អានតួអត្ថបទ
ចិន-ហ្វីលីពីន-សមុទ្ទ​ចិន​ខាង​ត្បូង

ម៉ានីល​និង​ប៉េកាំង​ទម្លាក់​កំហុស​ដាក់​គ្នា​ក្រោយ​ឧប្បត្តិហេតុ​ប៉ះទង្គិច​នៅសមុទ្ទ​ចិន​ខាង​ត្បូង

ហ្វីលីពីន​និង​ចិន​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​ការ​បុក​គ្នា​ពីរ​កន្លែង រវាង​​​​នាវាចិន​និង​ទូក​ដឹក​ស្បៀង​ហ្វីលីពីន ​នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ នា​​ថ្ងៃ​អាទិត្យ​ទី​២២​តុលា​២០២៣​នេះ។

នាវា​ចិន​និង​ហ្វីលីពីន​ប៉ះទង្គិច​គ្នា​ នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ថ្ងៃ​២២​តុលា​២០២៣។ រូប​ថត​ផ្តល់​ដោយ​យោធា​ហ្វីលីពីន
នាវា​ចិន​និង​ហ្វីលីពីន​ប៉ះទង្គិច​គ្នា​ នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ថ្ងៃ​២២​តុលា​២០២៣។ រូប​ថត​ផ្តល់​ដោយ​យោធា​ហ្វីលីពីន AP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​រដ្ឋាភិបាល​ហ្វីលីពីន ​នាវា​៥២០៣របស់​កង​ឆ្មាំ​សមុទ្ទ​ចិន​ បាន​បើក​មក​បុក​ស្ទាក់​ទូក​ដឹក​ស្បៀងអាហារ​របស់​កង​យោធា​ហ្វីលីពីន​។ វីដេអូ​របស់​យោធា​ហ្វីលីពីន​បាន​បង្ហាញ​ឱ្យ​​ឃើញ​ថា​ក្បាល​នាវា​ឆ្មាំ​សមុទ្ទ​ចិន​បាន​មក​ប៉ះ​នឹងកន្សៃ​ទូក​ ហើយ​ទូក​ហ្វីលីពីន​នោះ​ក៏​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ពុំ​អាច​កំណត់​បានថា​មាន​ការ​ខូច​ខាត​ប៉ុនណា​ទេ។ ឯ​ចិន​វិញ​បាន​អះអាង​ថា ការ​ប៉ះគ្នា​យ៉ាង​ស្រាល​នេះ​បណ្តាល​មក​ពី​ទូក​ហ្វីលីពីន​ធ្វើជា​​មិន​ឮ​សញ្ញា​ព្រមាន​ជា​ច្រើន ហើយ​បើកដោយ​ចេតនា ​កាត់​មុខ​នាវា​របស់​ឆ្មាំ​សមុទ្ទ​ចិន របៀបជា​​អ្នក​​គ្មាន​វិជ្ជាជីវៈ និង​​យ៉ាង​គ្រោះ​ថ្នាក់​។

ចំណែក​គ្រោះថ្នាក់​មួយ​ទៀត គឺ​ជា​ការ​បុក​ទង្គិច​រវាង​នាវា​ឆ្មាំ​សមុទ្ទ​ហ្វីលីពីន​ដែលអម​​​ការពារ​បេសកកម្ម​ដឹក​ស្បៀង​ ជាមួយ​នឹង​ទូកនៃ​​កង​កម្លាំង​ប្រតិបត្តិការ​ចិន ដែល​មាន​ទម្រង់​ជា​ទូក​នេសាទ​ប្រដាប់​អាវុធ។ ​តែ​ប៉េកាំង​បាន​ចោទ​នាវា​ហ្វីលីពីន​ថា​ជា​អ្នក​បង្ក​ឱ្យ​មាន​ការ​ប៉ះទង្គិច​ដោយ​ចេតនា​តាម​រយៈ​ការ​បើក​ថយ​សំដៅ​មក​ទូក​នេសាទ​ចិន។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ម៉ានីល​បាន​បញ្ជាក់​ថានាវា​ទីពីរ​អាច​បំពេញ​បេសកកម្ម​​បញ្ជូន​ស្បៀងដោយ​ជោគជ័យ​​ទៅ​ឱ្យ​ក្រុម​យោធា​ប្រចាំការ​នៅ​ខ្មោច​នាវា​ចម្បាំង​គាំង​នៅ​កោះ​ថ្ម​ប៉ប្រះទឹក​Second Thomas និង​បាន​ថ្កោល​ទោស​សកម្មភាព​ដ៏​គ្រោះថ្នាក់​ គ្មាន​ទំនួល​ខុស​ត្រូវ និង​ខុស​ច្បាប់​របស់​ឆ្មាំ​សមុទ្ទ​ចិន។ ​ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល ក៏​បាន​ប្រកាស​ថ្កោល​ទោស​ភ្លាម​ទង្វើ​រំខាន​របស់​ឆ្មាំ​សមុទ្ទ​ចិន​ថា​​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ក្រុមការងារ​ដឹក​ជញ្ជូន​ស្បៀង​ហ្វីលីពីន។

ឧប្បត្តិហេតុនាវា​ប៉ះទង្គិច​គ្នានេះ បាន​កើត​ឡើង​នៅ​ម្តុំ​ប្រជុំ​កោះ​ស្ព្រាតលី នៃ​សមុទ្ទ​ចិន​ខាង​ត្បូង ចម្ងាយប្រមាណ​តែ​២៥​គីឡូម៉ែត្រ​ពី​កោះថ្ម​ប៉ប្រះទឹក​Second Thomas ​ដែល​ជា​ទីតាំង​ជួរ​មុខ​របស់​កងទ័ព​ហ្វីលីពីន ដោយ​មាន​ទាហានជើងទឹក​ហ្វីលីពីន​​​ប្រចាំ​ការ​ នៅ​លើ​ខ្មោច​នាវា​ចម្បាំង​BRP Sierra Madre និង​ដែល​ចិនមាន​​ដាក់​ពង្រាយ​នាវា​ជា​ច្រើន​ដើម្បី​សម្ញែង​មហិច្ឆតា​​គ្រប់​គ្រង​សមុទ្ទ​ចិន​ខាងត្បូង​តែម្នាក់ឯង។

កោះ​ថ្ម​ប៉ប្រះ​ទឹក​Second Thomas ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​កោះPalawan​​ផ្នែក​ខាង​ជើង​បំផុត​របស់​ហ្វីលីពីន​ និង​ដល់​ទៅ​ជាង​១០០​០​គីឡូម៉ែត្រ​​ពីដី​​កោះ​ចិន​ដ៏​ជិត​ជាង​គេ​បំផុតហៃណាំ។​​

នេះ​ក៏មិនមែន​ជា​គ្រោះ​ប៉ះទង្គិចនាវា​ចិន​និង​ហ្វីលីពីន​លើក​ទី​មួយឡើយ។ ​សម្រាប់​​នាយក​វិទ្យាសាស្ត្រ​កិច្ចការ​និង​សិទ្ធិ​សមុទ្ទ​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន​លោក Jay Batongbacal ​នាវា​បុក​គ្នា​ក្នុង​សមុទ្ទមិនមែន​ជា​រឿង​ចៃដន្យ​ទេ តែ​​​​​ជា​ឧប្បត្តិហេតុ​​ដែល​ចិន​ធ្វើ​ឡើង​ដោយ​ចេតនា​ ដើម្បី​តេស្ត​មើល​ចិត្ត​អាមេរិក​និង​ហ្វីលីពីន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ