អានតួអត្ថបទ
កម្ពុជា

ប្រមុខ​ការទូត​កម្ពុជា​៖ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មិន​គួរ​ជា​បញ្ហា​អន្តរជាតិ​ទេ​

កម្ពុជា​​ក្នុង​នាម​​ជា​​ប្រធាន​​អាស៊ាន ​តាម​រយៈ​​លោក​​ប្រមុខ​​ការទូត​ ហោ ណាំហុង​ បាន​​លើក​ឡើង​​ថា​នៅ​​ថ្ងៃ​​ចន្ទ​​​នេះ​​ថា ​បញ្ជាក់​​ពី​​ជំហរ​​កម្ពុជា ​នៅ​​ចំពោះ​​ជម្លោះ​​នៅ​​សមុទ្រ​​ចិន​​ភាគ​ខាង​ត្បូង​ រវាង​​ចិន​និង​​បណ្តា​​ប្រទេស​​សមាជិក​​អាស៊ាន ​រួមមា​ន​ វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី​និង​​ព្រុយណេ​ គឺ​បញ្ហា​​នេះ ​គួរតែ​​លើក​ទឹកចិត្ត​​ឲ្យ​​ប្រទេស​​ចិន ​និង​​អាស៊ាន ​ចាប់​ផ្តើម​​ពិភាក្សា​​អំពី​​ចំណុច​​គន្លឹះ​ នៃ​​ពង្រាង​​ក្រម​​ប្រតិបត្តិ​​សមុទ្រ​​ចិន​​ខាង​ត្បូង​ហៅ​​កាត់​​ថា​ COC​។​ ក៏​​ប៉ុន្តែ​​លោក ​ហោ ណាំហុង​ បាន​​លើក​ឡើង​​ថា​ បញ្ហា​​ជម្លោះ​​សមុទ្រ​​ចិន​​ខាង​ត្បូង​គេ​​មិន​​គួរ​​ធ្វើ​​ជា​​អន្តរជាតិ​​ភាវូបនីយកម្ម​​ទេ​។​

លោក ហោ ណាំហុង ជួបជាមួយរដ្ឋមន្ត្រីការបរទេស អូស្ត្រាលី​នៅថ្ងៃចន្ទ​ទី​២៦​មីនា​២០១២
លោក ហោ ណាំហុង ជួបជាមួយរដ្ឋមន្ត្រីការបរទេស អូស្ត្រាលី​នៅថ្ងៃចន្ទ​ទី​២៦​មីនា​២០១២ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។

​លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​ជម្រាប​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ថា បញ្ហា​នេះ យើង​គួរតែ​លើកទឹកចិត្ត អោយ​ប្រទេស​ចិន និង​អាស៊ាន ចាប់ផ្តើម​ធ្វើ​ការពិភាក្សា​អំពី​ចំនុច​គន្លឹះ នៃ​ពង្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង COC ដោយសារ​ចិន​មាន​បំណង​ចូលរួម​ជាមួយ​អាស៊ាន ដើម្បី​ពិភាក្សា​បញ្ហា​នេះ។ តាមលោកប្រមុខការទូត ហោ ណាំហុង ជា​ការល្អ ដែល​យើង​ត្រូវតែ​លើកទឹកចិត្ត ហើយ​ចិន​ថ្មីៗ​នេះ ក៏​បាន​ស្នើ​អោយ​បង្កើត​ក្រុម​ឥស្សរៈជន​ឆ្នើម IPG ដើម្បី​តាក់តែង​ពង្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង COC នេះ​ផង​ដែរ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​បញ្ជាក់ថា យើង​មិន​គួរ​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ជា​អន្តរជាតិ​ភាវូបនីយកម្ម​ទេ​។ ម្យ៉ាងទៀត ការ​លើកយក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ធ្វើ​ជា​លក្ខណៈ​អន្តរជាតិ នឹង​នាំអោយ​ស្មុគស្មាញ និង​មិន​ឆ្លើយតប​នឹង​ផល​ប្រយោជន៍​​ប្រទេស​ណាមួយ​ទេ​។

​ជំហរ​របស់​កម្ពុជា​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ប៉ុណ្ណោះ មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​​​​​ចិន លោក ហ៊ូ ជិន​តាវ នឹង​មក​កម្ពុជា នា​ថ្ងៃ​ទី​៣០​មីនា ចុង​សប្តាហ៍​នេះ​។ ចិន មាន​បំណង​​ មិន​ចង់​ឲ្យ​អាស៊ាន ដែល​ត្រូវ​បើក​កិច្ចប្រជុំ​កំពូល នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​​ថ្ងៃ​ទី​៤​មេសា លើកយក​បញ្ហា​ជម្លោះ​ចិន​ខាងត្បូង មក​ពិភាក្សា​ឡើយ​។​

ចិន​ជា​អ្នកផ្តល់​ជំនួយ​ដ៏​ច្រើន​ដល់​កម្ពុជា សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាពិសេស​កម្ពុជា​ក៏​បាន​ទទួល​ជំនួយ និង​ប្រាក់​កម្ចី​ពី​ចិន​រាប់រយ​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ​។​

​ជាមួយនឹង​ការបញ្ជាក់​ជំហរ​របស់​កម្ពុជា​ខាងលើនេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោក បុ​ប ខា​រ ( Bob Carr ) នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា ឆ្នាំ​២០១២ ប្រមុខ​ការទូត​កម្ពុជា និង​អូស្ត្រាលី បាន​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​មួយចំនួន ដូចជា បញ្ហា​សហប្រតិបត្តិការ​ទ្វេភាគី ទំនាក់ទំនង​ការទូត នយោបាយ​ក្នុង​តំបន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បញ្ហា​គ្រោះមហន្តរាយ ជាដើម​។

ក្នុង​កិច្ចប្រជុំ ប្រមុខ​ការទូត​ទាំងពីរ ក៏​បាន​សាទរ​ចំពោះ​ការផ្លាស់ប្តូរ កែ​ទម្រង់​និង​ការឈាន​ទៅ​មុខ​នៃ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម នៅ​មី​យ៉ាន់​ម៉ា​។ នោះ​គឺ ប្រទេស​អូស្ត្រាលី បាន​យល់ព្រម​លើក​ទណ្ឌកម្មសេដ្ឋកិច្ច លើ​ប្រទេស​មី​យ៉ាន់​ម៉ា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ