អានតួអត្ថបទ
កម្ពុជា

ការ​បាក់​ច្រាំង​ទន្លេ​បាន​ស្រូប​យក​ជី​វិត​មនុស្ស​បី​នាក់​ទៅ​ក្នុង​ទឹក​

កុមារ​ពីរ​នាក់​និង​ស្រី្ត​វ័យ​ចំ​ណាស់​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាក់​ច្រាំង​មួយ​នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​កាល​ពី​យប់​មិញ។ អាជ្ញា​ធរ​នៅ​តំបន់​នោះ​ថ្លែង​ថា ពួក​គេ​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​សង្គ្រោះ​ជន​រង​គ្រោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​បាន​មើល​ឃើញ​ថា​ឧប្បត្តិ​វហេតុ​នេះ គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋា​ភិបាល​និង​ក្រុម​ហ៊ុន​បូម​ខ្សាច់​។

ផ្ទះប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេ ។
ផ្ទះប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេ ។ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

មនុស្ស​បី​នាក់ ក្នុង​នោះ​មាន​ជី​ដូន និង​ចៅ ២​នាក់ ត្រូវ​អាជ្ញា​ធរ​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល​បាន​អះ​អាង​ថា ស្លាប់​ដោយ​សារ​ការ​បាក់​ច្រាំង​ទន្លេ​មួយ​កាល​ពី​យប់​ថ្ងៃ​ទី​១៨​កុម្ភៈ។​ជន​រងគ្រោះ​ទាំង​បី​នាក់​បាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ នៅ​ក្នុង​ដំណេក​ពេល​យប់ ហើយ​ផ្ទះ​ដែល​ពួក​គេ​ស្នាក់​នៅ​លើ​ច្រាំង​បាន​បាក់​ស្រុត​ចូល​ទឹក និង កប់​បាត់​ទៅ​ក្នុង​ល្បាក់​ដី នៃ​ទន្លេ​មេ​គង្គ​ជាច្រើន​ម៉ោង​។

 
លោក ម៉ែន សុ​ឃឿន អធិការ​ប៉ូលីស​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល បាន​ប្រាប់​វិទ្យុ​បារាំង អន្តរជាតិ RFI ថា​សមត្ថ​កិច្ច​កំពុង​តែ​រិះរក​មធ្យោ​បាយ​សង្គ្រោះ ក៏​ប៉ុន្តែ​មិន​មាន​លទ្ធ​ភាព ដោយ​សារ​សណ្ឋាន​ដី​នៅ​មាត់​ច្រាំង​នោះ មាន​សភាព​រក​កល​បាក់​បន្ថែម​ទៀត។ មេ​ប៉ូ​លីស ស្រុក​ខ្សាច់​កណ្តាល​បន្ត​ថា អាជ្ញា​ធរ​និង​សមត្ថ​កិច្ច​អត់​មាន​សម្ភារៈ​គ្រប់​គ្រាន់​ដើម្បី​ប្រតិ​បត្តិការ​ជួយ​សង្គ្រោះ​គ្រោះ​ថ្នាក់​បែប​នេះ​ទេ មាន​តែ​ជួល​ជន​ជាតិ​ខ្មែរ​ឥស្លាម​ដែល​ជំនាញ​ខាង​មុជ​ទឹក​ជួយ​រាវ​រក ដោយ​អ្នក​មុជ​ទឹក​ទារ​តម្លៃ ៣០០ដុល្លារ​ក្នុង​ការ​រក​ឃើញ​សព​ម្នាក់​។

ទាក់​ទង​ទៅ​នឹង​បញ្ហា​បាក់​ច្រាំង​ដែល​ធ្វើ​ឲ្យ​ផ្ទះ​សម្បែង ទ្រព្យ​សម្បត្តិ និង​មាន​ការ​បាត់​បង់​អាយុជីវិត​មនុស្ស​ផង​នោះ ប្រ​ជា​ពល​រដ្ឋ​ក៏​ដូច​ជា​អង្គ​ការ​សង្គម​ស៊ីវិល​តែង​ធ្វើ​ការ​ស្តី​បន្ទោស​ទៅលើការ​អនុញ្ញាត​ឲ្យ​មាន​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ។ ក៏​ប៉ុ​ន្ត​អាជ្ញា​ធរ​តែង​ធ្វើ​ការ​បដិ​សេធ​ចំពោះ​ការលើក​ឡើង​ដូច្នេះ​។

លោក សៀ ភិរម្យ នាយក​ក្រុម​លេខា​ធិការ​ដ្ឋាននៃ​អង្គ​ការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំ​នៅ​ដ្ឋានបាន​ហៅ​វិធាន​ការ​របស់​រដ្ឋាភិបាល​ថា មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទាក់​ទង​ទៅ​នឹង​ការ​បំរើ​សេវា​កម្ម​រក្សា​សុវត្ថិ​ភាព​ដល់​ប្រ​ជា​ពល​រដ្ឋ ដែល​ប្រ​ឈម​នឹង​ការ​បាក់​ច្រាំង។លោក​ថា​ការ​បាក់​ច្រាំង​ទន្លេ​នោះ គឺ​បណ្តាល​មក​ពី​ការ​បូម​ខ្សាច់ ដែល​នៅ​មាន​សកម្ម​ភាព​នៅ​តាម​ដង​ទន្លេ​បើ​ទោះ​ណា​ជា​រដ្ឋា​ភិបាល​បាន​ប្រកាស​ហាម​ប្រាម​មិន​ឲ្យ​បូម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ។ជា​មួយ​គ្នា​នេះ​សង្គម​ស៊ីវិល​ជម្រុញ​ឲ្យ​អាជ្ញាធរ​មាន​ការ​ស្រាវ​ជ្រាវ​ផង​ដែរ​ប្រ​សិន​បើ​គ្រោះ​ថ្នាក់​នោះ​ជា​បច្ច័យ​អាក្រក់​ដោយ​សារ​ការ​បូម​ខ្សាច់​នៅ​ទី​នោះ​មែន​នោះ ​អាជ្ញា​ធរ​ត្រូវ​តែ​ក្លា​ហាន យក​យុត្តិ​ធម៌​ជូន​ប្រជា​ជន​រង​គ្រោះ ពី​សំ​ណាក់​ក្រុម​ហ៊ុន​បូម​ខ្សាច់​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាជ្ញា​ធរ​ស្រុក​ខ្សាច់​កណ្តាល ក៏​ដូច​ជា​តំ​បន់​ផ្សេង​ៗ​ទៀត​នៅ​តាម​ដង​ទន្លេ បាន​អះ​អាង​ថា កន្លង​មក​តែង​មាន​ការ​អប់​រំ ណែ​នាំ​ដល់​ប្រជា​ជន​ផង​ដែរ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​រស់​នៅ​បែប​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​បែប​នេះ ។ក៏​ប៉ុន្តែ​ប្រជា​ជន​ត្អូញ​ត្អែរ​ថា ភាពក្រី​ក្រ​បាន​ជម្រុញ​ឲ្យ​ពួក​គេ​មិន​មាន​ជម្រើស​លំ​នៅ​ដ្ឋាន​ផ្សេង​ពី​នេះ​។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ