អានតួអត្ថបទ
កម្ពុជា

ចំនួន​អ្នក​រង​គ្រោះ​ដោយ​រន្ទះ​បាញ់​នៅ​ពេល​ដូរ​រដូវ​កាល​មាន​ការ​ថយ​ចុះ​ច្រើន​

ចំនួន​អ្នកស្លាប់​និង​របួស​ដោយ​គ្រោះធម្មជាតិ រន្ទះបាញ់ មានការ​ថយចុះ​ជិត​ពាក់កណ្តាល​នៅ​ឆ្នាំ២០១៤នេះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពីដើម​ឆ្នាំទៅ។ ការ​កត់សម្គាល់​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ស្ថាប័ន​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា។អាជ្ញាធរ មិនមាន​វិធាន​ការ​​អ្វី​ផ្សេង​ក្រៅពី ការណែនាំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ប្រតិបត្តិ​ទៅតាម​ការផ្សព្វផ្សាយ​និង​មានការប្រុង​ប្រយ័ត្ន​​នៅពេល​ដែលមាន​ភ្លៀង​ផ្គរ អំឡុង​ពេល​ផ្លាស់ប្តូរ​អាកាសធាតុ​ពី​រដូវប្រាំង​ចូល​រដូវ​វស្សា​​នេះ។

រន្ទះបាញ់​នៅកម្ពុជា។
រន្ទះបាញ់​នៅកម្ពុជា។
ផ្សាយពាណិជ្ជកម្ម

គ្រោះមហន្តរាយធម្មជាតិ​រន្ទះបាញ់​ដែល​បានសម្លាប់​មនុស្ស និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ជា​រៀង​រាល់ឆ្នាំ​ត្រូវបាន​អង្គភាព​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​កម្ពុជា​កត់​សម្គាល់ថា មានការ​ថយ​ចុះច្រើន​​អំឡុងពេល​ដើមឆ្នាំ ២០១៤នេះ។

លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃអាទិត្យ​នេះ​ថា ចំនួន​អ្នកស្លាប់​បណ្តាលមកពីរ​ន្ទះ​បាញ់​មាន​ការ​​ថយចុះ​ច្រើន​នៅ​ឆ្នាំនេះ។ លោក កែវ វី ឲ្យ​ដឹងថា​សម្រាប់​រយៈពេល​ជាង៤ខែ​ដើមឆ្នាំ ២០១៤​នេះ មាន​អ្នកស្លាប់​ដោយសារ​រន្ទះបាញ់​ចំនួន២៨នាក់​និង​របួស១៩នាក់។ក៏ប៉ុន្តែ​សម្រាប់​​​រយៈពេល​ដូចគ្នានេះ កាលពី​ឆ្នាំទៅ​ចំនួន​អ្នកស្លាប់​មាន​រហូត៣៥នាក់​និង​របួស​២៤​នាក់។​

ជាទូទៅ​រន្ទះ​ច្រើន​កើតឡើង​នៅពេល​មាន​ភ្លៀង​កក់ខែ​នៅក្នុង​រដូវប្រាំង ក៏ប៉ុន្តែ ជាការ​កត់​សម្គាល់​ ចំនួន​អ្នកស្លាប់​និង​របួស​ដោយ​រន្ទះ​មានការ​កើនឡើង​បន្តិច​ចាប់ពី​ដើមខែ​ឧសភា​នេះ
ដោយសារតែ​អាកាសធាតុ​មាន​សភាព​ក្តៅ​ខ្លាំង​និង​ត្រៀម​ផ្លាស់ប្តូរ​រដូវ​ពី​រដូវប្រាំង​និង​រដូវ​វស្សា​។

តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម, នៅ​ឆ្នាំនេះ​កម្ពុជា​រង​នូវ​ឥទ្ធិពល​ព្យុះ​ច្រើន ក៏ប៉ុន្តែ​មាន​ភ្លៀង​មិនសូវ​ច្រើន​ប៉ុន្មាន​ទេ ស្ថានភាព​នេះ​ធ្វើ​ឲ្យ​មាន​កើត​រន្ទះ​តិច។ជា​​វិធានការ លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះម​ហ​ន្ត​រាយ​ បាន​ណែនាំ​ផ្សព្វផ្សាយ​កុំ​ឲ្យ​ប្រជាជន ស្ថិតនៅ​កណ្តាលវាល​នៅពេលដែល​មេឃរក​កលភ្លៀង ត្រូវ​ប្រ​ញ៉ាប់​ប្រញាល់​ទៅកាន់​ផ្ទះសម្បែង។លើសពីនេះ​មិនគួរ​និយាយ​ទូរស័ព្ទឬ​មើល​​ទូរ​ទ​ស្ស​ន៍ ឬក៏​ប៉ះពាល់​វត្ថុ​ដែល​អាច​ចំលង​ចរន្ត​អគ្គីសនី​នៅពេល​មាន​ភ្លៀង ខ្យល់ ផ្គរ    រន្ទះ។

សូមបញ្ជាក់ថា​ពេញ​មួយឆ្នាំ ២០១៣ កន្លងទៅ មាន​មនុស្ស​ជាង១០០នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​ផ្សេងទៀត​ដោយសារ​រន្ទះ ព្រមទាំង​ធ្វើ​ឲ្យ​ងាប់​គោ ក្របី បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រ​ជា​ជន​​ជាច្រើន​ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ