អានតួអត្ថបទ
កម្ពុជា

អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​ប្រមាណ​១០០០​នាក់​យក​ព័ត៌មាន​ពី​អាស៊ាន​លើក​នេះ​

មន្ត្រី​ជាន់​​ខ្ពស់​​ក្រសួង​​ព័ត៌មាន​​​បាន​​អះអាង​​អោយ​ដឹង​ថា​នឹង​​មាន​​អ្នកកាសែត​​យ៉ាង​ហោច​​ណាស់​​​១០០០​​នាក់​​ដែល​​ត្រូវ​​មាន​​វត្តមាន​​នៅ​​ក្នុង​​ព្រឹត្តិការណ៍​​ប្រជុំ​​អាស៊ាន​​ចាប់​ពី​​ថ្ងៃ​​សុក្រ​​សប្តាហ៍​​នេះ​​ទៅ។​ ចំនួន​​អ្នកកាសែត​​​កើន​ឡើង​​ជាង​​ពេល​​មាន​​កិច្ច​​ប្រជុំ​​អាស៊ាន​​ក្នុង​​ខែ​​មេសា ​ដូច្នេះ​​ការងារ​​ត្រៀម​​រៀបចំ​​ទទួល​​អ្នកកាសែត​​ក៏​​ត្រូវ​​មាន​​ច្រើន​​ជាង​​មុន​​ដែរ។​

អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​ប្រមាណ​១០០០​នាក់​យកព័ត៌មាន​អាស៊ាន​
អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​ប្រមាណ​១០០០​នាក់​យកព័ត៌មាន​អាស៊ាន​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន រហូតមកដល់ពេលនេះ ​ក្រុម​ការងារ​ចុះ​ឈ្មោះ​អ្នកសែត​បាន​ទទួល​អ្នកកាសែត​បរទេស​ចំនួន​៤១៤​នាក់ ដែល​មក​ពី​ប្រទេស​ចំនួន​២០ និង​ពី​អង្គភាព​ចំនួន​៩០។ ចំណែកឯ​អ្នកកាសែត​កម្ពុជា​មាន​ចំនួន​៤៦៣​នាក់ មក​ពី​៣៥​អង្គភាព និង​មន្រី្ត​បម្រើការ​ក្នុង​មជ្ឈមណ្ឌល​ព័ត៌មាន​មាន​ចំនួន​៨៨​នាក់​ផ្សេង​ទៀត។

ទោះយ៉ាង​នេះ​ក្តី ចំនួន​អ្នកកាសែត​នឹង​អាច​កើន​ឡើង​បន្ថែម​ទៀត​នៅ​ពេល​កិច្ច​ប្រជុំ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦​កក្កដា​នោះ។ នោះ​គឺ​អ្នក​សារព័ត៌មាន​បរទេស​ដែល​មក​តាម​គណៈប្រតិភូ​ផ្ទាល់។
លោក​​ប៊ុត បូ​វុ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​អោយ​ដឹងថា ក្រុមការងារ​ក្រសួង​ព័ត៌មាន​ត្រូវមាន​ការងារ​ច្រើន​ជាង​លើក​មុន ក្នុងការ​រៀបចំ​ទទួល​អ្នកកាសែត។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បញ្ជាក់​ថា «មានការ​ងារ​មួយចំនួន​ដែល​គេ​ត្រូវ​រៀបចំ​អោយ​ល្អ​ជាង​មុន គឺ​អោយ​ល្អ​ជាង​ព្រឹត្តិការណ៍​អាស៊ាន​ក្នុង​ខែ​មេសា​កន្លង​ទៅ។ ពោល​គឺ​ស្តង់​ការិយាល័យ​សម្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​នឹង​មាន​ច្រើនជាង​មុន។ ការរៀបចំ​អាហារ​ក៏ត្រូវ​មាន​របៀប និង​សណ្តាប់ធ្នាប់​ជាង​ពេលមុន​ដែរ។ ហើយ​នឹង​មាន​ការ​រៀបចំ​អាហារ​សម្រាប់​អ្នកកាសែត​មូស្លីម​ទៀត​ផង។ គួរ​រម្លឹក​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ខែ​មេសា​កន្លង ក្រសួង​ព័ត៌មាន​បាន​រៀបចំ​ផ្តល់​អាហារ​ពេញ​មួយ​ថ្ងៃ​ដល់​អ្នកកាសែត​ ព្រម​ទាំង​ឧបករណ៍​ចាំបាច់​នានា​ទៀត​ផង ដែល​ធានា​ដល់​ការ​ផ្សព្វផ្សាយ​ដោយ​រលូន​របស់​អ្នក​សារព័ត៌មាន។

សូមរម្លឹកថា កិច្ច​ប្រជុំ​អាស៊ាន​លើកនេះ​នឹង​មាន​កិច្ច​ប្រជុំ​ជា​អន្តរជាតិ​ជាច្រើន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​​ពី​ថ្ងៃ​សុក្រ​ទី​៦​ដល់​ថ្ងៃ​ទី​១៣​កក្កដា។ ក្នុង​នោះ​កិច្ច​ប្រជុំ​ដែល​សំខាន់​ខ្លាំង​នោះ គឺ​វេទិកា​តំបន់​អាស៊ាន​ដែល​នឹង​មាន​ប្រទេស​ធំៗ​៣០​ប្រទេស​ចូលរួម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ