អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ហ្វ្រង់ស័រ ​ហូឡង់​ជាប់កុន​ក្នុង​សំណុំរឿង​ស៊ីរី​​ដោយសារ​ភាពរារែក​របស់​​​លោក​អូបាម៉ា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង​គឺ​ជា​ប្រទេស​ដែល​បាន​ចេញមុខចេញ​មាត់​ខ្លាំងជាងគេ​ ​ជាមួយ​អាមេរិក ក្នុងគម្រោង​វាយប្រហារ​លើ​របបដឹកនាំ​លោក​បាស្ហា អាល់អាសាដ ដែល​គេចោទ​ថា​បាន​ប្រើ​អាវុធ​គីមី​វាយប្រហារ​លើ​ប្រជាជន​ស៊ីវិល។ ក៏ប៉ុន្តែ ការ​សម្រេច​របស់​លោក​អូបាម៉ា ដែល​រុញ​បញ្ហា​ស៊ីរី​ទៅ​ឲ្យ​សភា​ជា​អ្នក​អនុម័ត កំពុង​តែ​ធ្វើ​ឲ្យ​លោក​ហ្វ្រង់ស័រ ហូឡង់ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ឯកោ ក្នុងសំណុំរឿង​ស៊ីរីនេះ។

លោក​ហ្វ្រង់ស័រ ហូឡង់ និង​លោក​បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន កាល​ពីថ្ងៃ​ទី១៨ ឧសភា ២០១២ (រូបថតឯកសារ)
លោក​ហ្វ្រង់ស័រ ហូឡង់ និង​លោក​បារ៉ាក់ អូបាម៉ា នៅ​សេតវិមាន កាល​ពីថ្ងៃ​ទី១៨ ឧសភា ២០១២ (រូបថតឯកសារ) REUTERS/Jeff Haynes
ផ្សាយពាណិជ្ជកម្ម

 

សំណួរ-នាយករដ្ឋន្រ្តី​អង់គ្លេស​បាន​ប្រកាស​ដកខ្លួន ពី​គម្រោង​វាយប្រហារ​លើ​ស៊ីរី ដោយសារ​តែ​សភា​អង់គ្លេស​បាន​បោះឆ្នោត​ជំទាស់។ ចំណែក​ឯលោក​អូបាម៉ា​ក៏​បាន​​រុញ​បញ្ហា​ស៊ីរី​ទៅ​ឲ្យ​សភា​អាមេរិក​ជា​អ្នក​សម្រេច​ដែរ។ ចុះ​រដ្ឋាភិបាល​បារាំង​វិញ? តើ​​លោក​ប្រធានាធិបតី ​ហ្វ្រង់ស័រ ហូឡង់​ គ្រោង​ជ្រើសរើស​យក​ផ្លូវណាដែរ?
 
លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ចាត់​ឲ្យ​​លោក​នាយករដ្ឋមន្រ្តី​ ហ្សង់ម៉ាក់ អេរ៉ូ (Jean-Marc Ayrault) ជួប​ប្រជុំ​​​ជាមួយ​ថ្នាក់ដឹកនាំ​សភា​បារាំង នៅ​យប់ថ្ងៃ​ចន្ទ ដើម្បី​បង្ហាញ​អំពី​ភស្តុតាង ដែល​ទីភ្នាក់ងារ​ចារកិច្ច​បារាំង​ប្រមូលបាន ហើយ​ដែល​បញ្ជាក់​ ពី​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅស៊ីរី។

ក្រៅពីនេះ លោក​ហ្វ្រង់ស័រ ហូឡង់ ដូចជា​គ្មាន​ជម្រើស​អ្វី ក្រៅពី​រង់ចាំ​ការ​សម្រេច​របស់​សភា​អាមេរិក​នោះទេ ពីព្រោះ​បារាំង​មិនមាន​សមត្ថភាព​ខាង​យោធា​ ហើយ​ក៏​មិនមាន​ឆន្ទៈ​នយោបាយ ក្នុងការ​​បើក​ប្រតិបត្តិការ​យោធា​នៅស៊ីរី តែម្នាក់​ឯងនោះដែរ។

ការណ៍​ដែល​​លោក​អូបាម៉ា​សម្រេច​រុញ​សំណុំរឿង​ស៊ីរី ទៅ​ឲ្យ​សភា​ជា​អ្នក​សម្រេច កំពុង​តែ​ធ្វើ​ឲ្យ​លោក​ហ្វ្រង់ស័រ ហូឡង់ ស្ថិត​ក្នុង​ភាព​ឯកោ ហើយ​កំពុង​តែ​ទទួលរងនូវការ​រិះគន់​ ពី​សំណាក់​បក្ស​ប្រឆាំង នៅ​ក្នុង​ប្រទេស​បារាំង។

កាសែត​បារាំង ចេញផ្សាយ នៅថ្ងៃ​ចន្ទ​នេះ បាន​នាំគ្នា​ធ្វើ​បទអត្ថាធិប្បាយ ដោយ​មាន​អត្ថន័យ​​ជារួម​ថា “លោក​ហ្វ្រង់ស័រ ហូឡង់ កំពុង​តែ​ជាប់អន្ទាក់​លោក​អូបាម៉ា ក្នុង​សំណុំរឿង​ស៊ីរី”។

យើងឃើញ​ថា ក្រោយពី​លោក​ដេវីដ កាម៉េរ៉ន (David Cameron) នាយករដ្ឋមន្រ្តី​អង់គ្លេស​ ប្រកាស​ដកខ្លួន​ចេញ​ពី​គម្រោង​វាយប្រហារ​លើ​ស៊ីរី លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​ថា​បារាំង​មិន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ទេ ពោលគឺ ​បារាំង​ចង់ដាក់ទោស​រដ្ឋាភិបាល​ស៊ីរី ដែល​ប្រើ​អាវុធគីមី​លើ​ជនស៊ីវិល។ ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បារាំង Le Monde លោក​ហូឡង់ បាន​បញ្ជាក់ទៀត​ថា បារាំង​ចង់​ឲ្យ​ប្រតិបត្តិការ​យោធា​នៅស៊ីរី​បើក​ធ្វើ​នៅ​ពេលឆាប់ៗ។ ជំហរ​ឥតងាករេ​របស់​លោក​ហូឡង់​នេះ រហូត​បាន​ធ្វើ​ឲ្យ​លោក​ចន ឃែរី លើកសរសើរ​បារាំង​ជាសាធារណៈ ដោយ​ចាត់ទុក​បារាំង​ថា​ជា​សម្ព័ន្ធមិត្ត​ដ៏ចំណាស់​បំផុត​របស់​អាមេរិក។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ លោក​អូបាម៉ា​ខ្លួនឯង​ក៏​មិនហ៊ាន​សម្រេច​វាយប្រហារ​លើ​ស៊ីរី ហើយ​លោក​ហូឡង់ ក៏​ត្រូវ​នៅ​ឯកោ​ម្នាក់ឯង មិនដឹង​ជា​ទៅ​ផ្លូវណា។

សំណួរ-​នៅបារាំង មុននឹង​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​បរទេស តើ​ប្រធានាធិបតី​ត្រូវ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​សភា​ដែរ​ឬទេ?
 
យោងតាម​រដ្ឋធម្មនុញ្ញ​បារាំង ប្រធានាធិបតី​បារាំង គឺ​ជា​អគ្គបញ្ជាការ​កងទ័ព ដែល​មាន​អំណាច​ទ័ព ហើយ​មាន​អំណាច​សម្រេច​បើក​ប្រតិបត្តិការ​យោធា​នៅ​បរទេស ដោយ​មិនចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​សភា​ទេ។

អ្វី​ដែល​ប្រធានាធិបតី​បារាំង​ត្រូវ​ធ្វើ គឺ​​ជូនដំណឹង​ទៅ​សភា អំពី​សេចក្តីសម្រេច​បើក​ប្រតិបត្តិការ​យោធា​នៅក្រៅប្រទេស ហើយ​បន្ទាប់មកទៀត ប្រសិនបើ​ប្រតិបត្តិការ​យោធា​នេះ អូសបន្លាយពេល​យូរ ទើបរដ្ឋាភិបាល​​​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា​ ដើម្បី​បន្ត​ប្រតិបត្តិការ​នេះ​​តទៅទៀត។
 
នៅ​ក្នុង​គម្រោងបើក​ប្រតិបត្តការ​យោធា​នៅ​ស៊ីរី​នេះ លោក​ហ្វ្រង់ស័រ ហូឡង់ បាន​កោះ​ប្រជុំ​សភា​រួចហើយ នៅ​ថ្ងៃ​ពុធ ៤កញ្ញា​ខាងមុខ​នេះ។ ក្នុង​កិច្ចប្រជុំនេះ សភា​បារាំង​​គ្រាន់តែ​ធ្វើការ​ជជែក​ដេញដោល​គ្នា​ តែ​មិន​មាន​ការ​បោះឆ្នោត​អនុម័ត​លើ​គម្រោង​វាយប្រហារ​លើ​ស៊ីរី​នេះ​ទេ។

សំណួរ-ក៏ប៉ុន្តែ បើសិន​ជា​លោក​ហ្វ្រង់ស័រ ហូឡង់ ​ចង់ដាក់​បញ្ហា​ស៊ីរី​នេះ​ទៅ​ឲ្យ​សភា​ជា​អ្នក​បោះឆ្នោត​សម្រេច តើ​​​ច្បាប់​បារាំង​អនុញ្ញាត​ឲ្យ​ធ្វើ​បែបនេះ​បាន​ដែរ​ឬទេ?

លោក​ហ្វ្រង់ស័រ ហូឡង់ អាច​ដាក់​បញ្ហា​ស៊ីរី​ទៅ​ឲ្យ​សភា​ជា​អ្នក​បោះឆ្នោត​សម្រេច ដោយ​គ្មាន​ច្បាប់​ណា​ហាមឃាត់​នោះទេ។ កន្លងមក គេ​ក៏​ធ្លាប់​ឃើញ​​មាន​ករណីបែបនេះ​កើតឡើង​ដែរ គឺ ​កាលពី​សម័យសង្រ្គាម​អ៊ីរ៉ាក់ ឆ្នាំ​១៩៩១ ប្រធានាធិបតី​បារាំង ​លោក​ហ្វ្រង់ស័រ មីតេរ៉ង់ (François Mitterand) បាន​ទៅ​សុំ​ការ​អនុញ្ញាត​ពី​សភា​ មុននឹង​បញ្ជូនទាហាន​បារាំង ទៅ​អ៊ីរ៉ាក់។

តាមពិត នៅ​អាមេរិក បើ​តាមរដ្ឋធម្មនុញ្ញ ​លោក​អូបាម៉ា​ក៏​មិនចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​សភា​ដែរ ដើម្បី​បើក​ប្រតិបត្តិការ​យោធា​នៅស៊ីរី។ ក៏ប៉ុន្តែ ប្រហែល​ជា​លោក​អូបាម៉ា​មិន​ចង់​ទទួល​អ​ម្រែក​តែម្នាក់ឯង ទើប​រុញ​បញ្ហា​នេះ​ទៅ​ឲ្យ​សភា។

ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ លោក​ហូឡង់​មិនបាន​សម្រេច​ដើរតាម​ផ្លូវ​ដូច​លោក​អូបាម៉ា​នេះ​ទេ។ មន្រ្តី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គមនិយម (Parti Socialiste) ដែល​ជា​បក្ស​កាន់អំណាច បាន​អះអាង​ថា លោក​ហ្វ្រង់ស័រ ហូឡង់​ ទំនង​ជា​មិន​ផ្លាស់ប្តូរ​ជំហរ​នេះ​ទេ។ ម្យ៉ាងទៀត ប្រធាន​គណបក្ស UMP ដែល​ជា​បក្ស​ប្រឆាំង​ធំជាងគេ នៅបារាំង ទើប​នឹង​បាន​ប្រកាស​នៅថ្ងៃ​ចន្ទ​នេះ​ថា ការធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី គឺ​ត្រូវ​ទុក​ឲ្យ​លោក​ហ្វ្រង់ស័រ ហូឡង់ ជា​អ្នក​សម្រេច ដោយ​មិនចាំបាច់​សុំ​ការ​អនុញ្ញត​ពី​សភា​ទេ។

ក៏ប៉ុន្តែ បើទោះបីជា​​លោក​ហ្វ្រង់ស័រ ហូឡង់ សម្រេច​ដាក់ ឬ​មិន​ដាក់​​សំណុំរឿង​ស៊ីរី​ឲ្យ​សភា​បារាំង​អនុម័ត មុននឹង​បើក​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី លោក​ហ្វ្រង់ស័រ ហូឡង់ ប្រាកជា​នឹង​ត្រូវ​រង់ចាំ​ការ​អនុញ្ញាត​ពី​សភា​ដែរ។ មិនមែន​ចាំ​ការ​អនុញ្ញាតិ​ពី​​សភា​​បារាំង​ទេ ប៉ុន្តែ ​ការ​អនុញ្ញាត​ពី​សភា​អាមេរិក ពីព្រោះ​ថា បើ​មិនមាន​ការ​អនុញ្ញាត​ពី​សភា​អាមេរិក លោក​អូបាម៉ា​​ក៏​​​មិន​បើក​ការ​វាយប្រហារ​លើ​ស៊ីរី ហើយ​បើ​គ្មាន​អាមេរិក ក៏​លោក​ហ្វ្រង់ស័រ ហូឡង់ ​ក៏​ពិបាក​នឹង​ចេញមុខ​ទៅ​វាយប្រហារ​លើ​ស៊ីរី​តែ​ម្នាក់​ឯង​ដែរ។

ដូច្នេះ ការ​ណ៍​ដែល​លោក​អូបាម៉ា​សម្រេច​ដាក់​សំណុំរឿង​ស៊ីរី ទៅ​ឲ្យ​សភា​អនុម័ត វាធ្វើ​ឲ្យ​លោក​​ហ្វ្រង់ស័រ ហូឡង់ ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាកមួយ ក្នុងន័យថា ក្នុងនាម​ជា​ប្រធានាធិបតី​នៃ​ប្រទេស​អធិបតេយ្យ​មួយ ហើយ​ជា​​ប្រទេស​មហាអំណាច​យោធា​មួយ​ដែរ ប៉ុន្តែ ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​សភា​របស់​ប្រទេស​ផ្សេង ដើម្បី​បើក​ប្រតិបត្តិការ​យោធានៅ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ