អានតួអត្ថបទ
អឺរ៉ុប-សមុទ្រក្រហម

អឺរ៉ុបចាប់ផ្តើម​ប្រតិបត្តិការ ការពារនាវាដឹកទំនិញនៅសមុទ្រក្រហម

សហភាពអឺរ៉ុប​បានឲ្យដឹងថា គេបានចាប់ផ្តើមដំណើរ​ការ​បេសកកម្ម ការពារ​ចរាចរណ៍នាវាដឹកទំនិញនៅក្នុងសមុទ្រក្រហម​។ បេសកកម្ម​នេះ​​មានការចូលរួម ពីកងទ័ពជើងទឹកនៃប្រទេសអឺរ៉ុបមួយចំនួន ដើម្បីការពារសន្តិសុខនាវាដឹកទំនិញដែលឆ្លងកាត់តំបន់នេះ ព្រោះប៉ុន្មានខែមកនេះ ក្រុមឧទ្ទាមហ៊ូទីយេម៉ែន បានវាយ​ប្រហារជាញឹកញាប់​ ធ្វើ​ឲ្យ​រំខានយ៉ាងខ្លាំង ដល់ចរាចរណ៍ដឹកទំនិញ​អន្តរជាតិ​។

នាវាចម្បាំងអាល្លឺម៉ង់​ "Hessen" ចេញដំណើរពីមូលដ្ឋាន​ទ័ពជើងទឹង Wilhelmshaven ថ្ងៃទី​៨កុម្ភៈ ឆ្ពោះទៅកាន់សមុទ្រក្រហម ដើម្បី​ការពារនាវាដឹកទំនិញអន្តរជាតិពីការវាយប្រហារ របស់​ក្រុមឧទ្ទាមហ៊ូទីយេម៉ែន
នាវាចម្បាំងអាល្លឺម៉ង់​ "Hessen" ចេញដំណើរពីមូលដ្ឋាន​ទ័ពជើងទឹង Wilhelmshaven ថ្ងៃទី​៨កុម្ភៈ ឆ្ពោះទៅកាន់សមុទ្រក្រហម ដើម្បី​ការពារនាវាដឹកទំនិញអន្តរជាតិពីការវាយប្រហារ របស់​ក្រុមឧទ្ទាមហ៊ូទីយេម៉ែន AP - Sina Schuldt
ផ្សាយពាណិជ្ជកម្ម

ដើម្បីការពារសន្តិសុខនាវាដឹកទំនិញ នៅសមុទ្រក្រហម សហភាពអឺរ៉ុបបានសម្រេច​ បើកបេសកកម្មមួយ ដោយ​ដាក់ឈ្មោះថា បេសកកម្ម « Aspides » ជាភាសាក្រិកប្រែមកថា ខែលការពារ។ បេសកកម្ម​នេះ មានការចូលរួម ពី​ប៊ែលហ្ស៊ិក អ៊ីតាលី ក្រិក អាល្លឺម៉ង់ និង​បារាំង​។ ចំណែកអេស្ប៉ាញ​បានបដិសេធ មិនចូលរួម​ទេ។

នៅលើ​បណ្តាញសង្គម X លោក​ស្រី អៀរស៊ូឡា វុនឌឹឡេយែន ប្រធានគណកម្មការអឺរ៉ុប បានសរសេរអបអរសាទរ ថាអឺរ៉ុបនឹងចូលរួម ការពារសេរីភាព​ចរាចរណ៍ដឹកទំនិញ ក្នុង​សមុទ្រក្រហម ដោយ​សហការ​យ៉ាងសកម្ម ជាមួយ​ដៃគូអន្តរជាតិ​ផ្សេងទៀត។

ផ្អែកតាម​លោក Antonio Tajani រដ្ឋមន្ត្រី​ក្រសួងការបរទេសអ៊ីតាលី គឺកងទ័ពអ៊ីតាលីនឹងមានតួនាទីជា​មេ​បញ្ជាការ​ប្រតិបត្តិ ចំណែកអគ្គបញ្ជាការទូទៅ គឺស្ថិតក្រោម​បង្គាប់របស់កងទ័ពក្រិក​។ បេសកកម្ម « Aspides » មានរយៈពេលដំណើរការ​១ឆ្នាំ ហើយអាចបន្តបន្ថែមទៀត ប្រសិនបើចាំបាច់។

ដោយឡែក ផ្អែកតាម​ប្រភពពី​មន្ត្រីទូតអឺរ៉ុបម្នាក់ បានឲ្យដឹងថា គឺមិនទាន់​ប្រាកដថា បេសកកម្មនេះនឹងអាចដំណើរការភ្លាមៗនេះទេ ព្រោះគេត្រូវរងចាំ រៀបចំឲ្យលទ្ធភាព​បើកប្រតិបត្តិការជាក់ស្តែង ឲ្យ​គ្រប់គ្រាន់ជាមុនសិន​។ ចំណុចនេះ អាចត្រូវការពេលច្រើនសប្តាហ៍ទៀត។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ នាវាចម្បាំងអាល្លឺម៉ង់មួយគ្រឿង ឈ្មោះ Hessen បាន​បើកចេញទៅតំបន់សមុទ្រក្រហមហើយ កាលពី​ថ្ងៃទី​៨កុម្ភៈ ដោយនាំទៅជាមួយនូវសមាជិកកងនាវិកអាល្លឺម៉ង់​ចំនួន ២៤០នាក់​។ នាវានេះ នឹងប្រុងត្រៀម​កម្លាំង​​ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវាយ​ប្រហារណាមួយ​របស់​ក្រុមឧទ្ទាមហ៊ូទី មិនថាជាការវាយប្រហារដោយ​មីស៊ីល យាន​​ដ្រូន ឬនាវាអត្តឃាត។​ ដោយឡែក ប៊ែលហ្ស៊ិកបាន​ប្រកាសថានឹងបញ្ជូន​នាវាចម្បាំង​មួយឈ្មោះ Marie-Louise។ រីឯបារាំងវិញ បាន​ឲ្យដឹងថា នឹងប្រើប្រាស់​នាវាចម្បាំងរបស់ខ្លួន ដែល​កំពុងមានវត្តមានស្រាប់​ នៅសមុទ្រក្រហម​ ចូលរួមក្នុងបេសកកម្ម​ថ្មីនេះ​។

សូមរំលឹកថា រដ្ឋមន្ត្រី​ការបរទេសនៃ​ប្រទេសអឺរ៉ុបទាំង២៧​ បានព្រមព្រៀងគ្នា​ កាលពីខែម​ករា លើគោលការណ៍​បង្កើតបេសកកម្ម​ការពារសន្តិសុខនាវាដឹកទំនិញ ក្នុងសមុទ្រក្រហម។ ក៏ប៉ុន្តែបេសកកម្មនេះ គឺមាន​តម្លៃត្រឹមតែជាការ​ការពារខ្លួនតែប៉ុណ្ណោះ។ មានន័យថា កងទ័ពអឺរ៉ុបដែលចូលរួម គឺអាចបាញ់គ្រាប់បាន តែក្នុងករណីការពារខ្លួន ឬការពារនាវាដឹកទំនិញ ពីការវាយ​ប្រហារណាមួយរបស់ក្រុមឧទ្ទាមហ៊ូទី តែមិនអាចទៅ​បើកការវាយប្រហារ ទៅលើក្រុមហ៊ូទីក្នុងទឹកដីយេម៉ែនឡើយ។

គួរកត់សំគាល់ថា រវាង​៣ខែមកនេះ ក្រុមហ៊ូទីយេម៉ែនដែលជា​ដៃយើងរបស់អ៊ីរ៉ង់ បានបើកការវាយ​ប្រហារជាញឹកញាប់ ទៅលើ​នាវាដឹកទំនិញអន្តរជាតិដែលឆ្លងកាត់សមុទ្រក្រហម ដោយអះអាងថាដើម្បីសងសឹងទៅនឹង​សង្គ្រាមដែល​អ៊ីស្រាអែលធ្វើទៅ​លើតំបន់ហ្កាហ្សា។ ការវាយ​ប្រហារ​របស់​ក្រុមហ៊ូទីនេះ បានធ្វើឲ្យរាំងស្ទះយ៉ាងខ្លាំង​​ ​ដល់ចរាចរណ៍​ដឹកទំនិញអន្តរជាតិ​។ នៅថ្ងៃចន្ទទី​១៩​កុម្ភៈ ក្រុមហ៊ូទីបានអះអាងថាខ្លួន បានវាយប្រហារនាវាដឹកទំនិញមួយគ្រឿងទៀត​របស់​អង់គ្លេសនៅឈូងសមុទ្រអាដិន។ ថ្មី​ៗនេះ សហរដ្ឋអាមេរិក ក៏បានប្រកាស​បើកសម្ព័ន្ធភាព​អន្តរជាតិមួយដែរ ដើម្បីការពារសន្តិសុខនៅក្នុងសមុទ្រក្រហម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ