អានតួអត្ថបទ
សមុទ្រក្រហម

នាវាចម្បាំងអាមេរិក និង​អង់គ្លេសវាយប្រហារ​បន្តបន្ទាប់​គ្នា​ដ្រូន​របស់ពួកហ៊ូទីយេម៉ែន នៅ​សមុទ្រ​ក្រហម

សន្តិសុខ នៅសមុទ្រ​ក្រហម​កាន់តែ​ធ្លាក់ដុនដាប ដោយសារការវាយប្រហារ​របស់​ក្រុមឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន​ទៅលើ​កប៉ាល់​ដឹកទំនិញ​អន្តរជាតិ ដែលឆ្លងកាត់ច្រកសមុទ្រ កៀកនឹង​ឆ្នេរយេម៉ែន។ នៅថ្ងៃ​ចន្ទទី​១៨ ធ្នូ ក្រុមហ៊ូទីយេម៉ែន​អះអាងខ្លួនជាអ្នកវាយប្រហារ​លើ​កប៉ាល់ដឹកទំនិញ​របស់ក្រុមហ៊ុន​ន័រវែស នៅសមុទ្រ​ក្រហម។ ការវាយប្រហារ​ដោយ​ដ្រូន និងមីស៊ីល​របស់​ពួកឧទ្ទាមហ៊ូទីយេម៉ែន​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូនផ្លូវសមុទ្រ​ធំៗបំផុត​ក្នុងពិភពលោក​ប្រកាស​ផ្អាកការធ្វើចរាចរណ៍ នៅច្រកសមុទ្រ Bab al-Mandab ដែលជាច្រកផ្លូវកាត់រវាង​អាស៊ី និងអឺរ៉ុប។

ឧទ្ធម្ភាគចក្រ​របស់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន​ដែល​វាយប្រហារ​លើកប៉ាល់ដឹកទំនិញអន្តរជាតិ​នៅសមុទ្រ​ក្រហម
ឧទ្ធម្ភាគចក្រ​របស់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន​ដែល​វាយប្រហារ​លើកប៉ាល់ដឹកទំនិញអន្តរជាតិ​នៅសមុទ្រ​ក្រហម via REUTERS - HOUTHI MILITARY MEDIA
ផ្សាយពាណិជ្ជកម្ម

ក្រុមឧទ្ទាម​ហ៊ូទី​យេម៉ែន​នៅតែ​បន្ត​ធ្វើព្យុះ​ធ្វើភ្លៀង នៅ​សមុទ្រ​ក្រហម ដោយ​បើកការវាយប្រហារ​ទៅលើ​កប៉ាល់ដឹកទំនិញ​ពីរគ្រឿងទៀត នៅថ្ងៃចន្ទទី ១៨ធ្នូ។ នៅក្នុង​សេចក្តីប្រកាស ក្រុម​ហ៊ូទី​យេម៉ែន​អះអាងថា ខ្លួន​ជា​អ្នកវាយប្រហារ​ទៅលើកប៉ាល់​ដឹកទំនិញ ដែលមានទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីស្រាអែល។

ក្រុមហ៊ូទី​យេម៉ែន​ចេញមុខ​ទទួល​ខុសត្រូវ បន្ទាប់​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ន័រវែស​អះអាងថា កប៉ាល់របស់ខ្លួន ឈ្មោះ Swan Atlantic បានរងការវាយប្រហារ​ដោយ​វត្ថុ​មួយប្រភេទ​ ដែលបាន​បណ្តាល​ឲ្យកប៉ាល់ត្រូវ​ខូចខាត​បន្តិចបន្តួច ប៉ុន្តែ គ្មាន​អ្នករបួស។ កប៉ាល់ចម្បាំង​របស់​អាមេរិក USS Carney និយាយ​ថា នៅព្រឹកថ្ងៃចន្ទ គេ​បាន​ទទួល​សញ្ញា​សុំជំនួយ​ពីកប៉ាល់ដឹកទំនិញ នៅ​ភាគខាងត្បូង​សមុទ្រ​ក្រហម។

ពួកឧទ្ទាម​ហ៊ូទីផ្គើន​វាយប្រហារ​ទៅលើ​កប៉ាល់ដឹកទំនិញ នៅសមុទ្រ​ក្រហម ដោយគ្មាន​រអែង​ចិត្ត​រដ្ឋមន្រ្តីការពារជាតិ​អាមេរិក ដែលកំពុងធ្វើដំណើរ​ទៅ​តំបន់ដើមបូព៌ា ដើម្បី​និយាយ​ពី​បញ្ហា​សន្តិសុខ​ផ្លូវទឹក នៅ​សមុទ្រ​ក្រហម។

តាម​សេចក្តីប្រកាស ដែល​ក្រសួងការពារ​ជាតិអាមេរិក ចេញផ្សាយ​នៅ​ចុងសប្តាហ៍មុន ពេលទៅដល់​ប្រទេស​បារ៉ែន នៅថ្ងៃចន្ទ ប្រមុខការពារ​ជាតិ​អាមេរិក​គ្រោង​ពិភាក្សា​ជាមួយ​ប្រទេស​ដៃគូ​នៅក្នុងតំបន់​ដើម្បី​បង្កើត​កងកម្លាំងអន្តរជាតិ ដែល​មានតួនាទី​ជាអ្នកធានា​សុវត្ថិភាព ការពារ​សន្តិសុខ​ឲ្យ​រាល់​កប៉ាល់​ដឹកទំនិញអន្តរជាតិ នៅចំពោះមុខការវាយប្រហារ​ដ្រូន និងមីស៊ីល​របស់​ក្រុមហ៊ូទីយេម៉ែន នៅសមុទ្រ​ក្រហម។

តាម​ការចុះផ្សាយ​របស់​កាសែត​អង់គ្លេស The Guardian អាមេរិក​គ្រោង​កៀងគរ​សម្ព័ន្ធមិត្ត និង​ក្រុម​ប្រទេស​អារ៉ាប់ ក្នុងតំបន់​ឲ្យចូលរួម​ក្នុង​សម្ព័ន្ធ​យោធាដឹកនាំដោយ​អាមេរិក ដើម្បី​ធានា​សុវត្ថិភាព​ដល់​ការធ្វើ​ចរាចរណ៍ នៅ​សមុទ្រ​ក្រហម ជាពិសេស​នៅ​ច្រកសមុទ្រ Bab al-Mandab ចន្លោះយេម៉ែន និង​តំបន់ស្នែងអាហ្វ្រិក ជាទី​ដែល​កប៉ាល់ដឹកទំនិញអន្តរជាតិ ប្រមាណ​៤០% ត្រូវការឆ្លងកាត់រវាង​អាស៊ី និងអឺរ៉ុប។ នៅថ្ងៃ​ចន្ទ នៅមុន​កប៉ាល់ដឹកជញ្ជូន​ន័រវែស​រងការវាយប្រហារ ក្រុមហ៊ុន​ប្រេងអង់គ្លេស​បាន​ប្រកាស​ថា ខ្លួន​ផ្អាកការដឹកជញ្ជូនប្រេង​តាមច្រក​សមុទ្រក្រហម រហូតដល់​មាន​ស្ថិរភាព​ឡើង​វិញ។

នៅថ្ងៃ​សៅរ៍ កន្លងទៅ កប៉ាល់ចម្បាំងអាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះដ្រូន​៩គ្រឿង​ដែលបាញ់​ចេញពីតំបន់កាន់កាប់របស់​ពួកហ៊ូទី​នៅយេម៉ែន។ រដ្ឋាភិបាល​អង់គ្លេសវិញ បានអះអាងថា នៅថ្ងៃដដែលនោះ កប៉ាល់ចម្បាំងអង់គ្លេស​ក៏បានបាញ់ទម្លាក់​ដ្រូន​នៅក្នុង​តំបន់ដដែល ដើម្បីការពារ​កប៉ាល់ដឹកទំនិញ​របស់​អង់គ្លេស​នៅ​សមុទ្រ​ក្រហម។

គាំទ្រ​ទាំងអាវុធ និងហិរញ្ញវត្ថុពីអ៊ីរ៉ង់ ក្រុមឧទ្ទាម​ហ៊ូទី ដែលធ្វើ​សង្រ្គាមចូលគ្រប់គ្រងពាក់កណ្តាល​នៃ​ទឹកដីយេម៉ែន អះអាងថា គេវាយប្រហារ​តែទៅ​លើ​កប៉ាល់​ដឹក​ទំនិញ​ដែលសំដៅចូល​ទឹកដី​អ៊ីស្រាអែល ឬ​កប៉ាល់ទំនិញ​ដែល​មានជាប់ទាក់ទង​ផលប្រយោជន៍​របស់អ៊ីស្រាអែល ដើម្បីជាសាមគ្គីភាពជាមួយ​ប្រជាជន​ប៉ាឡេស្ទីន។ នៅថ្ងៃចន្ទ អ្នកនាំពាក្យ​របស់​ក្រុមហ៊ូទី និយាយ​ថា នៅ​ក្នុង​ការចរចា ដែល​មាន​ប្រទេស​អូម៉ង់​ជា​អន្តរការី ក្រុមហ៊ូទី​សុខចិត្ត​ឈប់​វាយប្រហារ​ទៅលើ​កប៉ាល់ដឹកទំនិញអន្តរជាតិ នៅសមុទ្រក្រហម បើសិន អ៊ីស្រាអែល​ឈប់​វាយប្រហារ​ទៅលើហ្កាហ្សា និងបើកច្រកមនុស្សធម៌ ដើម្បី​ឲ្យដឹកជញ្ជូន នាំចូល​ស្បៀងអាហារ ​ថ្នាំពេទ្យ ទៅ​ជួយប្រជាជន​ប៉ាឡេស្ទីន ក្នុង​ទឹកដីហ្កាហ្សា។

នៅក្នុងសង្រ្គាមវាយប្រហារ​លើក្រុមហាម៉ាស ជាង​២ខែ​មកនេះ អ៊ីស្រាអែលកំពុងរងការរិះគន់សូម្បីពីសម្ព័ន្ធមិត្ត​ថា កំពុង​បិទខ្ទប់ ធ្វើ​ឲ្យប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​ជួបគ្រោះអត់ឃ្លាន និង​ជំងឺរាតត្បាត មួយជាន់ទៀត​បន្ថែមពី​លើ​ទុក្ខវេទនា​ដោយសារ​ការទម្លាក់គ្រាប់បែក​របស់​កងទ័ពអ៊ីស្រាអែល

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ