អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព័ត៌មាន​ជា​កត្តា​ស្លាប់​រស់​របស់​អ្នក​ដឹកនាំ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​គ្រប់​សម័យកាល​ទាំងអស់ ជាពិសេស​ក្នុង​យុគសម័យ​បច្ចេកវិជ្ជា​ព័ត៌មាន​ដូចជា​បច្ចុប្បន្ន ព័ត៌​មាន​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ជាពិសេស​សម្រាប់​​អ្នកនយោបាយ​និង​អ្នក​ដឹក​នាំ​តែម្តង។ ប៉ុន្តែ រហូតមកដល់​​ពេលនេះ​ គេ​នៅតែ​សង្កេត​ឃើញ​អ្នកនយោបាយ​​និង​មន្ត្រី​មួយចំនួន​នៅតែ​មិនសូវ​ចាប់អារម្មណ៍​តាមដាន​ព័ត៌មាន​នោះ​ឡើយ​។ រីឯ​ការផ្តល់​តម្លៃ​ដល់​ព័ត៌មាន​ក៏​នៅ​មិនទាន់​ត្រឹមត្រូវ​ដែរ។ ជាទូទៅ​ពួកគេ​ច្រើនតែ​ចូល​ចិត្ត​ព័ត៌មាន​បែប​លើកសរសើរ តែ​មិន​ចូលចិត្ត​ស្តាប់​ព័ត៌មាន​ពិត​ឬ​ព័ត៌មាន​ដែលមាន​លក្ខណៈ​រិះ​គន់​ឡើយ។ ទីបំផុត កង្វះ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​បានធ្វើ​ឲ្យ​ពួកគេ​សម្រេចចិត្ត​ខុស។  

សារព័ត៌មានខ្មែរ
សារព័ត៌មានខ្មែរ
ផ្សាយពាណិជ្ជកម្ម

ទាំង​ក្នុង​ជីវភាព​ជាក់ស្តែង ក៏ដូចជា​ក្នុង​រឿងព្រេង​ឬ​ខ្សែភាពយន្ត​ដែរ មាន​រឿងរ៉ាវ​ច្រើនណាស់​ដែល​និយាយ​អំពី​មេដឹកនាំ​ដែល​រងគ្រោះ​ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​ដែល​ផ្តល់ព័ត៌មាន​ខុស​ឬ​មិន​គ្រប់​ជ្រុងជ្រោយ។ ដោយសារ​កង្វះ​ព័ត៌មាន មេដឹកនាំ​មិនអាច​ឆ្លើយតប​ទៅនឹង​ដំណោះស្រាយ​បញ្ហា​ពិតប្រាកដ​បានឡើយ។ ទីបំផុត បញ្ហា​បាន​ផ្ទុះឡើង​ហើយ​ទម្រាំ​បានដឹង​ការពិត អង្ករ​បានក្លាយ​ជា​បាយ​រួចទៅហើយ។

ហេតុដូច្នេះ​ហើយ​បាន​ជាមាន​មេដឹកនាំ​ខ្លះ​ត្រូវ​បន្លំ​ខ្លួន​ធ្វើជា​ពលរដ្ឋ​សាមញ្ញ​ហើយ​ដើរចូល​ទៅក្នុង​កន្លែង​ដែលមាន​បញ្ហា​ដើម្បី​ស្វែងយល់​ការពិត។ នេះ​ជា​គតិ​មួយ​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា មេដឹកនាំ​ដែល​កាន់​តួនាទីកំពូលៗមានការ​លំបាក​ក្នុងការ​ទទួលបាន​ព័ត៌មាន​ពិត​ពីព្រោះ​ពួកគេ​មិនបាន​ស្ថិតក្នុង​ហេតុការណ៍​ផ្ទាល់​នោះឡើយ។ ព័ត៌មាន​ដែល​ទទួលបាន​ត្រូវ​ឆ្លងកាត់​តាមរយៈ​មន្ត្រី​អ្នកមុខអ្នកការ​ឬ​ទីប្រឹក្សា​ដែល​នៅ​ជុំវិញខ្លួន។ ប្រសិនបើ​មន្ត្រី​ទាំងនោះ​ស្មោះត្រង់​មិនជា​បញ្ហា​ចោទ​ប៉ុន្មាន​ទេ ប៉ុន្តែ ប្រសិនបើ​ពួកគេ​ព្យាយាម​បិទបាំង​ព័ត៌មាន​ដើម្បី​ផលប្រយោជន៍​អ្វីមួយ​នោះ វា​ពិតជា​គ្រោះថ្នាក់​ធំធេង​មួយ។

យ៉ាងណា​ក៏ដោយចុះ នៅ​ក្នុងសម័យ​ព័ត៌មានវិទ្យា​ទំនើប​ដូចជា​បច្ចុប្បន្ន ការទទួលបាន​ព័ត៌មាន​ហាក់​មិន​ពិបាក​ឡើយ។ មិន​ពិបាក​ពីព្រោះថា ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​មាន​ច្រើន​គ​គោក​និង​បាន​ផ្សាយ​ព័ត៌មាន​យ៉ាង​សម្បូរបែប​និង​គ្រប់​ទិដ្ឋភាព​ដែល​បានកើត​ឡើង។ ប៉ុន្តែ អ្វីដែល​សំខាន់​នៅត្រង់ថា តើ​អ្នកនយោបាយ​ឬ​មេដឹកនាំម្នាក់ៗបើក​ចិត្តគំនិត​ឲ្យ​ទូលំទូលាយ​ដើម្បី​តាមដាន​ព័ត៌មាន​ទាំងនោះ​ដែរឬទេ?

ជាការ​ពិតណាស់ នៅក្នុង​សម័យ​ទំនើប​នេះ ព័ត៌មាន​គឺជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​សម្រាប់​កំណត់​ពី​ជោគជ័យ​ឬ​បរាជ័យ​របស់​អ្នកដឹកនាំ (មិន​ថា​អ្នកដឹកនាំ​ប្រទេស អ្នកដឹកនាំ​បក្សនយោបាយ​ឬក៏​អ្នកដឹកនាំ​ក្នុង​ពិភព​ជំនួញ​នោះទេ)។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ការទទួលបាន​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​នៅតែ​ជា​ចំណោទ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកដឹកនាំ​ដែល​ធ្វើ​ឲ្យ​ពួកគេ​សម្រេចចិត្ត​ខុស​ឬក៏​មិនសូវមាន​ប្រសិទ្ធភាព។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន៖
មូលហេតុ​ទី១ គឺ​មកពី​មាន​របាំង​នៃ​រំហូរ​ព័ត៌មាន​នៅ​ជុំវិញខ្លួន​មេដឹកនាំ​ពោលគឺ​ព័ត៌មាន​ជាច្រើន​ត្រូវបាន​បិទបាំង​ឬ​រាយការណ៍​មិន​អស់ពី​សំណាក់​ថ្នាក់ក្រោម។

មូលហេតុ​ទី២ គឺ​មេដឹកនាំ​ភាគច្រើន​តែង​ចូលចិត្ត​ស្តាប់​តែ​ព័ត៌មាន​ដែល​លើកសរសើរ​ខ្លួនឯង តែ​មិន​ចូលចិត្ត​ស្តាប់​ព័ត៌មាន​ដែល​និយាយ​ពី​ចំណុច​អវិជ្ជមាន​របស់ខ្លួន​ឡើយ។ នៅពេលដែល​ពួកគេ​លង់​តែ​នឹង​ព័ត៌មាន​បញ្ចើចបញ្ចើ ពួកគេ​តែង​ព្យាយាម​បំភ្លេច​ព័ត៌មាន​អាក្រក់​ដែលជា​ព័ត៌មាន​ពិត។

មូលហេតុ​ទី៣ គឺ​ដោយសារតែ​ថ្នាក់ក្រោម​មិនសូវ​ហ៊ាន​និយាយ​រឿង​មិនល្អ​ប្រាប់​មេ​កើយ​របស់ខ្លួន​ឡើយ។ ដូច​ពាក្យចាស់​បុរាណ​បាន​ពោលថា«ពាក្យពិត​រែង​ស្លែង» ពោលគឺ​ពាក្យពិត​ច្រើនតែ​ជា​ពាក្យ​ល្វីង​ជូ​ចត់​ដែល​កម្រ​មាន​មេដឹកនាំ​ណា​ប្រាថ្នា​ចង់​ស្តាប់។

ទាំងអស់នេះ​គឺជា​គុណវិបត្តិ​របស់​មេដឹកនាំ​នៅ​គ្រប់​ជ្រុងជ្រោយ​នៃ​ពិភពលោក។ ប៉ុន្តែ មេដឹកនាំ​ខ្លះ​បាន​យល់ច្បាស់​ពី​បញ្ហា​នេះ​ហើយក៏​ព្យាយាម​បញ្ចៀស​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ។ យ៉ាងណាក៏ដោយ​ក៏​នៅមាន​មន្ត្រី​ជាច្រើន​នៅតែ​រស់នៅក្នុង​ស្ថានភាព«កង្កែប​ក្នុង​អណ្តូង»ដដែល។

ដូច្នេះ មន្ត្រី​នយោបាយ​គួរតែ​រំដោះខ្លួន​ចេញពី​ស្ថានភាព​នេះហើយ​រិះរក​វិធី​យ៉ាងណា​ដើម្បី​ឲ្យ​ខ្លួន​អាច​ទទួលបាន​រំហូរ​ព័ត៌មាន​គ្រប់គ្រាន់​ជាពិសេស​ព័ត៌មាន​ដែល​និយាយ​មិនល្អ​ពី​ការដឹកនាំ​របស់ខ្លួន​ពីព្រោះ​ការទទួលបាន​ព័ត៌មាន​តែមួយ​ជ្រុង​គឺជា​គ្រោះថ្នាក់​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត។ ក្នុងន័យនេះ គេ​ជឿជាក់ថា ការសម្រេចចិត្ត​ទាក់ទង​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ឬ​គម្រោង​អភិវឌ្ឍន៍ផ្សេងៗទៀត ទំនងជា​មាន​ផល​អាក្រក់​តិចជាង​នេះ​ប្រសិនបើ​មេដឹកនាំ​ថ្នាក់លើ​បានទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ជាមុន​អំពី​ផល​អវិជ្ជមាន​ដែល​កើតចេញពី​គម្រោង​ទាំងនោះ។

សរុប​មកវិញ ការស្វែងរក​ប្រភពព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​គឺជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត។ ជាពិសេស ព័ត៌មាន​អាក្រក់​គឺជា​ជំនួយស្មារតី​យ៉ាង​ល្អ​សម្រាប់​ការដឹកនាំ។ ផ្ទុយទៅវិញ ការទទួល​បានតែ​ព័ត៌មានល្អៗច្រើនពេក​អាចធ្វើ​ឲ្យ​មនុស្ស​ភ្លេច​គិតពី​វិធានការ​បង្កា​ហា​នី​ភ័យ។ ដូច្នេះ អំណឹះតទៅ មន្ត្រី​និង​អ្នកនយោបាយ​គ្រប់​ជាន់ថ្នាក់​គួរ​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​ព័ត៌មាន​ជា​ចាំបាច់។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ពួកគេ​ច្បាស់​ជា​ដើរ​ទាន់សភាពការណ៍​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ