អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភាពតានតឹង​រវាងប៉េកាំង​និងវ៉ាស៊ីនតោន​ពាក់ព័ន្ធនឹង​បញ្ហា​សមុទ្រចិន​ខាងត្បូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីក្រុងប៉េកាំង​បាន​ចាត់ទុក​សមុទ្រចិន​ខាងត្បូង​ថាជា​តំបន់​ឋិត​នៅក្នុង​ដែនទឹក​របស់​ខ្លួន។​ ចំណែកឯ​ប្រទេស​ជិតខាង​របស់​ប្រទេស​ចិន​ក៏​ធ្វើការ​ទាមទារ​ដូចគ្នា​អ៊ីចឹងដែរ។​ សហរដ្ឋ​អាមេរិក​បាន​​ឆ្លៀត​ឱកាស​នេះ​ធ្វើការ​ពង្រឹង​វត្តមាន​នៃ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ 

លោក​ប្រធានាធិបតីចិន​​ Hu Jintao.​និង​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​អាមេរិក​​លោក​ស្រី​​Hillary Clinton​​
លោក​ប្រធានាធិបតីចិន​​ Hu Jintao.​និង​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​អាមេរិក​​លោក​ស្រី​​Hillary Clinton​​ © Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែមីនា​កន្លងទៅ​ ​ អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​នៃ​ប្រទេសចិន​បាន​ថ្លែង​ប្រាប់​សហរដ្ឋ​អាមេរិក​ថា​ ​ បញ្ហា​តំបន់​សមុទ្រចិន​ខាងត្បូង​គឺជា​បញ្ហា​មួយដ៏​សែន​សំខាន់​សម្រាប់​ប្រទេស​ចិន។

 
ស្រាប់តែ​នៅ​ខែកក្កដា​ ​ នាឱកាស​ជំនួប​ប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ហាណូយ​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក​ស្រី​ហ៊ីលឡារី​គ្លីនតុន​បាន​ប្រកាស​ប្រាប់ថា​ ​ ការដោះស្រាយ​បញ្ហា​ដែនដី​និង​ដែនសមុទ្រ​គឺ​ជា​អាទិភាព​​ចម្បង​នៃវិស័យ​ការទូត​អាមេរិក។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​ទីក្រុង​ប៉េកាំង​បញ្ចេញ​ប្រតិកម្ម​ភ្លាមថា​ ​ សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ជ្រៀតជ្រែក​ចូល​ក្នុង​បញ្ហា​តំបន់។

នៅខែកញ្ញា​កន្លង​ទៅនេះ​ ​ មុន​មាន​ជំនួប​រវាង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ជាមួយ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​អាស៊ាន​ ​ ប្រទេសចិន​បាន​ថ្លែង​ប្រកាស​បញ្ជាក់​ទៀតថា​ ​ ទីប្រជុំកោះ​ដែល​មាន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​និង​ដែន​ទឹក​នៅទីនោះ​គឺ​ជា​កម្មសិទ្ធិ​ប្រកែក​ពុំបាន​ដែល​ឋិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេសចិន។

ហើយ​នៅ​ថ្ងៃទី១២តុលា​ ​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៃ​ក្រុម​ប្រទេស​”​អាស៊ាន+៨​”​ក៏បាន​ចាប់​ពិភាក្សា​គ្នា​ជាថ្មី​ទៀត​ពី​បញ្ហា​សមុទ្រចិន​ខាងត្បូង​នេះ។

សូមបញ្ជាក់ថា​ ​ ទីប្រជុំកោះ​Paracel ​ដែល​ឋិតនៅ​ខាងជើង​ហើយនិង​ទីប្រជុំកោះ​Spratly ​ដែល​ឋិត​នៅ​ប៉ែក​ខាងត្បូង​នៃ​សមុទ្រចិន​ខាងត្បូង​គឺ​ពិតជា​បញ្ហា​ដ៏សែន​ក្តៅគគុក​មួយ​នៅ​ក្នុង​តំបន់។​ ដោយហេតុថា​ ​ ទីនោះ​ជា​ជង្រុក​សម្បូណ៌​ទៅដោយ​ប្រេងកាត​និង​វត្ថុ​ធាតុរ៉ែ​សំខាន់ៗ។

ហេតុ​ដូច្នេះ​ហើយ​បានជា​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម​បាន​ទាមទារ​ថា​ ​ តំបន់​នេះ​ជា​ដែនដី​និង​ជា​ដែនទឹក​របស់​ខ្លួន។​ ចំណែកឯ​ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ហ្វីល្លីពីន​ និង​ប្រទេស​ប៊្រុយណេ​បាន​ទាមទារ​ទីប្រជុំកោះ​Spratly មួយភាគ។​ រីឯ​ការទាមទារ​របស់​ចិន​តៃវ៉ាន់​វិញ​ក៏​ពុំ​ខុសគ្នា​ពី​ការទាមទារ​របស់​ទីក្រុង​ប៉េកាំង​ឡើយ។

ប្រទេសចិន​បាន​ក្តោប​កាន់កាប់​ទីប្រជុំកោះ​Paracel ​ទាំងស្រុង។​ ចំណែកឯ​ ទីប្រជុំកោះ​Spratly​វិញ​គឺ​ជា​បញ្ហា​មួយ​ដ៏​សែន​ស្មុគស្មាញ​ ​ ពីព្រោះ​ ប្រទេស​វៀតណាម​បាន​កាន់កាប់​កោះ​ប្រមាណ​៣០ប្លាយ​ ​ ហើយបាន​ដាក់​ពង្រាយ​ទាហាន​ប្រមាណ​៦០០នាក់​សម្រាប់​ការពារ​មូលដ្ឋាន​របស់​ខ្លួន។​ ប្រទេស​ហ្វីល្លីពីន​វិញ​បាន​កាន់កាប់​កោះ​ចំនួន១០។​ ប្រទេសចិន​បាន​កាន់កាប់​កោះ​ចំនួន៩។​ ប្រទេស​ម៉ាឡេស៊ី​បាន​កាន់កាប់​កោះ​ចំនួន៧។​ តៃវ៉ាន់​បាន​កាន់កាប់​កោះមួយ។

នារយៈប៉ុន្មាន​ខែ​ចុងក្រោយនេះ​ ​ ទីក្រុង​ប៉េកាំង​បាន​ចាប់​ឃាត់ខ្លួន​អ្នកនេសាទ​វៀតណាម​ជា​ច្រើនរយនាក់​នៅ​សមុទ្រចិន​ខាងត្បូង។​ ហើយ​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ជា​ច្រើន​លើក​ដល់​ការ​ឃ្លាំយាម​របស់​អាមេរិក​នៅ​សមុទ្រចិន​ខាងត្បូង។​ រីឯ​ទីក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត​របស់​គេ​នៅ​​ក្នុង​តំបន់​វិញ​បាន​រំលឹកថា​ ​ អនុសញ្ញា​ជា​ធរមាន​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សកម្មភាព​យោធា​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ។​ ក៏​ប៉ុន្តែ​គឺ​ដែនទឹក​អន្តរជាតិ​នេះ​ឯង​ដែល​ឋិត​នៅក្នុង​តំបន់​ដែន​ទឹក​សេដ្ឋកិច្ច​ដែល​ទាមទារ​ដោយ​ទីក្រុង​ប៉េកាំង។

ក្រុម​ឧត្តមសេនីយ​វៀតណាម​បារម្ភ​ខ្លាច​កើតមាន​ការប៉ះ​ទង្គិច​ជាមួយ​មហាអំណាច​ចិន​ ​ មូលហេតុ​នេះហើយ​ដែលបាន​នាំឲ្យ​ប្រទេស​វៀតណាម​ខិតខំ​រិះរក​ពង្រឹង​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជា​អតីត​បច្ចាមិត្ត​របស់ខ្លួន។​ ហើយ​ទីក្រុង​ហាណូយ​ទាមទារ​ឲ្យ​យក​បញ្ហា​សមុទ្រចិន​ខាងត្បូង​មក​ពិភាក្សា​នៅក្នុង​ជំនួប​ប្រជុំ​អាស៊ាន​ ​ ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចាត់​ទុក​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ការទូត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន​និង​នៅក្នុង​តំបន់​អាស៊ី​បូព៌ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ