អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទំនាស់​ក្នុងសមុទ្រចិន​ខាងត្បូង​គំរាម​កំហែង​សន្តិសុខ​អាស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាថ្មី​ម្តង​ទៀត ​ចិន​និង​វៀតណាម​កំពុង​ដំឡើង​សំឡេង​ដាក់​គ្នា​កាន់តែ​ខ្លាំង​នៅ​ក្នុង​ជម្លោះ​ទឹកដី​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ទីក្រុង​ហាណូយ​បាន​ចោទ​ក្រុង​ប៉េកាំង​ថា​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អធិបតេយ្យ​របស់​ខ្លួន។ ​នៅ​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​អាស៊ី​ដែល​បាន​បើក​ធ្វើ​នៅ​សិង្ហបុរី​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​ចិន​ក៏បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ដែរ​ពី​បណ្តា​ប្រទេស​ក្នុង​ជម្លោះ​ដែនកោះ ​Spratly ​និង ​Paracel។ ជាពិសេស​ពី​ចិន ​និង​ហ្វ៊ីលីពីន​ ខណៈ​ដែល​ជម្លោះ​នេះ​កំពុង​គំរាម​កំហែង​សន្តិសុខ​ក្នុង​តំបន់ ​សហរដ្ឋ​អាមេរិក​ប្រកាស​ពង្រឹង​ថែម​ទៀត​នូវ​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​តំបន់​អាស៊ី។

ប្រទេស​ចិន​បាន​ទទួល​​ការ​រិះគន់​​យ៉ាង​ខ្លាំង​​ពី​បណ្តា​​ប្រទេស​​ក្នុង​ជម្លោះ​​ដែនកោះ​ ​Spratly ​និង​ ​Paracel​​
ប្រទេស​ចិន​បាន​ទទួល​​ការ​រិះគន់​​យ៉ាង​ខ្លាំង​​ពី​បណ្តា​​ប្រទេស​​ក្នុង​ជម្លោះ​​ដែនកោះ​ ​Spratly ​និង​ ​Paracel​​ Carte : Chemarin/RFI
ផ្សាយពាណិជ្ជកម្ម

ដូច​ដែល​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​អ៊ីចឹង​កត្តា​ភូមិសាស្រ្ត​និង​ទម្ងន់​នៃ​ប្រវត្តិសាស្រ្ត​បាន​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិននិង​វៀតណាមមិន​អាច​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​និង​បរិសុទ្ធ​បាន​យូរ​អង្វែង​ឡើយ​បើ​ទោះបី​ជា​ប្រទេស​ជិត​ខាង​ទាំងពីរ​មាន​ពណ៌​សម្បុរ​នយោបាយ​ដូចគ្នា​ និង​មាន​ភាព​ចាំបាច់​នៃ​ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ច​ជាមួយ​គ្នា​យ៉ាង​ណា​ក្តី។

 
អធិករណ៍​បាន​ផ្តើម​ផ្ទុះ​ឡើង​ជាថ្មី​ទៀត​នៅ​ពេល​នេះ ​ហើយ​កំពុង​ដុត​រោល​ទំនាក់​ទំនង​រវាង​ប៉េកាំង ​និង​ហាណូយ​ឲ្យ​ឡើង​កម្តៅ​ម្តង​ទៀត​ក្នុង​ជម្លោះ​ចាស់​នៃ​បញ្ហា​ទឹកដី​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង។ ​រដ្ឋាភិបាល​ក្រុង​ហា​ណូយ​បាន​ផ្ញើ​កំណត់ទូត​មួយ​ទៅ​ឲ្យ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​២​មិថុនា​ដោយ​ចោទ​ថា​ចិន​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​បូរណភាព​ទឹកដី​របស់​ខ្លួន។ ​រំលោភ​ទី១​គឺ​ដោយសារ​នាវា​ល្បាត​ចិន​បាន​គំរាម​ទូក​នេសាទ​វៀតណាម​ជាថ្មី​ទៀត។ ​ធ្ងន់ធ្ងរ​ជាង​នេះ កាលពី​ចុង​ខែ​ឧសភា ​នាវា​ចិន​បាន​កាត់ផ្តាច់​ខ្សែ​កាប​របស់​កប៉ាល់​រុករក​ប្រេង​វៀតណាម​ក្នុង​ដែន​សមុទ្រ​ដែល​មាន​ទំនាស់។ ​បញ្ហា​ផ្ទួនៗ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ដំបៅ​ចាស់​រវាង​វៀតណាម​និង​មហា​យក្ស​ចិន​ក្នុង​ជម្លោះ​នៃ​ប្រជុំ​កោះ ​Paracel​​ និង​ Spratly រើ​ឡើង​​​វិញ​។


គួរ​កត់សម្គាល់​ថា ​ទំនាក់​ទំនង​រវាង​បណ្តា​ប្រទេស​ដែល​មាន​ជម្លោះ​នៅ​ប្រជុំ​កោះ ​Paracel ​និង ​Spratly ​ជាពិសេស​រវាង​ចិន​និង​វៀតណាម​តែង​តែ​ឡើង​កម្តៅ​ជាញឹក​ញាប់។ ​ទំនាស់​នេះ​ផ្តល់​ឱកាស​ឲ្យ​សហរដ្ឋ​អាមេរិក​លូក​ដៃ​បង្កើន​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ី។ ​ប្រហែល​ជា​យល់​ឃើញ​សារៈសំខាន់​នៃ​ជម្លោះ​ ​ហើយ​ក៏​ទំនង​ជា​មិន​ចង់​ឲ្យ​មាន​ការ​លូកដៃ​ជ្រៅ​ពី​អាមេរិក ​ចិន​ដែល​ជា​មហាយក្ស​អាស៊ី​និង​ជា​ភាគី​ជម្លោះ​ដ៏​សំខាន់​មួយ​ដែរ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បញ្ជូន​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួន​មក​ចូល​រួម​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​អាស៊ី​ជាលើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​ដែល​ក្រុង​ប៉េកាំង​បាន​សម្រេច​ចិត្ត​ចូល​រួម​ក្នុង​កម្រិត​ខ្ពស់​ក្នុង​សន្និសីទ​នេះ។ ​សូមបញ្ចាក់​ថា ​សន្និសីទ​ស្តីពី​បញ្ហា​សន្តិសុខ​នៅអាស៊ី​ត្រូវបាន​គេផ្តួច​ផ្តើម​ធ្វើឡើង​ចាប់​តាំងពី​ឆ្នាំ២០០២​មកម៉្លេះ​នៅ​សិង្ហបុរី។ ​សន្និសីទនេះ​មាននូវ​បំណង​ជជែក​អំពី​បញ្ហា​សន្តិសុខ​ក្នុងតំបន់​អាស៊ី​ជាពិសេស​អាស៊ី​ប៉ាស៊ីហ្វិក។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​នេះ​គឺ ​នៅ​ខណៈ​ដែល​បណ្តា​ប្រទេស​ក្នុង​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ជាពិសេស​ចិន​និង​វៀតណាម​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជា​ខ្លាំង​ម្តង​ទៀត ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកាំង​លោក​ Robert Gates ​បាន​ប្រកាស​ក្នុង​អង្គ​សន្និសីទ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ចំពោះ​មុខ​សម្ព័ន្ធមិត្ត​អាស៊ី​ថា​ ខ្លួន​មិន​ត្រឹម​តែ​មិន​បោះបង់​អាស៊ី​ប៉ុណ្ណោះ​ទេ ​តែ​ផ្ទុយទៅ​វិញ ​អាមេរិក​នឹង​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​កាន់​តែ​រឹងមាំ​ថែម​ទៀត​នៅ​ក្នុង​តំបន់​នេះ​ដោយ​បំពាក់​គ្រឿង​សព្វាវុធ​កាន់​តែ​ទំនើប​ជាង​មុន​ក្នុង​មូលហេតុ​សន្តិសុខ។ ​ទោះបី​ជា​រឿង​ចៃដន្យ​ ជា​ការ​ព្រាង​ទុក ​សេចក្តី​ថ្លែងការណ៍​របស់​ប្រមុខ​យោធា​អាមេរិក​ ពិតជា​ធ្វើ​ឲ្យចិន​ចៀសមិនផុត​ឡើយ​ពី​ការ​ឈឺ​ចិត្ត​ម្តង​ទៀត។

យ៉ាងណា​ក៏ដោយចុះ​ ទាំងចិន ​ទាំង​អាមេរិក​សុទ្ធតែ​បង្ហាញ​ក្តី​ប្រាថ្នា​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​វិធី​ត្រជាក់។​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​ លាន ឃ្វាន់លី​ (Liang Guanglie) ​បាន​សន្យា​ប្រាប់​អង្គសន្និសីទ​ថា​ ទីក្រុង​ប៉េកាំង​នឹង​ដោះស្រាយ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី។ ​ដូច្នេះ ​ទោះជា​មាន​ការ​ប្រជែង​ឥទ្ធិពល​គ្នា​ក្នុង​តំបន់​អាស៊ី​ក៏​ដោយ​ ក៏​ចិន​ និង​អាមេរិក​សុទ្ធតែ​យល់​ឃើញ​ដូចគ្នា​ថា​ជម្លោះ​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​ពីព្រោះ​ថា ការ​ផ្ទុះ​ឡើង​នូវ​ភាព​ប្រទូសរ៉ាយ​ណា​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ខាត​បង់​ប្រយោជន៍​រៀងៗ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ