អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កូន​អ្នក​ក្រ​ចាញ់​ប្រៀប​កូន​អ្នក​មាន​និង​កូន​អ្នក​ធំ​ដោយ​សារ​ប្រព័ន្ធអប់​រំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មាន​វិសមភាព​សង្គម​នោះ ប្រព័ន្ធ​អប់រំ​គឺជា​កត្តា​សំខាន់​មួយ។ អ្នកមាន​ជីវភាព​ធូរធា និង​អ្នកធំ​បាន​បញ្ជូន​កូន​ទៅ​រៀន​នៅក្រៅ​ប្រទេស ឬ​សាលា​ឯកជន​ក្នុងស្រុក​ដែលមាន​តម្លៃ​ខ្ពស់​និង​មានគុណ​ភាពប្រសើរ​ជាង​សាលា​រដ្ឋ។ ប៉ុន្តែ គ្រួសារ​អ្នកក្រីក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បញ្ជូន​កូន​ទៅ​សាលា​រដ្ឋ​នោះឡើយ។ ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​កូនអ្នកក្រ​ចាញ់​ប្រៀប​គេ​តាំងពី​ដំបូង​ទី​ទៅហើយ​នៅក្នុង​ប្រព​ន្ធ័​អប់រំ។ ក្រៅពីនោះ កូនអ្នកមាន​និង​កូន​អ្នកធំ​ក៏មាន​ឱកាស​ច្រើនជាង​កូនអ្នកក្រ​ក្នុង​ការទទួល​បានការ​ងារ​ល្អ​ដោយសារ​ឥទ្ធិពល​លុយ​និង​អំណាច។ នេះ​ជា​ចំណោទ​សង្គម​ដែល​រដ្ឋាភិបាល​គួរ​ដោះស្រាយ។

ទិដ្ឋភាព​កូន​អ្នកក្រ​នៅ​ក្នុង​ថ្នាក់​រៀន​ជន​បទ​
ទិដ្ឋភាព​កូន​អ្នកក្រ​នៅ​ក្នុង​ថ្នាក់​រៀន​ជន​បទ​ RFI
ផ្សាយពាណិជ្ជកម្ម

បញ្ហា​រក​សាលារៀន​រប​ស់​កូន​ជា​ចំណោទ​ដ៏​ធំ​មួយ​ដែល​គ្រួសារ​ខ្មែរ​កំពុង​ជួបប្រទះ។ គ្រួសារ​អ្នកមាន​និង​អ្នកធំ​បាន​បញ្ជូន​កូន​ទៅ​រៀន​នៅក្រៅ​ប្រទេស​ដើម្បី​ទទួលបាន​ការអប់រំ​កម្រិត​ខ្ពស់ រីឯ​អ្នកមាន​លទ្ធភាពល្មមៗបាននាំគ្នា​គេច​ចេញពី​សាលា​រដ្ឋ​ដោយ​បញ្ជូន​កូន​ទៅ​សាលា​ឯកជន​ក្នុងស្រុក​ដែល​កំពុង​រីកដុះដាល​យ៉ាង​ព្រោងព្រាត។ សាលា​ឯកជន​ក្នុងស្រុក​ក៏មាន​តម្លៃ​និង​គុណភាពខុសៗគ្នា​ដែរ។ អ្នកមាន​ជីវភាព​ធូរធា​បញ្ជូន​កូន​ទៅ​សាលា​ល្អ​ដែលមាន​តម្លៃ​ខ្ពស់ ខណៈដែល​អ្នក​មិនសូវមាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលា​ឯកជន​ដែលមាន​តម្លៃ​ទាប​តែ​គុណភាព​នៅមានកម្រិត។

គុណសម្បត្តិ​របស់​សាលា​ឯកជន​គឺ​ការបង្រៀន​សិស្ស​ដិតដល់​ជាង​សាលា​រដ្ឋ, មាន​មធ្យោបាយ​ដឹកជញ្ជូន​សិស្ស​ទៅមក​ដែល​ងាយស្រួល​សម្រាប់​អ្នក​ដែល​គ្មាន​ពេល​ជូន​កូន​ទៅ​សាលា។ ឳ​ពុក​ម្តាយ​និង​គ្រូ​មាន​ទំនាក់ទំនង​ល្អ​ដែល​អាច​គ្រប់គ្រង​កូន​បានល្អ​ជាង​សាលា​រដ្ឋ។ រីឯ​ថ្នាក់រៀន​ក៏​ទំនើប និង​មាន​ផាសុកភាព​ជាង​សាលា​រដ្ឋ​ដែរ។ និយាយ​បែបនេះ​មិនមែន​មានន័យថា​សាលា​ឯកជន​ទាំ​អស់​សុទ្ធ​តែមាន​គុណភាព​ល្អ​នោះឡើយ។ ក៏មានដែរ​សាលា​ឯកជន​មួយចំនួន​ដែល​គ្មាន​គុណភាព និង​គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ជា​គ្រឹះស្ថានសិក្សា​នៅឡើយ។ រីឯ​សាលា​រដ្ឋ​ខ្លះ​ក៏​នៅតែ​រក្សា​កេរ្តិ៍ឈ្មោះ​ល្អ​ដែរ។ យ៉ាងណាក៏ដោយ សាលា​ឯកជន​ហាក់​កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​មា​តា​បិតា​សិស្ស​កាន់តែខ្លាំង​ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការបាត់បង់​ជំនឿ​ទៅលើ​សាលា​រដ្ឋ។

យ៉ាងណាក៏ដោយ អ្នក​ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​សាលា​ឲ្យ​កូន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បញ្ជូន​កូន​ទៅ​សាលា​រដ្ឋ​ឡើយ។ មកដល់​ត្រឹមនេះ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​កូន​ខ្មែរ​កើតមក​មានសំណាង​មិន​ដូចគ្នា​តាំងពី​ដើមទី​រួចទៅហើយ។ កូនអ្នកក្រ​គ្មាន​វាសនា​បានទទួល​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់​ឬក៏​ល្អប្រសើរ​ដូច​កូនអ្នកមាន​ឡើយ។ ជីវភាព​ក្រីក្រ ទទួលបាន​ការអប់រំ​ដែលមាន​គុណភាព​មិនល្អ និង​មានឱកាស​តិចតួច​ក្នុង​ការទទួល​បានការ​ងារ​ល្អ​គឺជា​គំនាប​សង្កត់​យ៉ាង​ធ្ងន់​ទៅលើ​កូនអ្នកក្រ។

តាមពិត អ្នក​ដែលមាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន​នៅក្រៅ​ប្រទេស និង​បញ្ជូន​កូន​ទៅ​រៀន​សាលា​ឯកជន​ក្នុងស្រុក​ដែលមាន​គុណភាព​ខ្ពស់​មាន​ចំនួន​តិចតួច​តែប៉ុណ្ណោះ។ របាយការណ៍​ឆ្នាំ​សិក្សា ២០១១- ២០១២ របស់​ក្រសួង​អប់រំ​បាន​បង្ហាញថា នៅក្នុង​សាលារៀន​រដ្ឋ​ទូទាំងប្រទេស​មាន​សិស្ស​ថ្នាក់​មតេយ្យ​ចំនួន​ជាង២៤ម៉ឺន​នាក់, សិស្ស​ថ្នាក់​បឋម​ចំនួន​ជាង២លាន​នាក់, សិស្ស​ថ្នាក់មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ​ចំនួន​ជិត១លាន​នាក់ និង​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ចំនួន​ជាង២៤ម៉ឺន​នាក់។ នេះ​បញ្ជាក់​ឲ្យ​ឃើញថា គ្រឹះស្ថានសិក្សា​សាធារណៈ​នៅតែ​ស្រូប​ទាញ​សិស្ស​យ៉ាងច្រើន។

ដូច្នេះ ប្រសិនបើ​សាលា​រដ្ឋ​មានគុណ​ភាព​ទាប តើ​អនាគត​យុវជន​កូនអ្នកក្រ​ដែល​ចេញពី​សាលា​រដ្ឋ​ទាំងនោះ​នឹង​ទៅជា​យ៉ាងណា​នៅ​ខណៈដែល​ទីផ្សារការងារ​កាន់តែ​ចង្អៀត និង​ទាមទារ​ការអប់រំ​ដែលមាន​គុណភាព​កាន់តែ​ខ្ពស់​នោះ? នេះ​ជា​សំណួរ​ដែល​ក្រសួង​អប់រំ​គួរ​ពិចារណា​និង​ដោះស្រាយ។ ការផ្តល់​ឱកាស​ស្មើគ្នា​ឬក៏​ប្រហាក់ប្រហែលគ្នា​ដល់​កូន​ខ្មែរ​គ្រប់រូប​ក្នុង​វិស័យ​អប់រំ​មិន​ត្រឹមតែ​ជា​គន្លឹះ​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជាការ​ធានា​សន្ទុះ​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​ស្ថេរភាព​ផងដែរ។ និយាយ​ពី​គុណភាព​អប់រំ គេ​ប្រាកដជា​មិនអាច​មើលរំលង​ជីវភាព​គ្រូ​បានឡើយ។

រដ្ឋាភិបាល​ដែលមាន​ក្រសួង​អប់រំ​ជា​សេនាធិការ​បាន​ខិតខំ​ផ្តល់ឱកាស​ឲ្យ​កុមារ​ខ្មែរ​បាន​ចូលរៀន​គ្រប់គ្នា​តាមរយៈ​ពាក្យ​ស្លាក«ការអប់រំ​សម្រាប់​ទាំងអស់គ្នា»។ ប៉ុន្តែ បើ​គ្រាន់តែ​បាន​ចូល​សាលា តែបើ​សាលា​នោះ​គ្មាន​គុណភាព កូនអ្នកក្រ​នៅតែ​ចាញ់​ប្រៀប​គេ​ដដែល។ ក្នុងន័យនេះ ក្រុមអ្នកវិភាគ​និង​តាមដាន​វិស័យ​អប់រំ​កម្ពុជា​បាន​មើលឃើញថា ការពង្រឹង​គុណភាព​អប់រំ​ឲ្យ​មានតម្លៃ​ប្រហាក់ប្រហែល​ប្រទេស​ក្នុង​តំបន់​ជា​កិច្ចការ​សំខាន់​ទីមួយ។

បន្ទាប់មកទៀត ការធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ​មានគុណ​ភាពដូចគ្នា​ទាំង​សាលា​រដ្ឋ​និង​សាលា​ឯកជន​គឺជា​កត្តា​សំខាន់​មួយទៀត​ដើម្បី​ធានាថា កូន​ខ្មែរ​គ្រប់គ្នា មិន​ថា​កូនអ្នកមាន​ឬ​អ្នកក្រ អាច​ទទួលបាន​ការអប់រំ​ដែលមាន​គុណភាព​ស្មើគ្នា​និង​ឱកាស​ការងារ​ស្មើគ្នា។ ផ្ទុយទៅវិញ ការ​បណ្តោយ​ឲ្យ​ប្រព​ន្ធ័​អប់រំ​សាធារណៈ​ខ្វះ​គុណភាព មិន​ខុស​អ្វី​ពី​ការដាក់ទណ្ឌកម្ម​ទៅលើ​កូនអ្នកក្រ​ឲ្យ​ចាញ់​ប្រៀប​កូនអ្នកមាន​និង​កូន​អ្នកធំ​ជា​រៀងរហូត​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ