អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខ​​ហុងកុង ព្រមាន​ប្រឆាំង​នឹង​ចលនា​តស៊ូ​ស្រទន់ ​ក្នុង​ថ្ងៃ​ខួប​ប្រគល់​ហុងកុង​មក​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខុស​ពី​ទម្លាប់ និង​ដូច​កាលពី​ឆ្នាំ​ទៅ​ដែរ គ្មាន​ទេ​ការ​ប្រមូល​ផ្តុំ គ្មាន​ការ​ទេ​បាតុកម្ម ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព បែប​ប្រជាធិបតេយ្យ នៅហុងកុង នា​ថ្ងៃ​ខួប​២៦​ឆ្នាំ​នៃ​ការ​ប្រគល់​ដែន​ដីក្រោម​អាណានិគមអង់គ្លេស ទៅ​ឱ្យ​ចិន​វិញ។ គឺ​មាន​តែ​ពាក្យ​ព្រមាន​របស់​អាជ្ញាធរ។ នៅ​ថ្ងៃទី ១ កក្កដា​២០២៣​នេះ ប្រមុខ​ដឹកនាំ​កោះ​ហុងកុង លោក ចន លី បាន​ប្រកាសថា​ក្រុង​ហុងកុងត្រូវ​តែ​ការពារ​ខ្លួន​ប្រឆាំង​នឹង​កម្លាំង​បំផ្លិចបំផ្លាញ​ដែល​ជា​​ចលនា​​​តស៊ូ​ស្រទន់។

ប្រមុខ​ដឹកនាំ​ហុងកុង លោក  John Lee ក្នុង​ពិធី​ប្រារព្វ​ខួប​២៦​ឆ្នាំ​នៃ​ការ​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន
ប្រមុខ​ដឹកនាំ​ហុងកុង លោក John Lee ក្នុង​ពិធី​ប្រារព្វ​ខួប​២៦​ឆ្នាំ​នៃ​ការ​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន via REUTERS - INFORMATION SERVICES DEPARTMENT
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​នេះ ប៉ូលិស​ហុងកុង​បាន​ប្រកាស​ថា គ្មាន​ទេ​ពាក្យ​សុំ​ធ្វើ​បាតុកម្ម ឬ​សុំ​​ដើរ​ដង្ហែ​ក្បួន​ផ្សេងៗ។ ដង​ផ្លូវ​ក្រុង​ហុងកុង មានលក្ខណៈ​ស្ងប់​ស្ងាត់ល្អ​​ ​ខុសស្រឡះ​ពី​ថ្ងៃ​ខួប​នៃការផ្ទេរដែនដីហុងកុង​ទៅ​ឲ្យ​ចិន​ នា​ឆ្នាំ​មុនៗ។ រហូត​មក​ទល់​​ឆ្នាំ​២០១៩ ថ្ងៃ​១កក្កដា ជា​ឱកាស​ដែលប្រជាជន​ហុងកុង នាំគ្នា​ធ្វើ​​បាតុកម្ម - មហាបាតុកម្ម​ ​ ស្រែករិះគន់​​រដ្ឋាភិបាល​ប៉េកាំង និង​ទាមទារ​ឲ្យមានការគោរព​សិទិ្ធសេរីភាព និង​លទ្ធិប្រជាធិបតេយ្យនៅហុងកុង ។ល។ និង ។ល។

តែដូច​ឆ្នាំ២០២២​ដែរ នៅ​​ឆ្នាំ​នេះ សកម្មជន​ប្រជាធិបតេយ្យ បាន​អះអាង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFPថា អាជ្ញាធរ​បាន​មក​រំឭក​ដល់​ពួកគេ​មិន​ឱ្យ​រៀប​ចំ​បាតុកម្ម​នា​ថ្ងៃទី ១​ កក្កដា​២០២៣ ឬធ្វើ​សកម្មភាព​ប្រមូល​ផ្តុំ​គ្នា​នៅ​មុន​ថ្ងៃ​ខួប​​ទេ។

ជា​ផ្លូវការ ការ​ដង្ហែ​ក្បួន​បាតុកម្ម ក៏​ដូច​ជា​ការ​ប្រមូល​ផ្តុំ​ត្រូវ​ហាមឃាត់​ តាំងពី​ពីរ​ឆ្នាំ​មក​ហើយ ដោយ​មូលហេតុ​សុខាភិបាល​និង​សន្តិសុខ។ ច្បាប់​សន្តិសុខ​តម្រូវ​ដោយ​ប៉េកាំង ក្រោយ​មហាបាតុកម្ម​ឆ្នាំ​២០១៩ ដែល​ចូល​ជា​ធរមាន​កាលពី ថ្ងៃទី ៣០មិថុនា​ឆ្នាំ​២០២០ បាន​ច្រិប​បង្ហើយ​​សេរីភាព​ហុងកុង​ដែល​នៅសេសសល់​ ក្រោយ​ដើរ​ចេញ​ពី​ការ​​គ្រប់គ្រង​ដោយ​​អង់គ្លេស​។

មិនអាច​ចុះថ្នល់​ធ្វើ​បាតុកម្ម​​ ប្រព័ន្ធ​ឃោសនា​ព័ត៌មានប្រឆាំង​ត្រូវ​បិទ​ អ្នកនយោបាយ​ប្រឆាំង​ត្រូវ​អាជ្ញាធរ​បង្រ្កាប ​ឬ​ចាប់ដាក់ពន្ធនាគារ ដោយ​យោងតាម​​ច្បាប់ការពារ​សន្តិសុខជាតិ ហើយ​មេដឹកនាំ​ហុងកុងត្រូវជ្រើសរើស​ចេញពី​ក្រុមដែល​ស្មោះស្ម័គ្រ​នឹង​ទីក្រុង​ប៉េកាំង ... នេះ​ហើយ​ហុងកុង​-២៦​ឆ្នាំ​ក្រោម​កណ្តាប់​ដៃ​ដឹកនាំ​របស់​ចិន។ សម្រាប់​សកម្មជនប្រឆាំង​ហុងកុង​ គោលការណ៍​ “ប្រទេស​មួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​” ដែល​មាន​ចែង​ក្នុងកិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស ​ឆ្នាំ១៩៨៤ ​ ​បាន​រលាយស្លាប់បាត់ទៅហើយ។

អង់គ្លេស​ដែល​បាន​ដាក់​អាណានិគម​លើ​ហុងកុងជាង​​១៥០ឆ្នាំ ព្រមប្រគល់​ដែន​កោះ​នេះ​ទៅ​ឱ្យ​ចិន​ជា​ម្ចាស់ដើម​វិញ ជា​ថ្នូរ​នឹង​​អនុវត្ត​គោលការណ៍ ប្រទេស​មួយ ប្រព័ន្ធពីរ​ ពី​ឆ្នាំ​១៩៩៧-២០៤៧ ពោល​គឺ​ហុងកុង​​​ជា “តំបន់​រដ្ឋបាល​ពិសេស” មាន​ប្រព័ន្ធ​គ្រប់គ្រង​អំណាច​នីតិ​បញ្ញតិ នីតិប្រតិបត្តិ និង​អំណាចតុលាការ​ផ្ទាល់​ខ្លួន ដូច​ប្រទេស​ឯករាជ្យ​មួយ លើក​លែង​ ​តែ​នយោបាយការបរទេស និង​នយោបាយការពារជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ចលនាតស៊ូស្រទន់

នៅក្នុង​សុន្ទរកថា នា​ឱកា​ប្រារព្វ​ខួប​លើ​កទី ២៦​ឆ្នាំ​ នៃ​ការ​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន​វិញ​ លោក ចន​ លី ប្រមុខដឹកនាំកោះ​ហុងកុង ដែល​ធ្លាប់​ធ្វើ​ជា​ប្រធានសន្តិសុខ​ហុងកុង និង​ជាអ្នក​គាស់​រំលើង​ចលនា​បាតុកម្ម​ឆ្នាំ​២០១៩ បាន​អះអាង​ថា​ ពេល​នេះ​ ស្ថានភាពហុងកុង​មាន​ស្ថិរភាព​ទូលំទូលាយ ជាទូទៅ​។ ចូល​កាន់​តំណែង​ជា​ប្រមុខ​ដឹកនាំហុងកុង​កាលពី​ថ្ងៃទី ១ កក្កដា​២០២២​ ត្រូវ​ជាមួយ​ឆ្នាំ​គត់​មុន លោក លី ​បាន​អួត​អាងបន្ថែ​ម​​ទៀត​ថា ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដែល​សេដ្ឋកិច្ច​ត្រូវ​រង​គ្រោះ​យ៉ាងដំណំ​ដោយ​វិធានការ​រិតត្បិត​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ កំពុង​ស្ថិត​នៅលើ​គន្លង​ផ្លូវ​ដ៏​រលូន​ដែល​នឹង​អាច​វិល​មក​រក​ភាព​ធម្មតា​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់​រហ័ស។ ចំណែក​ផលិតផល​សរុប​ក្នុង​ស្រុក​ហុងកុង នឹង​ត្រូវ​មាន​កំណើន​​ប្រមាណ​ពី ៣,៥​ទៅ​៥,៥% នៅឆ្នាំ​២០២៣នេះ។

ប៉ុន្តែ​ហុងកុង​នៅ​តែ​ជា​ផ្ទាំង​ស៊ីប​​របស់​ប្រទេស​ដែល​ប្រឆាំង​នឹង​ការ​ស្ទុះ​ឡើងជា​មហាអំណាច​​របស់​ចិន​។ ជា​​កម្លាំង​បំផ្លិចបំផ្លាញ​​ដែល​កំពុង​ធ្វើ​ចលនា​តស៊ូ​បែប​ស្រទន់​លាក់​ខ្លួន​ក្នុង​ផ្ទៃ​ហុងកុង។ ​ហេតុដូច្នេះ​ហើយ​បាន​ជា​ សម្រាប់​លោក ចន លី ហុងកុង​ត្រូវ​តែ​បន្ត​ប្រុង​ប្រយ័ត្ន​ និង​ផ្តើម​គំនិត​ចាត់​វិធានការ​ ដោយ​​ខ្លួន​​ឯង ដើម្បី​ការពារសន្តិសុខ​ជាតិ។

បន្ថែម​ពីលើ​ការ​​ហាមឃាត់​បាតុកម្ម បើ​តាម​សារព័ត៌មាន​មូលដ្ឋាន អាជ្ញាធរ​ហុងកុង បាន​ដាក់​ពង្រាយ​កង​កម្លាំងនគរបាល ​ប្រមាណ​ជាង ៦ពាន់​នាក់ទៀត នា​ថ្ងៃ​ខួប​ទី​២៦​ឆ្នាំ​នេះ ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់។

ច្បាប់​ចារកិច្ចថ្មី​របស់​ចិន

ក្នុង​ពេល​ទន្ទឹម​គ្នា​ ដោយ​លេស​សន្តិសុខ​ជាតិដូច​គ្នា ចិន​បាន​ពង្រឹង​ច្បាប់​ចារកិច្ច ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍​នេះដែរ។ជា​ច្បាប់​ដែល​ផ្តល់និង​ពង្រឹង​​អំណាច​ខ្លាំង​ដល់​អាជ្ញាធរ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​គេ​ចាត់​ទុក​ជា​​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។ រាល់​គ្រប់​ការ​ទទួល​បាន​នូវ​ឯកសារ ទិន្នន័យ សម្ភារៈ ឬ​វត្ថុ​ មាន​ពាក់​ព័ន្ធ នឹង​សន្តិសុខ​ព្រមទាំង​ផលប្រយោជន៍​ជាតិ ដោយគ្មានការ​អនុញ្ញត នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​បទ​ចារកិច្ច​ទាំង​អស់។

​សម្រាប់​អ្នក​វិភាគ​ និង​អ្នក​ច្បាប់ ច្បាប់​ចារកិច្ច​ចិន​ថ្មី ពង្រីក​ដែន​ទង្វើ​ចារកិច្ច​កាន់​តែ​ធំ កំណត់​និយមន័យ​សន្តិសុខ​ជាតិ​យ៉ាង​ទូលំទូលាយ​បំផុត ហើយ​ត្រូវ​អនុវត្ត​នៅ​ក្នុង​គ្រប់​ស្រទាប់​សង្គម​ និង​គ្រប់​វិស័យ​ទាំងអស់។ ច្បាប់​នេះច្បាស់​ជា​​នឹង​មាន​ឥទ្ធិពល​កំឡាខ្លាំង ជាចំពោះ​​ប្រជាជនដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹងជន​​បរទេស ឬ​អង្គការ​អន្តរជាតិ​​។

ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ចារកិច្ច​ថ្មី ប្រព្រឹត្តទៅ​ក្នុង​ខណៈ​​ដែ​លក្រុមហ៊ុនបរទេស​ជា​ច្រើនរង់​ចាំ​ដំណោះស្រាយ ព្រោះ​តាំង​ពី​ដើម​ឆ្នាំ​មក​ ​​ក្រុមហ៊ុន​អាមេរិកមួយ​ចំនួន បាន​រង​ការ​ឆែកឆេរ ឬ​ហៅ​ទៅសួរ​ចម្លើយ​ និង​បង្ក​បង្កើត​ឱ្យ​មាន​ភាព​ជ្រួល​ច្របល់​មិន​តិច​ទេ។ ហេតុដូច្នេះ​ហើយ​បាន​​ ជា​​ក្រុមហ៊ុន​ សហគ្រាស​ក៏​ព្រួយ​បារម្ភ​ខ្លាំង នៅ​ចំពោះ​មុខ​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ចារកិច្ចថ្មី ខ្លាច​ក្រែង​តែ​មាន​ការ​ត្រួត​ពិនិត្យ​កាន់​ខ្លាំង និង​ជា​ការ​ព្រួយ​បារម្ភ​ដ៏​សមហេតុផល។ ​​សកម្មភាពពាណិជ្ជកម្ម​ខ្លះ​ដែល​ធ្លាប់​ជា​សកម្មភាព ធម្មតា  នៃ​កា​រជជែក​រឿង​សម្ងាត់​ពាណិជ្ជកម្ម ការ​សិក្សា​ទីផ្សារ ចែករំលែក​ទិន្នន័យ ឬ​ការ​ប្រមូលព័ត៌មាន​ពាណិជ្ជកម្ម អាច​មាន​ហានិភ័យ​ចាត់​ចូល​ជា​ទង្វើ​បែប​ចារកិច្ច​បាន។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ចិនអាមេរិក ព្រោះ​ច្បាប់​មិន​បាន​លម្អិត​អំពី​ប្រភេទ​នៃទិន្នន័យ នៃ​ឯកសារ ឬ​សម្ភារៈ​ មានពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​ទេ។

ប៉ុន្តែសម្រាប់​ចិន ច្បាប់​ចារកិច្ច​ប្រហាក់ប្រហែល​នឹង​ច្បាប់​របស់​ខ្លួន មាន​ប្រើ​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ច្រើនណាស់ និង​រួច​មក​ហើយ។ ដូច្នេះ​ចិន​ក៏​មាន​សិទ្ធ​ត្រូវ​ការពារ​ថែក្សា​សន្តិសុខ​ជាតិ​របស់​ខ្លួន​ឯង​ ដោយធានា​មិន​រំលង​​នីតិរដ្ឋ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ