អានតួអត្ថបទ
អ៊ីស្រាអែល-ហ្កាហ្សា

កងទ័ពអ៊ីស្រាអែល​រំដោះ​បាន​ចំណាប់ខ្មាំង​២នាក់ ប៉ុន្តែ សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាងតិច ៦០នាក់

កងទ័ពអ៊ីស្រាអែល​បាន​ប្រកាសនៅ​ព្រឹកព្រលឹមថ្ងៃចន្ទទី ១២​កុម្ភៈនេះថា​ ខ្លួនបានចូលទៅ​រំដោះ​យកបាន​ចំណាប់ខ្មាំង​ពីរនាក់ នៅក្នុង​ប្រតិបត្តិការ​យោធា នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ នៅទីក្រុង​រ៉ាហ្វា ភាគខាងត្បូង​ហ្កាហ្សា ជាប់ព្រំដែន​អេហ្ស៊ីប។ ប្រតិបត្តិការ​រំដោះចំណាប់ខ្មាំង ដែល​មាន​អម​ដោយ​ការទម្លាក់គ្រាប់​របស់​កងទ័ព​អ៊ីស្រាអែល បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន យ៉ាងតិច ៦០នាក់ ហើយភាគច្រើនជា​ស្រ្តីនិងកុមារ។ 

កងទ័ពអ៊ីស្រាអែល​រំដោះ​បាន​ចំណាប់ខ្មាំង​២នាក់ ប៉ុន្តែ សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាងតិច ៦០នាក់
កងទ័ពអ៊ីស្រាអែល​រំដោះ​បាន​ចំណាប់ខ្មាំង​២នាក់ ប៉ុន្តែ សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាងតិច ៦០នាក់ © Susana Vera / Reuters
ផ្សាយពាណិជ្ជកម្ម

នៅយប់ថ្ងៃអាទិត្យទី ១១​កុម្ភៈ កងកុម្ម៉ង់ដូរពិសេស​របស់​អ៊ីស្រាអែល​បើក​ប្រតិបត្តិការ​ចូលទៅ​រំដោះ​ចំណាប់ខ្មាំង​អ៊ីស្រាអែល នៅទីក្រុង​រ៉ាហ្វា ភាគខាងត្បូង​របស់​ហ្កាហ្សា ជាប់ព្រំដែន​អេហ្ស៊ីប។ បើតាម​អ្នកនាំពាក្យ​របស់​កងទ័ព​អ៊ីស្រាអែល គេបាន​គិតទុក​គម្រោងការនេះជាយូរមកហើយ ដោយ​រង់ចាំ​តែ​ឱកាស​តែប៉ុណ្ណោះ។ ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​ជា​ប្រតិបត្តិការ​ដ៏ស្មុគស្មាញបំផុត។

ចំណាប់ខ្មាំង​ត្រូវ​ចាប់ឃុំ​នៅជាន់ទី២​ក្នុង​អគារ​មួយ​ក្នុង​ទីក្រុង​រ៉ាហ្វា ប៉ុន្តែ កងកុម្ម៉ង់ដូរ​អាច​សម្រូតខ្លួន ចូលទៅ​ក្នុង​អគារ និង​ប៉ះទង្គិចអាវុធ​ជាមួយ​ក្រុមប្រដាប់អាវុធ ដែលស្ថិតនៅ​អគារ​ជិតខាង។ កងទ័ពអ៊ីស្រាអែលអះអាងថា គេ​បាន​សម្លាប់​ភេរវជន​ជាច្រើននាក់ ប៉ុន្តែ មាន​ទាហាន​អ៊ីស្រាអែល​ម្នាក់​ស្លាប់។

ចំណែក ចំណាប់ខ្មាំង​ពីរនាក់ ដែលមានអាយុ ៦០ និង​៧០ឆ្នាំ ត្រូវ​កងកុម្ម៉ង់ដូរ​រំដោះយកចេញ និង​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​សំដៅ​មន្ទីរពេទ្យ ក្នុងទឹកដីអ៊ីស្រាអែល នៅ​យប់ថ្ងៃអាទិត្យ។ តាម​ប្រធាន​មន្ទីរពេទ្យ ចំណាប់ខ្មាំង​ទាំងពីរនាក់​ស្ថិត​ក្នុងស្ថានភាពនឹងន ផុតពី​គ្រោះថ្នាក់។

ប្រធានាធិបតី​អាហ្សង់ទីន​បាន​ផ្ញើសារ​ថ្លែងអំណរគុណ​កងទ័ពអ៊ីស្រាអែល ព្រោះថា ចំណាប់ខ្មាំង​១នាក់ ដែល​អ៊ីស្រាអែល​រំដោះម្សិលមិញ ជា​ជនជាតិអាហ្សង់ទីន ដែលត្រូវ​ពួកហាម៉ាស​ចូល​មកចាប់អូសយកទៅទុក​នៅ​ហ្កាហ្សា តាំងពីថ្ងៃទី​៧​តុលា ឆ្នាំមុន។

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូដែលតាមដាន​ប្រតិបត្តិការ​រំដោះចំណាប់ខ្មាំង កាលពីយប់ថ្ងៃអាទិត្យ ក៏ថ្លែងកោតសរសើរ​កងទ័ព​អ៊ីស្រាអែលដែរ។

ក្រុមហាម៉ាស​វិញ បាន​ព្រមានថា បើសិន​អ៊ីស្រាអែល​វាយប្រហារជើងគោក ​ចូលទីក្រុង​រ៉ាហ្វា នោះ​កិច្ចព្រមព្រៀង​ស្តីពី​ការដោះលែង​ចំណាប់ខ្មាំង​នឹង​ត្រូវ​រលាយសាបសូន្យ។ ក្រុមគ្រួសារ​របស់​ចំណាប់ខ្មាំង ដែលត្រូវ​ពួកហាម៉ាស​ចាប់យកទៅ​ឃុំ​នៅ ហ្កាហ្សា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​បន្ត​ចរចា​ព្រោះថា នៅមាន​មនុស្ស​ជាង​១០០នាក់ ដែលកំពុង​ស្ថិតនៅជា​ចំណាប់ខ្មាំង​ក្នុងដៃ​របស់​ពួកហាម៉ាស។

ប៉ុន្តែ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ដែល​ធ្លាប់​បិទផ្លូវ​ចរចាជាមួយ​ក្រុមហាម៉ាស និងបញ្ជា​ឲ្យ​កងទ័ពអ៊ីស្រាអែល​ត្រៀមវាយចូល​ទីក្រុង​រ៉ាហ្វា ភាគខាងត្បូង​ហ្កាហ្សា ដើម្បី​គាស់រំលើង បំផ្លាញក្រុមហាម៉ាស​នៅ​ហ្កាហ្សា ​បានបញ្ជាក់​កាលពីថ្ងៃ​អាទិត្យថា មានតែការដាក់សម្ពាធយោធា​រហូត​ដល់​ជ័យជំនះ​ទាំងស្រុង​ទេ ដែល​អាច​ឈាន​ទៅរំដោះ​ចំណាប់ខ្មាំង។ អ៊ីស្រាអែល​ចូល​ទៅ​រំដោះចំណាប់ខ្មាំង​បាន ២នាក់ មែន ប៉ុន្តែ ការទម្លាក់គ្រាប់​របស់​កងទ័ពជើងអាកាស​អ៊ីស្រាអែល​សម្រាប់បើកផ្លូវ​ចូលទៅ​រំដោះចំណាប់ខ្មាំង បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន​យ៉ាងហោច ៦៧នាក់ ជាពិសេស​មនុស្ស​ស្រីនិងកុមារ ដែលកំពុង​លង់លក់ នៅក្នុង​បរិវេណ​វាយប្រហារ​របស់​អ៊ីស្រាអែល។

សូមបញ្ជាក់ថា បន្ទាប់ពី​កម្ទេច​ស្ទើរទាំងស្រុង​ភាគខាងជើង​ហ្កាហ្សា កងទ័ព​អ៊ីស្រាអែលកំពុង​បែរតម្រង់​មកទិសខាងត្បូង ជាពិសេស ទីក្រុង​រ៉ាហ្វា ជាប់ព្រំដែនអេហ្ស៊ីប។ ការណ៍នេះ​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ និងសូម្បីតែ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល ទាញសញ្ញាអាសន្ន​ពី​គ្រោះមហន្តរាយ​សម្លាប់ជីវិត​មនុស្ស ព្រោះថា រ៉ាហ្វា ជា​កន្លែងជ្រកកោន​ចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែល​កំពុង​រស់នៅ​កកកុញ នៅទីនោះ ក្នុង​ស្ថានភាពដ៏អត្តខាត់បំផុត។

មាន​ការអំពាវនាវ​កាន់តែច្រើន ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​គិតគូរ​ពី​អាយុជីវិត​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែលកំពុងជាប់គាំង​នៅ​ទីក្រុង​រ៉ាហ្វា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​នៅ​សប្តាហ៍មុន ធ្លាប់បាន​បញ្ជា​ឲ្យកងទ័ពអ៊ីស្រាអែល​រៀបចំ​ជម្លៀស​ប្រជាជន​ប៉ាឡេស្ទីន​ចេញ​ពី​រ៉ាហ្វា ប៉ុន្តែ​មិន​បាន​បញ្ជាក់ទីកន្លែងថ្មី​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​នោះទេ។

សង្រ្គាមសងសឹក​របស់អ៊ីស្រាអែល​ទៅលើ​ក្រុមហាម៉ាស​នៅទឹកដីហ្កាហ្សា ជាង ៥ខែមកនេះ បាន​សម្លាប់ប្រជាជន​ប៉ាឡេស្ទីន ជាង ២៨ ០០០នាក់ ចំណែក​សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង​នៅភាគខាងជើង​ហ្កាហ្សា​ត្រូវ​បំផ្លាញខ្ទេចខ្ទីរគ្មានសល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ