អានតួអត្ថបទ
ដើមបូព៌ា-ចរាចរណ៍​សមុទ្រ

សមុទ្រក្រហម៖ អាមេរិក​បង្កើត​សម្ព័ន្ធភាពអន្តរជាតិ ដើម្បី​​ទប់ទល់​នឹង​​ការវាយ​ប្រហារ​របស់​​ក្រុម​ហ៊ូទី

លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិក Lloyd Austin បានប្រកាសនៅ​ថ្ងៃអង្គារ ទី១៩ធ្នូនេះថា សហរដ្ឋអាមេរិក​នឹងបង្កើត​សម្ព័ន្ធភាពអន្តរជាតិមួយ ដើម្បីទប់ទល់នឹងការវាយ​ប្រហាររបស់​ក្រុមហ៊ូទីយេម៉ែន នៅក្នុង​តំបន់សមុទ្រ​ក្រហម​។​ ប្រទេសសរុបទាំងអស់​ចំនួន​១០ នឹងចូលរួម​នៅក្នុងសម្ព័ន្ធភាពនេះ ដែល​មានដូចជា បារាំង អង់គ្លេស បារ៉ែន កាណាដា អ៊ីតាលី ហូឡង់ ន័រវែស អេស្ប៉ាញ និង​សីឈែល។ ភ្លាមៗក្រោយការប្រកាសនេះ ក្រុមហ៊ូទី​យេម៉ែន បានអះអាងថា ខ្លួននឹងបន្តវាយ​ប្រហារដោយ​មិនញញើតឡើយ​។​

The Galaxy Leader cargo ship is escorted by Houthi boats in the Red Sea in this photo released November 20, 2023. Houthi Military Media/Handout via REUTERS    THIS IMAGE HAS BEEN SUPPLIED BY A THIRD P
ទូករបស់​ក្រុមហ៊ូទី កំពុងតែឡោមព័ទ្ធនាវាដឹកទំនិញ Galaxy Leader នៅក្នុងសមុទ្រក្រហម ។​ រូបភាព​ផ្សព្វផ្សាយដោយក្រុមហ៊ូទី ថ្ងៃទី​២០វិច្ឆិកា ២០២៣ via REUTERS - HOUTHI MILITARY MEDIA
ផ្សាយពាណិជ្ជកម្ម

ថ្លែងពី​អ៊ីស្រាអែល បន្ទាប់ពី​បានជួបលោក​នាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ លោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក បាន​លើកឡើងថា ការវាយ​ប្រហារថ្មីៗនេះរបស់​ក្រុមហ៊ូទីយេម៉ែន​ នៅក្នុងតំបន់សមុទ្រក្រហម វាគឺជាការវាយ​ប្រហារដែលគ្មានការទទួល​ខុសត្រូវ គំរាម​មកលើ​សេរីភាព​នៃចរាចរណ៍​ពាណិជ្ជកម្ម បង្កហានិភ័យ​ដល់​អាយុជីវិតរបស់​ក្រុមនាវិកស្លូតត្រង់ និង​បំពាន​មកលើ​ច្បាប់​អន្តរជាតិ​។ លោក​បន្តថា ដោយ​ហេតុនេះ សហរដ្ឋអាមេរិក សូមប្រកាសនៅថ្ងៃនេះ បង្កើត​សម្ព័ន្ធភាពអន្តរជាតិមួយ មានឈ្មោះថា Prosperity Guardian ដើម្បីការពារសន្តិសុខ​តំបន់សមុទ្រក្រហម​។

គួរកត់សំគាល់ថា អ៊ីស្រាអែលមិនស្ថិតនៅក្នុង​សម្ព័ន្ធភាពថ្មី​នេះទេ។ លោក Lloyd Austin បាន​ថ្លែងអំពាវនាវ ហៅឲ្យ​អ៊ីរ៉ង់ ត្រូវតែឈប់​ទំនុក​បម្រុង ជួយ​ក្រុម​ហ៊ូទីតទៅទៀត នៅក្នុងសកម្មភាពវាយ​ប្រហារមកលើនាវាដឹកទំនិញអន្តរជាតិ​។ សូមរំលឹកដែរ ថាកាលពីឆ្នាំ​២០១៩ សហរដ្ឋអាមេរិក បានចងក្រង​សម្ព័ន្ធភាព​ផ្លូវសមុទ្រមួយរួចហើយ ដើម្បីការពារ​ចរាចរណ៍​នាវាដឹកប្រេង នៅក្នុងតំបន់ឈូងសមុទ្រពែក្ស បន្ទាប់ពី​មានការវាយ​ប្រហារជាច្រើនដង ដែលអាមេរិកអះអាងថា ជាស្នាដៃរបស់អ៊ីរ៉ង់​។

សូមបញ្ជាក់ថា តំបន់​សមុទ្រក្រហម គឺជា​ផ្លូវឆ្លងកាត់នៃនាវាដឹកទំនិញអន្តរជាតិ​​ ទំហំប្រមាណ​៤០​% នៃពាណិជ្ជកម្មពិភពលោក​។ ថ្មីៗនេះ នៅក្នុង​បរិបទសង្គ្រាមនៅហ្កាហ្សា ក្រុមហ៊ូទីកូនចៅអ៊ីរ៉ង់នៅយេម៉ែន បាន​ប្រកាសគំរាមថានឹងវាយ​ប្រហារ​ ទៅលើនាវាទាំងអស់ ដែល​បើកឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb ឲ្យ​តែនាវានោះ មានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល​។ ២សប្តាហ៍​កន្លងមកនេះ ក្រុមហ៊ូទីបានវាយ​ប្រហារជាច្រើនលើក ដោយ​បាន​បាញ់មីស៊ីល គ្រាប់​រ៉ូកែត ដ្រូនអត្តឃាត ព្រមទាំងបាន​ប្លន់យកនាវាដឹកទំនិញថែមទៀត។ លោកស្រី Catherine Colonna រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បាន​លើកឡើងថា គេមិនអាចឈរឱបដៃមើលការវាយប្រហារទាំងនេះ ដោយ​មិនឆ្លើយ​តប​ទៅវិញនោះឡើយ។

ក្រុមហ៊ុនដឹកជញ្ជូន​ផ្លូវសមុទ្រធំៗជាច្រើន ជាក់ស្តែង ក្រុមហ៊ុនដាណឺម៉ាក Maersk ក្រុមហ៊ុនបារាំង​ CMA CGM ក្រុមហ៊ុនអ៊ីតាលីស្វ៊ីស​ MSC និង​ក្រុមហ៊ុនអាល្លឺម៉ង់ Hapag Lloyd បាននាំគ្នា​ប្រកាសជាបន្តបន្ទាប់ ផ្អាកការធ្វើចរាចរណ៍​នាវា នៅក្នុងសមុទ្រក្រហម ល្គឹកណាស្ថានការណ៍​សន្តិសុខ​មិនទាន់ត្រលប់​មករកភាពប្រក្រតីវិញ​​​។ នៅថ្ងៃអង្គារ​ទី​១៩ធ្នូនេះដែរ​ ក្រុមហ៊ុង​​ប្រេង BP និងក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រតៃវ៉ាន់ Evergreen ក៏បាន​ប្រកាស​ផ្អាក​ការធ្វើចរាចរណ៍​មួយ​រយៈដែរ​។

គួរបញ្ជាក់ដែរថា ប្រសិន​បើ​នាវា​ដឹកទំនិញ ឈប់​បើកតាម​ព្រែកជីកស៊ុយអេ និងសមុទ្រក្រហម នោះមានន័យថាវានាត្រូវបើកវៀងទ្វីបអាហ្វ្រិកទាំងមូលតែម្តង។ ប្រការ​​នេះ​​នឹងធ្វើ​ឲ្យ​រយៈពេល​ធ្វើ​ដំណើរ កើនឡើង។ ជាឧទាហរណ៍ យោងតាមការិយាល័យ S&P Global រវាង​ពី​កំពង់ផែរ៉ូតែដាំនៅហូឡង់ ទៅដល់កំពង់ផែសិង្ហបុរី​ បើបើកវៀងតាម​ទ្វីបអាហ្វ្រិក​ គឺនាវាដឹកទំនិញ ត្រូវការ​ពេលវេលា​បន្ថែម​ចំនួន​ដល់ទៅ​​៤០% ឯណោះ ព្រោះចម្ងាយ​ផ្លូវនឹងកើនពី ១៥៥០០គីឡូម៉ែត្រ ដល់ទៅ​២១៧០០គីឡូម៉ែត្រ។ ចំណុចនេះដែរ អាចនឹងធ្វើ​ឲ្យ​អេហ្ស៊ីប ខាតបង់ប្រាក់ជាច្រើន ដោយសារតែចំនួន​​នាវាដឹកទំនិញ​​ ឆ្លងកាត់​ព្រែកជីកស៊ុយអេ នឹងថយចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ