អានតួអត្ថបទ
កម្ពុជា

ព្យុះហ្គាអេមី​បន្ថយ​ឥទ្ធិពល​របស់​វា​នៅ​ពេល​មក​ដល់​កម្ពុជា​នា​ថ្ងៃ​អាទិត្យ​នេះ

ព្យុះ​ហ្គាអេមី​​បន្ថយ​ឥទ្ធិពល​របស់​វា​នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​កម្ពុជា​មាន​សំណាង​ល្អ​ដោយសារ​ព្យុះ​កំណាច​ហ្គា​អេមី​បាន​បន្ថយ​ឥទ្ធិពល​របស់​វា​នៅ​ពេល​វា​មក​ដល់​ប្រទេស​កម្ពុជា។ ព្យុះ​នៅ​តែ​បង្ក​អោយ​មាន​ភ្លៀងធ្លាក់​ដដែល​ ប៉ុន្តែ​វា​មិន​បណ្តាល​អោយ​មាន​ខ្យល់​បោកបក់​ខ្លាំង​នោះ​ទេ។

លោក​ លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម
លោក​ លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម
ផ្សាយពាណិជ្ជកម្ម

លោក លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ព្យុះ​ហ្គាអេមី​បាន​​ធ្វើ​ដំណើរ​មក​ដល់​​ខេត្ត​រតនគីរី​ប្រទេស​កម្ពុជា​ហើយ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ហើយ​បន្ទាប់​មក​វា​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​មួយ​ចំនួន ​មុន​នឹង​មក​ដល់​ខេត្ត​សៀមរាប​នៅ​វេលា​ម៉ោង​៦​ ឬ​៧​យប់​នេះ​។ នៅ​ថ្ងៃ​អាទិត្យ​នេះ ​គេ​សង្កេត​ឃើញ​ថា ខេត្ត​មួយ​ភាគ​ធំ​នៃ​ប្រទេស​កម្ពុជា​មាន​ភ្លៀងធ្លាក់​ច្រើន​ ឬ​តិច​អាស្រ័យ​លើ​តំបន់​ផ្សេង​ៗ​គ្នា​។

បើ​យោង​តាម​ការ​ព្យាករណ៍​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ព្យុះហ្គាអេមី​អាច​នឹង​វាយ​លុក​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​គួរសម​ ប៉ុន្តែ​ជា​សំណាង​ល្អ ព្យុះហ្គាអេមី​បាន​បន្ថយ​ឥទ្ធិពល​របស់​វា​នៅ​ពេល​ដែល​​វា​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា។

លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​ថ្លែង​ប្រាប់​ទាំង​អារម្មណ៍​សប្បាយ​ចិត្ត​បន្តិច​ថា៖ «នេះ​ជា​សំណាង​មួយ លើ​មួយ​ពាន់​របស់​កម្ពុជា​ដែល​មិន​ទទួល​រង​ឥទ្ធិពល​ខ្យល់ព្យុះ​ហ្គាអេមី​​ធំ​ដុំ»។ លោក​រដ្ឋ​មន្រ្តី​បាន​បន្ត​ទៀត​ថា ព្យុះហ្គាអេមី​​​នៅ​តែ​បង្ក​អោយ​មាន​ភ្លៀងធ្លាក់​ច្រើន​ដដែល​ ប៉ុន្តែ​វា​មិន​បង្ក​អោយ​មាន​ខ្យល់​បោក​បក់​ខ្លាំង​ទេ។ កាល​ណា​មិន​មាន​ខ្យល់បក់​ខ្លាំង​ គឺ​ជា​សំណាង​មួយ​ដ៏​ធំ​រួចស្រេច​ទៅ​ហើយ​ ពីព្រោះ​វា​មិន​មាន​ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ដោយសារ​ខ្យល់​បោក​បក់។

បើ​យោង​តាម​ទោះទាយ​ចុង​ក្រោយ ព្យុះ​ហ្គាអេមី​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ មុន​ពេល​ដែល​​​ចំហាយ​ព្យុះ​តិចតួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ។

ទាក់ទង​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា ​តើ​ទឹកភ្លៀង​អាច​បង្ក​អោយ​មាន​ទឹក​ជំនន់​ទឹក​ភ្លៀង​ដែរ ឬ​អត់​នោះ? លោក​រដ្ឋមន្រ្តី​អល់អែក​​នៅ​មិន​ទាន់​ហ៊ាន​ឆ្លើយ​អោយ​ចំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​​លោក​រដ្ឋមន្រ្តី​​​នៅ​តែ​សម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ។ ទឹក​ជំនន់​ទឹកភ្លៀង​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្លាប់​ប្រជាជន​ខ្មែរ​អស់​៥​នាក់​ និង​បំផ្លាញ​ដំណាំ​កសិកម្ម​អស់​ជា​ច្រើន​ហិកតា។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​តែង​តែ​ប្រឈម​នឹង​ខ្យល់​ព្យុះ​ជា​មធ្យម​ពី​២៥ ទៅ​២៧។ ខ្យល់ព្យុះ​ហ្គាអេមី​នៅ​ពេល​នេះ​ គឺ​ជា​ខ្យល់ព្យុះ​ទី​២០​ហើយ​​ដែល​បាន ​និង​កំពុង​បោកបក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ