អានតួអត្ថបទ
អាស៊ាន

ការពន្លឿន​កិច្ចចរចា​ពាក់ព័ន្ធនឹង​បញ្ញត្តិ​សម្រាប់​តំបន់​សមុទ្រចិន​ខាងត្បូង​

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​និង​ប្រទេសចិន​គួរតែ​ខិតខំ​ពន្លឿន​កិច្ចចរចា​ដើម្បី​សម្រច​ឲ្យបាន​នូវ​ ​“​បញ្ញត្តិ​”​សម្រាប់​តំបន់​សមុទ្រចិន​ខាងត្បូង​ទាំងមូល។​ នេះ​ជាសេចក្តី​ថ្លែងប្រកាស​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Susilo Bambang Yudhoyono នៅ​ថ្ងៃ​អង្គារនេះ។

លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Susilo Bambang Yudhoyono.
លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Susilo Bambang Yudhoyono. © Reuters/Jason Reed
ផ្សាយពាណិជ្ជកម្ម

“​ជាការ​ចាំបាច់​យើង​ត្រូវ​ពន្លឿន​កិច្ចចរចា​ដើម្បី​សម្រច​ឲ្យបាន​នូវ​ ​“​បញ្ញត្តិ​”​សម្រាប់​តំបន់​សមុទ្រចិន​ខាងត្បូង​ទាំងមូល។​ ទាំងនេះ​ ដើម្បី​ជួយ​ផ្តល់​ឲ្យ​មាន​ស្ថិរភាព​ក្នុង​តំបន់ ​ ​ហើយយើង​នឹងត្រូវ​គិតគូរ​ដល់​បញ្ហា​ដទៃទៀត”​។​ ​នេះ​ជា​សេចក្តី​ថ្លែង​ប្រកាស​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Susilo Bambang Yudhoyono ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​អាស៊ាន​នាឱកាស​ជំនួប​ប្រជុំ​នៅកោះបាលី។

 
បានជា​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ថ្លែង​បែបនេះ​ ​ មកពី​លោក​ឃើញ​កិច្ចចរចា​រវាង​អាស៊ាន​និង​ប្រទេស​ចិន​មាន​ដំណើរ​សែន​យឺតយ៉ាវ។​ មូលហេតុ​នេះហើយ​ដែល​ជំរុញ​ឲ្យ​លោក​ Susilo Bambang Yudhoyono​ ថ្លែង​បញ្ជាក់ថា​ ​ “​យើងត្រូវ​បញ្ជូន​សារដ៏​ខ្លាំងក្លា​មួយ​ដើម្បី​ឲ្យ​ពិភពលោក​ដឹងថា​ បញ្ហា​សមុទ្រចិន​ខាងត្បូង​គឺជា​បញ្ហា​ដែល​អាស៊ាន​និង​ចិន​អាចនឹង​ក្តោបក្តាប់​ដោះស្រាយ​បាន​ ​ គឺជា​បញ្ហា​សុទិដ្ឋិនិយម”។

ជំនួប​អាស៊ាន​ដែលមាន​រយៈពេល​៥ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ចាប់ពីថ្ងៃ​អង្គារ​ទី១៩​កក្កដា​នេះ​រហូតដល់​ថ្ងៃសៅរ៍​ទី២៣កក្កដា​ឆ្នាំ២០១១​ ​ ដែលជា​ថ្ងៃ​ចុងក្រោយ​ហើយ​ជា​ថ្ងៃ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន​នឹង​មាន​ជំនួប​ពិភាក្សា​ស្ដីពី​បញ្ហា​សន្តិសុខ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេសចិន​ ​ ជប៉ុន​ ​ និង​សហរដ្ឋ​អាមេរិក​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​Forum​ពិភាក្សា​ពី​សន្តិសុខ​នៃ​តំបន់​អាស៊ាន​ ASEAN Regional Forum security dialogue។

គួរកត់​សម្គាល់ថា​ ​ តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ក្នុងនោះ​មាន​ទីប្រជុំកោះ​ Spratly ​និង​ទីប្រជុំកោះ​ Paracels ​ដែល​ដណ្ដើម​ទាមទារ​ចង់បាន​ដោយ​ប្រទេសចិន​ ហ្វ៊ីលីពីន​ ​ វៀតណាម​ ​ ព្រុយណេ​ ​ ម៉ាឡេស៊ី​ ​ និងតៃវ៉ាន់។​ តំបន់​សមុទ្រចិន​ខាងត្បូង​នេះ​ល្បី​សម្បូណ៌​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ ​ ហើយក៏​ជា​ផ្លូវសមុទ្រ​ដ៏​សែន​សំខាន់​សម្រាប់​នាវា​ធ្វើ​ដំណើរ​​ឆ្លងកាត់​ដើម្បី​ដឹកជញ្ជូន​ទំនិញ។

សហរដ្ឋ​អាមេរិក​ ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារគ្នា​ទៅវិញ​ទៅមក​ជាមួយ​តៃវ៉ាន់​និង​ហ្វ៊ីលីពីន​ក៏​បាន​ធ្វើការ​ទាមទារ​ “ការពារ​ផលប្រយោជន៍​ជាតិ​”​របស់ខ្លួន​ផងដែរ​ ​ ពាក់ព័ន្ធនឹង​សេរីភាព​របស់​នាវា​ក្នុងការ​ធ្វើដំណើរ​តាម​ផ្លូវសមុទ្រ។

សូមបញ្ជាក់ថា​ ​ កិច្ចចរចា​ដើម្បី​សម្រច​ឲ្យបាន​នូវ​ ​“​បញ្ញត្តិ​”​សម្រាប់​តំបន់​សមុទ្រចិន​ខាងត្បូង​កំពុង​ជួបនឹង​ឧបស័គ្គ។​ ដោយហេតុថា​ ​ ទីក្រុង​ប៉េកាំង​​ចង់​ធ្វើការ​ចរចា​ឧបតោភាគី​រវាង​ប្រទេសចិន​ជាមួយនឹង​ប្រទេស​នីមួយៗ​របស់​អាស៊ាន​។​ ចំណែកឯ​ប្រទេស​អាស៊ាន​វិញ​ចង់​ធ្វើការ​ចរចា​ឧបតោភាគី​រវាង​ប្រទេសចិន​ជាមួយនឹង​ប្រទេស​អាស៊ាន​ជា​ចង្កោម។ ​មូលហេតុ​ដែល​នាំឲ្យ​ប្រទេស​ចិន​ទាមទារ​ចរចា​បែបនេះ​ ​ មកពី​ប្រទេស​ចិន​បារម្ភ​ខ្លាចមាន​អន្តរជាតូបនីយកម្ម​ទៅលើ​អធិករណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ