អានតួអត្ថបទ

លោក​ ហ៊ុន សែន ​ប្រមូល​លុយ​បាន​ជិត​៥​លាន​ដុលា្លរ​ពី​កម្មវិធី​​បាល់ទាត់​សប្បុរសធម៌

លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ប្រកាស​នៅលើ​ហ្វេសប៊ុក​របស់លោក​នៅថ្ងៃ​ចន្ទ ​ទី​២៩ ​ខែ​មេសា ​ឆ្នាំ​២០២៤​នេះ​ថា ​លោក​ទទួលបាន​ថវិកា​ឧបត្ថម្ភពី​សប្បុរសជន​ជាង ​៤,៨​លានដុល្លារ​ សម្រាប់​ការរៀបចំ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​មួយ​នៅថ្ងៃ​ទី​០១ ​ខែ​ឧសភា ​ខាងមុខ​។ ​ការទទួលបាន​ថវិកា​បរិច្ចាក​ដ៏ច្រើន​សន្ធឹកសន្ធាប់​ត្រឹម​រយៈពេល​តែ​៥​ថ្ងៃនេះ​ ធ្វើឡើង​ក្រោយ ​លោក​ ​ហ៊ុន សែន ​ប្រកាស​ដឹកនាំ​ការប្រកួត​បាល់ទាត់ ​(Cambodia football​ super ​stars) ​កាលពី​ថ្ងៃទី​ ២៥ ​ខែ មេសា ​កន្លងទៅ​។

ក្រុមតារាសិល្បៈប្រកួតបាល់ទាត់នៅស្តាតអូឡាំពិក
ក្រុមតារាសិល្បៈប្រកួតបាល់ទាត់នៅស្តាតអូឡាំពិក © FB
ផ្សាយពាណិជ្ជកម្ម

ថវិកាជាង ​៤,៨​លាន​ដុល្លារ​ ដែល​ប្រមូលបាន​ពី​សប្បុរសជន​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​តារា​កម្ពុជា ​(Cambodia football ​super stars)​ត្រូវបាន​លោក ​ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា​ប្រកាស​តាមហ្វេសប៊ុករបស់លោក​ថា​នឹងដក​ចំនួន ​១​លានដុល្លារ​ ដើម្បី​បែងចែក​ឲ្យ​កន្លែង​ដែល​ជួបការ​លំបាក​មួយចំនួន ​ក្នុងនោះ ​ផ្តល់ឲ្យមន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាបចំនួន ​៥០ម៉ឺនដុល្លារ ​ផ្តល់ឲ្យ​មជ្ឈមណ្ឌល​ព្យាបាល​កុមារបេះដូង​ជប៉ុន​ខេត្ត​កំពង់ស្ពឺ​ចំនួន ​៣០ម៉ឺន​ដុល្លារ និង​ផ្តល់ជូន​គ្រួសារយុទ្ធជន​ ដែលបាន​ពលី​ដោយសារ​ផ្ទុះគ្រាប់​នៅយោធភូមិភាគ​៣ ​ចំនួន​២០​គ្រួសារ​ដោយ ​១គ្រួសារ​ទទួលបាន ​១ម៉ឺន​ដុល្លារ​ ដែល​សរុបអស់ ​២០ម៉ឺនដុល្លារ​។

ចំណែក​ថវិកាដែលនៅ​សេសសល់​ នឹងត្រូវ​ប្រគល់ជូន​មន្ទីរពេទ្យគន្ធបុប្ផា​ទាំងអស់។​ នេះបើតាម​ការបញ្ជាក់របស់​លោក ហ៊ុន សែន​។

សូមរំលឹកថា ​ក្រោមមូលបទ «​រួមគ្នាដើម្បីសប្បុរសធម៌​ និងប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ដើម្បីប្រមូលថវិកា​ជួយដល់​មន្ទីរពេទ្យគន្ធបុប្ផា»​ អតីតនាយក​រដ្ឋមន្ត្រីកម្ពុជា​រូបនេះ​បានប្រកាស​កាលពីថ្ងៃទី ​២៥ ខែសីហាថា ​លោកនឹង​ចូលរួម​ដឹកនាំការ​ប្រកួតជាមួយ​គ្រូបង្វឹកផ្លូវការ​នៅស្តាតអូឡាំពិក​នាល្ងាចថ្ងៃទី​០១ ​ខែឧសភា ឆ្នាំ​២០២៤ ដោយ​ចាប់ផ្តើម​នូវទម្រង់លេង​របស់លោក​គឺ​ ៣-៤-៣​។

ក្រៅពីអំពាវនាវ​ដល់សប្បុរសជន​ឲ្យចូលរួម​គាំទ្រក្នុង​ព្រឹត្តិការណ៍​មួយនេះ លោក​ ហ៊ុន សែន​ និង​ភរិយាក៏បាន​ប្រកាសចូល​ថវិកាចំនួន ​២០០លានរៀល​សម្រាប់ជួយ​ដល់មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​កំពុងត្រូវការ​សម្រាប់​ព្យាបាលដល់​កុមារ​កម្ពុជាផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ