អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

ចិនប្រាប់អាមេរិក​ថា ខ្លួននឹងមិន​ចុះញ៉ម ឬអត់ឱន​ឲ្យ​ជាដាច់ខាត នៅ​ក្នុងរឿងកោះ​តៃវ៉ាន់

ថ្នាក់ដឹកនាំ​កងទ័ពចិន បានប្រាប់ទៅសមភាគី​អាមេរិកថា នៅក្នុងរឿងកោះតៃវ៉ាន់ គឺចិន​បាន​ប្តេជ្ញាចិត្តហើយ ដោយ​មិនចុះញ៉ម និង​​មិន​ធ្វើសម្បទានសូម្បីតែប៉ុនចុងក្រចក។ ដូច្នេះអាមេរិក​ ត្រូវតែឈប់​ផ្តល់​អាវុធ ទៅ​ឲ្យ​តៃវ៉ាន់តទៅ​ទៀត​។​ ការលើកឡើងដូច្នេះ គឺស្របពេល​ដែល​នៅ​តៃវ៉ាន់ នឹងមានការបោះឆ្នោតប្រធានាធិបតី​អាណត្តិថ្មី នៅថ្ងៃសៅរ៍​ខាងមុខ​។​​ ការបោះឆ្នោតដែលគេជឿថា លោក William Lai បេក្ខជនប្រជាធិបតេយ្យ និងឯករាជ្យនិយម ប្រាកដជានឹង​ឈ្នះ​ មកបន្តតំណែងជំនួសលោកស្រី សៃ អ៊ីងវេន។

រូបថតផ្តល់ឲ្យ​ដោយ​ក្រសួងការពារជាតិអាមេរិក៖ លោក Michael Chase មន្ត្រីក្រសួងការពារជាតិអាមេរិក​ទទួល​បន្ទុក ចិន ម៉ុងហ្គោលី និងតៃវ៉ាន់ ជួបជាមួយគណៈប្រតិភូកងទ័ពចិន ដឹកនាំដោយ​លោកមេបញ្ជាការ Song Yangchao។ វ៉ាស៊ីនតោន ថ្ងៃទី​៩ មករា ២០២៤
រូបថតផ្តល់ឲ្យ​ដោយ​ក្រសួងការពារជាតិអាមេរិក៖ លោក Michael Chase មន្ត្រីក្រសួងការពារជាតិអាមេរិក​ទទួល​បន្ទុក ចិន ម៉ុងហ្គោលី និងតៃវ៉ាន់ ជួបជាមួយគណៈប្រតិភូកងទ័ពចិន ដឹកនាំដោយ​លោកមេបញ្ជាការ Song Yangchao។ វ៉ាស៊ីនតោន ថ្ងៃទី​៩ មករា ២០២៤ AP - Alexander Kubitza
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃអង្គារ ថ្នាក់ដឹកនាំកងទ័ព​ចិន បានជួបប្រជុំជាមួយមន្ត្រី​អាមេរិក​​​ នៅក្រសួងការពារជាតិអាមេរិក ក្នុង​ទី​​​ក្រុង​វ៉ាស៊ីន​តោន។ ផ្អែកតាម​លិខិតប្រកាស របស់​ក្រសួងការពារជាតិចិន នៅក្នុង​ជំនួប​នោះ ថ្នាក់ដឹកនាំកងទ័ពចិន បាន​ប្រាប់ទៅ​ភាគីអាមេរិកថា នៅក្នុងសំណុំរឿងកោះតៃវ៉ាន់ គឺ​ចិននឹងមិន​ធ្វើសម្បទាន ឬអត់ឱនឲ្យ​ សូម្បីបន្តិចណាឡើយ​។ លិខិត​​នេះបន្តថា ចិនបានទាមទារ​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក ត្រូវ​តែ​គោរព គោលការណ៍ចិនតែ១។ ជាគោលការណ៍ ដែល​សហរដ្ឋ​​អាមេរិក​បានទទួលស្គាល់ ហើយត្រូវតែគោរពឲ្យ​បានជាក់ស្តែង។ មានន័យថា អាមេរិក​​ត្រូវតែឈប់ផ្តល់​អាវុធទៅឲ្យ​តៃវ៉ាន់ ហើយ​ត្រូវតែប្រឆាំងដាច់ខាតទៅនឹងចេតនាប្រកាសឯករាជ្យ​របស់តៃវ៉ាន់​។

សូមរំលឹកថា​ សហរដ្ឋអាមេរិកបានប្រកាសទទួលស្គាល់ គោលការណ៍​ចិនតែ១ពិតមែន គឺសាធារណរដ្ឋប្រជាមានិតចិន តែទន្ទឹមគ្នានេះ ​សហរដ្ឋអាមេរិក​មានច្បាប់​អនុញ្ញាតឲ្យ​រដ្ឋាភិបាល ​អាចជួយទំនុកប​ម្រុងគ្រឿងសព្វាវុធឲ្យតៃវ៉ាន់បាន ដើម្បីការពារខ្លួន​។ សម្រាប់ចិនវិញ ប៉ុន្មានឆ្នាំមកនេះ លោកស៊ី ជីនពីង បានកំណត់​​កម្មវត្ថុ ថានឹង​ប្រមូល​យកតៃវ៉ាន់មកក្នុងរង្វង់គ្រួសារចិនវិញ ព្រោះតៃវ៉ាន់ជាខេត្តមួយរបស់ចិន​។ ការបង្រួបបង្រួម ដែលចិន​អះអាងថា នឹង​ធ្វើដោយ​ “សន្តិវិធី” តែក៏អាចប្រើកម្លាំងដើរ ប្រសិនបើកាលៈទេសៈតម្រូវ​។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលនេះ ស្ថានភាពកាន់តែតានតឹងខ្លាំង ជុំវិញសំណុំរឿងកោះតៃវ៉ាន់ ដោយ​សារតែនៅថ្ងៃសៅរ៍ទី ទី១៣មករា តៃវ៉ាន់​នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី​អាណត្តិថ្មី​។ លោក វីលៀម ឡៃ (William Lai) បេក្ខជនបក្សប្រជាធិបតេយ្យ​ចម្រើននិយម (PDP) របស់លោក​ស្រី​ សៃ អ៊ីងវេន គឺជាបេក្ខជន​ដែលគេសង្ឃឹមឈ្នះច្រើនជាងគេ​។ ទាំងលោកស្រី សៃ អ៊ីងវេន ទាំង​លោក វីលៀម ឡៃ គឺ​ជាមនុស្សដែលប៉េកាំងស្អប់បំផុត ព្រោះអ្នកទាំងនេះបានដឹកនាំបំផុសគំនិត ឲ្យ​តៃវ៉ាន់ប្រកាសឯករាជ្យ​ជាប្រទេសពេញសិទ្ធិ​។

សំណុំរឿងតៃវ៉ាន់ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភជាខ្លាំង ស្តីពី​ប្រឈមមុខដាក់គ្នាដោយ​អាវុធ រវាងកងទ័ពចិន និង​កងទ័ពអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។ យ៉ាងណាមិញចិនបាន​រិះគន់បរិហារជាញឹកញាប់ ថាអាមេរិកត្រូវតែឈប់បញ្ជូន​ទ័ពមកក្រវែលក្បែរចិនតទៅទៀត ព្រោះវាជាទង្វើកំញើញរករឿង​ មកលើអធិបតេយ្យភាពរបស់ចិន​។ ទន្ទឹមគ្នានេះ វត្តមានកាន់តែសកម្មរបស់កងទ័ពអាមេរិក​នៅក្បែរចិន គឺវាមានជាប់ពាក់ព័ន្ធនឹង​បញ្ហាតំបន់​សមុទ្រចិនខាងត្បូង។ សម្រាប់​ប្រទេសមួយចំនួន​ក្នុងតំបន់ ដែលជាសម្ព័ន្ធមិត្តអាមេរិក​ ដូចជាហ្វីលីពីនជាដើម គឺ​ចិនបាន​​ធ្វើសកម្មភាព​ក្រអឺតក្រទម រករឿង​កាន់តែខ្លាំង បំពាន​មកលើអធិបតេយ្យភាពដែនទឹករបស់គេ​។

ទាក់ទិននឹងបញ្ហាតំបន់​សមុទ្រចិនខាងត្បូងនេះដែរ កងទ័ពចិនបានប្រាប់ទៅ​ភាគីអាមេរិក​ថា អាមេរិក​​ត្រូវតែយល់ឲ្យ​ច្បាស់អំពី​បញ្ហាស៊ីជំរៅ នៃសន្តិសុខផ្លូវសមុទ្រនិងផ្លូវអាកាស អាមេរិកត្រូវ​គ្រប់គ្រងកងទ័ពខ្លួន​ឲ្យ​បាន​ល្អ ហើយ​ត្រូវតែឈប់បំផ្លើសបំភ្លៃ បង្កបញ្ហារករឿងចិន​។ ពីខាង​អាមេរិក​វិញ គេបានប្រាប់ទៅចិន​ថា វាជារឿងចាំបាច់ ដែលចិន ត្រូវតែគោរពសិទ្ធិសេរីភាព​នៃចរាចរណ៍​ផ្លូវសមុទ្រ ក្នុងដែនសមុទ្រអន្តរជាតិ។

សូមបញ្ជាក់ថា ជំនួបនៅវ៉ាស៊ីនតោន ដើមសប្តាហ៍​នេះ ត្រូវបាន​ដឹកនាំដោយ​លោក Michael Chase មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃក្រសួងការពារជាតិ​​អាមេរិក និង​លោក​ Song Yangchao អគ្គមេបញ្ជាការម្នាក់នៃកងទ័ពចិន​។ ​ការប្រជុំនិយាយគ្នា ​រវាងកងទ័ពទាំង២នេះ គឺជាលទ្ធផល​សន្យា​គ្នារវាង​លោក​ស៊ី ជីនពីង​ និង​លោកចូ បៃដិន កាលពី​ពេលជួបគ្នានៅ​សាន់ហ្វ្រាន់ស៊ីស្កូ នៅខែ​វិច្ឆិកា​។ ភាគីចិនបានអះអាងថា ខ្លួនមានចេតនាបណ្តុះ​ទំនាក់ទំនង​ល្អបរិសុទ្ធ ជាមួយអាមេរិក ដោយ​ឈរ​លើ​​សមភាពនិង​ការគោរពគ្នាទៅវិញទៅមក។ បន្ទាយ​ប៉ង់តាហ្គោនវិញ បានចេញលិខិតប្រកាស ដោយ​បានលើកឡើងថា វាជារឿងចាំបាច់ ដែលត្រូវរក្សា​ខ្សែតភ្ជាប់ទំនាក់ទំនងដោយ​ផ្ទាល់ រវាងកងទ័ពទាំង២ ដើម្បីបញ្ចៀសបញ្ហា​យល់​ច្រឡំណាមួយ​​ ដែលអា​ច​នាំទៅជាកើតជម្លោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ