អានតួអត្ថបទ

ហ្វីលីពីនចោទ​ចិន ថា​​ឈ្លានពាន​ដែនទឹក​ និង​សង់របាំងលើសមុទ្រ​រំខាន​​អ្នកនេសាទ

បញ្ហាសមុទ្រ​ចិន​ខាងត្បូង បាន​កក្រើក​ជាថ្មី! ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា អាជ្ញាធរ​ហ្វីលីពីន​ បានចោទប្រកាន់​​ ប្រទេស​ចិន ថា បាន​​​ឈ្លានពាន​ដែនទឹក​ និង​សង់របាំងរណាំងលើទឹកសមុទ្រ​ ​រំខាន​ដល់​អ្នកនេសាទ​របស់ខ្លួន។

រូបភាព​នៅឆ្នាំ​២០១៧
រូបភាព​នៅឆ្នាំ​២០១៧ REUTERS - Erik de Castro
ផ្សាយពាណិជ្ជកម្ម

បើតាម​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​ហ្វីលីពីន គឺ​ ចិន ​បាន​ដាក់​ពង្រាយ​ទ័ព ឆ្មាំសមុទ្រ និងនាវា ហើយ​ ថ្មីៗនេះ ចិន ថែម​ទាំង​​បាន​សាងសង់​ របង​រណាំង នៅលើសមុទ្រ​ហ្វីលីពី​ន​ ប្រមាណ ៣០០ ម៉ែត្រ ត្រង់​កន្លែង​ដែល​សម្បូរ​ត្រីច្រើន។ សំណង់រណាំងចិន បាន​​ខា​ឃាំង​ រារាំង រំខាន​ដល់​ អ្នក​នេសាទ​ហ្វីលីពីន។ នេះបើតាម​ អ្នកនាំពាក្យ ឆ្មាំសមុទ្រ ការិយាល័យនេសាទនិងធនធានសមុទ្រហ្វីលីពីន ដែល​ បានផ្សាយ​ដំណឹង​តាម​ប្រព័ន្ធ​​ Twitter។​

ប្រភព​ពី​​អាជ្ញាធរ​ហ្វីលីពីនដែល​ប្រាប់​ទីភ្នាក់​ព័ត៌មាន​ព័ត៌មាន​ AFP  គឺនៅពេល​ថ្មីៗ អ្នកនេសាទហ្វីលីពីន ត្រូវ​ពួក​ចិន​ ស្តី​ថា​ឲ្យ​ចាក​ចេញពី​កន្លែង​របស់​គេ​ ក៏​ប៉ុន្តែ អ្នកនេសាទហ្វីលីពីន ក៏​ឆ្លើយ​វិញ​ថា​ជា​កន្លែង​នេសាទ​របស់​ខ្លួន​ទេតើ គឺ​ពួក​ចិន​ទេ ដែល​ត្រូវ​ចាកចេញ។ ទោះ​ជាមាន​ប៉ះ​សម្តី​គ្នា​ដូច្នេះក្តី ក៏​ប្រជានេសាទ​ហ្វីលីពីន ពុំ​​​តតាំង​អ្វី​ច្រើន​ទៅទៀត​ដែរ ព្រោះភាគី​​ខាង​ចិន​ឯណោះ មាន​ប្រដាប់​អាវុធ​។

ជម្លោះ​​​រវាង ​ចិន​ និង ​ហ្វីលីពីន ជុំវិញ​ដែន​សមុទ្រ ផ្ទុះឡើង ​នៅ​ឆ្នាំ២០១២។​ ​ឆ្នាំ​២០២១ ប្រទេស​ទាំង​ពីរ​បាន​ទាស់ទែង​គ្នា​ ជាថ្មី និង​ពេល​នេះ គឺ​នៅ​ទីតាំងដដែល​ ឈ្មោះថា Scarborough។​ ត្រង់​កន្លែង​​​ Scarborough នេះ គឺឋិត​នៅ​ចម្ងាយ​តែ ២៤០គីឡូម៉ែត្រ តែប៉ុណ្ណោះ​ ពី​កោះ​ លូស្សុន ( Luzon) របស់​ហ្វីលីពីន។ ក៏ប៉ុន្តែ ​វា​ឋិត​នៅ​ឆ្ងាយ​ដល់ទៅជាង ៩០០ គីឡូម៉ែត្រ​ ឯណោះ ពីកោះ​ហៃណាន់ (Hainan) របស់​ចិន។

បើតាម​ច្បាប់​សមុទ្រ​អន្តរជាតិ និង ​អនុសញ្ញា​អង្គការសហប្រជាជាតិ ឆ្នាំ ១៩៨២ ដែល​ចិន​ ក៏​បាន​យល់ព្រម​ផ្តល់​សត្យាប័ន​ដែរនោះ​ គឺប្រទេស​មាន​អធិបតេយ្យភាព នីមួយៗ​ អាច​មាន​សិទ្ធិ​​នេសាទ និង​ចម្រាញ់​ទាញ​យក​ផលធនធានធម្មជាតិ តែ​នៅ​ក្នុង​រង្វង់​ដែន​  ប្រមាណ ៣៧០ គីឡូម៉ែត្រ ពី​ច្រាំង​សមុទ្រ​របស់ខ្លួន ប៉ុណ្ណោះ​។​

​​​នា​​ថ្ងៃអាទិត្យ ទី​២៤ ខែកញ្ញា លោក Jay Tarriela អ្នក​នាំពាក្យ ឆ្មាំ​សមុទ្រ ​-ការិយាល័យ​នេសាទ​និង​ធនធានសមុទ្រ​​ហ្វីលីពីន ថា​ ឆ្មាំសមុទ្រ​ហ្វីលីពីន នឹង​បន្ត​សហការជិតដិត​ជាមួយ​បណ្តារដ្ឋ​ទាំង​ឡាយដែល​ពាក់ព័ន្ធ​ ដើម្បី​ធានា​ឲ្យ​បានសិទ្ធិ​​គ្រប់​គ្រង​ដែន​សមុទ្រ​របស់​ហ្វីលីពីន។

​ក្នុង​សំណុំ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ មិនមែន​តែ​ ហ្វីលីពីន ១ ទេ ដែល​ មហាយក្ស​ចិន​​កំពុង​មាន​ទំនាស់​​ គឺនៅ​មាន ​ប្រទេស​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ និង ព្រុយណេ​ ក៏ ​ចិន​ ឈ្លោះ​ទាស់ទែង​ដណ្តើម​ដែន​ទឹក​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ