អានតួអត្ថបទ
កម្ពុជា

ប្រធានាធិបតី​ចិន​នឹង​ទៅ​​កម្ពុជា​និយាយ​ពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​ប្រាប់​អ្នកកាសែត​កម្ពុជា​មួយ​ក្រុម នៅ​ទីក្រុង​ប៉េកាំង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ហូ ចិនតាវ ( Hu Jintao ) មកកាន់​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​មីនា​ខាងមុខនេះ គឺ​ប្រមុខ​រដ្ឋ​ចិន រំពឹងថា ជម្លោះ​តាម​ព្រំដែន​សមុទ្រ នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន ជាមួយ​ប្រទេស​សមាជិក​អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ នឹង​មិន​ក្លាយ​ជា​របៀបវារៈ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​៤​មេសា​ឡើយ។

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​សែន​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កន្លងមក​
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​សែន​ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជិនតាវក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កន្លងមក​ ©Asean
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ពិធី​ស្វាគមន៍​ក្រុមអ្នកកាសែត​កម្ពុជា ដែល​បាន​បំពេញ​ទស្សនកិច្ច ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១២ លោក លូ វីម៉ិន ( Liu Weimin ) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​លើកឡើង​ថា ប្រមុខ​ដឹកនាំ​ចិន លោក ហ៊ូចិនតាវ ដែល​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ អាច​នឹង​នាំមក​នូវ​ផលប្រយោជន៍​យ៉ាង​ល្អ រវាង​ប្រទេស​ទាំង​ពីរ។ ក្រៅ​ពី​ជួយ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ប្រមុខ​ដឹកនាំ​ចិន និង​កម្ពុជា គ្រោង​នឹង​ចុះហត្ថលេខា​រួមគ្នា លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

តាម​កម្មវិធី លោក​ប្រធានាធិបតី​ចិន ហ៊ូចិនតាវ នឹង​មក​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​២​មេសា ឆ្នាំ​២០១២។ រី​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ប្រធាន នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​៤​មេសា ឆ្នាំ​២០១២។ ក្នុងនោះ កិច្ចប្រជុំ​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំង​១០ ប្រទេស ធ្វើ​នៅ​ថ្ងៃទី​៣​មេសា។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បញ្ជាក់​ប្រាប់​អ្នកកាសែត​កម្ពុជា​ថា ប្រទេស​ចិន​គាំទ្រ​កម្ពុជា​ក្នុង​ការធ្វើ​ជា​ប្រធាន​អាស៊ាន ក៏​ដូចជា​ការបើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខ។

ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​ប្រទេស​សមាជិក​អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ជឿថា មេដឹកនាំ​អាស៊ាន នឹង​មិន​លើកយក បញ្ហា​នេះ ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខ​ឡើយ។

តាម​អ្នកនាំពាក្យ ជម្លោះ​ព្រំដែន​សមុទ្រ​ប្រទេស​ជិតខាង​របស់​ចិន ជា​ទំនាស់​ឯកជន និង​ជានិច្ចកាល​គោលនយោបាយ​របស់​ចិន រក្សា​សុខ​សន្តិភាព និង​ធ្វើ​ជា​មិត្តភក្តិ​ជិត​ខាង​ល្អ។ ដូចនេះ​ការទុកឱ្យ​ប្រទេស​ដែល​មាន​បញ្ហា ពិភាក្សាគ្នា ក្នុង​លក្ខណៈ​ការយោគយល់ និង​សន្តិវិធី វា​ជា​ដំណោះស្រាយ​មួយ​ល្អ​បំផុត។

អ្នកនាំពាក្យ បាន​គូស​បញ្ជាក់​ថា កម្ពុជា​កន្លងមក បាន​ដើរតួនាទី​យ៉ាង​ល្អ​ក្នុង​ទំនាស់​ព្រំដែន នៅ​សមុទ្រ​ភាគខាងត្បូង​ចិន ដោយ​ក្នុង​នោះ កម្ពុជា​បាន​ប្រឆាំង ចំពោះ​ការលើកយក​បញ្ហា​ជម្លោះ​ព្រំដែន​របស់​ប្រទេសជិតខាង ជាមួយ​ចិន មក​ពិភាក្សា ក្នុង​កិច្ចប្រជុំ​អាស៊ាន កាលពី​កន្លងមក។

ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នា​ចុង​ខែ​មីនា​នេះ ចិន​បាន​ជួយ​កម្ពុជា​លើ​បញ្ហា​បច្ចេកទេស និង​សន្តិសុខ។ នេះ​គេ​មិនទាន់​រាប់​ដល់​ជំនួយ និង​ប្រាក់​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​របស់​ចិន ​ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​ឡើយ។​

ជុំវិញ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​របស់​ប្រធានាធិបតី​ចិន នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅថ្ងៃនេះ មិន​ទាន់​មាន​អត្ថាធិប្បាយ​ពី​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ទេ។ ក៏ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល បាន​លើក​ឡើង​ថា លោក​ប្រធានាធិបតី​ចិន ហ៊ូចិនតាវ នឹង​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពន្យល់​ប្រាប់​ប្រមុខ​ដឹកនាំ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២​នេះ អំពី​ជំហរ​របស់​ចិន នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ដែល​ចិន​បង្ហាញ​ចេតនា​រួចហើយ​ថា ចិន​មិន​ចង់​ឲ្យ​អាស៊ាន​លូកដៃ ក្នុង​ជម្លោះ​រវាង​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ ក្នុង​ជម្លោះ​ដណ្តើម​ដែនកោះ Spratly និង Paracel ដែល​បាន​អូសបន្លាយ​ប្រមាណ ២ ទសវត្សរ៍​នោះឡើយ។

យ៉ាងណាក៏ដោយ ជម្លោះ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ប្រធានបទ ដែល​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ លើក​មក​ពិភាក្សា​គ្នា​ក្នុង​សន្និសីទ​មួយ នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២២​មីនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ