អានតួអត្ថបទ
នយោបាយ-បោះឆ្នោត

លោក ចូ បៃដិន ប្រើសម្តី​ធ្ងន់ៗរិះគន់លោក ដូណាល់ ត្រាំ នៅក្នុងសេចក្តីថ្លែងទៅកាន់ប្រជាជាតិ

ថ្ងៃព្រហស្បតិ៍ ទី​៧កុម្ភៈ​ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានយកឱកាស​​ថ្លែងសុន្ទរកថា​ប្រចាំឆ្នាំ ដើម្បី​សរសើរ​នយោបាយ​ដឹកនាំ​របស់ខ្លួន រយៈ​ពេល​៣ឆ្នាំមកនេះ ហើ​យ​និង​ឆ្លៀត​ឱកាស​វាយ​បក​សម្តីរិះគន់​ចំពោះ​គូប្រជែង​​។ លោក ចូ បៃដិន បាន​ប្រើសម្តី​ធ្ងន់ៗរិះគន់លោក ដូណាល់ ត្រាំ ថា​បណ្តោយ​ឲ្យរុស្ស៊ី​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត ហើយ​និងថា លោក ត្រាំ​ជាប្រភព​នៃការ​គំរាមកំហែង​បំផ្លាញ​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក។ ​ ​

លោក ចូ បៃដិន ប្រើសម្តីធ្ងន់ៗរិះគន់លោក ដូណាល់ ត្រាំ នៅក្នុងសេចក្តីថ្លែងទៅកាន់ប្រជាជាតិ ថ្ងៃទី​៧ មីនា។
លោក ចូ បៃដិន ប្រើសម្តីធ្ងន់ៗរិះគន់លោក ដូណាល់ ត្រាំ នៅក្នុងសេចក្តីថ្លែងទៅកាន់ប្រជាជាតិ ថ្ងៃទី​៧ មីនា។ REUTERS - Elizabeth Frantz
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែងសុន្ទរកថាទៅកាន់​ប្រជាជាតិ ជា​ទម្លាប់​ប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិក ដែល​ត្រូវ​និយាយ​​ទៅកាន់​សភាទាំង២​ក្នុង​ពេល​តែ១ ហើយ​ជាប្រពៃណី ត្រូវ​ធ្វើ​តុល្យការ​នៃការ​ដឹកនាំ​របស់ខ្លួន​ប្រាប់​ទៅ​កាន់​​ពលរដ្ឋ។ លោកប្រធានាធិបតី​ ចូ​ បៃដិន បាន​ប្រើពេល​ជាង១ម៉ោង ថ្លែង​ពី​ការ​ដឹកនាំជា​​ទូទៅ​ក្នុងស្រុក និង​ពី​សំណុំ​រឿងអន្តរជាតិ។ រឿងនៅ​ក្នុង​ស្រុក​ លោក​ បៃដិន រំឭកថា អំលុង​ពេល​​ចូល​កាន់អំណាច សេដ្ឋកិច្ច​អាមេរិក​ដាបចុះខ្សោយ ព្រោះតែ​ទើប​ពី​វិបត្តិ​ជំងឺ​កូវីដ។ ទន្ទឹម​នេះ​ លោកបាន​អួត​ពីស្នាដៃរបស់ខ្លួន​ថា បាន​បង្កើត​ការងារ​ធ្វើ ចំនួន ១៥ លាន​ការងារ​ តែ​ក្នុង​រយៈ​ពេល ​៣ ឆ្នាំ​ ហើយ​អត្រា​អត់​ការងារ​ធ្វើ​ បាន​ធ្លាក់​ចុះ​ទាបជាង​គេ​ ក្នុងរយៈ​ពេល​៥០ឆ្នាំចុងក្រោយ។

ក្នុងនាម​ជាបេក្ខជន​ប្រធានាធិបតីសម្រាប់​អាណត្តិ​ថ្មីផង លោក ​ចូ បៃដិន​ បានឆ្លៀតឱកាស​ឃោសនាអំពី​គម្រោង​ដឹកនាំ​បន្តទៀត។ ​លោកមានប្រសាសន៍​ថា​នឹង​ចេញវិធានការ​ទប់ទល់​ទំនិញ​ឡើងថ្លៃ សម្រួល​ដល់​ជីវភាព​ប្រជាជន ហើយ​និងសម្រួល​ដល់​ការ​រកផ្ទះសម្បែង​កន្លែង​ស្នាក់នៅ។​ មិនតែប៉ុណ្ណោះ លោក​ បៃដិន ថានឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឱសថស្ថាន​បញ្ចុះ​បន្ថយ​តម្លៃ​ថ្នាំសង្កូវ ៥០០ មុខ​។ លើសពីនេះ លោក បៃដិន ថា​នឹង​ដំឡើង​ពន្ធចំពោះ​សេដ្ឋីគ្រាក់ៗ​និងក្រុមហ៊ុនធំៗ ដែលមាន​ទ្រព្យ​សម្បត្តិ​ចាប់ពី ១០០ លានដុល្លារ​ឡើង​ទៅ គឺត្រូវ​ជាប់ពន្ធ ២៥%។​ ក៏ប៉ុន្តែ គម្រោង​ទាំងនេះ មិនអាច​សម្រេចទៅបាន​ទេ ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ គ្មាន​សំឡេង​ភាគច្រើន​នៅសភា ឬ​បើ​លោក ត្រាំ ឈ្នះឆ្នោត​នៅខែ​វិច្ឆិកា។​

សំណុំ​រឿង​អន្តរជាតិវិញ​ ប្រធានាធិបតី​អាមេរិក បាន​លើកពីសំណុំ​បញ្ហា​ចិន តៃវ៉ាន សង្គ្រាម​អ៊ុយក្រែន និង​សង្គ្រាម​នៅហ្កាហ្សា ជាដើម។ រដ្ឋបាល​ដឹកនាំ​របស់​លោក បៃដិន​ ​បាន​បង្កើ​ត​វិធាន​ការ​ផ្សេងៗ​ដើម្បី​កុំឲ្យ​ រដ្ឋអំណាច​ចិន លួច​យក​បច្ចេកវិទ្យា​អាមេរិក​។ លោក ចូ បៃដិន ក៏​បាន​ជំរុញ​ជាថ្មី​ម្តងទៀត ឲ្យ​សភាអាមេរិក ដែល​គ្រប់គ្រងដោយ​ក្រុម​គណបក្ស​សាធារណៈ​រដ្ឋ​ ប្រញាប់​​អនុម័ត​​ផ្ទេរ​កញ្ចប់​ជំនួយ​ ៩៥ ពាន់​លាន​ដុល្លារ ទៅឲ្យ អ៊ុយក្រែន តៃវ៉ាន់ និង​អ៊ីស្រាអែល។

ចំពោះសង្គ្រាម​អ៊ុយក្រែន, ប្រធានាធិបតីអាមេរិក វ័យ​៨១ឆ្នាំរូបនេះ ថ្លែងថាសហរដ្ឋ​​អាមេរិក​ត្រូវតែ​ផ្តល់​ជំនួយ​ ដើម្បីឈប់​ស្កាត់​រុស្ស៊ី។ ​លោកឆ្លៀត​រិះគន់​លោក ដូណាល់​ ត្រាំ ថាបណ្តោយ​​ឲ្យ​រុស្ស៊ី​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​។ លោក បៃដិន ចាត់ទុកថា​ជារឿងគួរឲ្យ​ខ្មាស ជាគ្រោះថ្នាក់​ និងមិនអាច​ទទួល​យក​បាន​ទាល់តែសោះ។ ចំពោះ​សំណុំ​រឿងសង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស, លោក បៃដិន បញ្ជាក់ថា​នឹង​បង្កើត​ផែ​បណ្តោះ​អាសន្ន​មួយ នៅ​ជិត​តំបន់​ហ្កាហ្សា ដើម្បី​នឹង​ជួយ​សម្របសម្រួល​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ដល់​ពលរដ្ឋ​តំបន់​ហ្កាហ្សា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ