អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការឡាអេ​បើកសវនាការស្តាប់អាហ្វ្រិកខាងត្បូងចោទអ៊ីស្រាអែល​ពីបទប្រល័យពូជសាសន៍​នៅហ្កាហ្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បីខែ​ក្រោយ​ធ្វើ​សង្រ្គាម​នៅទឹកដី​ហ្កាហ្សា ដើម្បី​សងសឹក​នឹង​ក្រុមហាម៉ាសដែលវាយឆ្មក់ចូលសម្លាប់​មនុស្ស​នៅទឹកដីអ៊ីស្រាអែល តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​សវនានៅថ្ងៃ​ព្រហស្បតិ៍ទី​១១​មករា ទៅតាម​ពាក្យបណ្តឹង​របស់​អាហ្វ្រិកខាងត្បូង ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ នៅ​ហ្កាហ្សា។ គិត​ចាប់តាំង​ពីការវាយប្រហារ​របស់​ក្រុមប្រដាប់អាវុធ​ហាម៉ាស​ដែល​បានចូលសម្លាប់មនុស្ស​ប្រមាណ ១១៤០នាក់ នៅ​អ៊ីស្រាអែល ប្រតិបត្តិការសងសឹក​របស់​កងទ័ពអ៊ីស្រាអែល នៅទឹកដីហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី ៧​តុលា បាន​សម្លាប់ប្រជាជន​ប៉ាឡេស្ទីន​យ៉ាងតិច ២៣ ០០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ស្ត្រី និងកុមារ។ 

តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​សវនានៅថ្ងៃ​ព្រហស្បតិ៍នេះ ទៅតាម​ពាក្យបណ្តឹង​របស់​អាហ្វ្រិកខាងត្បូង ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ នៅ​ហ្កាហ្សា
តុលាការ​យុត្តិធម៌អន្តរជាតិ នៅទីក្រុង​ឡាអេ បាន​សវនានៅថ្ងៃ​ព្រហស្បតិ៍នេះ ទៅតាម​ពាក្យបណ្តឹង​របស់​អាហ្វ្រិកខាងត្បូង ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល ថា បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ នៅ​ហ្កាហ្សា REUTERS - THILO SCHMUELGEN
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ហូងឡង់ តុលាការ​យុត្តធម៌​អន្តរជាតិនៅ​ទីក្រុង​ឡាអេ នៅថ្ងៃ​ព្រហស្បតិ៍នេះ​បើកសវនាការ​លើសំណុំរឿង​ប្រល័យពូជសាសន៍​នៅ​ហ្កាហ្សា ដែលមានប្រជាជន​ប៉ាឡេស្ទីនជា​ជនរងគ្រោះ។ ម្ចាស់ដើមបណ្តឹងនៅក្នុងរឿងនេះ គឺ​អាហ្វ្រិកខាងត្បូង ចំណែក​អ៊ីស្រាអែល​ជា​អ្នករង​ការចោទប្រកាន់។

 តុលាការ​ក្រុងឡាអេ បើកសវនាការ​នៅថ្ងៃនេះ បន្ទាប់ពី​បាន​ទទួលពាក្យ​បណ្តឹង​របស់​អាហ្វ្រិក​ខាងត្បូង កាលពីថ្ងៃទី ២៩​ធ្នូ​កន្លងទៅ ដែលនៅក្នុងនោះ អាហ្វ្រិកខាងត្បូង​ចោទប្រកាន់​អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍​នៅហ្កាហ្សា។ អាហ្វ្រិកខាងត្បូង​ចេញមុខ ចោទប្រកាន់​អ៊ីស្រាអែល ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ដោយសារ​ហេតុផលពីរ៖

ទី១ ដោយសារតែ​តុលាការយុត្តិធម៌អន្តរជាតិជាអ្នកដោះស្រាយវិវាទ​រវាង​ប្រទេស ហើយ​ប៉ាឡេស្ទីន​នៅមិនទាន់មានរូបរាងជា​ប្រទេស។ អាហ្វ្រិកខាងត្បូង ចេញមុខ​ជំនួស​ប្រជាជន​ប៉ាឡេស្ទីន ប្តឹង​អ៊ីស្រាអែល។ ម្យ៉ាង អាហ្វ្រិកខាងត្បូង និង​អ៊ីស្រាអែល សុទ្ធជាប្រទេស​ហត្ថលេខី​នៃអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​ប្រល័យពូជសាសន៍ ដែល​គេបានបង្កើតឡើង​នៅ​ឆ្នាំ ១៩៤៨ នៅក្រោយ​ពីមាន​ការសម្លាប់​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ជ្វីហ្វ នៅក្នុង​សង្រ្គាមលោកលើកទី២។ ដោយដាក់ពាក្យបណ្តឹង​ប្រឹង​អ៊ីស្រាអែល អាហ្វ្រិកអះអាងថា ខ្លួន ធ្វើ ក្នុងនាមជា​ហត្ថលេខីមួយ​នៃអនុសញ្ញា​ស្តីពី​អំពើប្រល័យពូជសាសន៍។ សម្រាប់​អាហ្វ្រិកខាងត្បូង ដោយ​ធ្វើសង្រ្គាម នៅទឹកដីហ្កាហ្សា ដែលបាន​សម្លាប់​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន ជាង ២ម៉ឺននាក់ គិតចាប់តាំង​ពីថ្ងៃទី ៧​តុលា អ៊ីស្រាអែល​បាន​រំលោភសំដី ពាក្យប្តេជ្ញា​របស់ខ្លួន នៅ​ពេលចុះហត្ថលេខាលើ​អនុសញ្ញា ដោយ​ថា អ៊ីស្រាអែល​នឹង​ទប់ស្កាត់​មិន​ឲ្យ​មានការសម្លាប់​ប្រល័យពូជសាសន៍ កើតមាន​សាជាថ្មី នៅក្នុងពិភពលោក។

ទី២ អាហ្វ្រិកខាងត្បូង​ចេញមុខ​ជួយការពារ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន មកពី អាហ្វ្រិកខាងត្បូង ធ្លាប់មាន​ប្រវត្តិ​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​ប្រជាជនប៉ាឡេស្ទីន តាំង​ពី​នៅ​អតីតកាល។ គណបក្ស​កាន់អំណាច​នៅអាហ្វ្រិកខាងត្បូង​សព្វថ្ងៃ គឺ​គណបក្ស​សភាជាតិ​អាហ្រ្វិក​ធ្លាប់​មាន​ប្រវត្តិសាមគ្គីភាពជាមួយ ប៉ាឡេស្ទីន តាំង​ពី​ជំនាន់ លោកប្រធានាធិបតី​អាហ្វ្រិកខាងត្បូង នែលសុន ម៉ង់ដេឡា​ម្ល៉េះ។ ធ្លាប់​តស៊ូ ប្រឆាំង​នឹង​ការគ្រប់គ្រង របស់​ក្រុមស្បែកស រហូត​ទទួល​បានការបោះឆ្នោត​ប្រជាធិបតេយ្យ ថ្នាក់ដឹកនាំ​ជាតិនិយម​អាហ្វ្រិកខាងត្បូង​យល់ថា ប្រជាជន​ប៉ាឡេស្ទីន​ក៏​រងគ្រោះ​ឈឺចាប់ ដោយសារ​ការជិះជាន់​ដូចជា​ប្រជាជន​អាហ្វ្រិកខាងត្បូង។ នៅ​ខែ​ធ្នូ​កន្លងទៅនេះ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង ដែលធ្លាប់ចេញមុខ​រិះគន់​សង្រ្គាមអ៊ីស្រាអែល​នៅហ្កាហ្សា បាន​និយាយប្រាប់ថ្នាក់ដឹកនាំជ្វីហ្វ​នៅអាហ្រ្វិកខាងត្បូងថា រដ្ឋាភិបាល​របស់​លោក​ឈរ នៅ​ខាងប្រជាជន​ប៉ាឡេស្ទីន ដែល​រង​ការជិះជាន់ ការធ្វើបាប​រាប់ទសវត្សរ៍ ដូច​ប្រជាជន​អាហ្វ្រិកខាងត្បូង។

តើ​ពិតជា​មាន​ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា ដូចការលើកឡើង​របស់​អាហ្វ្រិកខាងត្បូង?

នៅក្នុង​ឯកសារ​បណ្តឹង​កម្រាស់ ៨៤ទំព័រ ដែលដាក់​ជូន​ទៅកាន់តុលាការ​យុត្តិធម៌អន្តរជាតិ ភាគីអាហ្វ្រិកខាងត្បូង​អះអាងថា ពិតជា​មានការប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា ដោយ​សំអាង​ទៅលើ​សេចក្តីរាយការណ៍​របស់អ្នកកាសែត អង្គការ​មនុស្សធម៌ សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​សេចក្តីប្រកាសផ្លូវការ​របស់រដ្ឋាភិបាលអ៊ីស្រាអែល​ខ្លួនឯង។

ភាគី​អាហ្វ្រិកខាងត្បូងនិយាយ​ថាខ្លួន​ចោទប្រកាន់​អ៊ីស្រាអែល​ពីបទ​សម្លាប់ប្រល័យពូជសាសន៍​ប្រជាជនប៉ាឡេស្ទីន​ក៏ព្រោះថា ការទម្លាក់គ្រាប់ សង្រ្គាម​ឈ្លានពានរបស់​កងទ័ពអ៊ីស្រាអែល​នៅហ្កាហ្សា មាន​គោលដៅ​បំផ្លាញ​ផ្នែក​សំខាន់​របស់​ជាតិ ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុង​ពាក្យបណ្តឹង​របស់ខ្លួន អាហ្វ្រិកខាងត្បូង​បាន​ទាមទារ​ពីរ​ចំណុចសំខាន់។ ទី១ គឺ​អាហ្វ្រិកខាងត្បូង​ចង់​ឲ្យ​តុលាការ​យុត្តិធម៌អន្តរជាតិ​ចេញ​សាលក្រមថា អ៊ីស្រាអែល​រំលោភ​កាតព្វកិច្ច​របស់ខ្លួន ដែលមាន​ចែង​នៅក្នុង​អនុសញ្ញា​ស្តីពី​អំពើប្រល័យពូជសាសន៍។ ជាមួយសេចក្តីសម្រេច​នេះ តុលាការក្រុងឡាអេ​អាច​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់ជា​បន្ទាន់​សកម្មភាព វិធានការ​ដែល​បង្ក​ឲ្យមានការខាតបង់​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ប៉ាឡេស្ទីន។ នៅក្នុងចំណុច​ទាមទារទី១​របស់ខ្លួន អាហ្វ្រិកខាងត្បូង​ចង់​ឲ្យ​តុលាការក្រុងឡាអេ​កាត់ទោស​ឧក្រិដ្ឋជន​ដែលជាប់ពាក់ព័ន្ធ​នឹងការសម្លាប់ប្រល័យពូជសាសន៍លើប្រជាជន​ប៉ាឡេស្ទីន។​

ចំណុចទី​២​ដែលអាហ្វ្រិកខាងត្បូង ទាមទារ​ដែរ គឺ គេ​ចង់​ឲ្យ​តុលាការ​ក្រុងឡាអេ​ចេញសេចក្តីសម្រេច ស្តីពី​mesure conservatoire ឬ វិធានការ​រក្សា​ទុក ៩ចំណុច ដើម្បី​ទប់ស្កាត់​ការបាត់បង់​ភ្លាមៗ និងមិនអាច​ត្រលប់ក្រោយវិញបាន ​នៅ​តំបន់ហ្កាហ្សា។ វិធានការ​រក្សាទុក ទាំង​៩ចំណុច​មាន​ដូចជា ការព្យួរ​ជាបន្ទាន់ប្រតិបត្តិការ​យោធា នៅហ្កាហ្សា ការហាមឃាត់សកម្មភាព​យោធា។ ការបង្ការទប់ស្កាត់​អំពើប្រល័យពូជសាសន៍ ការការពារ​ប្រជាជនប៉ាឡេស្ទីន ការបង្ការ​កុំ​ឲ្យមានការញុះញង់​ឲ្យធ្វើសកម្មភាពប្រល័យពូជសាសន៍ និងការអភិរក្ស​ការពារ​ភស្តុតាង ជាដើម។

អ៊ីស្រាអែលវិញឆ្លើយតបយ៉ាងណាវិញ ​ទៅ​នឹង​ការចោទប្រកាន់​របស់អាហ្វ្រិក​ខាងត្បូង?

អ៊ីស្រាអែលទាត់ចោល​ពាក្យ​ចោទប្រកាន់​របស់​អាហ្វ្រិកខាងត្បូង និងចាត់ទុក​អាហ្វ្រិកខាងត្បូង​ថា​កំពុងចូលដៃ ចូលជើង​ជាមួយ​ក្រុមហាម៉ាស។ សម្រាប់​អ៊ីស្រាអែល ពាក្យ​ចោទប្រកាន់របស់​អាហ្វ្រិកខាងត្បូង​គ្មានមូលដ្ឋាន និង​សាហាវអាក្រក់​ខ្លាំងណាស់ ព្រោះថា អ្នកដែល​ត្រូវគេ​ចោទថា ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​មិនមែន អ៊ីស្រាអែល ប៉ុន្តែ ក្រុមហាម៉ាស ដែលបាន​លើកគ្នា​មក​សម្លាប់​មនុស្ស​ជាង​១ពាន់នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល។

ជាថ្មីម្តងទៀត អ៊ីស្រាអែល​និយាយការពារ​ខ្លួនថា ប្រតិបត្តិការ​យោធា​នៅ​ហ្កាហ្សា គ្រាន់តែ​ជាការប្រើសិទ្ធិការពារ​ខ្លួន​របស់អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ នៅក្រោយពេល​ក្រុមហាម៉ាស​ចូលទៅសម្លាប់ប្រជាជន​អ៊ីស្រាអែល​កាលពីថ្ងៃទី ៧​តុលា។ បើតាម​អ៊ីស្រាអែល ប្រតិបត្តិការ​យោធានៅហ្កាហ្សា មានគោលដៅតែមួយគត់ គឺ​កម្ទេច​ក្រុមហាម៉ាស​ដែលជា​គ្រោះថ្នាក់​គំរាមកំហែង​សន្តិសុខ​របស់​ប្រជាជន​អ៊ីស្រាអែល។ ម្យ៉ាង គេ​មិនអាច​ចោទអ៊ីស្រាអែល​ថា ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍បានទេ ព្រោះថា រហូតមកដល់​ពេលនេះ កងទ័ព​អ៊ីស្រាអែល​មិនដែលដៅបាញ់សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន។ កងទ័ព​អ៊ីស្រាអែល​អត់ធ្មត់ និង​ប្រុងប្រយ័ត្នបំផុត នៅក្នុង​ប្រតិបត្តិការវាយប្រហារ​របស់ខ្លួន ពោលគឺ​ដើម្បី​ជៀសវាង​កុំ​ឲ្យមានប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ខ្លួន​នៅក្នុងការវាយប្រហារ​របស់ខ្លួន​នៅហ្កាហ្សា។ ជាក់ស្តែង នៅមុន​បើកការវាយប្រហារ​ម្តងៗ កងទ័ពអ៊ីស្រាអែល​ធ្លាប់​បាច​លិខិត ឬ​ផ្ញើសារ​ទៅ​ឲ្យប្រជាជន​ប៉ាឡេស្ទីន​ចាកចេញពីតំបន់​ដែល​ជា​គោលដៅ​វាយប្រហារ​អ៊ីស្រាអែល។ សម្រាប់អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ច្រើន​ដូច្នេះ ក៏ដោយសារ​តែ​ពួកហាម៉ាស​ដែល​យកប្រជាជន​ប៉ាឡេស្ទីនជា​ខែល ការពារ​ពីការទម្លាក់គ្រាប់​វាយប្រហាររបស់អ៊ីស្រាអែល។

តើតុលាការយុត្តិធម៌អន្តរជាតិ​អាច​សម្រេច​អ្វីបានខ្លះ?

បើតាម​អ្នកជំនាញ​ច្បាប់ នៅក្រោយ សវនការពីរថ្ងៃនេះ នៅថ្ងៃ​ព្រហស្បតិ៍និងថ្ងៃសុក្រស្អែកនេះ តុលាការ​យុត្តិធម៌អន្តរជាតិ​អាចប្រកាស​វិធានការ​រក្សាទុក ដែលអាច​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ផ្អាកប្រតិបត្តិការ​យោធា នៅហ្កាហ្សា ដើម្បី​គិតគូរ​ដល់​អាយុ​របស់​ប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែ​ដោយសារ​តែ​ការសម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​គ្មានលក្ខណៈចាប់បង្ខំ អ៊ីស្រាអែល ប្រហែល​ជា​នឹង​មិន​យកត្រចៀកស្តាប់ ធ្វើតាម​នោះទេ។

រឿងនេះ ធ្លាប់​កើតមាន​ម្តងហើយ នៅពេល​អ៊ុយក្រែន​ចេញមុខ​ប្តឹង​រុស្ស៊ី ទៅតុលាការ​យុត្តិធម៌អន្តរជាតិ កាលពី​ឆ្នាំ ២០២២។ តុលាការ​ក្រុងឡាអេ បាន​បញ្ជា​ឲ្យ​រុស្ស៊ីឈប់​ធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ រហូតដល់ពេលនេះ រុស្ស៊ី នៅតែធ្វើសង្រ្គាម​វាយប្រហារ​អ៊ុយក្រែន សឹងមិនលោះថ្ងៃ។

យ៉ាងណាក៏ដោយ គេ​ក៏មិនអាច​ទុទិដ្ឋិនិយម​រហូតដែរ។ ទោះការសម្រេច​របស់​តុលាការ​ក្រុងឡាអេ​មិនអាចទៅបញ្ចុះបញ្ចូល​ឲ្យអ៊ីស្រាអែល​បិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា ប៉ុន្តែ ចង់ ឬមិនចង់ អ៊ីស្រាអែល​នឹង​អាច​ខូចឈ្មោះ។ ប្រទេស​ជាច្រើន​នឹង​សំអាង​លើ​សេចក្តីសម្រេច​របស់តុលាការ​យុត្តិធម៌អន្តរជាតិ​ដើម្បី​ទាមទារ​ដាក់សម្ពាធ​លើ​អ៊ីស្រាអែល ឲ្យឈប់ធ្វើសង្រ្គាម ដែលគ្មានអ្នកណា​រងគ្រោះខ្លាំងជាងគេ​បំផុត ក្រៅពីប្រជាជន​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ