អានតួអត្ថបទ
កម្ពុជា-ចិន

ចិន​ព្រម​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិនខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន

ប្រធានាធិបតី​ចិន​លោក ហ៊ូ ជិនតាវ បាន​យល់ព្រម​លើក​យក​បញ្ហា​សមុទ្រ​ចិន​ប៉ែក​ខាងត្បូង​មក​ដោះស្រាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ចិន។ ការ​យល់​ព្រម​បែប​នេះ​ត្រូវ​បាន​ប្រកាស​ឡើង បន្ទាប់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក ហ៊ូ ជីនតាវ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅ​ឯ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ យ៉ាង​ណា​ក៏​ដោយ មេដឹកនាំ​ចិន​មិន​ឲ្យ​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ផ្សេង ក្រៅ​ពី​អាស៊ាន និង​ចិន​ឡើយ​។

ចិន​ព្រម​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិនខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន
ចិន​ព្រម​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិនខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ហាក់​បាន​វិវឌ្ឍ​ទៅ​មុខ​មួយ​ជំហាន​ទៀត​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ទីបំផុត​ទៅ ចិន​បាន​យល់​ព្រម​ឲ្យ​លើក​យក​បញ្ហា​សមុទ្រ​ចិន​ប៉ែក​ខាងត្បូង​មក​ពិភាក្សា និង​ដោះស្រាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ចិន។ នេះ​បើ​យោង​តាម​លោក ស្រ៊ី ថាមរុង្គ ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​នាំ​ពាក្យ​ស្តីពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​មក​ប្រាប់​​អ្នកកាសែត​ បន្ទាប់​ពី​ជំនួប​រយៈពេល​ជាង​មួយ​ម៉ោង។ យ៉ាង​ណា​ក៏​ដោយ លោក ហ៊ូ ជិន​តាវ បាន​បញ្ជាក់​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា ​បញ្ហា​នេះ​ត្រូវ​ដោះស្រាយ​តែ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ប៉ុណ្ណោះ តែ​មិនមែន​ក្របខណ្ឌ​អន្តរជាតិ​ដទៃ​ទៀត​ទេ​។

គួរ​បញ្ជាក់​ថា ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤​គឺ វៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និងហ្វីលីពីន សុទ្ធ​តែ​មាន​ទំនាស់​ជាមួយ​ចិន​ស្តីពី​ការ​ដណ្តើម​កាន់កាប់​ប្រជុំកោះ Paracels  និង Spratleys នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ រហូត​មក​ទល់​នឹង​ពេល​ថ្មីៗ​នេះ ចិន​បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា​ បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ​ជា​ទ្វេភាគី​រវាង​ចិន និង​គូទំនាស់​នីមួយៗ។ ទីក្រុង​ប៉េកាំង​បាន​បដិសេធ​យ៉ាង​ដាច់ខាត​មិន​ឲ្យ​ជម្លោះ​នេះ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​ដូច​ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក​និង​ប្រទេស​ដែល​ស្និទ្ធ​នឹង​អាមេរិក​ឡើយ សូម្បី​តែ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ក៏​ដោយ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា លោក ហោ ណាំហុង ក៏​បាន​បញ្ជាក់​ដែរ​ថា គេ​មិន​គួរ​ធ្វើ​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​ឡើយ។ ប៉ុន្តែ​ពេល​នេះ ចិន​បាន​ផ្លាស់ប្តូរ​ជំហរ​វិញ ដោយ​សុខចិត្ត​ឲ្យ​លើក​យក​បញ្ហា​នេះ​មក​សម្របសម្រួល​ និង​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ចិន។ យ៉ាង​ណា​ក៏​ដោយ ទីក្រុង​ប៉េកាំង​នៅ​តែ​រក្សា​ជំហរ​ដាច់​ខាត​ថា នឹង​មិន​ឲ្យ​មាន​យន្តការ​អន្តរជាតិ​ណា​ផ្សេង​ក្រៅ​ពី​អាស៊ាន​មក​លូកដៃ​ក្នុង​រឿង​នេះ​ឡើយ។ នៅ​ក្នុង​ជំនួប​កាល​ពី​ព្រឹកមិញ​នេះ​ដែរ ចិន​បាន​សម្រេច​ផ្តល់ «កាដូ»​ដល់​កម្ពុជា​ជា​ទឹកប្រាក់​ចំនួន​៤៥០លានយន់ ក្នុង​នោះ ​២៥០លានយ័ន​ជា​ជំនួយ​ឥត​សំណង និង២០០លានយ័ន​ទៀត​ជា​ប្រាក់​កម្ចី​សម្បទាន​សម្រាប់​អភិវឌ្ឍន៍​។

លោក ហ៊ូ ជីនតាវ បាន​មក​ដល់​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​៤ថ្ងៃ​នៅ​កម្ពុជា។ ដំណើរ​មក​ដល់​របស់​មេដឹកនាំកំពូល​ទីក្រុង​ប៉េកាំង​បាន​កើត​​ឡើង ​ចំ​ពេល​ដែល​កិច្ច​ប្រជុំ​កំពូលអាស៊ាន​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ បញ្ហា​សមុទ្រចិន​ខាងត្បូង​គឺ​ជា​រឿង​ក្តៅ​មួយ​នៅ​ក្នុង​ជំនួបកំពូល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ