អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោកនេតាន់យ៉ាហ៊ូ​ បដិសេធការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្រៅក្របខណ្ឌ​ចរចា​សន្តិភាព

លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ បាន​បដិសេធច្រានចោល នូវ​ការប្រកាស​ណាមួយ​ពី​សហគមន៍​អន្តរជាតិ ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយ​មិនឆ្លងកាត់ការចរចាសន្តិភាពជាមួយអ៊ីស្រាអែល​។ ការលើកឡើងដូច្នេះរបស់​លោកនេតាន់យ៉ាហ៊ូ គឺត្រូវបានធ្វើឡើង ក្រោយ​ការចុះផ្សាយ​របស់បណ្តាញព័ត៌មានអាមេរិក ដែល​ថាអាមេរិក​និង​ក្រុមប្រទេសអារ៉ាប់ កំពុងរៀបចំ​ផែន​ការសន្តិភាពមួយ ដែលក្នុងនោះ គឺមាន​ការ​ប្រកាសទទួល​ស្គាល់​​រដ្ឋប៉ាឡេស្ទីន​។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ AP - Abir Sultan
ផ្សាយពាណិជ្ជកម្ម

ល្ងាចថ្ងៃព្រហស្បតិ៍ ​ទី​​១៥​កុម្ភៈ លោក​​បេនចាមិន នេតាន់យ៉ាហ៊ូ បាន​​ប្រកាស​ច្រានចោល​យ៉ាងម៉ឺងម៉ាត់​ ថាអ៊ីស្រាអែល​​​មិនទទួលយកជាដាច់ខាត នូវការ​ប្រកាស​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ដោយ​អត្តនោម័ត ពីសំណាក់​សហគមន៍អន្តរជាតិ​ ប្រសិន​បើការ​ប្រកាសនោះ ធ្វើឡើង​ក្រៅក្របខណ្ឌនៃការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន​។

នៅក្នុងសារបង្ហោះលើ​បណ្តាញសង្គម​ X លោកនេតាន់យ៉ាហ៊ូ បាន​លើកឡើងថា ប្រសិនបើសហគមន៍​អន្តរជាតិ​ប្រកាសទទួលស្គាល់ដោយអត្តនោម័ត នូវរដ្ឋប៉ាឡេស្ទីន ដោយ​គ្មាន​ឆ្លងកាត់​ក្នុងដំណើរការ​ចរចាសន្តិភាព​ជាមួយអ៊ីស្រាអែល នោះគឺមានន័យថា វា​ជាការផ្តល់រង្វាន់លើកទឹកចិត្តដ៏​ធំមហិមា​ ​​ដល់​ក្រុម​ភេរវកម្ម​ហាម៉ាស ដែលបាន​ចូល​មកសម្លាប់មនុស្ស​នៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​​៧​តុលា​។​

លោកបាន​សរសេរ​​​បន្តថា ការ​ប្រកាស​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺអាចធ្វើទៅបាន​ ល្គិកណាទាល់តែឆ្លងកាត់ ការចរចា​ដោយ​ផ្ទាល់និងដោយ​គ្មានលក្ខខណ្ឌ​បឋម រវាង​ភាគីប៉ាឡេស្ទីននិង​អ៊ីស្រាអែល​។​ លោកអះអាងថា អ៊ីស្រាអែល និងបន្ត​​បដិសេធច្រានចោល មិនទទួលយកជាដាច់ខាត ចំពោះការដាក់កំហិតដោយ​អត្តនោម័តណាមួយ ពីសំណាក់សហគមន៍​អន្តរជាតិ ទាក់ទិននឹង​ដំណោះស្រាយ​សន្តិភាពរវាងអ៊ីស្រាអែលប៉ាឡេស្ទីន​។

សូមបញ្ជាក់ថា ប្រតិកម្ម​របស់​លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះ គឺត្រូវបានធ្វើឡើង ក្រោយ​ការចុះផ្សាយរបស់កាសែត Washington Post ដែលបានសរសេរថា សហរដ្ឋអាមេរិក រួមជាមួយ​ក្រុមប្រទេស​អារ៉ាប់សម្ព័ន្ធមិត្ត​ កំពុងតែ​ធ្វើការ​ងារ រៀបចំ​ផែន​ការពេញលេញមួយ ឈានទៅ​កសាងសន្តិភាពជានិរន្ត​ ក្រោយចប់សង្គ្រាមនៅហ្កាហ្សា។

ផ្អែកតាមការចុះផ្សាយនេះ ផែនការសន្តិភាពនេះ គឺ​មានដំណាក់កាលផ្អាកការប្រយុទ្ធរយៈពេល​៦សប្តាហ៍ និងមាន​ការដោះលែង​ចំណាប់ខ្មាំង ដែលក្រុមហាម៉ាសបាន​ចាប់យកទៅនៅថ្ងៃទី​៧តុលា។ ដំណាក់​កាលបន្ទាប់ គឺកំណត់ប្រក្រតីទិន ឈានទៅ​ប្រកាសរដ្ឋប៉ាឡេស្ទីនជាផ្លូវការ​។ កាសែត Washington Post ដែល​ផ្អែកតាម​ប្រភព​ពីមន្ត្រីការទូតអាមេរិក និង​ក្រុមប្រទេសអារ៉ាប់ បាន​អះអាងថា​ គេសង្ឃឹមថា​ផែនការនេះ នឹងចេញជាលាយលក្ខណ៍អក្សរ មុនបុណ្យបួសរ៉ាម៉ាដន់ ពោលគឺ​ មុនថ្ងៃទី​១០​មីនា។

គួរកត់សំគាល់ដែរថា ក្រៅពី​ប្រតិកម្មរបស់លោកនេតាន់យ៉ាហ៊ូ រដ្ឋមន្ត្រីអ៊ីស្រាអែលដ៏មានឥទ្ធិពល២នាក់ទៀត Itamar Ben Gvir និងលោក Bezalel Smotrich ក៏បាន​បដិសេធច្រាន​ចោល​ផែនការសន្តិភាព ដែលកាសែត Washington Post បានចុះផ្សាយដែរ។ ដោយចាត់ទុក រដ្ឋប៉ាឡេស្ទីនគឺជាការគំរាម​ដោយផ្ទាល់និងជារៀងដរាបមកលើ​សន្តិសុខអ៊ីស្រាអែល លោក Bezalel Smotrich រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល បានសរសេរលើបណ្តាញ​សង្គមX ថាការ​​ប្រកាសបង្កើត​រដ្ឋប៉ាឡេស្ទីននៅពេលនេះ គឺមិនខុសពីការ​ជូនរង្វាន់លើកទឹកចិត្ត​ដល់ពួកប៉ាឡេស្ទីនដែលបានវាយប្រហារ ​មកលើអ៊ីស្រាអែលនៅថ្ងៃទី៧តុលាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ