អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​ការពារ​សិទ្ធិមនុស្ស​ អំពាវ​នាវ​សហគមន៍​អន្តរជាតិ​ តាម​ដាន​សវនា​ការ​កាត់ទោស​លើ​ព្រះ​អង្គ​

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ជា​ព្រះសង្ឃ ការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ចូលរួម​តាមដាន​សវនាការ ដែល​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​កាត់ទោស​ព្រះ​តេជគុណ នៅ​ព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា។ ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ត្រូវបាន​ចៅក្រម ចោទប្រកាន់​ជាច្រើន​ករណី ដូចជា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ព្រមទាំង​បទ​ក្បត់ជាតិ ជាដើម។

ព្រះ​តេជ​គុណ ​លួន ​សុវ៉ាត​ សកម្មជន​ព្រះ​សង្ឃ​ ការ​ពារ​សិទ្ធិ​មនុស្ស​
ព្រះ​តេជ​គុណ ​លួន ​សុវ៉ាត​ សកម្មជន​ព្រះ​សង្ឃ​ ការ​ពារ​សិទ្ធិ​មនុស្ស​ RFI-menghour
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃទី១៨វិច្ឆិកា​ស្អែក​នេះ ព្រះ​តេជគុណ លួ​ន សុ​វ៉ាត សកម្មជន​ព្រះសង្ឃ ការពារ​សិទ្ធិ​មនុស្ស នឹង​យក​ញត្តិ ទៅ​ដា​ក់នៅ​ស្ថានទូត​នានា ប្រចាំ​កម្ពុជា រួមមាន​ស្ថានទូត​អាមេរិក សហ​គមន៍​អឺរ៉ុប និង​អង្គការ​សហ​ប្រជ​ជាតិ។ ញត្តិ​របស់​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ដែល​ដាក់​មុនគេ នៅ​ស្ថានទូត​អាមេរិក ដើម្បី​ជូនដំណឹង និង​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ឲ្យ​ចូលរួម​ស្តាប់​អង្គ​សវនាការ ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ និង​កាត់ទោស​លើ​ព្រះសង្ឃ នៅ​ម៉ោង ៨ ព្រឹក ថ្ងៃទី២៥វិច្ឆិកា។

គម្រោង​បើកសវនាការ​របស់​តុលាការ​រាជធានី​ភ្នំពេញ នា​សប្តាហ៍​ក្រោយ ត្រូវបាន​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ចាត់ទុកថា ចៅក្រម​បាន​ប្រើ​ដាវ​អាជ្ញាសឹក ចោទប្រកាន់ និង​កាត់ទោស​ព្រះអង្គ ដោយ​រំលោភ​លើ​ច្បាប់​ព្រះពុទ្ធសាសនា និង​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា។

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត បាន​ឲ្យ​ដឹងថា ក្នុង​ដីកា​របស់​ចៅក្រម ដែល​ព្រះអង្គ ទទួលបាន គឺ​ចៅក្រម​បាន​ចោទប្រកាន់​ច្រើន​ករណី ក្នុងនោះ មាន​បទ​ក្បត់ជាតិ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ទាំង​នៅក្នុង​ប្រទេស និង​ទាំង​នៅក្រៅ​ប្រទេស។

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត មាន​សង្ឃ​ដិ​កា ច្រានចោល​ការចោទប្រកាន់​របស់​តុលាការ ហើយ​ថា តុលាការ មិនគួរ​ដំណើរការ​សំណុំរឿង​ក្តី​ចោទ​ព្រះសង្ឃ​នោះទេ ពោលគឺ​បើ​ព្រះសង្ឃ​ធ្វើ​ខុសច្បាប់ ត្រូវមាន​ស្ថាប័ន​ព្រះសង្ឃ ដើម្បី​កាត់ទោស។

ព្រះ​តេជគុណ លួ​ន សុ​វ៉ាត បាន​បញ្ជាក់ថា ចាប់តាំងពី​បួស​ជា​ព្រះសង្ឃ ព្រះ​តេជគុណ បាន​ទេសនា​ឲ្យ​ពុទ្ធបរិស័ទ​ធ្វើអំពើ​ល្អ មិនមែន​ធ្វើឡើង​ដោយ​ការ​ញុះញង់​ដូច​ការចោទប្រកាន់​នោះទេ។ មួយវិញទៀត ព្រះអង្គ នឹង​និមន្ត​ចូលរួម​សវនាការ នៅ​ព្រឹក​ថ្ងៃទី២៥វិច្ឆិកា តែ​មិនមែន​ទៅ ដើម្បី​ឲ្យ​តុលាការ​កាត់ទោស​ព្រះអង្គ​ទេ ផ្ទុយទៅវិញ ព្រះ​តេជគុណ នឹង​និមន្ត​ទៅ​តុលាការ ក្នុងនាម​ជា​ព្រះសង្ឃ ដើម្បី​ទេសនា​ក្នុង​បន្ទប់​សវនាការ​តុលាការ ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា កាន់​ធម៌​សុច្ចរិត ទៀងត្រង់ ត្រូវ​កាត់​ដោយ​អ​ព្យា​ក្រឹត្យ តម្លាភាព យុត្តិធម៌ ដោយ​មិន​លុះ​នូវ​អ​គិត​ធម៌​ទាំង ៤ គឺ​ឆន្ទាគតិ ទោសាគតិ មោហាគតិ និង​ភយាគតិ។

ក្នុង​រយៈពេល​ចុងក្រោយ ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ និង​កាត់ទោស បញ្ជូនទៅ​ពន្ធនាគារ នូវ​ព្រះសង្ឃ ៣ អង្គ​មកហើយ បន្ទាប់ពី​ប៉ូលិស​ចាប់​ផ្សឹក។ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងនោះ ត្រូវបាន​ចោទប្រកាន់ និង​កាត់ទោស ក្នុងពេល​ព្រះអង្គ ចូលរួម​ការតវ៉ា​ជាមួយនឹង​ប្រជាពលរដ្ឋ​មាន​បញ្ហាដីធ្លី។

ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល បានប្រកាសថា ការចាប់ខ្លួន ចោទប្រកាន់ និង​កាត់ទោស​អតីត​ព្រះសង្ឃ​ទាំងនោះ មិនមែនជា​ប្រតិបត្តិការ​ប្រឆាំងនឹង​ព្រះសង្ឃ​ទេ តែ​ជាការ​ចោទប្រកាន់ និង​កាត់ទោស​លើ​បុគ្គល ដែល​ប្រព្រឹត្ត​បទល្មើស ផ្ទុយ​ពី​ច្បាប់​រដ្ឋ និង​បង្ក​អសន្តិសុខ​សង្គម​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ