អានតួអត្ថបទ
អាមេរិក-យេម៉ែន

ហ៊ូទីយេម៉ែន៖ តើអាមេរិកនិងសម្ព័ន្ធមិត្តអាចសម្រេចគោលដៅនៅយេម៉ែនដែរឬទេ?

កងទ័ពអាមេរិក​កាន់តែមមាញឹក​នៅដើមបូព៌ា។ បន្ទាប់ពី​ចេញទៅ​ទម្លាក់គ្រាប់​លើ​ទីតាំង​របស់​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និង​ក្រុមប្រដាប់អាវុធដែលជា​គ្នីគ្នា​របស់អ៊ីរ៉ង់​នៅ ក្នុងទឹកដីស៊ីរី និង​អ៊ីរ៉ាក់ កងទ័ពអាមេរិក​បាន​ប្រកាស​នៅថ្ងៃអាទិត្យទី​៤កុម្ភៈនេះថា ​បាន​រួមដៃគ្នាជាមួយ​អង់គ្លេស បើកការវាយប្រហារ​ទៅលើក្រុមហ៊ូទី ដែលជា​គ្នីគ្នា​មួយទៀតរបស់​អ៊ីរ៉ង់នៅយេម៉ែន។ អ៊ីរ៉ង់​វិញ​បាន​ព្រមានថា ការវាយប្រហារ​របស់​អាមេរិកទាំងនៅ​អ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន​ជា​យុទ្ធសាស្រ្តគិតខុស និងកំពុងរំលោភដែនអធិបតេយ្យភាពរបស់​ប្រទេសដទៃ។ ប៉ុន្តែ អ៊ីរ៉ង់​មិន​ទាន់​ប្រកាស​ចាត់វិធានការ​ក្តៅតបត​នឹង​អាមេរិក​នៅឡើយទេ។ 

ទាហានអង់គ្លេស​ត្រៀមយន្តហោះចម្បាំង​សម្រាប់បេសកកម្ម​នៅសមុទ្រ​ក្រហម
ទាហានអង់គ្លេស​ត្រៀមយន្តហោះចម្បាំង​សម្រាប់បេសកកម្ម​នៅសមុទ្រ​ក្រហម AP - Cpl Samantha Drummee
ផ្សាយពាណិជ្ជកម្ម

កងទ័ពអាមេរិកនៅក្នុងតំបន់ដើមបូព៌ា​រវល់មមាញឹកខ្លាំង​នៅ​ចុងសប្តាហ៍នេះ។ បន្ទាប់ពីទម្លាក់​គ្រាប់បែក​បំផ្លាញទីតាំង​យោធាជាច្រើនកន្លែង​របស់​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និង​ក្រុមប្រដាប់អាវុធ​ដែលគាំទ្រ​ដោយ​អ៊ីរ៉ង់ នៅ​ក្នុងទឹកដីស៊ីរី និង​អ៊ីរ៉ាក់ កងទ័ពអាមេរិក​បាន​ត្រលប់មកចាប់ដៃ​ជាមួយ​កងទ័ពអង់គ្លេស​បើកការវាយប្រហារ​រួមគ្នាលើ​ក្រុមហ៊ូទីវិញម្តងដែលជាគ្នីគ្នា​ ​មួយទៀត របស់​អ៊ីរ៉ង់ក្នុងទឹកដី​យេម៉ែន។

នៅក្នុង​សេចក្តីថ្លែងការណ៍​​ថ្ងៃអាទិត្យ​ទី​៤កុម្ភៈ ​អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក​នៅតំបន់ដើមបូព៌ា Centcom បានប្រកាស​ថា កងទ័ពអាមេរិក និងអង់គ្លេស​ដែល​មាន​ការ​គាំទ្រ​ពីសម្ព័ន្ធអន្តរជាតិ​ដើម្បី​ការពារ​សមុទ្រក្រហម Prosperity Guardianបានបើកការវាយប្រហារនៅ​ទឹកដីយេម៉ែន ដោយដៅតម្រង់ទីតាំង​ចំនួន​៣៦​របស់​ក្រុមឧទ្ទាមហ៊ូទី នៅ​កន្លែងចំនួន១៣ផ្សេងគ្នា​នៅ​យេម៉ែន។ បើតាម Centcom ប្រតិបត្តិការយោធា​នៅយេម៉ែន​ជាការវាយបកទៅលើ​ក្រុមហ៊ូទីយេម៉ែន​ដែលនៅតែបន្ត​​ធ្វើសកម្មភាពដ៏គ្រោះថ្នាក់ គំរាមកំហែង​ចរាចរណ៍កប៉ាល់ដឹកទំនិញអន្តរជាតិ​នៅ​សមុទ្រក្រហម។

ជាក់ស្តែង កងទ័ពអាមេរិក​កម្ទេច​បានមីស៊ីលប្រឆាំង​កប៉ាល់​ចំនួន​៦ដើម មុន​នឹង​បាញ់បំផ្លាញទាន់ពេលវេលា មីស៊ីលប្រឆាំង​នាវាមួយដើមទៀត ដែល​ក្រុមឧទ្ទាមហ៊ូទី​ប្រុងប្រៀបនឹង​បាញ់​នៅ​ថ្ងៃអាទិត្យនេះ។

ជារួម អគ្គបញ្ជាការកងទ័ពអាមេរិក​នៅ​ដើមបូព៌ា​អះអាងថា ប្រតិបត្តិការយោធា​រួមគ្នា​ជាលើកទី​៣​របស់អាមេរិក និង​អង់គ្លេស​លើកនេះ​សំដៅទីតាំងយោធា​១៣កន្លែង​របស់ក្រុមហ៊ូទីយេម៉ែន ដូចជា​កន្លែងស្តុកទុកអាវុធក្រោមដី​របស់​ពួកហ៊ូទី ដ្រូន ប្រព័ន្ធបាញ់មីស៊ីល និងជើងទ្របាញ់មីស៊ីល និង​ប្រព័ន្ធការពារ​ដែនអាកាស និង​រ៉ាដា​របស់ក្រុមហ៊ូទី។

សម្រាប់​រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក​Lloyd Austin ការវាយប្រហារ​នៅក្នុងទឹកដីយេម៉ែន​មានគោលដៅធំគឺ រំខាន បំបាក់កម្លាំង​ សមត្ថភាពយោធា​របស់​ក្រុមហ៊ូទី ដើម្បីកុំឲ្យក្រុមនេះ​មាន​​សមត្ថភាព​គំរាមកំហែង​សន្តិសុខ​នៅសមុទ្រ​ក្រហមតទៅទៀត។

ក្រុមហ៊ូទីដែលឈ្នះសង្រ្គាមចូលកាន់កាប់ទឹកដីមួយភាគធំនៅយេម៉ែន​បានប្រតិកម្មថា ខ្លួន​នឹង​មិននៅស្ងៀម ប៉ុន្តែ នឹងវាយបកវិញ នៅក្រោយ​ការវាយប្រហាររបស់អាមេរិក។ អ្នកនាំពាក្យ​របស់​​ក្រុមហ៊ូទីយេម៉ែនបាន​ព្រមានដែរ គេមានជម្រើសពីរ ឬមួយ​សន្តិភាពសម្រាប់ក្រុមហ៊ូទីនៅយេម៉ែន សម្រាប់ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា ឬ​គ្មាន​សន្តិភាពទាល់តែសោះ គ្មានសន្តិសុខសម្រាប់អាមេរិក​នៅក្នុងតំបន់ដើមបូព៌ា។ អ៊ីរ៉ង់វិញ តាមរយៈអ្នកនាំពាក្យរបស់​ក្រសួងការបរទេស​បាន​ថ្កោលទោស​ចាត់ទុក​ការវាយប្រហារ​របស់​អាមេរិក​និងអង់គ្លេស​ថា ជា​ការរំលោភម្តងហើយ ម្តងទៀត ដែនអធិបតេយ្យភាព និង​បូរណភាពទឹកដីយេម៉ែន ព្រមទាំង​ច្បាប់អន្តរជាតិ។ សម្រាប់​អ៊ីរ៉ង់ ដោយ​វាយប្រហារ​នៅក្នុងទឹកដី​អ៊ីរ៉ាក់ ស៊ីរី និង​យេម៉ែន អាមេរិក​​កំពុងធ្វើផ្ទុយនឹងការអះអាងរបស់ខ្លួនដែលថា គ្មានគោលបំណង​ចង់​បង្កជម្លោះ បញ្ឆេះភ្លើងសង្រ្គាម​នៅក្នុងតំបន់​។ តាមភាគីអ៊ីរ៉ង់​អាមេរិក​បាន​រំលោភច្បាប់អន្តរជាតិដើម្បីសម្រេច​គោលដៅ​របស់ខ្លួន។ ប៉ុន្តែ អ៊ីរ៉ង់​បាន​ព្រមានហើយថា អាមេរិក​មិនអាច​សម្រេច​គោលដៅ​របស់ខ្លួន​បានទេ។ ជាក់ស្តែង ការវាយប្រហារ​ពីអាមេរិក និងអង់គ្លេស មិនបានធ្វើ​ឲ្យក្រុមឧទ្ទាមហ៊ូទីចុះញ៉ម។ ផ្ទុយទៅវិញក្រុមនេះ​​​រឹត​តែ​ប្តេជ្ញាចិត្ត​ មិន​បន្ថយ​ដៃ​វាយប្រហារនៅសមុទ្រ​ក្រហម។​

នៅក្រោយ​អង់គ្លេស​ចូលរួមជាមួយអាមេរិក​វាយប្រហារ​លើ​ក្រុមហ៊ូទី នៅយេម៉ែន រដ្ឋមន្រ្តីការបរទេស​អង់គ្លេសវិញ បានទាមទារ​ឲ្យអ៊ីរ៉ង់​​ទទួលខុសព្រោះថា អស្ថិរភាព​នៅសមុទ្រ​ក្រហមបង្កឡើងដោយ​ក្រុមប្រដាប់អាវុធ​ដែល​អ៊ីរ៉ង់បានបង្កើត ជួយឧបត្ថម្ភទាំងថវិកា និងសព្វាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ