អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​កាន់​តែ​ខ្លាំង​សម្រាប់​ពេល​ប្រជុំ​អាស៊ាន​

កង​កម្លាំង​​មាន​​សមត្ថកិច្ច​​ចម្រុះ​​ ​ត្រូវ​​បាន​​ដាក់​​ពង្រាយ​​នៅ​​តាម​​គោលដៅ​​សំខាន់ៗ​​ហើយ​​ចាប់​ពី​​ថ្ងៃ​​នេះ​​ទៅ ​ដើម្បី​​ពង្រឹង​​សន្តិសុខ​​ក្នុង​​ពេល​​កិច្ច​​ប្រជុំ​អាស៊ាន​​ដែល​​នឹង​​ចាប់​ផ្តើម​​ពី​​ថ្ងៃ​​សុក្រ​​ស្អែក​​នេះ​​ទៅ។​ស្នងការ​​រាជធានី​​ភ្នំពេញ ​​លោក​​ឧត្តម​សេនីយ ​​ទូច ​ណារ៉ុថ​​បាន​​ប្រាប់​​សារព័ត៌មាន​​​ក្នុង​ស្រុក​ថាការងារ​​ពង្រឹង​​សន្តិសុខ​​ត្រូវ​​បាន​​ធ្វើ​​កាន់​​តែ​​ខ្លាំង​​ជាង​​មុន​ពី​ព្រោះ​​មាន​​គណៈ​​ប្រតិភូ​​ជិត ​​៣០​​ប្រទេស​​ដែល​​នឹង​​មាន​​វត្តមាន​​នៅ​​ក្នុង​​រាជធានី​​ភ្នំពេញ។​

ប៉ូលិស​បំពាក់​ដោយ​អាវុធ​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​អគារ​ប្រជុំ​ និង​ស្នាក់នៅ​របស់​គណៈប្រតិភូ​អាស៊ាន
ប៉ូលិស​បំពាក់​ដោយ​អាវុធ​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​អគារ​ប្រជុំ​ និង​ស្នាក់នៅ​របស់​គណៈប្រតិភូ​អាស៊ាន ©RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​រាជធានី​ភ្នំពេញនិង​កំលាំង​សមត្ថកិច្ច​លើ​ផ្ទៃ​ប្រទេស​ បាន​ចាប់​ផ្តើម​ការងារ​ការពារ​សន្តិសុខ​​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ កម្លាំង​​ប៉ូលីស​គ្រប់​ឯកសណ្ឋាន ​មាន​បំពាក់​​អាវុធ​ផង ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​មហាវិថី​សំខាន់ៗ ពិសេស​គឺ​ជា​មហាវិថី​ដែល​គណៈ​ប្រតិភូ​ ​​ធ្វើ​ដំណើរ​ដូចជា​មហាវិថី​សហព័ន្ធ​រុស្ស៊ីនិង​នរោត្តម និង​ម៉ៅ សេទុង។

 
ការ​ហ្វឹកហាត់​របស់​ប៉ូលីស​ប្រឆាំង​បាតុកម្ម​ក៏​មាន​ដូច​ពេល​មុន​ដែរ។ លោក​ឧត្តមសេនីយ​ទូច ណារ៉ុថ ​ស្នងការ​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា បើទោះជា​កិច្ច​ប្រជុំ​លើក​នេះ​មិន​មាន​វត្តមាន​ប្រមុខ​ដឹកនាំ​ប្រទេស​ដូច​កាល​ពី​ខែមេសា​កន្លងទៅ​មែន ប៉ុន្តែ​វា​នឹង​មាន​វត្តមាន​រដ្ឋមន្ត្រី​ការបរទេស​ប្រមាណ​៣០​ប្រទេស​ដែល​នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​នេះ។ ដូច្នេះ​វត្តមាន​គណៈប្រតិភូ​ដ៏ច្រើន​យ៉ាង​នេះ​ត្រូវ​ទាមទារ​អោយ​សមត្ថកិច្ច​កម្ពុជា​ប្រុងប្រយ័ត្ន​ខ្ពស់។​

សម្រាប់​លោក​ស្នងការ សន្តិសុខ​ដែល​ត្រូវ​ពង្រឹង​ខ្លាំង​នោះ គឺ​នៅ​តំបន់​ប្រជុំ​វិមាន​សន្តិភាព​ និង​នៅ​តាម​សណ្ឋាគារ​ដែល​គណៈប្រតិភូ​ស្នាក់នៅ។យោងតាម​ការ​អះអាង​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​លើក​នេះ សមាជិក​ប្រតិភូ និង​ភរិយា​របស់​ថ្នាក់ដឹកនាំ​ប្រតិភូ​ជាច្រើន​បាន​ស្នើ​សុំ​ដើរ​ទស្សនកិច្ច​តាម​ទីផ្សារ។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន អភិបាល​រាជធានី​ភ្នំពេញ​លោក​កែប ជុតិមា​បាន​បញ្ជា​អោយ​ត្រៀម​រថយន្ត​ប៉ូលីស​ស្ទូច​ជាច្រើន​គ្រឿង​ដើម្បី​ត្រៀម​ស្ទូច​រថយន្ត​ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់​នៅ​តាម​ផ្សារ​ធំ​ចំនួន​២ ដែល​ត្រូវ​បាន​ចាត់ទុក​ថា ជា​ផ្សារគំរូ គឺ​ផ្សារធំ​ថ្មី និង​ផ្សារ​ទួលទំពូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ