អានតួអត្ថបទ
ចិន-ថវិកាកងទ័ព

ចិនកំណត់កំណើនសេដ្ឋកិច្ច​ទាប​ ៥%សម្រាប់ឆ្នាំ​២០២៤ ប៉ុន្តែ មិនភ្លេចបង្កើនការចំណាយសម្រាប់កងទ័ព

នៅក្នុង​ការបើកសម័យប្រជុំពេញអង្គសភាប្រជាជនចិន នៅថ្ងៃ​អង្គារទី​៥​មីនានេះ នាយករដ្ឋមន្រ្តីចិន លោក​លី ឈាំង​បាន​ប្រកាស​កំណត់​ទិសដៅ​កំណើនសេដ្ឋកិច្ច រង្វង់៥%។ សម្រាប់​អ្នកជំនាញសេដ្ឋកិច្ច​ការព្យាករកំណើនសេដ្ឋកិច្ច​ចិន គឺមាន​ចំនួន​កាន់តែ​ទាប និង​ពិបាក​អាច​សម្រេច​បាន នៅក្នុង​កាលៈទេសៈដែល​មហាអំណាចចិន​កំពុង​មាន​សេដ្ឋកិច្ច​ដើរអូសជើង ដោយសារ​វិបត្តិអចលទ្រព្យ បរិត្តផរណា និង​យុវជនអត់ការងារធ្វើ។ ទោះ​គ្មាន​វិធានការ​ថ្មីៗច្រើន សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច ចិន​នៅតែ​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​វិស័យ​កងទ័ព ប្រមាណ ៧,២%​បន្ថែមទៀត។

ប្រធានាធិបតីចិន លោកស៊ីជីនពីងនិយាយ​ជាមួយនាយករដ្ឋមន្រ្តីលោក លីឈាំង នៅក្នុង​ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ​របស់សភាប្រជាជនចិន​នៅថ្ងៃទី ៥មីនា ដែលត្រូវ​ប្រព្រឹត្តរហូតថ្ងៃទី​១១​មីនា ២០២៤
ប្រធានាធិបតីចិន លោកស៊ីជីនពីងនិយាយ​ជាមួយនាយករដ្ឋមន្រ្តីលោក លីឈាំង នៅក្នុង​ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ​របស់សភាប្រជាជនចិន​នៅថ្ងៃទី ៥មីនា ដែលត្រូវ​ប្រព្រឹត្តរហូតថ្ងៃទី​១១​មីនា ២០២៤ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

តើ​សុខភាព​សេដ្ឋកិច្ច​របស់​មហាអំណាច​ចិន​ពិតជា​មិនសូវ​ស្រួល​ឬ​ក៏​យ៉ាងណា។ បន្ទាប់ពីជួប​កំណើន​សេដ្ឋកិច្ច​ដ៏​ទាបបំផុត​មិនធ្លាប់​មាន ប្រមាណ ៥,២% កាលពី​ឆ្នាំមុន ចិន​តាមរយៈ​នាយករដ្ឋមន្រ្តី​លោក លី ឈាំង​បាន​ប្រកាស​កំណត់​កំណើន​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ ២០២៤ ត្រឹម​៥%​ប៉ុណ្ណោះ។

ថ្លែងបើក​សម័យ​ប្រជុំ​ពេញអង្គ​សភាប្រជាជន​ចិន នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី​ចិន លី ឈាំង​ទទួលស្គាល់​ថា សេដ្ឋកិច្ច​ចិន​កំពុង​ជួបការលំបាក និង​មាន​បញ្ហាជាច្រើន​ដែល​គេ​នៅមិនទាន់បាន​ដោះស្រាយ។ ហានិភ័យ និង​គ្រោះថ្នាក់​នៅក្នុង​វិស័យអចលនទ្រព្យ វិបត្តិបំណុល​របស់​ថ្នាក់ដឹកនាំ​ជាន់ទាប និងបញ្ហា​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​ធុនតូច និងមធ្យម​មួយចំនួន​កំពុងនៅបន្តមាន។ ស្ថិតក្នុងស្ថាន​ភាព​សេដ្ឋកិច្ច​បែបនេះ នាយករដ្ឋមន្រ្តី​ចិន​ទទួលស្គាល់​ថា វាមិនងាយស្រួល​ដើម្បី​សម្រេច​គោលដៅ ទទួល​បាន​កំណើន​សេដ្ឋកិច្ច​៥%។

សម្រាប់អ្នកជំនាញ ចិន​បាន​ដៅ​កំណើន​សេដ្ឋកិច្ច​ដ៏ទាប ៥% នៅ​ឆ្នាំ ២០២៤ ប៉ុន្តែ នៅ​ក្នុងការពិតជាក់ស្តែង តួលេខ​កំណើន​សេដ្ឋកិច្ច​អាចធ្លាក់ទាបជាងនេះ ពោល​គឺអាច​មាន​នៅក្នុង​រង្វង់ ១% ឬ​២%ប៉ុណ្ណោះ ដោយ​មើល​ទៅលើ​សុខភាព​សេដ្ឋកិច្ច​របស់​ចិន​សព្វថ្ងៃ។

សេដ្ឋកិច្ចចិន​ដែល​កំពុង​រួបរឹត​ដោយ​វិបត្តិអចលនទ្រព្យ ចំនួន​យុវជនអត់ការងារធ្វើ វិបត្តិប្រាក់បំណុល របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន និងការធ្លាក់ចុះ​ខ្សែសង្វាក់​ផលិតកម្ម​នាំចេញ ដោយសារ​បរិបទសង្រ្គាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មជាមួយអាមេរិក។ មួយវិញទៀត ផ្ទុយពី​ប្រទេស​ជាច្រើន​ដែលកំពុង​ជួបបញ្ហា​អតិផរណា​ទំនិញ​ឡើងថ្លៃ ចិន​កំពុង​ជួប​បញ្ហា​បរិត្តផរណា ទំនិញ​ចុះថោក។

ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែលចាប់ចុះខ្សោយ តាំងពី​សម័យ​កូវីដ រដ្ឋអំណាច​ចិន​បាន​ប្រកាស​វិធានការ​មួយចំនួន​សម្រាប់​ជួយ​វិស័យ​អចលនទ្រព្យ​ដែលកំពុងជួបវិបត្តិ និង​ប្រកាសផែនការ​បង្កើត​ការងារ​បន្ថែម ជាង ១២លាន ទៅតាមទីក្រុង។ បើតាម​ការប្រកាស​របស់លោកនាយករដ្ឋមន្រ្តី​លី ឈាំង ចិន​នឹង​បង្កើន​ការវិនិយោគ លើ​ការស្រាវជ្រាវ​បច្ចេកវិទ្យាថ្មី ជាពិសេស​កម្មវិធី​បញ្ញាសិប្បនិម្មិត។

សម្រាប់​សេដ្ឋកិច្ចវិទូ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ចិន​ត្រូវ​ស្តារ រក្សា​ស្ថិរភាព​ក្នុងវិស័យ​អចលនទ្រព្យ​ដែលតំណាង​ឲ្យ​២០%​នៃសេដ្ឋកិច្ច​របស់ចិន និង​ពង្រីកគោលនយោបាយ​អនុគ្រោះ​ពន្ធ​ឲ្យបាន​ច្រើនជាង​ឆ្នាំមុន ដើម្បី​លើក​ទឹកចិត្ត​អ្នកប្រើប្រាស់​ក្នុង​ស្រុក។ លើសពីនោះ ចិន​ត្រូវ​បើក សេដ្ឋកិច្ចទីផ្សារ​សេរី សម្រាប់​ក្រុមហ៊ុន​អ្នកវិនិយោគ​បរទេស។

ថ្នាក់ដឹកនាំ​ចិន​កំណត់ទិសដៅ​កំណើន​សេដ្ឋកិច្ច​ទាប សម្រាប់​ឆ្នាំ​ ២០២៤ ប៉ុន្តែ មិនភ្លេច​មហិច្ឆ​យោធា​របស់​លោក​ស៊ី ជីនពីង។ តាមរបាយការណ៍​របស់​រដ្ឋាភិបាល​ចិនចុះផ្សាយនៅថ្ងៃអង្គារ ដូចការរំពឹងទុក កញ្ចប់​ថវិកា​សម្រាប់​វិស័យកងទ័ព​ចិន​សម្រាប់​ឆ្នាំ ២០២៤ នឹង​មានចំនួន ២៣១ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង ៧,២% បើប្រៀបធៀប​នឹង​ឆ្នាំមុន។

អ្នក​ជំនាញ​ខាង​យោធាចិន លោក​James Char អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​សិង្ហបុរី យល់​ឃើញថា កញ្ចប់ថវិកាយោធា​ចិន ត្រូវ​ចាយ​សម្រាប់​បង្កើន​ប្រាក់​បៀវត្សរ៍​យោធា ចំណាយ​លើ​សមយុទ្ធ​ហ្វឹកហាត់ និង​ទិញនាំចូល​គ្រឿងបរិក្ខារ​ទំនើបៗ ដើម្បីអភិវឌ្ឍ​សមត្ថភាពកងទ័ពចិន។

ក្រោមការដឹកនាំ​របស់​លោកប្រធានាធិបតី​ស៊ី ជីនពីង ចិន បាន​បង្កើន​ការចំណាយ​លើ​វិស័យកងទ័ព ជារៀងរាល់ឆ្នាំ នៅក្នុង​បរិបទ​ដែល​ចិន​កំពុង​តានតឹង​ជាមួយ​ប្រទេស​នៅសមុទ្រចិនខាងត្បូង និង​ជាមួយ​អាមេរិក ជាពិសេស​ក្នុង​សំណុំរឿងតៃវ៉ាន់។

នៅក្នុង​សេចក្តីថ្លែង​បើក​សម័យ​ប្រជុំ​សភា ពេញអង្គ ប្រចាំឆ្នាំ នៅ​រដ្ឋធានី​​ប៉េកាំង លើកនេះ នាយករដ្ឋមន្រ្តី​ចិន​ផ្ទាល់បាន​ប្រើពាក្យ​ខ្លាំងៗ ប្រឆាំង​ដាច់ខាតក្រុមទាមទារ​បំបែកទឹកដី ដែល​ចង់​ប្រកាស​ឯករាជ្យ​របស់តៃវ៉ាន់។ ខុសពីលើកមុនដែលចិន​ធ្លាប់​អះអាងថា នឹង​យកតៃវ៉ាន់ មក​ចូលរួមជាមួយចិន តាមផ្លូវសន្តិភាព នាយករដ្ឋមន្រ្តី​ចិន បញ្ជាក់ថា ចិនដាច់ខាត ត្រូវ​យក​តៃវ៉ាន់​មក​រួមរស់ជាមួយចិន ដោយ​មិនអាច​ប្រកែកបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ