អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​ជំរុញ​អោយ​មាន​របៀបវារៈ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​កិច្ចប្រជុំ​អាស៊ាន

នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ សន្និសីទ​អន្តរជាតិ​ស្តីពី​អាស៊ាន និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​ត្រូវ​ប្រារព្ធ​ឡើង។ សន្និសីទ​អន្តរជាតិ​នេះ​ត្រូវ​រៀប​ចំ​រួម​គ្នា​ដោយ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​អាស៊ី​ឥណ្ឌា និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព។ សន្និសីទ​មាន​គោលដៅ​ជំរុញ​អោយ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​លើក​ជម្លោះ​នេះ​ដាក់​លើ​តុ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ ខណៈដែល​ប្រទេស​ចិន​កំពុង​បង្ហាញ​មតិ​ប្រឆាំង។

សង្គមស៊ីវិល​ជំរុញ​អោយ​មាន​របៀបវារៈ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​កិច្ចប្រជុំ​អាស៊ាន
សង្គមស៊ីវិល​ជំរុញ​អោយ​មាន​របៀបវារៈ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​កិច្ចប្រជុំ​អាស៊ាន ©ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​ជា​ចិន​បាន​ព្រលយ​អោយ​ដឹង​ថា ខ្លួន​នឹង​មិន​ពេញចិត្ត​អោយ​មាន​របៀបវារៈ​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុង​វេទិកា​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ​នេះ​ក៏​ដោយ ប្រការ​នេះ​មិន​អាច​ហាម​ឃាត់​អោយ​ខាង​សង្គម​ស៊ីវិល​មួយ​ចំនួន​និយាយ​បញ្ច្រាស​ប្រទេសចិន​នោះ​ទេ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ មិនា​ស្អែក​នេះ វា​នឹង​មាន​សន្និសីទ​អន្តរជាតិ​មួយ​ស្តី​ពី “អាស៊ាន និង​ខួប​ឆ្នាំ​ទី​១០​នៃ​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ដំណើរ​ការ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង។ សន្និសីទ​នេះ​ត្រូវ​រៀបចំ​រួម​គ្នា​ដោយ មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​អាស៊ី​ឥណ្ឌា និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព។

ប៉ុន្តែ​មុន​ការ​មក​ដល់​នៃ​សន្និសីទ​អន្តរជាតិ​នេះ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្ថានប័ន​អ្នក​រៀបចំ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ចំពោះ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ។

នៅ​ពេល​ដែល​ចិន​មិន​ចង់​អោយ​មាន​ប្រធានបទ​នេះ​ត្រូវ​គេ​ជជែក​ក្នុង​ប្រជុំ​អាស៊ាន​នោះ សន្និសិទ​អន្តរជាតិ​នេះ​នឹង​ជំរុញ​អោយ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​គួរ​ពិចារណា​លើក​យក​បញ្ហា​​ដ៏​ស្មុគស្មាញ​ក្នុង​តំបន់​នេះ​ដាក់​លើ​តុ​ប្រជុំ​អាស៊ាន។ នៅ​ក្នុង​សន្និសីទ​កាសែត​ព្រឹក​មិញ​នេះ អ្នក​រៀបចំ​សន្និសីទ​អន្តរជាតិ​បាន​បង្ហាញ​ថា វា​នឹង​មាន​ការ​លំបាក​ខ្លះ​សម្រាប់​កម្ពុជា​ដែល​ជា​មហាមិត្ត​របស់​ចិន​ផង និង​ជា​មិត្ត​របស់​អាស៊ាន​ផង។ ប៉ុន្តែ​ថា​កម្ពុជា​គួរ​តែ​ព្យាយាម​សម្របសម្រួល​អោយ​មាន​វេទិកា​និយាយ​អំពី​ជម្លោះ​នេះ ដើម្បី​អោយ​មាន​ការ​វិវត្តន៍​ទៅ​មុខ​បន្ថែម​ទៀត ក្រោយ​រយៈ​ពេល​១០​ឆ្នាំ​ដែល​មាន​សេចក្តីប្រកាស​ស្តីពី​ដំណោះស្រាយ​ជម្លោះ សមុទ្រ​ចិន​ខាង​ត្បូង​នេះ​នៅ​ឆ្នាំ​២០០២​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ