អានតួអត្ថបទ
កម្ពុជា

មហា​​អំណាច​ទាំង​៥​នឹង​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ​

ចាប់​ពី​​ថ្ងៃ​​ទី​​៦​​ដល់​​ថ្ងៃ​​ទី​​១៣​​ខែ​​កក្កដា​​នេះ​ កម្ពុជា​​នឹង​​ត្រូវ​​ធ្វើ​​ជា​​ម្ចាស់​​ផ្ទះ​​រៀបចំ​​កិច្ច​​ប្រជុំ​​អាស៊ាន​​ជា​ច្រើន​​ទៀត​ ដែល​​នៅ​​ក្នុង​​នោះ​​សន្ធិសញ្ញា​​ស្តី​ពី​​តំបន់​​អាស៊ាន​​គ្មាន​​អាវុធ​​នុយក្លេអ៊ែរ​​នឹង​​ត្រូវ​​អនុម័ត​​និង​​ចុះ​​ហត្ថលេខា​​ដោយ​​ថ្នាក់​​ដឹកនាំ​​អាស៊ាន​និង​​តំណាង​​ប្រទេស​​មហា​អំណាច​​ទាំង​​៥​​ក្រុម​​ប្រឹក្សា​​សន្តិសុខ​​អង្គការ​​សហប្រជាជាតិ។​ មាន​​ឯកសារ​​ច្បាប់​​៤​​ផ្សេង​ទៀត​​ក៏​​ត្រូវ​​គ្រោង​​ចុះ​ហត្ថលេខា​​ផង​ដែរ។​ 

មហាអំណា​​​ចទាំង​៥​នឹង​ចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​អាស៊ាន​គ្មានអាវុធនុយក្លេអ៊ែរ
មហាអំណា​​​ចទាំង​៥​នឹង​ចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​អាស៊ាន​គ្មានអាវុធនុយក្លេអ៊ែរ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់​មាន​កិច្ច​ប្រជុំ​ចំនួន​១៩​ឯណោះ​ដែល​ត្រូវ​បាន​គ្រោង​រៀបចំ​ធ្វើ​នៅក្នុង​រយៈ​ពេល​៨​ថ្ងៃ នៃ​កិច្ច​ប្រជុំ​អាស៊ាន​ដែល​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ​នេះ​ហើយ។ ក្នុង​ចំណោម​កិច្ច​ប្រជុំ​ជិត​២០​នោះ ក៏​មាន​របៀបវារៈ ស្តី​អំពី​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ ដែល​ការ​ពិភាក្សា​នេះ​នឹង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ទី​៨​កក្កដា។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​កម្ពុជា បន្ទាប់​ពី​ការ​ពិភាក្សា​នេះ​រួច​ហើយ​​នៅ​ថ្ងៃ​ចន្ទ​ទី​៩​កក្កដា នឹង​មាន​ការ​ប្រកាស​ស្តីពី​ពិធីសារ​លើ​សន្ធិសញ្ញា​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​​​​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នេះ។ បន្ទាប់​មក​ទៀត​នឹង​មាន​ការ​ចុះហត្ថលេខា​ពីរ​ផ្សេង​គ្នា​លើ​សន្ធិ​សញ្ញា​នេះ។ ទី​មួយ​គឺ​រវាង​អាស៊ាន​និង​ចិន​នៅ​ថ្ងៃ​ទី​១០​កក្កដា និង​ទី២​គឺ​រវាង​អាស៊ាននិង​ប្រទេស​មហាអំណាច​ទាំង​៥​នៅ​ថ្ងៃ​ទី​១២​កក្កដា។

របៀបវារៈ​អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ស្ថិត​នៅ​ក្នុង​ចំណោម​របៀបវារៈ​ជាច្រើន​នៅ​ក្នុង​កិច្ច​ប្រជុំ​​ខាងមុខ​នេះ​ដែល​ដឹកនាំដោយ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ មាន​កិច្ចប្រជុំ​ធំៗ​ចំនួន​៤​ដែល​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ ដូចជា៖ ១/ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ ២/កិច្ចប្រជុំ​ជាមួយ​ប្រទេស​ដៃគូ ៣/ កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី១៩និង​ទី​៤/​ គឺ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​២​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា។ កិច្ចប្រជុំ​ទាំងនេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

គួរ​បញ្ជាក់​អោយ​ដឹង​ផងដែរ​ថា ក្នុង​រយៈពេល​​ដែល​មាន​កិច្ច​ប្រជុំ​ក្របខណ្ឌ​អាស៊ាន​ខាង​មុខ​នេះ នឹង​មាន​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូរ​ជាច្រើន​ផងដែរ។
កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយទៀត​នោះ គឺ​វេទិកា​តំបន់​អាស៊ាន​ដែល​នឹង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការ​បរទេស​ចំនួន​២៦​ប្រទេស និង​តំណាង​ស្ថាប័ន​អន្តរជាតិ​ចំនួន​២​ទៀតគឺ​លេខាធិការដ្ឋាន​អាស៊ាន​​និង​សហភាព​អឺរ៉ុប។

សូម​រម្លឹក​ផង​ដែរ​ថា ក្រៅ​ពី​កិច្ចប្រជុំ​ដែល​ត្រូវ​បាន​គ្រោង​ក្នុង​កម្មវិធី​ផ្លូវការ​នេះ កម្ពុជា​ក៏​នឹង​សម្រប​សម្រួល​អោយ​មាន​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ផងដែរ ដែល​ត្រូវ​មាន​វត្តមាន​​រដ្ឋមន្ត្រី​ការបរទេស​៦ភាគី គឺ​អាមេរិក ជប៉ុន ចិន រុស៊្សី និង​បងប្អូន​កូរ៉េ​ទាំងពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ