អានតួអត្ថបទ
កម្ពុជា-ចិន

ប្រមុខ​​រាជរដ្ឋាភិបាល​​កម្ពុជា​​​ចូលរួម​​រំលែក​​ទុក្ខ​ ចំពោះ​​គ្រោះ​​រញ្ជួយ​ដី​​សម្លាប់​​មនុស្ស​​ នៅ​​ប្រទេស​​ចិន​​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​​សម្តែង​ការ​រំលែកទុក្ខយ៉ាង​ក្រៀមក្រំ ​ចំពោះ​មហា​មិត្ត​ចិន ដែល​រងគ្រោះ​រ​ញ្ជួ​យ​ដី នៅក្នុង​ខេត្ត​ស៊ី​ឈាន់ ដែលបានសម្លាប់​មនុស្ស​ជិត ២០០នាក់ បាត់ខ្លួន ២៥នាក់ និងជាង ១២០០នាក់​ទៀត​រងរបួស។ ​លិខិត​របស់​លោក ​ជូន​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន កាលពី​ថ្ងៃ​ទី​២២​មេសា។

ការ​រញ្ជួយដី​ដ៏​ធ្ងន់ធ្ងរ នៅខេត្ត​ស៊ីឈួន ​ភាគ​និរតី​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា។
ការ​រញ្ជួយដី​ដ៏​ធ្ងន់ធ្ងរ នៅខេត្ត​ស៊ីឈួន ​ភាគ​និរតី​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា។ REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

ផ្តើម​ដំបូង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្រាប​ជូន​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង ថា លោក​មាន​សេចក្តី​ក្រៀមក្រំ​យ៉ាងខ្លាំង ដោយបាន​ទទួល​ព័ត៌មាន​ពី​ការបាត់បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ និង​រង​របួស​រាប់សែន​នាក់​ផ្សេង​ទៀត ព្រមទាំង​ខូចខាត​ទ្រព្យ​សម្បត្តិ​យ៉ាង​ធំធេង ដែល​បណ្តាល​មកពី​ការ​រញ្ជួយដី​ដ៏​ធ្ងន់ធ្ងរ នៅខេត្ត​ស៊ីឈួន នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា។

តាងនាម​ឲ្យ​រាជរដ្ឋាភិបាល ប្រជាជន​កម្ពុជា និង​ក្នុងនាម​លោក​ផ្ទាល់ លោក​នាយករដ្ឋមន្ត្រី បាន​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជូន​ចំពោះ​លោក​នាយករដ្ឋមន្ត្រីចិន ព្រមទាំង​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ពិសេស​ជនរងគ្រោះ និងក្រុម​គ្រួសារ​ជនរងគ្រោះ​ដល់​ជីវិត ចំពោះ​ការបាត់បង់​ជីវិត​ដ៏​អាណោចអាធម និង​ការខូចខាត​ដ៏​ធំធេង ដែល​បង្កឡើង​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រដ្ឋាភិបាល​ចិន ក្រោម​អាណត្តិ​លោក លី ខឺឈាង ប្រជាជន​ចិន​នឹង​ខិតខំ​បន្ធូរបន្ថយ​នូវ​ការ​ខូចខាត​ឲ្យមាន​កំរិត​ទាប​បំផុត និង​ជំនះបាន​លើ​គ្រោះ​មហន្តរាយ​នេះ។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ចិន និង​អង្គការ​សហប្រជាជាតិ គ្រោះ​មហន្តរាយ​រញ្ជួយដី នៅ​ស៊ីឈួន យ៉ាងហោច​ណាស់ សម្លាប់​មនុស្ស ១៩៣ នាក់ ២៥ នាក់ បាត់​ខ្លួន និង​ជាង ១២.០០០នាក់​រង​របួស។ ក្នុង​នោះ​ក៏មាន​ប្រជាជន​ប្រមាណ ២៤៥.០០០ នាក់ ត្រូវ​ជម្លៀស​ចេញ​ពី​ខេត្ត​ស៊ីឈួន។ គ្រោះ​រញ្ជួយដី​នៅ​ចិន ក៏ត្រូវ​បាន​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស បាន​ចូលរួម​រំលែក​ទុក្ខ តាម​រយៈ​លិខិត​ជូន​លោក​រដ្ឋមន្ត្រី​ការបរទេសចិន វ៉ាង យី ផង​ដែរ។

ក្រៅពី​ផ្ញើ​​លិខិត​ចូលរួម​រំលែកទុក្ខ​ចំពោះ​គ្រោះរញ្ជួយ​ដី​នៅ​ចិន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ញើ​​លិខិត​មួយ​ច្បាប់​​ទៀត អបអរសាទរ​ចំពោះ​នាយករដ្ឋមន្ត្រីថ្មី​របស់​កូរ៉េខាងជើង ​លោក ប៉ាក ពុង​ជូ ដែល​ទើប​ត្រូវ​បាន​តែងតាំង។

ក្នុង​លិខិត លោក​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា លោក​មាន​ជំនឿ​យ៉ាងមុតមាំ​ថា ចំណង​មិត្ដភាព​និង​កិច្ច​សហប្រតិបត្ដិការ​ដ៏​ល្អ​ប្រសើរ រវាង​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដែល​គេ​ស្គាល់​ថា កូរ៉េខាងជើង ពិតជា​នឹង​ត្រូវ​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត ដើម្បី​ជា​ផល​ប្រយោជន៍​នៃ​ប្រជាជន​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ