អានតួអត្ថបទ
អាស៊ាន-អូស្ត្រាលី

ជំនួបកំពូលអាស៊ាន-អូស្ត្រាលី ចាប់បើកទ្វារ​ជាមួយ​បញ្ហា​ជម្លោះដែនទឹក​​ក្នុង​​សមុទ្រចិន​ខាងត្បូង

ជំនួបកំពូល​អាស៊ាន-អូស្ត្រាលី បានចាប់ផ្តើម​បើកទ្វារ នៅថ្ងៃចន្ទ ទី៤មីនានេះ នៅឯទីក្រុងមែលប៊ន។ បញ្ហា​ជម្លោះអធិបតេយ្យ​ដែនទឹក ប្រឈមនឹង​សកម្មភាពវាតទីកាន់តែខ្លាំងរបស់ចិន គឺជាការព្រួយ​បារម្ភធំ ដែល​គេនឹងលើកមកជជែក​នៅជំនួបកំពូលនេះ​។ ការគំរាម​ប្រើ​ប្រាស់​កម្លាំង ដែលអាចបង្កអស្ថិរភាពតំបន់ គឺជាអ្វីដែល​ប្រទេសអាស៊ាន ក៏ដូចជាអូស្ត្រាលី មិនចង់ឃើញ​នោះឡើយ​។

នគរបាលឈរយាមនៅច្រកចូល ទីតាំង​ជំនួបកំពូល Australia-ASEAN នៅទីក្រុងមែលប៊ន ថ្ងៃទី ៤ មីនា ២០២៤
នគរបាលឈរយាមនៅច្រកចូល ទីតាំង​ជំនួបកំពូល Australia-ASEAN នៅទីក្រុងមែលប៊ន ថ្ងៃទី ៤ មីនា ២០២៤ AFP - MARTIN KEEP
ផ្សាយពាណិជ្ជកម្ម

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP អត្ថបទព្រាង​នៃ​សេចក្តីថ្លែងការរួមរបស់អាស៊ាន និងអូស្ត្រាលី បាន​សរសេរថា “យើងទាំងអស់គ្នា មានសេចក្តី​ប្រាថ្នាចង់​ឲ្យ​ អធិបតេយ្យភាព និងបូរណភាពដែនដីនៃតំបន់​ទាំងមូល ត្រូវបាន​គេគោរព​។ ហើយរាល់បញ្ហា​ជម្លោះទាំងឡាយ នឹងត្រូវដោះស្រាយ ដោយ​ការជជែកគ្នាដោយ​គោរពទៅវិញទៅមក មិនមែនដោយ​ការគំរាមប្រើប្រាស់កម្លាំងនោះឡើយ​”។

ទោះមិនបញ្ចេញឈ្មោះឲ្យចំៗ តែអត្ថបទព្រាងនៃសេចក្តីថ្លែងការរួមនេះ គឺមានខ្លឹមសារសំដៅទៅលើចិន ដែល​បាននិងកំពុងតែគំរាម​ប្រើកម្លាំង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន គឺសុទ្ធតែជាប្រទេសអាស៊ាន ដែល​កំពុងតែមានវិវាទអធិបតេយ្យភាពដែនទឹក ជាមួយចិន។​  វិវាទនេះ កាន់តែកើនកំដៅ នាប៉ុន្មានខែចុងក្រោយ​នេះ ដោយ​វា​គំរាម​មកលើច្រកផ្លូវធ្វើដំណើរនៃនាវាដឹកទំនិញអន្តរជាតិ។

លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានលើកឡើងថា វាគឺជាការទទួលខុសត្រូវ របស់ប្រទេសក្នុងតំបន់នេះទាំងអស់គ្នា ដែលត្រូវ​តែកសាង​តំបន់នេះ ឲ្យ​មាន​សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព​។ លោកស្រី​បន្តថា ការទទួលខុសត្រូវនេះ​ គឺកាន់តែមានទំហំធំក្នុងអំឡុងពេលនេះ ព្រោះ​តំបន់​ទាំងមូល​កំពុងតែ​ត្រូវគេរករឿង តាម​រយៈសកម្មភាពវាតទី​កងទ័ព ​រំខាន គំរាម កំញើញដ៏គ្រោះថ្នាក់ ទាំងនៅ​លើទឹក និង​នៅលើអាកាស។

តែយ៉ាងណាក៏ដោយ គោលជំហរប្រឆាំងថ្កោលទោសចិនចំៗបែបនេះ មិនមែនគ្រប់ប្រទេសអាស៊ានយល់ឃើញស្របគ្នានោះទេ។ ប្រទេសអាស៊ានខ្លះ មិនចង់ប្រឆាំងចេញមុខជាមួយចិនទេ ដើម្បី​ការពារ​ផលប្រយោជន៍សេដ្ឋកិច្ច។ ប្រទេសខ្លះទៀត លើកឡើងថា មិនចង់ជ្រើសរើសរវាងចិននិងសហរដ្ឋអាមេរិក​។ ជាក់ស្តែង លោក​អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាន​លើកឡើងថា ម៉ាឡេស៊ី គ្មានបញ្ហាជាមួយចិនទេ ហើយបើគេផ្សេងមានបញ្ហាជាមួយចិន គឺកុំមក​បង្ខំ​ឲ្យ​ម៉ាឡេស៊ីចូលរួមជាមួយឲ្យសោះ​។ លោក​បន្ថែមថា ចរន្ត​គំនិតស្អប់ចិនគឺមាននៅ​តាមប្រទេសលោក​ខាងលិច​ មិនមែននៅតំបន់អាស៊ានទេ។

គួរបញ្ជាក់ដែរថា នៅក្នុងជំនួបកំពូល អាស៊ាន-អូស្ត្រាលី លើកនេះ គឺគេនឹងជជែកគ្នាផងដែរ អំពី​ការរកវិធី ការពារខ្លួន ក្នុងករណី​មាន​ការសងសឹកពីសំណាក់ចិន។ ហ្វីលីពីនបាន​បង្ហាញជំហរ ចង់​ឲ្យអាស៊ាន​ពង្រឹង​សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូផ្សេងទៀត ក្រៅពីចិន ដើម្បី​មានផ្លូវដើរច្រើន ប្រសិនបើមានបញ្ហាកើតឡើង មិនថាជាបញ្ហាកើតឡើងដោយសារមនុស្ស ឬបញ្ហាវិបត្តិអាកាសធាតុ​។

បញ្ហាប្រភពថាមពល គឺជាសំណុំរឿងធំមួយដែរ នៅក្នុងជំនួបកំពូលនេះ ក្នុងនាមអូស្ត្រាលីជាប្រទេសផលិតនាំចេញធ្យូងថ្ម និងឧស្ម័ន​ធំជាងគេមួយ។ លោក Rahman Yaacob អ្នកវិភាគនៅ​វិទ្យាស្ថាន Lowy Australie បានលើកឡើងថា ប្រទេសអាស៊ានត្រូវការប្រភពថាមពលច្រើនណាស់ ដើម្បី​សន្ទុះសេដ្ឋកិច្ច ហើយអូស្ត្រាលីអាចផ្គត់ផ្គង់បាន​។ ទន្ទឹមគ្នានេះទៀត អូស្ត្រាលី និង​ ឥណ្ឌូណេស៊ី គឺជាប្រទេស​ផលិត​រ៉ែ​លីចូម និងរ៉ែនីកែល ធំជាងគេបង្អស់។ រ៉ែកម្រទាំង២នេះ មានសារៈសំខាន់ណាស់ ក្នុងការផលិត​អាគុយរថយន្តអគ្គីសនី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ