អានតួអត្ថបទ
កម្ពុជា

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិនមែន​ជា​របៀប​វារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទេ

ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​៤ ខែ​មេសា នៅ​ទីក្រុង​ភ្នំពេញ។ តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស កាលពី​ព្រលប់​ថ្ងៃទី​២៦​មីនា​ម្សិលមិញ គឺ​មិន​មាន​ឡើយ របៀបវារៈ ស្តីពី បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ។

លោក​Pan Quangxue ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ក្រុង​ភ្នំពេញ
លោក​Pan Quangxue ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ក្រុង​ភ្នំពេញ ©RFI/Siv chana
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១២ បង្ហាញថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ជា​ប្រធាន នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០។ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង ១០ ប្រទេស រំពឹងថា នឹង​ត្រូវ​អនុម័ត​លើ​ឯកសារ​មួយចំនួន។ រួមមាន៖ ទី​១-​សេចក្ដី​ថ្លែងការណ៍​នៅ​ភ្នំពេញ ស្ដី​ពី​អាស៊ាន​៖ សហគមន៍​តែមួយ - វាសនា​តែមួយ។ ២-​សេចក្ដីថ្លែងការណ៍​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​អាស៊ាន ស្ដីពី តំបន់​អាស៊ាន គ្មាន​គ្រឿងញៀន​ឆ្នាំ​២០១៥ និង​ឯកសារ​ទី​៣-ឯកសារ​ទស្សនាទាន​ស្ដីពី​ចលនា​សកលនិយម​កណ្ដាល។

 
ជាមួយគ្នា​នោះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៥ របស់​អាស៊ាន ប្រមុខ​ដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​អស់ នឹង​ចេញ“​សេចក្ដីថ្លែងការណ៍​ស្ដី​ពី​ខួប​លើក​ទី​៤៥ របស់​អាស៊ាន ក្រោម​ប្រធានបទ ដំណើរ​ឆ្ពោះ​ទៅមុខ”។

សេចក្តីប្រកាស​បង្ហាញថា ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ផ្សេងទៀត នឹង​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​អាគេ្នយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​កិច្ចប្រជុំ ក្រុមប្រឹក្សា​នយោបាយ-សន្តិសុខ​អាស៊ាន ជាដើម។

ស្របពេល​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបទេស​អាស៊ាន នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន រួមមាន​៖ សេចក្ដីប្រកាស​អាស៊ាន​លើ​ពិធីសារ ស្ដីពី សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ពិធីសារ​ធម្មនុញ្ញ​អាស៊ាន ស្ដីពី​យន្ដការ​ដំណោះស្រាយ​ជម្លោះ។

តាម​សេចក្តីប្រកាស​ផ្លូវការ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ចាប់ពី​ថ្ងៃ​៣០​មីនា ដល់​ថ្ងៃ​៤​មេសា គឺ​មិន​មាន​របៀបវារៈ​ស្តី​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ។ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ ត្រូវបាន​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក ផាន ក្វាង​សៀ ( Pan Quangxue ) នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​ថា ចិន ប្រកាន់​ជំហរ​ដាច់ខាត មិន​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក្លាយទៅជា​បញ្ហា​អន្តរជាតិ​ទេ ហើយ​ចិន​ប្រឆាំង​នឹង​ប្រទេស​ខ្លះ ដែល​លើកយក​បញ្ហា​មិន​សមស្រប​ពាក់ព័ន្ធ​ទៅ​នឹង​សមុទ្រ​ចិន យកមក​ធ្វើ​ជា​លេស ដើម្បី​ជ្រៀតចូល ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។​

ជំហរ​របស់​ឯកអគ្គ​រដ្ឋទូត​ចិន​ដូច្នេះ គឺ​ដូចគ្នា​នឹង​ជំហរ​របស់​កម្ពុជា ដែល​ត្រូវបាន​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ នោះ​គឺ​កម្ពុជា ក៏​មិន​ចង់​ឲ្យ​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ជា​អន្តរជាតិ​ភាវូបនីយកម្ម​ទេ។ ម្យ៉ាងទៀត​តាម​លោក​ហោ ណាំហុង ការលើកយក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ជា​លក្ខណៈ​អន្តរជាតិ នឹង​នាំអោយ​ស្មុគស្មាញ និង​មិន​ឆ្លើយតប​នឹង​ផលប្រយោជន៍​ប្រទេស​ណាមួយ​ទេ។

យ៉ាងណា​ក៏ដោយ អ្នក​ការទូត បាន​លើកឡើង​ថា បើ​ទោះបីជា​មិន​មាន​ចែង​ក្នុង​របៀបវារៈ​ផ្លូវការ ក៏​ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដោយ​បិទទ្វារ រដ្ឋមន្ត្រីការបរទេស និង​ប្រមុខ​រដ្ឋាភិបាល ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ អាច​នឹង​លើកឡើង​ពី​បញ្ហា​ជម្លោះ​របស់​ប្រទេស​ខ្លួន និង​ចិន ក្នុង​​បញ្ហា​​សមុទ្រ​​ចិន​​ខាងត្បូង។ ក៏ប៉ុន្តែ​ប្រហែលជា​ នឹងមិន​មាន​សេចក្តី​សម្រេច​ផ្លូវការ​រវាង​ប្រទេស​ទាំង១០ ក្នុង​សមាគម​អាស៊ាន លើ​បញ្ហា​ជម្លោះ​សមុទ្រចិន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ