អនុប្រធានាធិបតីចិនបំពេញទស្សនកិច្ចនៅអៀរឡង់
បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិករយៈពេល៥ថ្ងៃ អនុប្រធានាធិបតីចិន លោក Xi Jinping បានអញ្ជើញទៅដល់ប្រទេសអៀរឡង់នៅថ្ងៃសៅរ៍១៨កុម្ភៈម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ។ អៀរឡង់ ជាប្រទេសតែមួយគត់នៅសហភាពអឺរ៉ុបដែលអនាគតអ្នកដឹកនាំចិនរូបនេះមកបំពេញទស្សនកិច្ច។ លោក Xi Jinping ត្រូវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជាមួយអៀរឡង់មុននឹងបន្តដំណើរទស្សនកិច្ចរបស់លោកទៅទួរគីនៅថ្ងៃចន្ទ២០កុម្ភៈស្អែក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៧
លោក Xi Jinping អនុប្រធានាធិបតីចិន មានទំនុកទុកចិត្តថា « វិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប វាពុំឋិតថេរទេ »។ យោងតាមលោក Xi Jinping រដ្ឋាភិបាលនិងពលរដ្ឋអឺរ៉ុប មានគតិបណ្ឌិតនិងមធ្យោបាយគ្រប់គ្រាន់ ដើម្បីកាត់បន្ថយបំណុលនិងជំរុញសេដ្ឋកិច្ចរបស់ខ្លួនឲ្យមានការរីកចំរើនឡើងវិញ។
នេះជាសេចក្តីថ្លែងបញ្ជាក់របស់លោក Xi Jinping ដល់ទិន្នានុប្បវត្តិអៀរឡង់មួយនៅទីក្រុង Dublin ឈ្មោះ Irish Times ។ បន្ទាប់ពីបានទទួលទានអាហារល្ងាចនិងស្នាក់នៅក្នុងប្រាសាទអៀរឡង់ ក្នុងយប់ទីមួយមក អនាគតប្រធានាធិបតីចិនរូបនេះ នឹងអញ្ជើញទៅសួរសុខទុក្ខ លោក James Lynch ដែលជាផលិតករទឹកដោះគោអៀរឡង់ម្នាក់នៅប៉ែកខាងលិចនៃប្រទេស។
មានមេគោចំនួន ១៤០ក្បាលស្ថិតនៅក្បែរតំបន់ឆ្នេរចោទនៃសមុទ្រនៅ Moher កសិករអៀរឡង់នៃតំបន់ Clare នេះ ពុំធ្លាប់ដែលបានឃើញអតិថិជនដ៏ច្រើនសន្ធឹកសន្ធាប់និងប្រកបដោយសក្តានុពលបែបនេះឡើយ ពីព្រោះសូមបញ្ជាក់ថា លោក Xi Jinping បានដឹកនាំគណប្រតិភូមួយក្រុមដែលមានទាំង អ្នកជំនួញ និង អ្នកវិនិយោគប្រមាណ ១៥០នាក់អមដំណើរ។
វិស័យ កសិ អាហារនឹងនៅជាប្រធានបទមួយដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មដែលអៀរឡង់ ចង់ផ្សារភ្ជាប់និងរិតចំណងជាមួយជាមួយប្រទេសចិន ជា មហាយក្ខនៅតំបន់អាស៊ី។ ជាការពិត នៅយប់នេះ លោក Xi Jinping ត្រូវទទួលទានអាហារជាមួយនាយករដ្ឋមន្ត្រីអៀរឡង់លោក Enka Kenny។ នៅក្នុងរបៀបវារៈនឹងមានការចុះកិច្ចព្រមព្រៀងមួយចំនួន ដូចជានៅលើវិស័យពាណិជ្ជកម្ម និងអប់រំ។
ប្រជាជនចិន ចាត់ទុកអៀរឡង់ ដែលជាប្រទេសនិយាយភាសាអង់គ្លេសតែមួយគត់នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ មានសេដ្ឋកិច្ចបើកចំហនិងអាចបត់បែនបានទៅតាមកាលៈទេសៈនោះ ជាស្ពានពាណិជ្ជកម្មមួយ សំរាប់ឆ្លងទៅកាន់តំបន់អឺរ៉ុបទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ