អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ចាប់ខ្លួន​ជនសង្ស័យពីររូប ​ដែល​ជាប់ពាក់ព័ន្ធនឹង​ការបង្កើត​ប៉ុស្តិ៍ប៉ូលិសចិនខុសច្បាប់ នៅញូវយ៉ក

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិកដំឡើងសំឡេង​ប្រឆាំង​បេសកកម្ម​លួចលាក់​របស់​ចិន នៅទឹកដីបរទេស។ នៅទីក្រុង​ញូវយ៉ក រដ្ឋអាជ្ញាអាមេរិក​កាលពី​ថ្ងៃ​ចន្ទម្សិលមិញ បាន​សម្រេច​ចោទប្រកាន់​មន្រ្តីសន្តិសុខ​ចិន ដែល​នៅក្នុងនោះ មានជនជាតិ​ចិន​ពីរនាក់​ទើបត្រូវ​ប៉ូលិស​FBI ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទជាប់ពាក់ព័ន្ធ​នឹង​សំណុំរឿង ចិន​បើកប៉ុស្តិ៍ប៉ូលិស​លួចលាក់ នៅទីក្រុង​ញូវយ៉ក។ នៅក្នុង​សន្និសីទកាសែត កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាក្រុង​ញូវយ៉ក​នៅបាន​ប្រកាសចោទប្រកាន់​មន្រ្តីក្រសួងសន្តិសុខ​ចិន​ចំនួន​៣៤រូប ពីបទធ្វើសកម្មភាពនៅលើ​បណ្តាញអ៊ីនធ័រនែត ដើម្បី​គំរាមកំហែង​អ្នកប្រឆាំង​ចិន ដែល​រស់នៅ​ទឹកដីបរទេស។ ចិន​បង្កើត​ស្ថានីយ៍​ប៉ូលិស​សម្ងាត់​នៅទឹកដីបរទេស។

ប៉ុស្តិ៍ប៉ូលិស​លួចលាក់​របស់​ចិន ស្ថិតនៅ​ក្នុង​អគារ​ពាណិជ្ជកម្មមួយ ក្នុង​សង្កាត់Chinatown នៅ​Manhatan
ប៉ុស្តិ៍ប៉ូលិស​លួចលាក់​របស់​ចិន ស្ថិតនៅ​ក្នុង​អគារ​ពាណិជ្ជកម្មមួយ ក្នុង​សង្កាត់Chinatown នៅ​Manhatan AP - Bebeto Matthews
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃ​ចន្ទទី​១៧ មេសា រដ្ឋអាជ្ញាក្រុង​ញូវយ៉ក​បានប្រកាស​ចាប់ខ្លួនជនជាតិ​ចិន ២រូប ដែល​ជាប់​ពាក់ព័ន្ធនឹង​ការបង្កើតស្ថានីយ៍ប៉ូលិស​សម្ងាត់​របស់​ចិន នៅទឹកដី​អាមេរិក។ ជនសង្ស័យចិន សញ្ជាតិ​អាមេរិក ទាំងពីរ​រូប​ដែល​ប៉ូលិស​FBI បាន​ចូលចាប់ខ្លួន ដល់ក្នុងផ្ទះ នៅទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃ​ចន្ទម្សិលមិញ មាន​ឈ្មោះ​ថា Lu Jianwang និង​Chen Jinping។ តាម​រដ្ឋអាជ្ញាក្រុងញូវយ៉ក ពួកគេទាំងពីរ​នាក់​បាន​រួមគ្នា​បង្កើតដោយ​លួចលាក់ ​ប៉ុស្តិ៍​ប៉ូលិស​ចិនដំបូងគេ នៅទឹកដី​អាមេរិក ដើម្បី​បម្រើប្រយោជន៍​ឲ្យ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន។ មុន​ការចាប់ខ្លួន ប៉ូលិស FBIធ្លាប់​បាន​ដាក់ឈ្មោះ​ជនសង្ស័យ ទៅក្នុង​បញ្ជីតាមដាន នៅក្រោយ FBIចុះ ទៅ​បិទ​ប៉ុស្តិ៍​ប៉ូលិស​លួចលាក់​របស់​ចិន នៅញូវយ៉ក កាលពី​ខែ តុលាឆ្នាំមុន។ ប៉ុស្តិ៍ប៉ូលិស​លួចលាក់​របស់​ចិន ស្ថិតនៅ​ក្នុង​អគារ​ពាណិជ្ជកម្មមួយ ក្នុង​សង្កាត់Chinatown នៅ​Manhatan។ ជាទូទៅ គេស្គាល់​វា​ថា ជា​កន្លែង​សម្រាប់​ផ្តល់​សេវា​រដ្ឋបាល ដល់​​សហគមន៍​ជនជាតិចិន រស់នៅ​ទឹកដី​អាមេរិក ដូចជា​ការពន្យារ​ប័ណ្ណ​បើកបរជាដើម។ ប៉ុន្តែ តាម​រដ្ឋអាជ្ញាក្រុងញូវយ៉ក ជនសង្ស័យ​ទាំងពីររូបខាងលើ​ដែលបាន​ទទួល​បទបញ្ជា​ពីអាជ្ញាធរ​ចិន បាន​ប្រើ​ទីតាំងសម្រាប់​តាមដាន​លួចយកការណ៍សម្ងាត់ ពី​ប្រជាជនចិន ដែល​រស់នៅ​ទឹកដីអាមេរិក និង​ដាក់សម្ពាធ គំរាមកំហែង អ្នកប្រឆាំង​រដ្ឋអំណាចចិន។ រដ្ឋអាជ្ញា​ញូវយ៉ក លោក​Breon Peace បាន​លើកយក​ករណី​មួយ​មក​បង្ហាញ ដែលនៅក្នុងនោះ ប៉ូលិសចិនបាននិយាយប្រាប់​ជនសង្ស័យ​ម្នាក់ ដែល​ជា​ជនជាតិ​អាមេរិកាំង ឲ្យ​តាមដាន កំណត់​ទីតាំង​របស់អ្នកប្រឆាំងចិន ដែលជា​សកម្មជន​ដើម្បីលទ្ធិប្រជាធិបតេយ្យ​ម្នាក់រស់នៅ​រដ្ឋ​កាលីហ្វ័នីញ៉ា។

តាមការប្រកាស​របស់​រដ្ឋអាជ្ញាញូវយ៉ក ជនសង្ស័យ​ទាំងពីរ​ត្រូវចាប់ខ្លួន និង​រងបទចោទ​ប្រកាន់​ថា បានធ្វើ​សកម្មភាព ក្នុងនាម​ជា​ភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​របស់​ចិន និង​ប៉ុនប៉ង​រារាំងការងារ​របស់​តុលាការអាមេរិក តាមរយៈ​ការបំផ្លាញ​ភស្តុតាង។

ចិនមានប៉ុស្តិ៍ប៉ូលិសខុសច្បាប់​ចំនួន ៥៤កន្លែង នៅប្រទេសចំនួន ៣០ក្នុងពិភពលោក

របាយការណ៍​របស់​អង្គការ​អេស្ប៉ាញ ឈ្មោះ Safeguard Defenders ចុះផ្សាយ កាលពីខែកញ្ញា​ឆ្នាំមុន ចិន​បាន​បង្កើត​ប៉ុស្ត​ប៉ូលិស​លួចលាក់ ជាច្រើន​កន្លែង នៅទឹកដីបរទេស នៅ​ក្នុង​ពិភពលោក។

ប្រតិបត្តិការ​ចាប់ខ្លួន​ជនជាតិចិន ដែលជាប់ពាក់ព័ន្ធ​នឹង​ការបង្កើត​ប៉ុស្តិ៍ប៉ូលិស​លួចលាក់​នៅញូវយ៉ក ជា​លទ្ធផល​នៃការស៊ើបអង្កេត​របស់​ប៉ូលិស FBI នៅក្រោយ​ការចុះផ្សាយ​របាយការណ៍​របស់​អង្គការក្រៅរដ្ឋាភិបាល​Safeguard Defender។

តាម​របាយការណ៍ ចិន​មាន​បង្កើត​ស្ថានីយ៍ប៉ូលិស លួចលាក់ ប្រមាណ ៥៤កន្លែង នៅក្នុងប្រទេស៣០ នៅក្នុងទ្វីបទាំង ៥ ក្នុង​ពិភពលោក។ ជាទូទៅ ចិន​បាន​ប្រើប្រាស់​ជនជាតិរបស់ខ្លួន ដែលមានសញ្ជាតិ បរទេស រស់នៅធ្វើការបរទេស ដើម្បី​បង្កើតស្ថានីយ៍ប៉ូលិស​សម្ងាត់​របស់ខ្លួន នៅ​ទឹកដីបរទេស។ តាម​របាយការណ៍ដែរ នៅទឹកដីអឺរ៉ុប ចិន​មាន​ប៉ុស្តិ៍ប៉ូលិស​លួចលាក់​ច្រើនជាងគេ​ដូចជា នៅអេស្ប៉ាញ មាន​៩កន្លែង ៣កន្លែង​នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង។ សូម្បី​ទីក្រុង​តូចមួយ របស់​អ៊ីតាលី ឈ្មោះ Prato en Toscane ក៏មាន​ប៉ុស្តិ៍​ប៉ូលិស​លួចលាក់ នេះដែរ ព្រោះវា​មាន​ប្រជាជនចិន​រស់នៅធ្វើការច្រើនជាងគេ​នៅក្នុង​វិស័យវាយនភណ្ឌ។ នៅ​ហូឡង់ អាជ្ញាធរ​បានបញ្ជាឲ្យគេ​បិទទីតាំង​ពីរកន្លែង ដែល​គេជឿថា ជា​ប៉ុស្តិ៍ប៉ូលិស ដែល​ចិនបង្កើតដោយលួចលាក់​សម្រាប់តាមដាន​សហគមន៍ជនជាតិចិន​នៅហូឡង់។

ជាទូទៅ ប៉ុស្តិ៍ប៉ូលិស​ដែល​ចិនបង្កើតដោយលួចលាក់ នៅទឹកដី​បរទេស ភាគច្រើន មានរូបរាង ជា​ភោជនីយដ្ឋាន ហាងទំនិញ ឬ​អគារស្នាក់នៅ​សាមញ្ញធម្មតា​ដែល​គ្មានអ្នកណាចាប់អារម្មណ៍​ថា ជា​ទីតាំង​ផ្កាយរណបលួចយកការណ៍​សម្ងាត់​ឲ្យប៉ូលិស​ចិន នោះទេ។

ប៉េកាំងថា ខ្លួន​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​សេវា​សម្រាប់​ប្រជាជន​ចិន រស់នៅទឹកដីបរទេស

នៅក្រោយ​ការចុះផ្សាយរបាយការណ៍​របស់​អង្គការ​អេស្ប៉ាញ ចិន​ផ្ទាល់ បាន​ទាត់ចោល​ការចោទប្រកាន់ ដែលថា ចិន​បង្កើត​ប៉ុស្តប៉ូលិស​ខុសច្បាប់ នៅទឹកដីបរទេស។ ផ្ទុយទៅវិញ ចិន​បដិសេធ​ថា គ្មានបង្កើត​ប៉ុស្តិ៍ប៉ូលិស​សម្ងាត់ ដើម្បីតាមដាន​ពលរដ្ឋរបស់ខ្លួន​នៅ​ទឹកដីបរទេស។ ប៉ុន្តែ ជាផ្លូវការ ប៉េកាំង​ទទួលស្គាល់ថា ខ្លួន​មាន​បង្កើត​មជ្ឈមណ្ឌលសម្រាប់​ផ្តល់​សេវា​រដ្ឋបាល​ដល់​ប្រជាជន​ចិន ដែលរស់នៅ​បរទេស។ តាម​អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន មជ្ឈមណ្ឌល​ផ្តល់​សេវា​ខាងលើ ត្រូវ​បានបង្កើតឡើង​ក្នុងអំឡុង​សម័យ​កូវីដ ក្នុងគោលដៅ ផ្តល់​ព័ត៌មាន ដល់​ប្រជាជនចិន រស់នៅ​បរទេស ដែលជួបការលំបាក​ក្នុងទទួល​ឯកសារ​សម្រាប់​ធ្វើដំណើរ​ចូលប្រទេស ឬ​រឿង​រដ្ឋបាល​ផ្សេងទៀត ទាក់ទង​នឹងការពន្យា​ប័ណ្ណ​បើកបរជាដើម។

តាម​របាយការណ៍​របស់​អង្គការ​​ Safeguard Defenders គំនិត​បង្កើត​ប៉ុស្តិ៍ប៉ូលិស​នៅទឹកដីបរទេស កើតចេញមកពី​អាជ្ញាធរ​របស់ខេត្ត​ពីរ​នៅប្រទេស​ចិន ដែល​មាន​គោលដៅ តាមចាប់ ជនជាតិចិន ដែល​បាន​ប្រព្រឹត្តបទល្មើស បទឧក្រិដ្ឋ ដូចជា​រឿងគេចពន្ធ ប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែបាន​គេចខ្លួន​ទៅរស់នៅបរទេស។ តាម​របាយការណ៍ ចន្លោះឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២២ ប៉ុស្តិប៉ូលិស​សម្ងាត់​របស់​ចិន បានជួយ​ឲ្យគេបញ្ចុះបញ្ចូល​ជនជាតិ​ចិនជាង ២សែននាក់ ឲ្យត្រលប់​ទៅទទួលកំហុស​នៅប្រទេស​ចិន។ ប៉ុន្តែ សម្រាប់​សកម្មជនប្រឆាំង​ចិន ចិន​បង្កើត​ប៉ុស្តិ៍ប៉ូលិស​លួចលាក់ ដើម្បី​តាមដាន កំណត់​អត្តសញ្ញាណ​របស់​អ្នកប្រឆាំង​នៅទឹកដីបរទេស ហើយ​គោលដៅចុងបញ្ចប់ ធ្វើយ៉ាងណា​ដាក់សម្ពាធ​ឲ្យ​ពួកគេ​ត្រលប់ទៅ​ប្រទេស​ចិន។ អង្គការ​ Safeguard Defenders យល់ឃើញដូច​សកម្មជនប្រឆាំង​របស់ចិនដោយថា ប៉េកាំង​ពិតជា​បាន​ប្រើប្រាស់​ប៉ុស្តិ៍ប៉ូលិសលួចលាក់​នេះ សម្រាប់​តាមដាន​ឃ្លាំមើល និង​ដាក់​សម្ពាធ​លើ​ពលរដ្ឋ​ចិន​រស់នៅ ទឹកដី​បរទេសផង និង​ដើម្បី​សំឡុត​ក្រុមប្រឆាំង​ចិន​រស់នៅ​បរទេស។ ជាក់ស្តែង នៅ​បារាំង ចិន​​មាន​បង្កើត​ប៉ុស្តិ៍​ប៉ូលិស​​ខុសច្បាប់​ និង​ដោយ​កំបាំង​មុខ​ បីកន្លែង ក្នុង​គោលដៅ ចាប់បង្ខំ ឲ្យ​ជនជាតិ​ចិន​វិលត្រលប់​ទៅ​ស្រុក​វិញ តាម​បញ្ជា​របស់​ភ្នាក់ងារ​ដែលធ្វើការនៅទីស្នាក់ការ​មួយនៅជាយ​ក្រុងប៉ារីស។

ហេតុអ្វី​អាមេរិក​ទើប​មក​ចាត់វិធានការប្រឆាំង​ប៉ុស្តិ៍ប៉ូលិស​ចិន​នៅទឹកដីបរទេស នៅពេលនេះ?

រដ្ឋាភិបាល​របស់​ប្រទេស​ពាក់ព័ន្ធដូចជាសហរដ្ឋ​អាមេរិក បាន​ដឹងពីរ​រឿង​ចិន​បង្កើត​ប៉ុស្តិ៍ប៉ូលិស​លួចលាក់នៅទឹកដីបរទេស ជាពិសេស នៅក្រោយចេញរបាយការណ៍Safeguard Defender។ ប៉ុន្តែគេឆ្ងល់ថា ហេតុអ្វី​ទើបមាន​វិធានការ​ប្រឆាំង​ចិន​នៅពេលនេះ។ សម្រាប់អ្នកជំនាញ គេ​មិនបាន​ចាត់វិធានការអ្វីខ្លាំង ព្រោះដើម្បី​កុំ​ឲ្យ​ខាតបង់​ប្រយោជន៍​ទំនាក់ទំនង​ជាមួយចិន។ ប៉ុស្តិប៉ូលិស​ចិន​នៅទឹកដីបរទេស សំដៅ ដល់ជនជាតិចិន​នៅបរទេស ប៉ុន្តែវា​សំដៅ ប៉ះពាល់​សន្តិសុខ របស់​ប្រទេសម្ចាស់ផ្ទះ ដូចជា​ករណី​ហូឡង់ ឬបារាំង​នោះទេ។ អីចឹង បាន​ជា​គេ​នៅបន្តបិទភ្នែក មិន​រករឿង ចិន បើទោះបីជា​ការបង្កើត​ប៉ុស្តិ៍ចិន នៅទឹកដីបរទេស ជារឿងខុសច្បាប់ក៏ដោយ។ ក្នុងករណីអាមេរិកផ្ទាល់ អាមេរិក​ទើបតែ ចាត់វិធានការ ចោទប្រកាន់​ពេលនេះ គឺ​អាចទាក់ទង​នឹង​រឿងនយោបាយ​ភាគច្រើន។ រឿងនេះវា​កើតឡើង​នៅក្នុងពេលអាមេរិក និងចិន​កំពុង​តានតឹង​នឹង​គ្នា​កាន់តែខ្លាំង ជាពិសេស​ក្នុងសំណុំរឿង​កោះតៃវ៉ាន់។ ថ្មីៗនេះទៀត អាមេរិក​បាន​បាញ់ទម្លាក់​ប៉ាឡុង​ចារកម្ម​របស់​ចិន ដែលអាមេរិក​ចោទថា ត្រូវ​ចិន​បង្ហោះ​ឲ្យព័ត៌មាន​សម្ងាត់​ស្តីពីទីតាំងយោធាយុទ្ធសាស្រ្ត​នៅក្នុងទឹកដីអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ