អានតួអត្ថបទ
កាណាដា-ឥណ្ឌា

ផ្ទុះវិបត្តិ​ការទូតរវាង​កាណាដានិងឥណ្ឌា ដោយសារករណី​ឃាតកម្ម​មេដឹកនាំ​សាសនាស៊ិក្ខនៅកាណាដា

វិបត្តិការទូតកំពុងតែផ្ទុះកក្រើកឡើង រវាង​ឥណ្ឌានិងកាណាដា ដោយ​រដ្ឋាភិបាលទាំងសងខាង បានបណ្តេញមន្ត្រីការទូតរបស់ប្រទេសម្ខាងទៀត តែរៀងៗខ្លួន​។ កាលពីថ្ងៃចន្ទទី​១៨កញ្ញា​ រដ្ឋាភិបាលកាណាដា បានប្រកាសបណ្តេញ ប្រធាន​ទីភ្នាក់ងារចារកិច្ចឥណ្ឌាម្នាក់ប្រចាំនៅកាណាដា។ មួយថ្ងៃក្រោយ ជាការឆ្លើយតបវិញ រដ្ឋាភិបាលឥណ្ឌា បាន​សម្រេចបណ្តេញ​មន្ត្រីទូតជាន់ខ្ពស់ម្នាក់ របស់កាណាដា ឲ្យចាកចេញពីឥណ្ឌា ក្នុងរយៈពេល​៥ទៀត។​

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី ចាប់ដៃស្វាគមន៍ លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ នៅជំនួបកំពូល G20។ ក្រុងញូដេលី ថ្ងៃទី​ ៩កញ្ញា ២០២៣
លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី ចាប់ដៃស្វាគមន៍ លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ នៅជំនួបកំពូល G20។ ក្រុងញូដេលី ថ្ងៃទី​ ៩កញ្ញា ២០២៣ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ដំណើរដើមហេតុ គឺដោយសារតែមានករណីឃាតកម្ម​មួយ​នៅកាណាដា កាលពីខែមិថុនា​ ធ្វើទៅលើ​លោក​ Hardeep Singh Nijjar ដែលជា​មេដឹកនាំចលនាសាសនា​ស៊ិក្ខ (Sikh) ដ៏សំខាន់ម្នាក់​នៅកាណាដា។ ក្រោយ​ការស៊ើបអង្កេតលំអិត អាជ្ញាធរកាណាដាបានអះអាងថា មានធាតុផ្សំ​យ៉ាងជាក់ច្បាស់ គួរឲ្យទុកចិត្តបំផុត​ ដែល​បញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាជាអ្នកនៅពីក្រោយ​អំពើឃាតកម្មនេះ​។

នៅចំពោះមុខ​សភាកាណាដា កាលពីថ្ងៃចន្ទ លោក​នាយករដ្ឋមន្ត្រី យូស្តាំង ទ្រុយដូ បាន​ថ្លែងថា ការចូលរួមឃុបឃិត​​ពីសំណាក់រដ្ឋាភិបាល​ប្រទេសមួយ នៅក្នុងអំពើឃាតកម្ម​សម្លាប់ជនជាតិ​កាណាដា នៅ​លើ​ទឹកដី​កាណាដា​ដោយផ្ទាល់បែបនេះ​ វាគឺជារឿង​បំពាន​​ដ៏​ធ្ងន់ធ្ងរ ដែ​ល​ប៉ះពាល់​មកលើ​អធិបតេយ្យភាពរបស់កាណាដា​។​

ក្រោយ​ការលើកឡើងនេះ​របស់ភាគី​កាណាដា ក្រសួងការបរទេស​ឥណ្ឌា បានបដិសេធច្រានចោលភ្លាមៗ ដោយ​បាន​លើកឡើងថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យគោរពនីតិរដ្ឋ។ លិខិតប្រកាសរបស់ឥណ្ឌា បានអះអាងទៀត​ថា ការចោទដោយ​គ្មានមូលដ្ឋានរបស់កាណាដានេះ គឺវា​មានចេតនាបង្វែរចំណាប់​អារម្មណ៍​​មហាជន ឲ្យ​ងាកចេញ​ពីក្រុម​​​ចលនា​ភេរវនិយម​ ជ្រុលនិយម​ ដែលធ្វើសកម្មភាពបះបោរ គំរាម​បូរណភាពដែនដី​របស់​ឥណ្ឌា​។​

សូមរំលឹកថា​ ប៉ុន្មានខែមកហើយ ដែល​កាណាដានិងឥណ្ឌា​ចាប់​ផ្តើម​មានទំនាស់នឹងគ្នា ទាក់ទិននឹងសកម្មភាពរបស់​សហគមន៍​​អ្នកកាន់សាសនាស៊ិក្ខ ដែលភាគច្រើនបំផុត​រស់​នៅកាណាដា។ ថ្មីៗនេះ កាណាដាបាន​ផ្អាក​ការចរចាជាមួយឥណ្ឌា ស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ ហើយរដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា បានលុបចោល​ដំណើរទៅ​ឥណ្ឌា ដែលគ្រោងធ្វើនៅខែតុលា​។ ​

សហគមន៍​អ្នកកាន់សាសនាស៊ិក្ខ នៅកាណាដា ធ្វើបុណ្យ​សព្វលោក Hardeep Singh Nijjar មេដឹកនាំចលនាសាសនាស៊ិក្ខដ៏សំខាន់ ដែលត្រូវគេសម្លាប់។ ខេត្ត British Columbia កាណាដា ថ្ងៃទី ២៥ មិថុនា ២០២៣
សហគមន៍​អ្នកកាន់សាសនាស៊ិក្ខ នៅកាណាដា ធ្វើបុណ្យ​សព្វលោក Hardeep Singh Nijjar មេដឹកនាំចលនាសាសនាស៊ិក្ខដ៏សំខាន់ ដែលត្រូវគេសម្លាប់។ ខេត្ត British Columbia កាណាដា ថ្ងៃទី ២៥ មិថុនា ២០២៣ AP - Darryl Dyck

គួរបញ្ជាក់ថា អង្គការពិភពលោកនៃអ្នកកាន់សាសនាស៊ិក្ខនៅកាណាដា អះអាងថាខ្លួនធ្វើសកម្មភាពដើម្បីការពារ​ផលប្រយោជន៍​សហគមន៍ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់​រដ្ឋាភិបាល​ឥណ្ឌា គឺ​អង្គការនេះ ធ្វើសកម្មភាព​បះបោរបំបែកទឹកដី បង្កើតរដ្ឋឯករាជ្យឈ្មោះ Khalistan នៅរដ្ឋពុនចាបរបស់ឥណ្ឌា ជាទីដែល​មានអ្នកកាន់សាសនាស៊ិក្ខ​​រស់​នៅ ប្រមាណ​៥៨%។​ រដ្ឋាភិបាលឥណ្ឌា ធ្លាប់បានចោទរដ្ឋាភិបាលកាណាដា ថាបានធ្មេចភ្នែក​ មិនបោសសំអាតក្រុមនេះ ដែលខ្លួនចាត់ទុកថាជាក្រុម ជ្រុលនិយមបំបែកទឹក​ដី​។

គួររំលឹកដែរថា កាលពីពេលជំនួបកំពូល G20 នៅញូដេលី លោក​យូស្តាំង ទ្រុយដូ បាននិយាយប្រាប់ទៅលោកម៉ូឌី អំពី​ករណី​ឃាតកម្ម​មេដឹកនាំសាសនាស៊ិក្ខ​ នៅកាណាដា ថា​ជារឿងមិនអាចទទួលយកបានទេ​។​ តែលោកម៉ូឌី បានឆ្លើយច្រានចោលទាំងស្រុង និងបាន​លើកឡើងពីការបារម្ភរបស់ឥណ្ឌាវិញ​​ ទាក់ទិននឹងសកម្មភាព​ប្រឆាំងឥណ្ឌា របស់ក្រុមជ្រុលនិយមដែលមានទីតាំងនៅកាណាដា។​ លោកទ្រុយដូ បានប្រាប់អ្នកកាសែតថា ក្នុងពេលនោះ លោក​បានឆ្លើយប្រាប់ទៅលោកម៉ូឌីវិញថា​ កាណាដាការពារសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសាសនា និងសេរីភាពធ្វើ​បាតុកម្មដោយសន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ