អានតួអត្ថបទ
នាវាសិង្ហបុរី​បុកស្ពានអាមេរិក

សហរដ្ឋអាមេរិក៖ បាត់​ខ្លួន៦នាក់ ក្រោយ​ពី​នាវា​បុក​ស្ពានបាក់រលំធ្លាក់​​ក្នុង​ទន្លេ

យ៉ាងហោច​ មនុស្ស ៦ នាក់ បន្តបាត់ខ្លួនក្នុង​ទន្លេ​​ បន្ទាប់ពី​ នាវា​ដឹកទំនិញ១ បើក​បុក​​បាក់​ស្ពាន​ដ៏វែង នៅ​ក្នុង​​រដ្ឋម៉ារីឡែន នា​ថ្ងៃអង្គារ ទី​​២៦មីនា។ ភ្លាមៗក្រោយ​ហេតុការណ៍​ ក្រុម​សង្គ្រោះបាន​ស្រង់​មនុស្ស ២ នាក់។​ ក្នុងនោះ ម្នាក់​​​របួស​ធ្ងន់ ត្រូវ​​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ​បន្ទាន់​។ អ្នក​ធ្វើ​ដំណើរ​ផ្សេងទៀត​លើស្ពាន​និងប្រជា​ពលរដ្ឋ​នៅ​រដ្ឋម៉ារីឡែន ភិតភ័យ​រន្ធត់ ប្រៀប​បាន​ទៅនឹង​ព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃទី​១១កញ្ញា ដូច្នោះដែរ។​ ​​

នាវាដឹកនាំទំនិញបើកបុកសសរស្ពាននេះ កើតឡើង នៅថ្ងៃអង្គារ ម៉ោង១និង៣០នាទី ម៉ោងក្នុងរដ្ឋម៉ារីឡែន។​
នាវាដឹកនាំទំនិញបើកបុកសសរស្ពាននេះ កើតឡើង នៅថ្ងៃអង្គារ ម៉ោង១និង៣០នាទី ម៉ោងក្នុងរដ្ឋម៉ារីឡែន។​ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

​ហេតុការ​ណ៍​នាវាដឹកនាំទំនិញ​បើក​បុក​សសរ​ស្ពាន​នេះ កើតឡើង នៅថ្ងៃអង្គារ ​ម៉ោង​១និង​៣០​នាទី​ ម៉ោង​ក្នុងរដ្ឋម៉ារីឡែន នៅត្រង់​ប៉ែក​និរតីនៃ​ទីក្រុង​ឧស្សហកម្ម​និងកំពង់​ផែ​បាល់ទីម័រ។ ស្ពាន​​ដ៏​វែងនេះ​ ឈ្មោះ Francis Scott Key ឬស្ពាន​បាល់ទីម័រ មាន​ចម្ងាយ​ជាង​ ២គីឡូម៉ែត្រ​កន្លះ និង​មាន​ផ្លូវ​បួន ២ទៅ២មក។​ ក្រោយ​ហេតុការណ៍​បុកបាក់​ស្ពាន​​ បំប៉ែក​ដែកជាច្រើន​សន្ធឹក ធ្លាក់​ចូល​ក្នុង​ទឹក ដែល​នាំ​ទាំង​អ្ន​កដំណើរនិង​ឡានមួយ​ចំនួន ​ទៅជាមួយ​ផង​។​

អភិបាល​រដ្ឋ​ម៉ារីឡែន បាន​ចេញ​​​ក្រឹត្យ​ប្រកាសអាសន្ន ហើយ​និងសុំជំនួយ​អន្តរាគមន៍​ពី​នគរបាល​សហព័ន្ធ​។ ទន្ទឹមនឹង​​នេះ ចៅហ្វាយ​ក្រុង​បាល់ទីម័រ បាន​ចាត់ទុកថា​​ជា​សោកនាដកម្ម​ដ៏​ធំធេង​ និង​ថា លោក​នឹង​ខំប្រឹងប្រើគ្រប់​មធ្យោបាយ​ ដើម្បី​សង្គ្រោះនិង​ស្វែង​រក​​អ្នក​ធ្លាក់​លិច​ទឹក​។ ក្រុម​សង្គ្រោះ​បាន​ប្រើ​យន្តហោះ​ដ្រូន ឧទ្ធម្ភាគចក្រ និង​អ្នក​មុជទឹក​រាវរក​អ្នក​បាត់ខ្លួន។​

ម្ចាស់​​ក្រុម​ហ៊ុន​ដាណឺម៉ាក់ និងអ្នក​ជំនាញផ្លូវសមុទ្រ​ កំពុងតែស្វែង​រក​មូលហេតុ​ពិតនៃ​ឧប្បត្តិហេតុ​នេះ។  ក្នុង​ពេល​នេះ ប៉ូលិស​អាមេរិក ​លើកឡើងថា ​គ្មាន​សញ្ញាតម្រុយ​ ​ណាមួយ​ដែល​អាច​នាំឲ្យគេ​​គិត​ដល់សកម្មភាព​​អំពើ​ភេរវកម្ម​នោះ​ទេ​។

ការ​ដាច់​ស្ពាន នៅ​​កន្លែង​ចរាចរណ៍​ដឹកទំនិញ​ក្នុងក្រុង​កំពង់​ផែ​ដ៏​សំខាន់នេះ បាន​ធ្វើ​ឲ្យ​​សកម្ម​ដឹកទំនិញ ត្រូវ​ផ្អា​ក​មួយ​រយៈ ទម្រាំ​​រង់ចាំការ​អនុញ្ញាត​បទបញ្ជាថ្មី។ ​អាជ្ញាធរ​អាមេរិក ក៏​បាន​ព្រមានអំពី​ផលវិបាក​​ជះឥទ្ធិពល​បះពាល់​ដល់​សេដ្ឋកិ​​ច្ច​ទៀតផង​។

បាត់ខ្លួន ៦នាក់ ក្រោយពីនាវាបុកស្ពានបាក់រំលំធ្លាក់ក្នុងទន្លេ។
បាត់ខ្លួន ៦នាក់ ក្រោយពីនាវាបុកស្ពានបាក់រំលំធ្លាក់ក្នុងទន្លេ។ via REUTERS - HARFORD COUNTY MD FIRE & EMS

នាវា​ដឹកទំនិញបុកបាក់ស្ពាន​នោះ ជា​នាវា​​សិង្ហបុរីឈ្មោះ ដាលី មាន​ប្រហែង ​៣០០ម៉ែត្រ និងជាកម្មសិទ្ធិ​រ​បស់​ក្រុម​ហ៊ុន​ដាណឺម៉ាក់។ នាវា​នេះ ត្រូវ​​ធ្វើ​ចេញដំណើរ​ពី ​ប៉ាល់ទីម័រអាមេរិក​ តម្រង់​ឆ្ពោះ​ទៅប្រទេស​ ​ស្រីលង្ការ​។ បើតាម​ក្រុមហ៊ុន​ដឹកជញ្ជូន​, បុគ្គលិក​លើនាវា គ្មាន​នរណា​រងរបួស​ឡើយ។​

ឋិតនៅចម្ងាយ៦០គីឡូម៉ែត្រ ពីរដ្ឋធានីវ៉ាស៊ីនតោន  ស្ពាន​ដ៏វែង​នេះផ្តើម​សាងសង់​នៅឆ្នាំ១៩៧២ ហើយ​សម្ពោធនៅ​៥​ឆ្នាំបន្ទាប់ ដោយបាន​ដាក់​ឈ្មោះកវី​និពន្ធទំនុក​ច្រៀង​ ចម្រៀងជាតិ​អាមេរិក Francis Scott Key ​៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ