អានតួអត្ថបទ
ហ្វីលីពីន-ចិន

ហ្វីលីពីន​ថ្កោលទោស​ឆ្មាំសមុទ្រ​ចិនដែល​បាញ់ទឹក​រារាំង​កប៉ាល់ដឹក​ស្បៀងរបស់​រដ្ឋាភិបាល

កម្លាំងប្រតិបត្តិការជាតិហ្វីលីពីន​នៅសមុទ្រ​ចិន​ខាងត្បូង​ចោទប្រកាន់ និងថ្កោលទោស​ខ្លាំងៗ​សកម្មភាពយាយី​របស់​ឆ្មាំសមុទ្រ​ចិន ដែលប្រើកាណុង បាញ់ទឹក​ទៅលើ​កប៉ាល់ដឹកស្បៀង​៣គ្រឿង​របស់​រដ្ឋាភិបាល​ហ្វីលីពីន។ តាម​សេចក្តីប្រកាស​របស់​កម្លាំងប្រតិបត្តិការហ្វីលីពីន នៅថ្ងៃ​សៅរ៍ ទូករបស់​រដ្ឋាភិបាលហ្វីលីពីន​៣គ្រឿង​ដែលដឹកស្បៀង និងប្រេងសម្រាប់អ្នកនេសាទ​ហ្វីលីពីន​នៅ​ក្បែរ​ថ្មប៉ប្រះទឹក Scarborough ដែល​ចិន​ដណ្តើមមកគ្រប់គ្រង​ដោយ​ខុសច្បាប់តាំងពីឆ្នាំ ២០១២។

ហ្វីលីពីនថ្កោលទោសឆ្មាំសមុទ្រចិនដែលបាញ់ទឹករារាំងកប៉ាល់ដឹកស្បៀងរបស់រដ្ឋាភិបាលមិនឲ្យដឹកស្បៀង​ទៅ​ឲ្យអ្នកនេសាទហ្វីលីពីននៅក្បែរថ្មប៉ប្រះទឹកScarboorough នៅថ្ងៃសៅរ៍ទី ៩ធ្នូ
ហ្វីលីពីនថ្កោលទោសឆ្មាំសមុទ្រចិនដែលបាញ់ទឹករារាំងកប៉ាល់ដឹកស្បៀងរបស់រដ្ឋាភិបាលមិនឲ្យដឹកស្បៀង​ទៅ​ឲ្យអ្នកនេសាទហ្វីលីពីននៅក្បែរថ្មប៉ប្រះទឹកScarboorough នៅថ្ងៃសៅរ៍ទី ៩ធ្នូ AP - Renato Etac
ផ្សាយពាណិជ្ជកម្ម

ហ្វីលីពីន​និង​ចិន​ឈ្លោះ សង្ក្រឺតធ្មេញ​ដាក់គ្នា សឹង​ជារៀងរាល់ខែ នៅ​សមុទ្រ​ចិន​ខាងត្បូង ជាទីដែល​មហាអំណាច​ចិន​ប្រកាស​ជា​ម្ចាស់កម្មសិទ្ធិ​ផ្តាច់មុខ។ នៅថ្ងៃ​សៅរ៍ កម្លាំង​ប្រតិបត្តិការ​ជាតិ​ហ្វីលីពីន​បាន​ចោទប្រកាន់ ថ្កោលទោស​ឆ្មាំសមុទ្រ​ចិន​ដែលប្រើកាំណុងបាញ់ទឹក ក្នុងគោលដៅ រំខាន​រារាំង​មិន​ឲ្យ​ទូករបស់​រដ្ឋាភិបាល​ហ្វីលីពីន​៣គ្រឿង​នាំយកស្បៀង និង​ប្រេង​ទៅ​ឲ្យ​ទូក​នេសាទ​ហ្វីលីពីន​នៅ​ក្បែរថ្មប៉ប្រះទឹក Scarborough។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កម្លាំងប្រតិបត្តិការជាតិហ្វីលីពីន ឆ្មាំសមុទ្រ និង​កងទ័ពជើងទឹក​ចិន​បានធ្វើសកម្មភាព​ខុសច្បាប់ ដ៏គ្រោះថ្នាក់ ទៅលើ​នាវាហ្វីលីពីន។ តាម​ភាគីហ្វីលីពីន ប្រព័ន្ធឆ្លើយឆ្លង និង​ឧបករណ៍បើកបរ​របស់​ទូកមួយគ្រឿង​ត្រូវ​ខូចខាតយ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការបាញ់ទឹក​របស់​ឆ្មាំសមុទ្រ​ចិន ចំណែក​បុគ្គលិកនៅលើ​ទូកមួយគ្រឿងទៀត ខូចត្រចៀក មិនអាច​ស្តាប់លឺ​មួយរយៈ ដោយសារ​តែ​ប្រព័ន្ធបំពងសំឡេងរំខាន​របស់​ឆ្មាំសមុទ្រ​ចិន។

ទូរទស្សន៍ចិន​វិញ​ផ្សាយ​នៅថ្ងៃសៅរ៍ថា ឆ្មាំសមុទ្រ​ចិន​បានចាត់វិធានការ​សមស្របតាម​ច្បាប់​ប្រឆាំង​កប៉ាល់ហ្វីលីពីន​ដែល​បាន​បើក​រំលោភ​ចូល​តំបន់​ថ្មប៉ប្រះទឹក Scarborough។

ថ្មប៉ប្រះទឹក Scarborough ដែល​សំបូរត្រី និងជា​ជង្រុកប្រេង​នៅ​សមុទ្រ​ចិនខាងត្បូង ស្ថិតនៅ​ចម្ងាយ​តែ ២៤០គីឡូម៉ែត្រ តែប៉ុណ្ណោះ​ ពី​កោះ​ លូស្សុន ( Luzon) របស់​ហ្វីលីពីន ក៏​ប៉ុន្តែ ​វាស្ថិតនៅ​ឆ្ងាយ ដល់ទៅជាង ៩០០ គីឡូម៉ែត្រ​ពីកោះ​ហៃណាន់ (Hainan) ត្រូវ​ចិនដណ្តើមចូលកាន់កាប់​តាំងពី​ឆ្នាំ ២០១២។

តាម​ច្បាប់​សមុទ្រ​អន្តរជាតិ និង ​អនុសញ្ញា​អង្គការសហប្រជាជាតិ ឆ្នាំ ១៩៨២ ដែល​ចិន​ផ្ទាល់​បាន​យល់ព្រម​ផ្តល់​សច្ចាប័ន​ដែរនោះ ប្រទេស​មាន​អធិបតេយ្យភាព នីមួយៗ​ អាច​មាន​សិទ្ធិ​​នេសាទ និងទាញ​យកប្រយោជន៍ពី​ធនធានធម្មជាតិនៅក្នុងសមុទ្រ នៅ​ក្នុង​រង្វង់​ដែន ប្រមាណ ៣៧០ គីឡូម៉ែត្រ ពី​ច្រាំង​សមុទ្រ​របស់ខ្លួន។ ដោយ​យោងទៅលើ​ច្បាប់សមុទ្រ​អន្តរជាតិ ហ្វីលីពីន​ដែល​អះអាង​ជា​ម្ចាស់​លើ​ថ្មប៉ប្រះទឹក Scarboroughនៅតែបន្តចេញទៅ​នេសាទ នៅទីនោះជាមានការរារាំង​ពីឆ្មាំសមុទ្រ​ចិនក្តី។ សម្រាប់ភាគីហ្វីលីពីន សកម្មភាពរបស់​ឆ្មាំសមុទ្រ​ចិន ដើម្បី​រារាំង​មិន​គេដឹកស្បៀង​ទៅ​ឲ្យអ្នកនេសាទ​មិនត្រឹមខុសច្បាប់ ប៉ុន្តែ អមនុស្សធម៌ក្រៃលែង។ កម្លាំងប្រតិបត្តិការ​ហ្វីលីពីន​នៅបាន​បង្ហាញរូបភាពថតពីលើអាកាស ដែលបង្ហាញ​ខ្សែ​សំណាញ់​ដែល​ឆ្មាំសមុទ្រ​ចិន ដាក់ពង្រាយ​ជារនាំង ឧបសគ្គកុំ​ឲ្យ​គេអាច​បើកទូកចូលទៅក្នុង​តំបន់ថ្មប៉ប្រះទឹក​ Scarborough។

ប៉ុន្តែ យ៉ាងណាក៏ដោយ បើតាម​កម្លាំងប្រតិបត្តិការជើងទឹកហ្វីលីពីន ទោះ​ឆ្មាំសមុទ្រ​ចិនប្រើកាណុងបាញ់ទឹករំខាន ហ្វីលីពីន​នៅតែ​អាច​ដឹកយកស្បៀង និងប្រេង​ទៅ​ឲ្យទូកនេសាទហ្វីលីពីន​ជាង​៣០គ្រឿង​ដែលកំពុង​​ដែលកំពុងប្រចាំការនេសាទ​នៅ​ក្បែរថ្មប៉ប្រះទឹក​Scarborough​នៅថ្ងៃសៅរ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ