អានតួអត្ថបទ
កាណាដា-ឥណ្ឌា

ឃាតកម្មសម្លាប់មេដឹកនាំសាសនាស៊ិក្ខនៅកាណាដាកំពុងបន្តរុញកាណាដា និងឥណ្ឌាឲ្យដំឡើងសំឡេងដាក់គ្នា

ភាព​តានតឹង​កំពុង​បន្ត​មាន​រវាង​កាណាដា និង​ឥណ្ឌា​ជុំវិញ​រឿង​ឃាតកម្ម​សម្លាប់​មេដឹកនាំ​សាសនាស៊ិក្ខ​នៅ​កាណាដា​កាល​ពី​ខែ​មិថុនា។ ក្នុង​ថ្ងៃ​ចន្ទ ទី១៨ កញ្ញា កាណាដា​បាន​ចោទ​ឥណ្ឌា​ពី​បទ​នៅ​ពី​ក្រោយ​ឃាតកម្ម និង​បាន​ប្រកាស​បណ្តេញ​ប្រធាន​ទីភ្នាក់ងារចារកិច្ចឥណ្ឌា​ម្នាក់​ចេញ​ពី​កាណាដា។ នៅ​មួយ​ថ្ងៃ​ក្រោយ​មក ឥណ្ឌា​បាន​សងសឹក​វិញ​ដោយ​បាន​ប្រកាស​បណ្តេញ​មន្ត្រីទូតជាន់ខ្ពស់​កាណាដា​ម្នាក់​ចេញ​ពី​ឥណ្ឌា។ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កញ្ញា ឥណ្ឌា​បាន​សម្រេច​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពលរដ្ឋ​កាណាដា​ដែល​ចង់​ចូល​ឥណ្ឌា។ តែ​កាណាដា​បាន​ព្យាយាម​រំងាប់​ភាព​តានតឹង​ដោយ​ស្នើ​ឲ្យ​ឥណ្ឌា​ចូលរួម​នៅ​ក្នុង​ការ​ស៊ើបអង្កេត។

នាយករដ្ឋមន្រ្តី​កាណាដាលោក​ហ្សូសស្តាំង ទ្រុយដូ
នាយករដ្ឋមន្រ្តី​កាណាដាលោក​ហ្សូសស្តាំង ទ្រុយដូ © DAVE CHAN / AFP
ផ្សាយពាណិជ្ជកម្ម

សំណើ​របស់​កាណាដា​បាន​ធ្វើ​ឡើង​ដោយ​នាយករដ្ឋមន្រ្តី​លោក​ហ្សូសស្តាំង ទ្រុយដូ​ពី​ទីក្រុង​ញូយ៉ក​ដែល​លោក​បាន​ចូលរួម​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ។ នៅ​ក្នុង​សំណើ លោក​ទ្រុយដូ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល​កាណាដា​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​រឿង​ឃាតកម្ម​សម្លាប់​មេដឹកនាំ​សាសនាស៊ិក្ខ​លោក Hardeep Singh Nijjar នៅ​កាណាដា​កាល​ពី​ខែ​មិថុនា។ តែ​លោក​ទ្រុយដូ​មិន​បាន​បង្ហាញ​ភស្តុតាង​ដែល​លោក​បាន​ចោទ​ឥណ្ឌា​ក្នុង​ថ្ងៃ​ចន្ទ ទី១៨ កញ្ញា​នោះ​ទេ។ នាយករដ្ឋមន្រ្តី​កាណាដា​រូប​នេះ​ដដែល​បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​កាណាដា​មិន​បាន​ស្វែង​រក​ការ​បង្ក​ហេតុ ឬ​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ទេ។

គួរ​រម្លឹក​ថា​កាល​ពី ៣ថ្ងៃ​មុន ពោល​ក្នុង​ថ្ងៃ​ចន្ទ ទី១៨ កញ្ញា លោក​ទ្រុយដូ​បាន​ចោទ​រដ្ឋាភិបាល​ឥណ្ឌា​ពី​បទ​នៅ​ពី​ក្រោយ​ឃាតកម្ម​សម្លាប់​មេដឹកនាំ​សាសនាស៊ិក្ខ​លោក Hardeep Singh Nijjar។ ការ​ចោទ​របស់​លោក​ទ្រុយដូ​នេះ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ផ្ទុះ​កំហឹង និង​បង្ក​​ឲ្យ​មាន​វិបត្តិ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​មាន​ការ​បណ្តេញ​មន្រ្តី​ទូត​គ្នា​ទៅ​វិញ ទៅ​មក។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កញ្ញា រដ្ឋាភិបាល​ក្រុង​ញូដែលី​បាន​ដាក់​គំនាប​ថ្មី​លើ​កាណាដា​ដោយ​ប្រកាស​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពលរដ្ឋ​កាណាដា​ដែល​ចង់​ចូល​ឥណ្ឌា។ លើស​ពី​នេះ ក្រុង​ញូដែលី​នឹង​ស្នើ​ឲ្យ​ក្រុង​អូតាវ៉ា​កាត់​បន្ថយ​ចំនួន​មន្រ្តីទូត​កាណាដា​នៅ​ឥណ្ឌា​ឲ្យ​ស្មើ​នឹង​ចំនួន​មន្រ្តីទូត​ឥណ្ឌា​នៅ​កាណាដា។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កាណាដា​នឹង​ចាត់​វិធានការ​បក​វិញ​ដូច​ឥណ្ឌា​ដែរ ឬ​ទេ ពិសេស​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​ដែល​ចង់​ចូល​កាណាដា។ អ្វី​ដែល​គេ​អាច​និយាយ​បាន វិបត្តិការទូត​រវាង​ប្រទេស​ទាំង​ពីរ​ប្រហែល​មិន​ងាយ​ចប់​ភ្លាមៗ​ទេ។ ក្រៅ​ពី​វិបត្តិ​នៅ​ក្នុង​ទំនាក់ទំនង​ការទូត រឿង​អាស្រូវ​មួយ​នេះ​ក៏​កំពុង​គំរាមកំហែង​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ