់លោកមកពីអង្គការសង្គមស៊ីវិល គឺលោក Matthew Wale ដែលបានទទួលការគាំទ្រតែ១៩សំឡេង។
ត្រូវតែងតាំងជានាយករដ្ឋមន្រ្តីសាឡូម៉ុង សម្រាប់អាណត្តិ ៤ឆ្នាំ លោក Jeremiah Manele នៅថ្ងៃព្រហស្បតិ៍ទី ២ឧសភាបាននិយាយថា ប្រជាជនសាឡូម៉ុងបានបញ្ចេញយោបល់របស់ខ្លួននៅក្នុងការបោះឆ្នោតដ៏ស្ងប់ស្ងាត់គ្មានអំពើហិង្សា ខុសពីទម្លាប់មុនៗ។
លោកJeremiah Manele ធ្លាប់ជារដ្ឋមន្រ្តីការបរទេសក្នុងរដ្ឋាភិបាលរបស់លោក Manasseh Sogavare ដែលបែរងាកទៅរឹតចំណងមិត្តភាពជាមួយប្រទេសចិន។ លោកបានធ្លាប់ធ្វើដំណើរទៅប្រទេសចិន នៅឆ្នាំ២០១៩ ឆ្នាំ ដែលកោះសាឡូម៉ុងប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដែលមិនខុសអ្វី ពីការរុញតៃវ៉ាន់ចេញក្រៅ ប៉ុន្តែចាប់ដៃចិនចូលឡើងកោះ។
ចាប់តាំងពីពេលនោះមក ជំនួយនិងវត្តមានក្រុមហ៊ុន ជនជាតិចិន ចេះតែកើនឡើងជាបន្តបន្ទាប់នៅលើកោះសាឡូម៉ុង។ ទៅតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ចិនបានបញ្ជូនប៉ូលិសរបស់ខ្លួនទៅឈរជើង ធានាសន្តិសុខនៅលើកោះសាឡូម៉ុង បន្ទាប់ពីទីតាំងរបស់ក្រុមហ៊ុនចិនត្រូវវាយដុតបំផ្លាញ នៅក្នុងរលកស្អប់ប្រឆាំងចិន កាលពីឆ្នាំ ២០១៩។
នៅ ៣ឆ្នាំក្រោយដោះដៃពីតៃវ៉ាន់ និងងាកបែរទៅរកចិន ឆ្នាំ ២០២២ កោះសាឡូម៉ុងបានចុះកិច្ចព្រមព្រៀងសន្តិសុខដោយលួចលាក់ ជាមួយប្រទេសចិន។ ចិន និងសាឡូម៉ុងមិនបានលម្អិត កិច្ចព្រមព្រៀងសន្តិសុខរបស់ខ្លួន ប៉ុន្តែ ប្រទេសដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយកោះសាឡូម៉ុង ដូចជាអាមេរិក និងអូស្ត្រាលីបានតាមដានការខិតចូលជិតគ្នារវាងចិន និងកោះសាឡូម៉ុង ព្រោះតែគេបារម្ភថា ចិននឹងបោះទីតាំងមូលដ្ឋានទ័ពរបស់ខ្លួន នៅកោះសាឡូម៉ុង។ ចិនដាក់មូលដ្ឋានទ័ពជាអចិន្ត្រៃយ៍នៅកោះសាឡូម៉ុង នឹងធ្វើសន្តិសុខនៅក្នុងតំបន់នៅប៉ាស៊ីហ្វិកខាងត្បូងផ្លាស់ប្តូរ ក្រឡាប់ចាក់ខុសពីមុន។ ត្រូវដឹងថា កោះសាឡូម៉ុងស្ថិតនៅលើទីតាំងភូមិសាស្រ្តយុទ្ធសាស្រ្ត ដែលអំណោយផលដល់ការធ្វើនាវាចរណ៍ផ្លូវសមុទ្រ។ អាមេរិក និងអូស្រ្តាលី ដែលជាប្រទេសជិតខាងរបស់កោះសាឡូម៉ុងខ្លាចថា បើសិនចិនបង្កើតមូលដ្ឋានទ័ពនៅលើបណ្តាកោះសាឡូម៉ុង នោះ ចិននឹងមានសិទ្ធិអំណាច បិទខ្ទប់ចរាចរណ៍របស់កប៉ាល់ធ្វើដំណើរពីអាមេរិកទៅអាស៊ីខាងត្បូង។
ក្រៅតែពីស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តយោធា កោះសាឡូម៉ុងនៅល្បីឈ្មោះ ជាកោះដែលសំបូរសម្បត្តិធម្មជាតិ ព្រៃឈើ មាស និងត្រី។ ទោះជាមានអណ្តូងរ៉ែមាសដែលគេអាចធ្វើអាជីវកម្មបានក្តី កោះសាឡូម៉ុងរកប្រាក់ចំណូលបានច្រើនពីការលក់នាំចេញ ឈើ និងត្រី គ្រឿងសមុទ្រ។ ប៉ុន្តែ ទោះសំបូរសម្បត្តិធម្មជាតិ និងទទួលបានឯករាជ្យពីអង់គ្លេស ជាង ៤០ឆ្នាំ ប៉ុន្តែ កោះសាឡូម៉ុងដែលមានប្រជាជនជាង៧សែននាក់ នៅតែក្រីក្រ។ សាឡូម៉ុងនៅតែស្ថិតក្នុងបញ្ជីប្រទេសក្រីក្ររបស់អង្គការសហប្រជាជាតិ អន់ក្រជាងប្រទេសភូមាដែលកំពុងជួបសង្រ្គាមស៊ីវិលទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ