អានតួអត្ថបទ
សមុទ្រចិន​ខាងត្បូង

ប្រមុខទូតចិនប្តេជ្ញាការពារផលប្រយោជន៍របស់ចិននៅសមុទ្រចិនខាងត្បូង

ក្នុង​ឱកាស​សន្និសីទសារព័ត៌មាន​ នៅក្រុងប៉េកាំង នា​ថ្ងៃព្រហស្បតិ៍ ទី​៧មីនានេះ ប្រមុខការបរទេសចិន អះអាងថា ចិនប្តេជ្ញាការពារផលប្រយោជន៍របស់ចិននៅសមុទ្រចិនខាងត្បូង ហើយទន្ទឹម​នឹងគ្នា​នោះ លោក​ វ៉ាង យី ​​ក៏​ព្រមាន​ប្រទេស​ផ្សេងទៀត​ដែល​នៅក្រៅ​តំបន់​ កុំ​ឲ្យ​លូកដៃ​។ ចំណែក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លើកឡើង​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​-អូស្ត្រាលី ថា ម៉ាឡេស៊ីគ្មានបញ្ហាជាមួយចិនទេ ប៉ុន្តែ អ្នកដែលស្អប់ចិន គឺ បស្ចិមលោក។ សូមជ្រាបថា ម៉ាឡេស៊ី ក៏ដូច​ជា​ប្រទេស​មួយ​ចំនួន​ផ្សេងទៀតក្នុង​តំបន់​អាស៊ាន​ មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​ចិន​។​​ 

ប្រមុខទូតចិនប្តេជ្ញាការពារផលប្រយោជន៍របស់ចិននៅសមុទ្រចិនខាងត្បូង។
ប្រមុខទូតចិនប្តេជ្ញាការពារផលប្រយោជន៍របស់ចិននៅសមុទ្រចិនខាងត្បូង។ REUTERS - Tingshu Wang
ផ្សាយពាណិជ្ជកម្ម

«យើង​ការពារសិទ្ធិ​ស្របច្បាប់​របស់​យើង នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង»។ នេះជាប្រសាសន៍​របស់​ប្រមុខការបរទេសចិន លោក​ វ៉ាង យី ​​នៅក្នុងការ​​ប្តេជ្ញាការពារផលប្រយោជន៍របស់ចិននៅសមុទ្រចិនខាងត្បូង។

ក្នុងសំណុំ​បញ្ហា​សមុទ្រចិនខាងត្បូង រដ្ឋអំណាច​ចិន ​មានជម្លោះ​ទំនាស់​ទាស់ទែងដែន​ទឹក​និង​ទាមទារ​ដីកោះ ជាមួយ​បណ្តាប្រទេស​អាស៊ាន ជាអាទិ៍ ឈ្លោះជាមួយ​​​ហ្វីលីពីន​ វៀតណាម ឥណ្ឌូណេស៊ី ព្រុយណេ និង​ម៉ាឡេស៊ី។​ ម៉ាឡេស៊ី ដោយសារ​​តែ​ទំហំទម្ងន់​សេដ្ឋកិច្ច និង​ផលប្រយោជន៍ពាណិជ្ជកម្ម​ បាន​ធ្វើ​ឲ្យ ​ថ្នាក់ដឹកនាំ​ម៉ាឡេស៊ី ​បន្ទន់​ជំហរ​បន្តិច​ចំពោះមុខ​ចិន។ ចិន ក៏​​មា​នទំហំ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ច្រើ​នជាមួយ​បណ្តាប្រទេស​អាស៊ានផ្សេងដែរ​។​​ ​ក្នុង​ជំនួប​កំពូល​អាស៊ាន​-អូស្ត្រាលី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម បាន​លើកឡើងថា« ម៉ាឡេស៊ីគ្មានបញ្ហាជាមួយចិនទេ ប៉ុន្តែ អ្នកដែលស្អប់ចិន គឺ បស្ចិមលោក»។ លោក អានវ៉ា អ៊ីប្រាហ៊ីម សង្កត់ធ្ងន់ថា «ប្រសិន​បើ​ពួក​ប្រទេស​បច្ចិមលោក មាន​បញ្ហា​ទំនាស់​នឹងចិន សូម​កុំ​ឲ្យ​​ទម្លាក់​បញ្ហា​នោះ​មកលើយើង​»។

​ថ្នាក់ដឹកនាំ​អាស៊ាន​និង​អូស្ត្រាលី ក៏​បាន​​គូសបង្ហាញ​ពីក្តីបារម្ភ​ចំពោះ​​«សកម្មភាព​ដែល​គំរាមកំហែង​ដល់​សន្តិភាព»​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ​សេចក្តីថ្លែងការណ៍រួមនេះ ចេញ​ផ្សាយ​ថ្ងៃពុធ ទី​៦មីនា ពោលគឺ១ថ្ងៃ​បន្ទាប់​ពី​ ចិន និងហ្វីលីពីន បានប៉ះទង្គិច​គ្នា។ ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ឆ្មាំ​សមុទ្រ​ហ្វីលីពីន បាន​ប៉ះទង្គិច​ជាមួយ​នាវា​ចិន​ ហើយ​នាវា​ចិន ​បាន​បាញ់ទឹក​ស្រោច​ពីលើទូក​ហ្វីលីពីន​ ដែល​បណ្តាល​ឲ្យ​ឆ្មាំសមុទ្រ​ហ្វីលីពីន ៤ នាក់​រងរបួស។ ​​ហ្វីលីពីន​ បានលើកឡើង​ថា​សកម្មភាព​បែបនេះ ជារឿង​មិន​អាច​ទទួល​យក​បានទាល់តែសោះ ហើយ​និង ហ្វីលីពីន ​​ចោទ​ ចិន ថា ធ្វើ​សកម្មភាព​គំរាម​ឈ្លានពាន​។​

ផ្ទុយ​ទៅវិញ ប្រមុខ​ការទូត​ចិន បាន​ឆ្លើយ​បកនៅថ្ងៃ​ព្រហស្បតិ៍ ដោយ​ពន្យល់​​ថា ហ្វីលីពីន​ ដែល​បាន​ជំនួយ​គាំទ្រ​ពី​សហរដ្ឋអាមេរិក ចេះតែ​ញោះញ៉ុងបង្កហេតុ​ ហើយ​នាំអាទិ៍​រក​រឿង​ចិន។ ប្រមុខ​ទូតចិន ជាថ្មីម្តងទៀត បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​រឹត​ចំណង​យោធា​កាន់តែ​ខ្លាំង​ឡើងៗ រវាង​​កងទ័ព​ហ្វីលីពី​ន​និងយោធា​​សហរដ្ឋ​អាមេរិក។​

នាឱកាស​កិច្ចប្រជុំសភាប្រជាជនចិន​ ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រីការបរទេស​ចិន មិន​បាន​ចុច​ចំពោះ​ឈ្មោះ​សហរដ្ឋអាមេរិក​នោះទេ តែ​លោក ​វ៉ាង យី បាន​ព្រមាន​ជាប្រយោល​ថា សូម​ប្រទេស​ផ្សេងទៀត​នៅក្រៅ​តំបន់​ កុំ​ញោះញ៉ុង​បង្កជម្លោះ កុំ​នាំអាទិ៍ឲ្យ​គេ​ឈ្មោះគ្នា និង កុំ​ធ្វើ​ជា​ចលករបង្កហេតុ បង្កើត​បញ្ហា​នៅសមុទ្រ​ចិន​ខាងត្បូង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ