អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ខ្មែរ​គួរ​ធ្វើខ្លួន​ជា​ពូជ​អ្នក​សាង​អង្គរ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រ​ទេស​មួយ​ការ​ចូល​រួម​ចំណែក​របស់​ពលរដ្ឋ​មាន​សារ​សំខាន់​ណាស់​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​លឿន​ទៅ​មុខ។ រដ្ឋា​ភិបាល​ជា​អ្នក​កាច់​ចង្គូត​នាវា ចំណែក​ពលរដ្ឋ​គ្រប់​គ្នា គឺជា​អ្នក​ជួយ​ចូក​ចែវ​ឲ្យ​នាវា​កម្ពុជា​ធ្វើ​ដំ​ណើរ​លឿន​ទៅមុខ។ ប៉ុន្តែ ឥរិយា​បថ​មិន​អើពើ​នឹង​ការ​គោរព​ច្បាប់ ទម្លាប់​ផឹក​ស៊ី​ឈ្លោះ​ប្រកែក​គ្នា អំពើ​ហិង្សា​ក្នុង​គ្រួសារ ល្បែង​ស៊ី​សង រហូត​ដល់​ទម្លាប់​រាយ​មាយ​ជាច្រើន​ទៀត​ក្នុងការ​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ​មិន​ត្រឹម​តែ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ជីវ​ភាព​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​រារាំង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ។ ដូច្នេះ ពល​រដ្ឋ​ខ្មែរ​គួរ​ភ្ញាក់​រលឹក​កែ​ប្រែ​ទម្លាប់​មិន​ល្អ​ទាំង​នោះ​និង​គួរ​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​ពូជ​អ្នក​សាង​អង្គរ​។ 

ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ផ្សាយពាណិជ្ជកម្ម

សណ្តាប់​ធ្នាប់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ ក៏​ដូច​ជា​របៀប​រៀប​រយ​នៅ​តាម​ទី​សាធារណៈ​ផ្សេង​ៗ​ដែរ​នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​ឈឺ​ក្បាល​ដដែល។ អ្នក​បើក​បរ​ជា​ច្រើន​នៅ​តែ​មិន​ខ្ចី​រវល់​នឹង​ច្បាប់​ចរាចរណ៍។ ការ​បើក​បរ​ឆ្លងកាត់​ភ្លើង​ក្រហម ឈប់​លើ​គំនូស​ផ្លូវ​ដែល​អ្នក​ថ្មើ​ជើង​ឆ្លង​កាត់ បើកបរ​ឆ្លង​គំនូស​ទ្រូងផ្លូវ​ឬ​បើក​ចំ​កណ្តាល​គំនូស​ពណ៌​ស​ដោយ​មិន​ខ្វល់​ពី​អ្នក​នៅ​ពី​ក្រោយ។ អ្នក​ខ្លះ​ឈប់​ចាំ​បត់​ឆ្វេង​នៅ​ចំ​ផ្លូវ​ដែល​ត្រូវ​ទៅមុខ​ត្រង់ ឬ​អ្នក​ខ្លះទៀត​ចូល​ក្នុង​ជួរ​ដែល​ត្រូវ​បត់​ឆ្វេង​ខណៈ​ដែល​ខ្លួន​ត្រូវ​ទៅ​ត្រង់​សោះ...។

នៅ​តាម​ទី​សា​ធារណៈ​វិញ សំរាម​នៅតែ​ត្រូវ​គេ​បោះ​ចោល​ដោយ​គ្មាន​របៀប​រៀបរយ។ ដប​ទឹក​ឬ​កាក​សំ​ណល់​ចំណី​អាហារ​ផ្សេង​ៗ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ខ្លះ​បោះ​ចោល​ទៅលើ​ដងផ្លូវ​យ៉ាង​ងាយ។ នៅតាម​សួនច្បារ​សាធារណៈ​ក៏​សម្បូរ​សំរាម​ណាស់ដែរ​ទោះបី​ជាមាន​ធុងសំរាម​នៅ​ទីនោះ​ក៏ដោយ។ ងាក​ទៅ​មើល​ទីជនបទ​ឯ​ណោះ​វិញ អ្នកខ្លះ​ចូលចិត្ត​បបួលគ្នា​ជួបជុំ​ផឹកស្រា​ស្រវឹង​អួទីនួ រួចហើយ​ឈ្លោះប្រកែក​គ្នា មក​ដល់​ផ្ទះ​រករឿង​វាយ​ប្រពន្ធ​កូន។

អ្នកខ្លះ​ទៀត​ជក់​នឹង​ល្បែងស៊ីសង បៀរ អាប៉ោង កន្ទុយលេខ ដែល​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់កាស​និង​ពេលវេលា​ឥតប្រយោជន៍។ នៅឯ​ទីក្រុង​ក៏​មិន​ណ​យ​ដែរ៖ ស្រី ស្រា ល្បែង នៅតែ​ជា​ត្រីមុខ​របស់​មនុស្ស​ជាច្រើន។ ទាំងអស់នេះ​សុទ្ធសឹង​ជា​ទម្លាប់​មិនល្អ​ដែល​ត្រូវតែ​កែ​ប្រែជា​ចាំបាច់​ពីព្រោះ​ទម្លាប់​ទាំងនេះ​ជា​ប្រភព​នៃ​ភាពក្រីក្រ​ផង ជា​ប្រភព​នៃ​បញ្ហា​ចាក់ស្រេះ​ក្នុងសង្គម​ផង និង​ក៏​ជា​ឧបសគ្គ​រារាំង​សង្គម​មិនអាច​ក្លាយជា​ប្រទេស​ស៊ី​វិ​ល័យ​និង​នីតិរដ្ឋ​បានឡើយ។

ជាការ​ពិតណាស់ ប្រទេសមួយ​ដែល​អាច​ជឿនលឿន​ទៅមុខ​បាន​ឆាប់រហ័ស​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ អាស្រ័យ​ដោយ​កត្តា​សំខាន់​ពីរ​រួមផ្សំ​គ្នា​មិនអាច​ខ្វះ​បាន៖ទី១គឺ​ដោយសារ​មាន​អ្នកដឹកនាំ​ល្អ​គឺ​អ្នកដឹកនាំ​ដែលមាន​គុណធម៌ ព្រហ្ម​វិហារធម៌​ចំពោះ​ប្រជារាស្ត្រ​និង​វៀងវៃ​ក្នុងការ​កាច់ចង្កូត​ប្រទេស​ឆ្ពោះទៅកាន់​ផ្លូវត្រូវ។ និង​ទី២ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ​ល្អ​ពោល​គឺជា​ប្រជាពលរដ្ឋ​ដែលមាន​កម្រិត​ចេះដឹង​ខ្ពស់ ឧស្សាហ៍​ព្យាយាម និង​ចេះ​គោរព​ច្បាប់ទម្លាប់ផ្សេងៗរបស់​ប្រទេស​បានល្អ។

វា​មិន​ខុស​អ្វី​ពី​គ្រួសារ​មួយ​ដែល​មានកូន​ល្អ​ប្រប​កដោយ​គន្លង​ធម៌​ហើយ​អាចជួយ​លើកមុខ​មាត់​កិត្តិយស​គ្រួសារ​បាន​នោះទេ។ នៅក្នុង​ប្រទេសមួយ​ក៏​ដូចគ្នា​ដែរ ពលរដ្ឋ​ល្អ​អាចជួយ​លើកមុខ​មាត់​ប្រទេសជាតិ​បាន។ បើ​មិនបាន​ជួយ​អ្វី​ដល់​ប្រទេសជាតិ យ៉ាងហោចណាស់​បើ​គ្រាន់តែ​កុំ​បង្កបញ្ហា​ដល់​សង្គម​ក៏​ចាត់ទុកជា​រឿង​ល្អ​មួយ​ទៅហើយ។

ប៉ុន្តែ​បច្ចុប្បន្ន ទាំង​រដ្ឋាភិបាល​ដែល​កំពុង​កាច់ចង្កូត​ប្រទេស ទាំង​អ្នកនយោបាយ និង​ក៏ដូចជា ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែរ នៅមាន​ទម្លាប់​ដឹកនាំ ទម្លាប់​ធ្វើ​នយោបាយ និង​ទម្លាប់​នៃ​ការប្រព្រឹត្ត​ខុសឆ្គង​ជាច្រើន។ មាន​មូលហេតុ​ច្រើនយ៉ាង​ណាស់​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ធ្លាក់​ក្នុង​សភាព​បែបនេះ។ មូលហេតុ​សំខាន់​ជាងគេ​មួយ​គឺ​សង្គ្រាម​ដែល​បង្ក​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​និង​ធ្វើ​ឲ្យ​មាន​ភាពក្រីក្រ។ ភាពក្រីក្រ​និង​ការបាក់​ស្បាត​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្មាន​ពេល​រៀនសូត្រ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឡើយ។ មួយថ្ងៃៗ ពួកគេ​គិតតែ​ពី​បញ្ហា​ក្រពះ ដោយ​ទុក​បញ្ហា​សីលធម៌​និង​សុជីវធម៌​មួយអន្លើ។

ចុងក្រោយ​នេះ ប្រទេសជាតិ​បាន​ស្គាល់​សន្តិភាព ប្រជាជន​ក៏មាន​ជីវភាព​ប្រសើរ​ជាបណ្តើរៗ ប៉ុន្តែ បញ្ហា​ចាក់ស្រេះ​ក្នុងសង្គម​នៅតែ​បន្ត​កើតមាន​នៅឡើយ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​ពិបាក​នឹង​ចាក​ចេញពី​ភាពក្រីក្រ​ឬ​អ្នកខ្លះ​ធ្លាក់ខ្លួន​ក្រ​វិញ​បន្ទាប់ពី​ទទួលរង​ការបណ្តេញ​ចេញពីផ្ទះ​សម្បែង​ឬ​ដីធ្លី​របស់​ពួកគេ​ជាដើម។ ម្យ៉ាងទៀត គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ដែល​កាន់តែ​រីកធំឡើង​ជា​លំដាប់​នោះ​ក៏​ជា​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​មាន​អារម្មណ៍​ថា​ខ្លួន​នៅតែ​ក្រ​ដដែល​បើទោះជា​ជីវភាព​របស់​ពួកគេ​ប្រសើរ​ជាង​មុន​ខ្លះ​ក្តី​ពីព្រោះ​ពួកគេ​តាម​មិនទាន់​អ្នកមាន។

ចំណែកឯ​អ្នកមាន​ប្រាក់​និង​មានអំណាច​ខ្លះ​ក៏​បែរជា​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ខុស​ទំនង​ហើយ​ធ្វើខ្លួន​ជា​មនុស្ស​ទំនើង​មិន​គោរព​ច្បាប់​និង​ខ្វះ​សីលធម៌​ទៅវិញ។ ហេតុផល​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​ប្រកាន់​ឥរិយាបថ​មិនល្អ​រហូតដល់​សព្វថ្ងៃ។ ដូច្នេះ ដល់ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​កែ​ទម្លាប់​អាង​ក្រក់​ទាំងនោះ​ហើយ​ងាក​ធ្វើជា​ពលរដ្ឋ​ល្អ​របស់​សង្គម​វិញ។ អ្នក​ដែល​ត្រូវ​ផ្តើម​មុនគេ​គឺ«លោកធំ»ដែល​ត្រូវធ្វើ​គំរូ​ដល់​ប្រជាពលរដ្ឋ គឺ​គំរូ​ទាំង​សីលធម៌ សុជីវធម៌ និង​ការគោរព​ច្បាប់ ដើម្បី​ឲ្យ​សមជា​ខ្មែរ​ពូជ​អ្នក​សាង​អង្គរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ