អានតួអត្ថបទ
អ៊ីស្រាអែល-លីបង់

អ៊ីស្រាអែលវាយប្រហារ​ចូលកាន់តែជ្រៅ​ទៅក្នុង​ទឹកដី​លីបង់

អ៊ីស្រាអែល​ប្រកាស​បើក​ការវាយប្រហារ​ផ្លូវអាកាស​នៅក្នុង​ទឹកដីភាគខាងត្បូង​លីបង់ នៅ​ថ្ងៃ​ពុធ ទី​១៤​កុម្ភៈ នៅប៉ុន្មានម៉ោង​ក្រោយ គ្រាប់រ៉ូក្កែត​បាញ់ចេញពី​លីបង់​បណ្តាល​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ៩នាក់ រងរបួស។ ប្រភព​កងរក្សា​សន្តិសុខ​លីបង់​និយាយប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFPថា មនុស្ស​៤នាក់ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល កាលពីថ្ងៃពុធ ក្នុងនោះ ២នាក់ ជា​កុមារ និង​ស្រ្តី១នាក់។ 

យន្តហោះចម្បាំង​របស់អ៊ីស្រាអែលនៅព្រំដែនអ៊ីស្រាអែល លីបង់នៅថ្ងៃទី ១៤​កុម្ភៈ ២០២៤
យន្តហោះចម្បាំង​របស់អ៊ីស្រាអែលនៅព្រំដែនអ៊ីស្រាអែល លីបង់នៅថ្ងៃទី ១៤​កុម្ភៈ ២០២៤ AFP - JALAA MAREY
ផ្សាយពាណិជ្ជកម្ម

នៅព្រំដែន​អ៊ីស្រាអែល និង​លីបង់ ការប៉ះទង្គិច​អាវុធ​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហេសបូឡា កើត​មាន​ជាប្រចាំ គិត​ចាប់តាំង​ពី​អ៊ីស្រាអែល​ផ្តើម​សង្រ្គាម​សងសឹក​ក្រុមហាម៉ាស​នៅហ្កាហ្សា នៅថ្ងៃទី ៧ ខែ​តុលា ឆ្នាំ​២០២៣។ ប៉ុន្តែ នៅ​ថ្ងៃ​ពុធ ទី ១៤​កុម្ភៈ ជា​លើក​ទី​១ ដែល​កងទ័ព​អ៊ីស្រាអែល​បើក​ការវាយប្រហារ​យ៉ាង​សន្ធឹក​ទៅ​ក្នុង​ទឹកដី​លីបង់ នៅប៉ុន្មានម៉ោង​ក្រោយដែលក្រុង​អ៊ីស្រាអែលនៅជាប់ព្រំដែន​ត្រូវ​គ្រាប់រ៉ូក្កែត បាញ់ចេញ​ពី​ភាគខាងត្បូង​លីបង់។ តាមគ្រូពេទ្យ​អ៊ីស្រាអែល នៅក្នុង​ការវាយប្រហារ​គ្រាប់រ៉ូកែ្កត មនុស្ស​របួស​៧នាក់ ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តាម​ឧទ្ធម្ភាគចក្រ។

ក្រុមហេសបូឡា ដែលធ្លាប់ជាអ្នក​វាយប្រហារ​ញឹកញយ​លើទីតាំង​យោធា​របស់​អ៊ីស្រាអែល នៅព្រំដែន​អ៊ីស្រាអែល លីបង់ មិនទាន់​ចេញមុខ​ទទួលខុសត្រូវ​លើការវាយប្រហារ​លើ​ភូមិអ៊ីស្រាអែល។ ប៉ុន្តែ ជាការសងសឹកតបវិញ អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះចម្បាំង​ទៅ​វាយប្រហារ​គោលដៅ​មួយចំនួន ដែលស្ថិតនៅ​ចម្ងាយ​ពី​១០ ទៅ ២៥​គីឡូម៉ែត្រ​ពីព្រំដែន។

តាមអាជ្ញាធរលីបង់ ការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល នៅថ្ងៃ​ពុធ បាន​សម្លាប់មនុស្ស​៤នាក់ ដែលនៅក្នុងនោះ មាន​កុមារ​ពីរនាក់ និង​ស្ត្រីម្នាក់។

ដោយចុច​ដៅ​វាយប្រហារ​ទីតាំង​របស់​ក្រុមហេសបូឡា អ៊ីស្រាអែល​ចូលវាយកាន់តែជ្រៅ ទៅក្នុង​ទឹកដីលីបង់។ នៅថ្ងៃ​អង្គារ មេដឹកនាំ​ក្រុមហេសបូឡា​លីបង់​បាន​ព្រមាន​សាជាថ្មីថា ស្ថានការណ៍​នៅព្រំដែន​អ៊ីស្រាអែល និងលីបង់​គ្មានថ្ងៃ​ធូរស្រាល​ឡើងវិញទេ ដរាបណា​អ៊ីស្រាអែល​មិន​ឈប់ធ្វើ​សង្រ្គាម​នៅហ្កាហ្សា។

បារម្ភខ្លាច​ពីការផ្ទុះរាលដាល​សង្រ្គាម​មួយទៀត នៅ​ព្រំដែនលីបង់ និងអ៊ីស្រាអែល ប្រជាជន​របស់​ប្រទេសទាំងពីរ​ត្រូវ​បានជម្លៀសចេញពី​ភូមិក្រុង​នៅតាម​ព្រំដែន។ អ៊ីស្រាអែល​ផ្ទាល់​បាន​ជម្លៀស​ប្រជាជន​របស់ខ្លួន​ចេញពី​ភូមិ ដើម្បីគេចចេញពី​គ្រាប់រ៉ូក្កែត ដែល​ពួកហាម៉ាស នៅលីបង់ និង​ពួកហេសបូឡា​បាញ់ចេញ​ពីភាគខាងត្បូង​លីបង់។

នៅក្នុង​សារថ្លែង​ទៅកាន់អ្នកគាំទ្រ​របស់ខ្លួន នៅថ្ងៃ​អង្គារ ប្រមុខដឹកនាំ ហេសបូឡា លោក​ហាសាន់ ណាស្រាឡា​បាន​ព្រមានថា បើសិន​អ៊ីស្រាអែល​ពង្រីកមុខធ្វើសង្រ្គាម​ជាមួយ​លីបង់ នោះ ទាហាន​ហេសបូឡា​នឹងវាយប្រហារ​តប​វិញ។ សម្រាប់​មេដឹកនាំ​ក្រុមហេសបូឡា លីបង់​មិន​ទន់ខ្សោយ មិនខ្លាចការគំរាម ឬចុះចាញ់​ទទួលយកលក្ខខណ្ឌ​ពីខាងក្រៅដាច់ខាត។ “គ្មានថ្ងៃទេ​ដែល​ហេសបូឡា​ដកកម្លាំងទ័ពរបស់ខ្លួនចេញពីតំបន់ជាប់ព្រំដែនអ៊ីស្រាអែល”។

លោកហាសាន់ ណាស្រាឡា​ទំនង​ចង់និយាយដល់​សំណើ​របស់​បារាំងនៅ​សប្តាហ៍នេះ ដែល​គេបាន​ដាក់ជូន​រដ្ឋាភិបាល​លីបង់ និង​អ៊ីស្រាអែលឲ្យពិចារណា ដែលនៅក្នុង​នោះ មានការទាមទារ​ឲ្យ​ទាហាន​ហេសបូឡា​ដកថយ ចម្ងាយ ពី ១០ ទៅ ១២គីឡូម៉ែត្រ​ពីព្រំដែន។

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ផ្ទាល់​ធ្លាប់​ប្រាប់​ភាគី​បារាំង ឲ្យ​ជួយអន្តរាគម​ផ្លូវការទូត ព្រោះថា អ៊ីស្រាអែលមិនចង់ឈ្លោះ​រាលដាល​ជាមួយ​លីបង់ទេ។ ប៉ុន្តែ នៅ​សប្តាហ៍មុន រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល ព្រមានថា គេ​ជិតអស់​ពេលវេលា​ដើម្បី​ចរចា​ការទូត។ បើសិន​ដំណោះស្រាយ​ការទូត​មិនអាច​ចេញរូបរាង អ៊ីស្រាអែល​មានតែ​ត្រូវ​ប្រើ​ផ្លូវយោធា ដើម្បីធានាសន្តិសុខ​បើកផ្លូវ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​អាច​ត្រលប់មក​រស់នៅ​ក្នុង​ភូមិក្រុង​នៅតាមព្រំដែនឡើងវិញ។ ដើម្បីធានា​សន្តិសុខ ប្រជាជន​របស់ខ្លួន អ៊ីស្រាអែល​មិន​ខ្លាច​នឹង​បើកការវាយប្រហារ​រុញច្រាន​ក្រុមហេសបូឡាលីបង់ ឲ្យចេញឆ្ងាយ​ពីព្រំដែន ដើម្បីកុំ​ឲ្យក្រុមនេះ​អាច​បាញ់គ្រាប់រ៉ូក្កែត គំរាមកំហែងអាយុជីវិត​របស់ប្រជាជន​អ៊ីស្រាអែល។ គួរបញ្ជាក់ថា គិតចាប់តាំង​មាន​សង្រ្គាមនៅហ្កាហ្សា អំពើហិង្សា វាយប្រហារគ្នាទៅវិញ ទៅមក​រវាង​ពួកហេសបូឡា និង​ទាហាន​អ៊ីស្រាអែល​សម្លាប់មនុស្ស ២៤៣នាក់​នៅទឹកដី​លីបង់ និង​១៥នាក់នៅភាគីអ៊ីស្រាអែល។ ភាគច្រើននៃ​អ្នកបាត់បង់ជីវិត ជា​ទាហាន​ហេសបូឡា និង​ទាហាន​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ