អានតួអត្ថបទ
កម្ពុជា-ចិន

ប្រធានាធិបតី​ចិន​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ​

នៅ​​ម៉ោង​​ជាង​​៤ ​ថ្ងៃ​ទី​​៣០​​មីនា​​នេះ​ លោក ​ហ៊ូ ជិន​តាវ​​​ ( Hu Jintao )​ ប្រធានាធិបតី​​ចិន​ បាន​​មក​​ដល់​​ទីក្រុង​​ភ្នំពេញ​ដើម្បី​​ផ្តើម​​ដំណើរ​​ទស្សនកិច្ច​​ផ្លូវការ​​នៅ​​កម្ពុជា​រយៈពេល​៤​ថ្ងៃ ​ចាប់ពី​​ថ្ងៃ​​ទី​​៣០​​មីនា​​ដល់​​ថ្ងៃ​​ទី​​២​​មេសា​។​ ក៏​ប៉ុន្តែ​​នៅ​​មុន​​ដំណើរ​​មក​​ដល់​​របស់​​លោក​​ប្រធានាធិបតី​​ចិន​ ប៉ុន្មាន​​ម៉ោងគឺ​​នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​៣០​មីនា​​នេះ ​អាជ្ញាធរ​​បាន​​ចាប់​បង្ខំ​​ពលរដ្ឋ​​ខេត្ត​កោះកុង ប្រមាណ​ ​​៤០​ នាក់​ បញ្ចូល​​ឡាន​ក្រុង​​ដឹក​​ចេញពី​​ផ្ទះ​សំណាក់​​នៅ​​ទីក្រុង​​ភ្នំពេញ ​ឆ្ពោះ​ទៅ​​កាន់​​ខេត្ត​​កោះកុង​។​ ពលរដ្ឋ​​ទាំង​​នោះ ​មាន​​បញ្ហា​​ដីធ្លី​ ជាមួយ​​ក្រុមហ៊ុន​​ចិន ​ហើយ​​មាន​​គម្រោង​​តវ៉ា​ ដាក់​​ញត្តិ​​នៅ​​ស្ថានទូត​​ចិន​ ក្នុង​​ពេល​​លោក​​ហ៊ូ​ជិន​តាវ​ មាន​​វត្តមាន​នៅ​​កម្ពុជា​។​

ប្រធានាធិបតីចិន​លោក ហ៊ូ​ជីនតាវ​និង​ភរិយា​​មកដល់​កម្ពុជានៅថ្ងៃ៣០មីនា​២០១២
ប្រធានាធិបតីចិន​លោក ហ៊ូ​ជីនតាវ​និង​ភរិយា​​មកដល់​កម្ពុជានៅថ្ងៃ៣០មីនា​២០១២ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​តាម​កម្មវិធី ប្រធានាធិបតី​ចិន លោក ហ៊ូ ជិន​តាវ នឹង​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។ ប្រមុខ​ដឹកនាំ​កម្ពុជា និង​ចិន ក៏​នឹង​ធ្វើ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ពៀង​ចំនួន ១០​។ ក៏​ប៉ុន្តែ​កិច្ចព្រមព្រៀង​ទាំង​នោះ មិន​ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល បញ្ជាក់​ប្រាប់​អ្នកកាសែត​ទេ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានាធិបតី​ចិន មក​កាន់​កម្ពុជា ក៏​ត្រូវបាន​លោក ហោ ណាំហុង និង​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន លោកស្រី ហ្វ៊ូ យិង ( Fu Ying ) បានលើកឡើង ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃ​៣០​មីនា គឺ​ប៉ុន្មាន​ម៉ោង មុន​ការមកដល់​របស់​លោក​ហ៊ូ​ជិន​តាវ​។

​លោក ហោ​ណាំហុង និង​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន បាន​សម្តែង​អំពី​សារសំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​លោក​ប្រធានាធិបតី​ចិន មក​ប្រទេស​កម្ពុជា​នៅពេលនេះ​។ នេះ​បើ​តាម​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​។

​លោក កុយ គួង លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានាធិបតី​ចិន នៅ​កម្ពុជា រយៈ​ពេល៤ថ្ងៃចាប់ពី​ថ្ងៃ​៣០​មីនា​នេះ នឹង​ធ្វើឲ្យ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រ
រ​វា​ង​​ប្រទស​ចិន និង​កម្ពុជា កាន់តែ​មាន​លក្ខណៈ​ស៊ីជម្រៅ និង​រឹងមាំ​បន្ថែមទៀត​។​

តាម​អ្នកនាំពាក្យ ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា មិន​អាច​កាត់ផ្តាច់​ពី​ជំនួយ​របស់​ប្រទេស​​ចិន ដែល​បាន​ផ្តល់​មក​ឲ្យ​កម្ពុជា​ជាច្រើន មាន​ទាំង​ជំនួយឥតសំណង កម្ចី​ការប្រាក់​ទាប និង​ការវិនិយោគ​របស់​ចិន​លើ​គ្រប់​វិស័យ ពិសេស​ការវិនិយោគ​លើ​ប្រព័ន្ធធារាសាស្ត្រ និង​វា​រី​អគ្គិសនី​។

​ជា​ការកត់សម្គាល់ ដំណើរ​ទស្សនកិច្ច​របស់លោក ហ៊ូ​ជិន​តាវ នៅ​កម្ពុជា ពេលនេះ បាន​ធ្វើ​ឡើង​ ចំ​ពេល​ដែល​កម្ពុជាក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​៤​មេសា ឆ្នាំ​២០១២​។ ក៏​ប៉ុន្តែ​លោក ហ៊ូ ជិន​តាវ មិនមែន​មក​កម្ពុជា ដើម្បី​​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើយ​។​

ជា​ការកត់សម្គាល់​មួយទៀត នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ចាប់បង្ខំ​ប្រជាកសិករ​ប្រមាណ ៤០ នាក់ បញ្ជូន​ចេញពី​ផ្ទះសំណាក់​មួយ​នៅ​ភ្នំពេញ ដឹក​តាម​ឡានក្រុង យក​ទៅ​ខេត្ត​កោះកុង​។ ពលរដ្ឋ​ទាំង​នោះ គ្រោង​នឹង​តវ៉ា និង​ដាក់​ញត្តិ នៅ​ស្ថានទូត​ចិន ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​ចិន ឲ្យជួយ​ក្នុង​រឿង​ជម្លោះ​ដីធ្លី ជាមួយនឹង​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​កោះកុង​។

​នៅ​ព្រឹក​មិញ វេទិកា​សង្គម​ស៊ីវិល និង​ប្រជាជន​អាស៊ាន ក៏​ត្រូវ​បាន​រារាំង​។ នោះ​ក៏​ដោយសារ​តែ​សង្គម​ស៊ីវិល​មក​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន លើកឡើង​ពី​បញ្ហាដីធ្លី បញ្ហា​ប្រទេស​ភូមា ជនជាតិដើម​ភាគតិច និង​បញ្ហា​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន នាំឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​ប្រទេ​ស​អាស៊ាន ពិសេស​ប៉ះពាល់​ដល់​ពល​រដ្ឋ​កម្ពុជា​។​

លោក​ធន​សារាយ ប្រធាន​សមាគម​សិទ្ធិមនុស្ស អាដហុក ដែល​ចូលរួម​រៀបចំ​វេទិកា​សង្គម​ស៊ីវិល​អាស៊ាន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ភាព​ចាស់ទុំ ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​កុំ​ខ្លាចរ​អាល​ទៅ​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ ពិសេស​បញ្ហា​ជម្លោះ​ដីធ្លី ដែល​ការ​លើក​ឡើង​​នោះ សម្រាប់​ចងក្រង​ជា​អនុសាសន៍ ដាក់ជូន​មេដឹកនាំ​អាស៊ាន​ប្រជុំ​ដោះស្រាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ