អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិមានក្រេមឡាំង៖ អំណាច​របស់​លោកពូទីន​មិនបាន​ចុះខ្សោយ ដោយសារ​ការបះបោរ​របស់ពួកវ៉ាក់ណែ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅរុស្ស៊ី ទីភ្នាក់ងារ​សន្តិសុខ​ជាតិ បានប្រកាស​ទម្លាក់​ចោល​បទចោទប្រកាន់ ប្រឆាំង​ទាហានស៊ីឈ្នួលវ៉ាក់ណែដែលធ្វើការបះបោរ លើកគ្នា​សំដៅទីក្រុងម៉ូស្គូ​កាលពីថ្ងៃ​សៅរ៍​ទី ២៤ មិថុនា។ ការសម្រេច​របស់​ទីភ្នាក់ងារសន្តិសុខជាតិរុស្ស៊ី នៅព្រឹកថ្ងៃអង្គារនេះ ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយ លោកប្រធានាធិបតី​ពូទីន​ចេញមុខ​ប្រកាស​លើកលែងទោស​ទាហាន​វ៉ាក់ណែ ដែលលោកចាត់ទុក​ជា​អ្នកស្នេហាជាតិ ជួយបញ្ផៀស​មិនឲ្យមានថ្លុកឈាម នៅរុស្ស៊ី។ នៅក្នុង​ការថ្លែងទៅកាន់ប្រជាជាតិរុស្ស៊ី ជាលើកទី១ នៅក្រោយ​ការបះបោរ​មិនបាន​សម្រេច​របស់​ក្រុមទាហានវ៉ាក់ណែ លោក​ពូទីននៅបាន​ឆ្លៀត​ចោទប្រកាន់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន និងលោកខាងលិច ដែលជា​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន ថា ជាអ្នកចង់​ឃើញ​រុស្ស៊ី​សម្លាប់គ្នា​ទៅវិញ ទៅមក។ នៅថ្ងៃចន្ទ លោកប្រធានាធិបតី​បៃដិន​ប្រាប់អ្នកកាសែត​ថា តាំងពីនៅ​ថ្ងៃ កើតហេតុ អាមេរិក​បាន​បញ្ជាក់ទៅ​ភាគីរុស្ស៊ី​ហើយថា អាមេរិក មិនដឹងរឿង និង​គ្មាន​ជាប់ពាក់ព័ន្ធ​ក្នុងរឿងបះបោរ​របស់​ក្រុមទាហានរុស្ស៊ីវ៉ាក់ណែ។

រូបម៉ាសពាក់មុខ​តំណាង​ប្រធានាធិបតីរុស្ស៊ី លោកពូទីន មេទាហានវ៉ាក់ណែ (កណ្តាល) និងប្រធានាធិបតី​បេឡារុស លោកលូកាឆិនកូ
រូបម៉ាសពាក់មុខ​តំណាង​ប្រធានាធិបតីរុស្ស៊ី លោកពូទីន មេទាហានវ៉ាក់ណែ (កណ្តាល) និងប្រធានាធិបតី​បេឡារុស លោកលូកាឆិនកូ AP - Dmitri Lovetsky
ផ្សាយពាណិជ្ជកម្ម

បីថ្ងៃ​ក្រោយ ការបះបោរ​មិនបាន​សម្រេច​របស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ ប្រធានាធិបតីរុស្ស៊ី លោក​ពូទីនចេញមុខថ្លែង​ទៅកាន់​ប្រជាជាតិ និង​កោះប្រជុំ​សន្តិសុខ​ជាតិ ដែលត្រូវ​បានចាក់ផ្សាយ​នៅទូរទស្សន៍ជាតិ។

នៅក្រោយ ចលនាបះបោរមិនបានសម្រេច​របស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ លោកពូទីន​បាន​ចេញមុខ​មក​បញ្ជាក់ថា លោកជាមេដឹកនាំដែលបាន​ធានា​សន្តិភាពផ្ទៃក្នុងរបស់រុស្ស៊ី។ នៅក្នុងសារថ្លែងទៅកាន់ប្រជាជាតិ កាលពីថ្ងៃចន្ទ លោកពូទីនបាននិយាយ​ថា លោកបានចាត់វិធានការ​បញ្ជា​គ្រប់បែបយ៉ាង​ដើម្បី​ជៀសវាង​ការប្រយុទ្ធបង្ហូរឈាម​រវាងជនជាតិរុស្ស៊ី។

សម្រាប់លោកពូទីន ការប្រយុទ្ធសម្លាប់គ្នារវាងបងប្អូនរុស្ស៊ី គឺ​ជា​អ្វីដែលទន្ទឹងរង់ចាំ ចង់បាន​របស់ពួកសត្រូវ ដូចជា​ពួកណាហ្ស៊ីថ្មី​នៅអ៊ុយក្រែន ពួកមេដឹកនាំ​លោកខាងលិច ហើយ​និង​ពួកក្បត់ជាតិនិយម។

នៅត្រង់ចំណុចនេះ លោកពូទីន​និយាយ​ដោយ​ខឹងសម្បារ បរិហារ​ទង្វើ​ក្បត់ជាតិ ដែល​អាចរុញច្រានប្រទេស​ឲ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិល។ ម្យ៉ាងដែរ លោកពូទីន​ចាត់ទុក​ការបះបោររបស់​ក្រុមទាហានវ៉ាក់ណែ​ថា ក្បត់ជាតិ ប៉ុន្តែ ជាមួយគ្នានោះ ក៏ប្រកាស​លើកលែងទោស រាល់​ទាហានវ៉ាក់ណែ ដែលបាន​ចូលរួមក្នុងការបះបោរ កាលពីថ្ងៃ សៅរ៍ទី ២៤​មិថុនា។

សម្រាប់​លោកពូទីន ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​ក៏ជា​អ្នកសេ្នហាជាតិ​បានចូលរួម​ជួយ​រុស្ស៊ី​ក្នុងការប្រយុទ្ធក្នុងសមរភូមិ​នៅ​អ៊ុយក្រេន ហើយនៅថ្ងៃ​សៅរ៍​កន្លងទៅ ពួកគេប្តូរចិត្ត នៅ​ពាក់កណ្តាលផ្លូវ​ទៅម៉ូស្គូ ដោយសារ​មិនចង់ប្រយុទ្ធបង្ហូរឈាម។ តាមលោកពូទីន លោក​គោរពតាមការសន្យា​របស់លោក ដែល​យល់ព្រម​ឲ្យ​លើកលែង​ទោស​រាល់​ពួកទាហាន​វ៉ាក់ណែដែល​សុខចិត្តឈប់ធ្វើការបះបោរប្រឆាំង​ម៉ូស្គូ។ នៅថ្ងៃ​ចន្ទ លោកពូទីនបាន​និយាយថា ទាហាន​វ៉ាក់ណែ​អាចស្ម័គ្រចិត្ត​ចុះឈ្មោះ​ក្នុងបញ្ជីកងទ័ពជាតិរុស្ស៊ី ឬ​អាច​ត្រលប់ទៅ​ផ្ទះទៅជួបប្រពន្ធកូន។ បើមិនដូច្នោះទេ ពួកគេអាច​តាមទៅធ្វើការជាមួយ​មេដឹកនាំរបស់ពួកគេ គឺលោក​ព្រីហ្គោហ្ស៊ីន នៅប្រទេស​បេឡារុសអាវ។ នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារ​សន្តិសុខផ្ទៃក្នុងរុស្ស៊ី​បាន​ប្រកាស​ជាផ្លូវការ ទម្លាក់រាល់ការចោទប្រកាន់ ការស៊ើបអង្កេត​ប្រឆាំង​នឹង​ពួកវ៉ាក់ណែ ក្នុងរឿងរៀបចំ​ការបះបោរ កាលពីថ្ងៃ​សៅរ៍។ ក្រសួងការពារជាតិរុស្ស៊ីវិញនិយាយ​ថា គេកំពុង​ត្រៀមរឹបអូស​យករាល់​សព្វាវុធ​ធុនធ្ងន់​របស់​វ៉ាក់ណែ មកដាក់បញ្ចូល​ក្នុងបញ្ជីអាវុធយុទ្ធភ័ណ្ឌរបស់​កងទ័ព ចំណែក​ទាហាន​វ៉ាក់ណែ​មានពេលរហូតដល់​ថ្ងៃទី ១​កក្កដា ដើម្បី ចុះឈ្មោះ​ជា​ទាហាន​ស្របច្បាប់ ស្ថិតក្រោមការគ្រប់គ្រង​របស់ក្រសួងការពារជាតិរុស្ស៊ី។

វ៉ាក់ណែ​គ្មាន​ចេតនា​ចង់ផ្តួលអំណាចដឹកនាំ​របស់​លោកពូទីននោះទេ

ជាការពិត នៅក្នុងសារសំឡេង​១១​នាទី លោក​ព្រីហ្គោហ្ស៊ីន មេទាហានស៊ីឈ្នួល​វ៉ាក់ណែ បាននិយាយ​យ៉ាងដូច្នេះមែនថា ​ដំណើរឆ្ពោះ​ទៅម៉ូស្គូ​ដើម្បីទាមទារ​យុត្តិធម៌ គ្មានគោលដៅ​ចង់ផ្តួលមេដឹកនាំ​ស្របច្បាប់ដែលចេញពីការបោះឆ្នោតនោះទេ។ លោកព្រីហ្គោហ្ស៊ីនចង់និយាយ​សំដៅ​ដល់​លោកពូទីន។

ប៉ុន្តែ នៅក្នុង​សារ​ដែលមាន​លក្ខណៈផ្សះផ្សាច្រើន មេទាហានវ៉ាក់ណែបញ្ជាក់សាជាថ្មី ទាហានវ៉ាក់ណែ ធ្វើដំណើរ​ទៅម៉ូស្គូ ដើម្បីតវ៉ា​ប្រឆាំង ការប៉ុនប៉ងរំលាយ​ក្រុមទាហានវ៉ាក់ណែ ហើយនិងដើម្បី​បរិហារ​អសមត្ថភាព​របស់​រដ្ឋមន្រ្តីការពារជាតិ និង​មេបញ្ជាការកងទ័ពជាតិរុស្ស៊ី។ តាម​លោក​ព្រីហ្គោហ្ស៊ីន ទាហាន​វ៉ាក់ណែភាគច្រើន​មិន​ចង់​ចូលរួម​ក្នុងជួរកងទ័ពធម្មតា​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​នោះទេ។ គិត​ចាប់តាំង​ពី​ថ្ងៃ​ប្រកាស​របស់​រដ្ឋមន្រ្តីការពារជាតិ​ដែល​ចង់​ឲ្យ​ទាហានវ៉ាក់ណែ ចុះកិច្ចសន្យា​ចូលធ្វើ​កងទ័ពរុស្ស៊ី មានតែ ទាហានវ៉ាក់ណែ ២%ដែល​យល់ព្រម ក្រៅពីនោះ គឺ​ប្រឆាំងដាច់ខាត។

ជាច្រើនខែ​មកហើយ ដែល​លោក​ព្រីហ្គោហ្ស៊ីនដែលជា​ស្ថាបនិក​ក្រុមហ៊ុន​វ៉ាក់ណែ តាំងពី​ឆ្នាំ ២០១៤ ដំឡើង​សំឡេង​រិះគន់ និយាយប្រមាថ​ថ្នាក់ដឹកនាំ​យោធា​រុស្ស៊ី ថា​អសមត្ថភាពនៅក្នុង​សង្រ្គាមអ៊ុយក្រែន។ តាម​លោកព្រីហ្គោហ្ស៊ីន ដោយសារ​តែ​មិនសប្បាយចិត្ត​នឹង​ទាហានវ៉ាក់ណែ​ដែលមាន​ស្នាដៃ​ក្នុង​សមរភូមិ កងទ័ព​រុស្ស៊ី ក្រោមបញ្ជា​របស់​រដ្ឋមន្រ្តីការពារ​ជាតិ បាញ់​សម្លាប់​ទាហានវ៉ាក់ណែ ប្រមាណ ៣០នាក់ កាលពីសប្តាហ៍មុន។ តាមលោកព្រីហ្គោហ្ស៊ីន ហេតុការណ៍​នេះធ្វើ​ឲ្យទាហាន​វ៉ាក់ណែ​ផ្ទុះកំហឹង បះបោរ​ដើម្បី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​តំណែងរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី។

នៅក្នុងសារ​១១នាទី មេទាហានវ៉ាក់ណែ និយាយ​អួត​ផងដែរ ពី​ស្នាដៃ​របស់​ទាហាន​ឆ្នើមវ៉ាក់ណែ​បើប្រៀបធៀប​នឹង​កងទ័ពរុស្ស៊ី ព្រោះថា ក្នុងរយៈពេល​មិនដល់​មួយថ្ងៃផង ទាហានវ៉ាក់ណែ​ចូលកាន់កាប់​មូលដ្ឋានទ័ព និងក្រុង​Rostov ដែលជា​ទីតាំងបញ្ជាការដ្ឋាន​សំខាន់របស់​រុស្ស៊ី។ ផ្ទុយទៅវិញ កងទ័ព​រុស្ស៊ី ដែលធ្លាប់សង្ឃឹមថាអាចវាយយកក្រុងកៀវក្នុងរយៈពេលតែមួយថ្ងៃ ឥលូវនេះ ត្រូវ​ចំណាយពេល​ជាង​១ឆ្នាំ​មកហើយ នៅតែ​មិនអាច​វាយយកបានអ៊ុយក្រែន។

លោកបៃដិនថា អាមេរិកបានជូនដំណឹង​ទៅម៉ូស្គូថាអាមេរិកមិនជាប់ពាក់ព័ន្ធនឹង​ការបះបោររបស់ពួកវ៉ាក់ណែ

ប្រធានាធិបតី​អាមេរិក លោកចូ បៃដិន​និយាយ​ប្រាប់អ្នកកាសែត​កាលពីថ្ងៃ​ម្សិលមិញថា អាមេរិកតាមរយៈ​ស្ថានទូត​នៅទីក្រុង​ម៉ូស្គូ បានជូនដំនឹង​ភ្លាមទៅភាគី​រុស្ស៊ីថា អាមេរិក​មិនដឹងរឿង ហើយ​ក៏មិនជាប់ពាក់ព័ន្ធ​នឹង​រឿងបះបោរ​របស់​ទាហាន​វ៉ាក់ណែ កាលពីថ្ងៃ​សៅរ៍។

តាម​លោកបៃដិន អាមេរិក​នៅតែតាមដានជាប់​ស្ថានការណ៍​នៅរុស្ស៊ី និងថា ទោះស្ថានការណ៍​ផ្ទៃក្នុងរបស់​រុស្ស៊ី​ប្រែប្រួល​យ៉ាងណាក៏ដោយ ក៏​អាមេរិកមិនផ្លាស់ប្តូរ​ជំហរ ដើម្បីជួយអ៊ុយក្រែន។

មេទាហាន​វ៉ាក់ណែ​ទៅនៅ​បេឡារុសធ្វើអ្វី?

តាមលទ្ធផល​នៃការចរចាសម្របសម្រួល​របស់​ប្រធានាធិបតី​បេឡារុស លោក​លូកាឆិនកូ ដែល​តាំងខ្លួន​ជាអាជ្ញាកណ្តាល​រវាង​លោក​ពូទីន និង​លោក​ព្រីហ្គោហ្ស៊ីន មេក្រុមវ៉ាក់ណែ ត្រូវ​ចាកចេញ​ទៅបេឡារុស ជាថ្នូរនឹង​ការទម្លាក់ការចោលរាល់ការស៊ើបអង្កេតទាក់ទង​នឹងការប្រព្រឹត្តបទឧក្រិដ្ឋ ក្នុងរឿងបះបោររបស់​វ៉ាក់ណែ។

តាមអ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង លោកលូកាឆិនកូ​យល់ព្រមផ្តល់​កន្លែងជ្រកកោន​ដល់​លោកព្រីហ្គោហ្ស៊ីន ដោយ​មកពីលោក​លូកាឆិនកូ​ស្គាល់​លោកព្រីហ្គោហ្ស៊ីន ២០ឆ្នាំ​មកហើយ។

ប៉ុន្តែ ថ្លែង​ទៅកាន់​អ្នកកាសែត នៅថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​បេឡារុស​មិនបានបញ្ជាក់ពីហេតុផលដែលធ្វើ​ឲ្យ​លោកទទួល​មេទាហានវ៉ាក់ណែនៅបេឡារុស ប៉ុន្តែ លោក​និយាយ​ថា ស្ថានការណ៍​នៅរុស្ស៊ី​ធ្វើ​ឲ្យ​លោកបារម្ភខ្លាំង និង​បានបញ្ជា​ឲ្យកងទ័ពត្រៀមខ្លួន នៅថ្ងៃដែល​ ក្រុមទាហានស៊ីឈ្នួល​វ៉ាក់ណែ​ធ្វើការបះបោរប្រឆាំង នៅរុស្ស៊ី។ តាម​ប្រធានាធិបតី​បេឡារុស បើសិន រុស្ស៊ីជួបអសន្តិសុខ នោះ​បេឡារុស​នឹង​ធ្លាក់ក្រោមបំណែកផ្ទាំងថ្ម ស្លាប់ទាំងអស់គ្នា។ តាមមេដឹកនាំ​បេឡារុស ការបះបោររបស់ទាហានស៊ីឈ្នួល​វ៉ាក់ណែជាលទ្ធផល​នៃការគ្រប់គ្រង​មិនបានល្អ ព្រោះគេដឹងហើយថា ពួកវ៉ាក់ណែ និង​រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី​បានតឹងសសៃក តានតឹងដាក់គ្នាជាច្រើនខែមកហើយ ប៉ុន្តែ គេ​មិនរកដំណោះស្រាយ។ លោក​លូកាឆិនកូអាច​ចង់​និយាយ​ដល់​លោកពូទីន ដែលជា​ក្បាលម៉ាស៊ីនដឹកនាំរុស្ស៊ី។

លោកព្រីហ្គោហ្ស៊ីនវិញ និយាយ​ថា លោក​ទៅបេឡារុស ព្រោះតែ​ប្រធានាធិបតី​បេឡារុស​បានសន្យា​ថា លោកនឹង​អាច​បន្តការងារ​ជំនួញស្របច្បាប់​របស់លោកដដែល។ តើ​លោកព្រីហ្គោហ្ស៊ីន នឹង​បន្តដឹកនាំ​បញ្ជា​ក្រុមវ៉ាក់ណែ​តាំងពី​បេឡារុស? លោកព្រីហ្គោហ្ស៊ីន​មិនបាន​លម្អិតច្រើននោះទេ។ ដោយសារ​លោកពូទីន​និយាយ​អនុញ្ញាត​ឲ្យ​ក្រុមទាហានវ៉ាក់ណែ ទៅ​ចូលរួមជាមួយ​មេដឹកនាំ​របស់​ខ្លួន​នៅបេឡារុស គេអាច​និយាយ​ថា លោកព្រីហ្គោហ្ស៊ីន​អាច​ប្រមូលផ្តុំ​កម្លាំងទាហានស៊ីឈ្នួល នៅបរទេស នៅបេឡារុស។ ជួនកាល នេះជាអាច​យុទ្ធសាស្រ្ត​របស់​លោក​ពូទីន​ដែល​អាច​នឹង​ខ្ចីដៃ​របស់​ទាហានស៊ីឈ្នួល​របស់​ព្រីហ្គោហ្ស៊ីន​ដើម្បីវាយអ៊ុយក្រែន ពីខាងទឹកដី​បេឡារុស​ដែលជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ក៏អាចថាបាន។ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ