អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនទាមទារឲ្យហ្វីលីពីនត្រូវតែអូសខ្មោចកប៉ាល់ចម្បាំងចេញពីដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយថ្ងៃក្រោយ​ចេញមុខ​ការពារ​ឆ្មាំសមុទ្រ​ចិន ដែលបាញ់ទឹកលើទូកដឹកស្បៀងហ្វីលីពីន ប៉េកាំង នៅថ្ងៃ​អង្គារទី ៨ សីហា​បាន​ទាមទារ​សាជាថ្មី​ឲ្យហ្វីលីពីន អូសកប៉ាល់ខ្មោចរបស់ខ្លួន ចេញពីតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង។ ចិនទាមទារ​យ៉ាងដូច្នេះ នៅមួយថ្ងៃ​ក្រោយ ហ្វីលីពីន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន នៅ​ម៉ានីល ដើម្បីតវ៉ាប្រឆាំង​ឆ្មាំសមុទ្រ​ចិន ដែលបាន​បាញ់ទឹករារាំង​មិន​ឲ្យ​ទូកហ្វីលីពីន​អាច​នាំយក​ស្បៀងទៅ​ផ្គត់ផ្គង់​ទាហានជើងទឹក ដែលកំពុង​ប្រចាំការ នៅលើ​ខ្មោចនាវាចម្បាំង នៅកោះ​ថ្មប៉ប្រះទឹក​Second Thomas ដែលស្ថិតក្នុង​ប្រជុំកោះ ​Spratley។

ខ្មោចកប៉ាល់ BRP Sierra Madre ទៅនៅទើលើថ្មប៉ប្រះទឹក
ខ្មោចកប៉ាល់ BRP Sierra Madre ទៅនៅទើលើថ្មប៉ប្រះទឹក AFP - PHILIPPINE GOVERNMENT
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចេញមុខ​ការពារ​ឆ្មាំសមុទ្រចិន​ថា បាន​ចាត់វិធានការ សមស្រប ប្រកប​ដោយ​វិជ្ជាជីវៈ ដើម្បី​រារាំង​ទូកដឹកស្បៀងរបស់​ទាហាន​ហ្វីលីពីន កាលពីថ្ងៃ អាទិត្យ ក្រសួង​ការបរទេស​ចិន នៅថ្ងៃអង្គារ​ទី ៨​សីហា​បាន​ទាមទារ​សាជាថ្មី​ឲ្យ​ហ្វីលីពីន​អូសខ្មោច​នាវាចម្បាំង​របស់ខ្លួន​ចេញពី ថ្មប៉ប្រះទឹក នៅប្រជុំកោះ​Spratley ព្រោះថា ខ្មោច​នាវាចម្បាំង​របស់ហ្វីលីពីន ឈ្មោះ BRP Sierra Madre ត្រូវ​បាន​ហ្វីលីពីន​យក​ទៅ​សំចតចោល នៅកូនកោះ ថ្មប៉ប្រះទឹក​របស់ចិន ដែលមាន​ឈ្មោះថា Ren’ai។

តាម​ក្រសួងការបរទេស​ចិន ជាច្រើនឆ្នាំមកហើយ ប៉េកាំង​បាន​ចរចា​ការទូតជាមួយម៉ានីល ដើម្បី​ឲ្យ​ម៉ានីលគិតគូរ ដកខ្មោចនាវាចម្បាំង​ចេញពីតំបន់ដែនទឹកដែលជាកម្មសិទ្ធិរបស់​ចិន។ ប៉េកាំងបាន​បញ្ជាក់ថា ហ្វីលីពីន​ធ្លាប់​បាន​សន្យា​ជាច្រើនដងមក​ហើយ ថា​នឹង​សណ្តោងយក​កប៉ាល់ខ្មោច BRP Sierra Madre​ចេញពី​កូនកោះថ្មប៉ប្រះទឹក ប៉ុន្តែ នៅ​២៤​ឆ្នាំមកនេះ ហ្វីលីពីន​មិនបាន​គោរព​ការសន្យា។ ផ្ទុយទៅវិញ ហ្វីលីពីន​បង្កើន​សកម្មភាព​របស់ខ្លួន ដើម្បីជួសជុល​កប៉ាល់ខ្មោច​របស់ខ្លួន ក្នុង​គោលដៅ បុកគ្រឹះ ចាក់ឬស​វត្តមានយោធា​ហ្វីលីពីន នៅលើ​កោះថ្មប៉ប្រះទឹក Ren’ai របស់ចិន។

ដោយចោទប្រកាន់​ហ្វីលីពីន​ថា កំពុង​រំលោភច្បាប់អន្តរជាតិ តាមរយៈ​ការពង្រឹងវត្តមានយោធាប្រចាំការ​នៅក្នុងដែនទឹករបស់ចិន ក្រសួងការបរទេស​ចិន​បានទាមទារ​ឲ្យ​ហ្វីលីពីន​ត្រូវ​តែ​អូសយកកប៉ាល់ខ្មោច​ចេញជាបន្ទាន់ពី​តំបន់ថ្មប៉ប្រះទឹក។ នៅក្នុងការអំពាវនាវ​កាលពីថ្ងៃ​អង្គារ ចិន​បាន​ទាមទារ​ឲ្យ​ហ្វីលីពីន​ត្រូវតែចេញមុខ​ធានាដែរថា នឹង​គ្មានវត្តមាន សំណង់អ្វីទាំងអស់ នៅលើកូនកោះដែលជាថ្មប៉ប្រះទឹក នៅ​ប្រជុំកោះ Spratley។ ប្រជុំកោះ​ Spratley​ស្ថិតនៅក្នុង​តំបន់សមុទ្រចិនខាងត្បូង ដែល​ចិន អះអាងជាម្ចាស់កម្មសិទ្ធិសើ្ទរទាំងស្រុង ដោយ​យកផែនទីចិន គូសវាស​នៅ​ឆ្នាំ ១៩៤០ ដែលមានគំនូសដាច់ៗ ៩ចំណុច ជា​សំអាង។ នយោបាយ​ឈ្លានពាន​ពង្រីក​ដែន​ឥទ្ធិពល​របស់ចិន នៅសមុទ្រចិន​ខាងត្បូង តាមរយៈ​ការចូលគ្រប់គ្រង បង្កើតសំណង់យោធា កំពង់ផែ និង​កន្លែងចូលសំចត​យន្តហោះ​នៅតាម​កូនកោះតូច បាន​បណ្តាល​ឲ្យមានជម្លោះ តវ៉ាប្រឆាំង​របស់​ប្រទេស​ក្នុងសមុទ្រ​សមុទ្រខាងត្បូង ដែលមាន​តាំងពី​ហ្វីលីពីន វៀតណាម ព្រុយណេ និង​ម៉ាឡេស៊ី។

ហេតុអ្វី​កប៉ាល់ BRP Sierra Madre ទៅនៅ​ទើ​លើ​ថ្មប៉ប្រះទឹក Atoll Second Thomas?

BRP Sierra Madre​ធ្លាប់ជា​កប៉ាល់​ចម្បាំង​របស់​អាមេរិក សម្រាប់​ដឹក​ទាហានឡើង​ទៅ​ប្រយុទ្ធនៅលើគោក។ កងទ័ព​ជើងទឹក​អាមេរិកធ្លាប់​បានប្រើនាវាចម្បាំងនេះ នៅក្នុង​សម័យសង្រ្គាមលោកលើកទី​២។ នៅក្រោយ​ចប់សង្រ្គាមវៀតណាម អាមេរិក​បាន​ប្រគល់កប៉ាល់​ចម្បាំង​នេះទៅ​ឲ្យ​កងទ័ពជើង​ហ្វីលីពីន ប្រើប្រាស់ រហូត​ដល់​ឆ្នាំ ១៩៩០។ នៅ​ឆ្នាំ ១៩៩៩ រដ្ឋាភិបាលហ្វីលីពីន​បាន​អូសយកកប៉ាល់ BRP Sierra Madre​ទៅសំចតនៅលើ​កូនកោះថ្មប៉ប្រះទឹក Second Thomas ប្រជុំកោះ Spratley ដើម្បីទុកធ្វើជា​ទីតាំងជួរមុខរបស់​កងទ័ពហ្វីលីពីន​ នៅ​សមុទ្រចិនខាងត្បូង។

ខ្មោចកប៉ាល់ BRP Sierra Madre​បានក្លាយជា​និមិត្តរូប​ការពារ​ទឹកដី​របស់​ហ្វីលីពីន នៅក្នុងជម្លោះជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ នៅលើ​ខ្មោច​កប៉ាល់ BRP Sierra Madre​ ដែលមានប្រវែង ១០០ម៉ែត្រ ​មាន​ទាហាន​ជើងទឹក​ហ្វីលីពីន ពី ៩ ទៅ​១១​នាក់ រស់នៅ​ប្រចាំការជាប់ជានិច្ច។ នៅ​ឆ្នាំ​២០១៤ ឆ្មាំសមុទ្រចិន​ចាប់ផ្តើម​ធ្វើសកម្មភាព​រំខាន រារាំង​មិន​ឲ្យ​ទូកហ្វីលីពីន​ដឹកនាំយកស្បៀង ប្រេង និង​សម្ភារៈទៅ​ផ្គត់ផ្គង់​នៅលើ​កប៉ាល់ខ្មោច BRP Sierra Madre ដូចជា​ការបាញ់ទឹក បាញ់ពន្លឺឡាស៊ែលើ​កប៉ាល់ទឹក​ហ្វីលីពីន។ ដើម្បី​ជៀសវាង​ការរំខាន យាយី​របស់​កប៉ាល់ចម្បាំងចិន កងទ័ព​ហ្វីលីពីន​ឧស្សាហ៍​បញ្ជូន​ស្បៀង ប្រេង​តាមផ្លូវ​អាកាស។ នៅឆ្នាំមុន ក្រសួងការពារជាតិ​ហ្វីលីពីន​បាន​ប្រកាស​គម្រោង​ជួសជុលកប៉ាល់ខ្មោច BRP Sierra Madre​ដែលចាស់ទុ្រឌទ្រោម ច្រេះចាប់​ដោយសារ​ទឹកសមុទ្រ។ ប៉ុន្តែ ការប៉ុនប៉ង​របស់​ទូក​ដឹកស្បៀង ដឹកសម្ភារៈ​របស់កងទ័ពហ្វីលីពីនរមែង​ជួបឧសបគ្គ ដោយសារ​ការរារាំង រំខាន ធ្វើបាបរបស់​ឆ្មាំសមុទ្រចិន។

ខ្មោចកប៉ាល់ខ្មោច​ក្នុង​ប្រជុំកោះ​Spratelyសំខាន់​សម្រាប់ទប់ទល់ការពង្រីកដែនទឹករបស់ចិន នៅសមុទ្រ​ចិនខាងត្បូង

ខ្មោចកប៉ាល់ BRP Sierra Madre​ត្រូវ​ហ្វីលីពីន​យកទៅទម្លាក់ប្រចាំការនៅលើ​កោះថ្មប៉ប្រះទឹក Second Thomas ផ្នែកមួយ​នៃ​ប្រជុំកោះ Spratley ដែលស្ថិតនៅ​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ហ្វីលីពីន។ ហ្វីលីពីនអះអាង​ជា​ម្ចាស់កម្មសិទ្ធិ​ព្រោះថា កូនកោះ​ថ្មប៉ប្រះទឹក​ស្ថិតនៅជិត​ហ្វីលីពីនជាង ចិន ដែលស្ថិតនៅចម្ងាយជាង ១០០០គីឡូម៉ែត្រ​ពី​ថ្មប៉ប្រះទឹក Second Thomas

សម្រាប់​រដ្ឋាភិបាល​ហ្វីពីលីន ដោយ​ធ្វើសកម្មភាព បំភិតបំភ័យ​ទាហាន​ល្បាត​ហ្វីលីពីន ឆ្មាំសមុទ្រចិន មាន​ចេតនាបន្ទុចបង្អាក់ កប៉ាល់ហ្វីលីពីន និង​រំលោភ​យ៉ាងគឃ្លើន ឥតក្រែង​ច្បាប់​ដែនអធិបតេយ្យភាព​របស់​ហ្វីលីពីន។

ទោះ​ត្រូវចិន​បញ្ជូន​ឆ្មាំសមុទ្រ​ឲ្យទៅ​រំខានយាយី នាវាដឹកស្បៀង ដឹកគ្រឿង​បរិក្ខាទៅ​ឲ្យ​ទាហានប្រចាំការហ្វីលីពីននៅលើ​កោះSecond Thomasក្តី ហ្វីលីពីន កាលពីថ្ងៃ​ចន្ទ បាន​អះអាងថា ខ្លួន នឹង​យល់ព្រម​បាត់បង់​ទឹកដី និង​ចុះចាញ់ ការសម្លុត គំរាមកំហែង​របស់​ចិន។

ប្រឈម​នឹង​ការគំរាមកំហែង​របស់​ចិន ដែលអះអាង​ជា​ម្ចាស់កម្មសិទ្ធិផ្តាច់មុខ នៅ​សមុទ្រ​ខាងត្បូង ហ្វីលីពីន បាន​ចុះហត្ថលេខា​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក កាលពី​ដើម​ខែ​កុម្ភៈនេះ ដើម្បី អនុញ្ញាត​ឲ្យ​អាមេរិក​ចូលទៅ​ប្រើប្រាស់​មូលដ្ឋានទ័ព​ហ្វីលីពីន ចំនួន​៤​បន្ថែមទៀត។ ម៉ានីល និងវ៉ាស៊ីនតោន​បាន​ឯកភាពគ្នាផងដែរ​ថា នឹង​បញ្ជូនកប៉ាល់​ទៅល្បាត​រួមគ្នា សាជាថ្មី នៅ​សមុទ្រចិន​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ